ពលរដ្ឋ​​នៅ​ក្រោម​តំបន់​ទំនប់​សេសាន​ក្រោម​២​នៅ​ស្ទឹងត្រែង​កើត​មាន​ជំងឺ​រមាស់​ខុស​ធម្មតា

0:00 / 0:00

ប្រជាពលរដ្ឋ​រស់​នៅ​ភូមិ​ភ្លុក ឃុំ​ភ្លុក ស្រុក​សេសាន ខេត្ត​ស្ទឹងត្រែង អំពាវនាវ​សុំ​ឲ្យ​មន្ត្រី​សុខាភិបាល​ចុះ​ព្យាបាល និង​ស្រាវជ្រាវ​ពី​មូលហេតុ​ដែល​ធ្វើ​ឲ្យ​អ្នក​កើត​ជំងឺ​រមាស់​ច្រើន​គ្រួសារ។ អ្នក​ភូមិ​សង្ស័យ​ថា ការ​ប្រើប្រាស់​ទឹក​ទន្លេ​គឺ​ជា​ប្រភព​នាំ​ឲ្យ​អ្នក​ភូមិ​កើត​ជំងឺ​នេះ។

ការ​អំពាវនាវ​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​អ្នក​ភូមិ​ច្រើន​គ្រួសារ​កើត​មាន​ជំងឺ​រមាស់​ពី​ម្នាក់​ទៅ​ម្នាក់​ប្រមាណ​ពីរ​ខែ​កន្លង​ទៅ ក៏ប៉ុន្តែ​មិន​មាន​មន្ត្រី​អាជ្ញាធរ ឬ​មន្ត្រី​សុខាភិបាល​យក​ចិត្ត​ទុក​ដាក់​បញ្ហា​នេះ​ឡើយ។

ប្រជាពលរដ្ឋ​ភូមិ​ភ្លុក លោក ហៅ ម៉ៃ រៀបរាប់​ថា រហូត​បច្ចុប្បន្ន​អ្នក​ភូមិ​មិន​តិច​ជាង ២០​ភាគរយ​ក្នុង​ចំណោម​គ្រួសារ​អ្នក​ភូមិ​សរុប​កើត​មាន​ជំងឺ​រមាស់ មិន​ដឹង​ហេតុផល។ អ្នក​ភូមិ​សង្ស័យ​ទៅ​លើ​ការ​ប្រើប្រាស់​ទឹក​ទន្លេ​ដែល​មាន​សភាព​ល្អក់​ថា ជា​កត្តា​ធ្វើ​ឲ្យ​អ្នក​ភូមិ​កើត​មាន​ជំងឺ​ចម្លែក​នេះ។ លោក​កត់សំគាល់​ថា បច្ចុប្បន្ន​ការ​សាងសង់​ទំនប់​សេសាន​ក្រោម​២ នៅ​តំបន់​ខ្សែ​ទឹក​ខាង​លើ​ភូមិ បាន​ធ្វើ​ឲ្យ​គុណភាព​ទឹក​កាន់តែ​ល្អក់ ហេតុ​នេះ​អ្នក​ភូមិ​មួយ​ចំនួន​បាន​បោះបង់​មិន​ចុះ​មុជ​ទឹក​ទន្លេ​ដូច​ធម្មតា ហើយ​ប្រើប្រាស់​ទឹក​អូរ និង​ទឹក​ភ្លៀង​សំអាត​ខ្លួន​ជំនួស​ទឹក​ទន្លេ​វិញ។

លោក ហៅ ម៉ៃ៖ «ដោយសារ​គេ​មុជ​ទឹក​ទន្លេ​កើត​រមាស់​ពេញ​ខ្លួន​ប្រាណ។ អ្នក​ខ្លះ​រក​ទិញ​ថ្នាំ។ មីង​ខ្ញុំ​គាត់​កើត​ជំងឺ​នេះ​ជិត​កន្លះ​ខែ ដេក​មិន​បាន​ឡើង​ទៅ​ទិញ​ថ្នាំ​នៅ​ខេត្ត។ ផ្ទះ​ខ្ញុំ​និង​ផ្ទះ​មេភូមិ​នៅ​ជិត​គ្នា​ដែរ​ហ្នឹង គាត់​ក៏​កើត​​រមាស់​ដែរ​ហ្នឹង គាត់​ថា មិន​ដឹង​ធ្វើ​ម៉េច»

​ផ្ទុយ​ពី​ការ​អះអាង​របស់​ពលរដ្ឋ​នេះ មេ​ឃុំ​ភ្លុក លោក ទួន ថាំង បដិសេធ​ថា មិន​មាន​សេចក្ដី​រាយការណ៍​ណា​មួយ​បញ្ជាក់​ថា អ្នក​ភូមិ​កំពុង​រក​ការ​រាលដាល​ជំងឺ​រមាស់​នេះ​ទេ។ លោក​ទទួល​ស្គាល់​ថា អាច​មាន​អ្នក​ភូមិ​ពីរ​បី​គ្រួសារ​កើត​មាន​ជំងឺ​នេះ ក៏ប៉ុន្តែ​មិន​បណ្ដាល​មក​ពី​គុណភាព​ទឹក​ទន្លេ​អ្វី​នោះ​ទេ។ យ៉ាង​ណា​លោក​អះអាង​ថា នឹង​សាកសួរ​នៅ​មន្ត្រី​ភូមិ​ឲ្យ​ពិនិត្យមើល​សេចក្ដី​រាយការណ៍​នេះ៖ «មិន​ដែល បើ​បួន​ដប់​នាក់​វា​ប្រហែល​គ្រាន់​តែ​យើង​មិន​ដឹង។ អត់​មាន​អ្នកណា​រាយការណ៍​ខ្ញុំ​ប្រជុំ​ជា​
​មួយ​ប៉ុន្មាន​ថ្ងៃ​នេះ បើ​មាន​គណៈកម្មការ​គេ​ប្រាប់​យើង​ហើយ»

មន្ត្រី​អង្គការ​ទន្លេ​បី​ដែល​បាន​ចុះ​ទៅ​ដល់​តំបន់​អ្នក​ភូមិ​កើត​មាន​ជំងឺ​រមាស់​នេះ បាន​ថតរូប​អ្នក​ភូមិ​ពីរ​បី​​​គ្រួសារ​ដែល​កើត​មាន​ជំងឺ ក្នុង​នោះ​អ្នក​ខ្លះ​ប្រើប្រាស់​ថ្នាំពេទ្យ​ឯកជន​ព្យាបាល​បាន​ជា​សះស្បើយ និង​​​ខ្លះ​ទៀត​នៅ​បន្ត​ប្រើប្រាស់​ថ្នាំ​ព្យាបាល​នៅ​ឡើយ។

មន្ត្រី​សម្របសម្រួល​អង្គការ​ទន្លេ​បី លោក មៀច មាន ចាត់​ទុក​ជំងឺ​រមាស់​រាតត្បាត អ្នក​ភូមិ​គឺ​មក​ពី​កត្តា​គុណភាព​ទឹក​ទន្លេ​មិន​ល្អ​ដែល​អ្នក​ភូមិ​ប្រើប្រាស់។ លោក​កត់សំគាល់​ថា បទពិសោធន៍​ប៉ុន្មាន​ឆ្នាំ​កន្លង​​ទៅ ខណៈ​ការ​សាងសង់​ទំនប់​វារីអគ្គិសនី​នៅ​ប្រទេស​វៀតណាម ខ្សែ​ទឹក​ខាង​លើ​ទន្លេ​សេសាន ក៏​អ្នក​​ភូមិ​ខ្លះ​នៅ​ស្រុក​អណ្ដូងមាស ខេត្ត​រតនគិរី មុជ​ទឹក​ទន្លេ ជា​ពិសេស​កុមារ​កើត​មាន​ជំងឺ​រមាស់​នេះ​ដូច​គ្នា៖ «ជំងឺ​នេះ​ជា​ជំងឺ​សើ​ស្បែក កើត​កន្តួលៗ​រមាស់​ជាំ​ខ្មៅៗ មាន​លក្ខណៈ​ស្រដៀង​គ្នា មាន​បទពិសោធន៍​តាម​ដង​ទន្លេ​សេសាន ទំនប់​ផ្នែក​ខាង​លើ។ យើង​មាន​សម្ដី​ដក​ស្រង់​ពី​អ្នក​រក​ត្រី អ្នក​ចុះ​ទឹក​ច្រើន និង​កុមារ»

​យ៉ាង​ណា​ក្តី ប្រធាន​មន្ទីរ​សុខាភិបាល ខេត្ត​ស្ទឹងត្រែង លោក អ៊ុង សូវៀត បញ្ជាក់​ថា លោក​ទទួល​​​បាន​ព័ត៌មាន​នេះ និង​បាន​ចាត់​មន្ត្រី​សុខាភិបាល​ចុះ​អង្កេត​ករណី​នេះ​ហើយ។ លោក​ថា លទ្ធផល​​​អង្កេត​នឹង​បង្ហាញ​ថា មក​ពី​បញ្ហា​ទឹក ឬ​យ៉ាង​ណា៖ «ខ្ញុំ​ឲ្យ​ខាង​មណ្ឌល​សុខភាព​ចុះ​ទៅ​អង្កេត​សិន ព័ត៌មាន​លំអិត​មិន​ទាន់​បាន​ដឹង​ទេ ចាំ​មើល​តើ​វា​ទាក់ទង​នឹង​ទឹក ឬ​អ្វី ចាំ​មើល​អង្កេត​សិន»

ប្រជាពលរដ្ឋ​ភូមិ​ភ្លុក ដែល​កើត​មាន​ជំងឺ​រមាស់ មិន​បាន​ដឹង​ថា តើ​មាន​អ្នក​ភូមិ​ជាក់លាក់​ប៉ុន្មាន​នាក់​នោះ​ទេ ដែល​កើត​មាន​ជំងឺ​នេះ ក៏​ប៉ុន្តែ​អ្នក​ភូមិ​ព្រួយ​បារម្ភ​ខ្លាច​ជំងឺ​នេះ​កើត​រាលដាល​កាន់​តែ​ច្រើន​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​សុខភាព និង​ជីវភាព​រស់​នៅ​របស់​ពលរដ្ឋ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។