កងទ័ព​អាមេរិក​ផ្ដល់​ជំនួយ​ជាង​៧៣​ម៉ឺន​ដុល្លារ​សង់​មជ្ឈមណ្ឌល​ផ្ដល់​ឈាម​នៅ​ខេត្ត​សៀមរាប

0:00 / 0:00

មន្ត្រី​ស្ថានទូត​សហរដ្ឋ​អាមេរិក បង្ហាញ​ថា បច្ចុប្បន្ន រដ្ឋាភិបាល​អាមេរិក និង​រដ្ឋាភិបាល​កម្ពុជា កំពុង​ភ្ជាប់​ទំនាក់ទំនង ព្រម​ទាំង​ធ្វើ​កិច្ច​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​គ្នា ដើម្បី​លើក​កម្ពស់​សុខភាព​របស់​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​តាម​សហគមន៍​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង។

ជាច្រើន​ឆ្នាំ​មក​ហើយ សហរដ្ឋ​អាមេរិក បាន​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​គ្រុន​ចាញ់ ការ​កសាង​មណ្ឌល​សុខភាព​នៅ​តាម​ទី​ជនបទ​ជាច្រើន​កន្លែង​ក្នុង​ប្រទេស​កម្ពុជា។ ក្នុង​ចំណោម​បណ្ដា​ខេត្ត​មួយ​ចំនួន​ដែល​សហរដ្ឋ​អាមេរិក ចាប់​អារម្មណ៍​ទៅ​លើ​បញ្ហា​សុខភាព​នោះ ក៏​មាន​ខេត្ត​សៀមរាប ដែល​ជា​ខេត្ត​មាន​សក្ដានុពល​ខាង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​បរទេស​ដែរ។

រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល និង​អាជ្ញាធរ​ខេត្ត​សៀមរាប ព្រម​ទាំង​មន្ត្រី​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា បាន​រួម​គ្នា​បើក​សម្ពោធ​អគារ​នៃ​មជ្ឈមណ្ឌល​ផ្ដល់​ឈាម​មួយ ដែល​សាងសង់​អស់​ទឹក​ប្រាក់​ជាង ៧៣​ម៉ឺន​ដុល្លារ ជា​ជំនួយ​របស់​កងទ័ព​ជើង​ទឹក​នៃ​សហរដ្ឋ​អាមេរិក ប្រចាំ​តំបន់​អាស៊ី-ប៉ាស៊ីហ្វិក។

បទ​ភ្លេង​គោរព​ទង់​ជាតិ​នៃ​សហរដ្ឋ​អាមេរិក បាន​បន្លឺ​ឡើង​កាល​ពី​វេលា​ម៉ោង​ជាង ៨​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​៣ ខែ​មីនា នៅ​ក្នុង​មន្ទីរពេទ្យ​បង្អែក​ខេត្ត​សៀមរាប ដែល​ជា​កន្លែង​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​អគារ​នៃ​មជ្ឈមណ្ឌល​ផ្ដល់​ឈាម​ដ៏​ថ្មី​សន្លាង​មួយ​នេះ។

«ភ្លេង​ទង់​ជាតិ»

អភិបាល​រង​ខេត្ត​សៀមរាប ទទួល​បន្ទុក​ការងារ​សុខាភិបាល គឺ​លោក សង់ រីហា។ លោក​ថ្លែង​នៅ​ក្នុង​ឱកាស​បើក​សម្ពោធ​អគារ​នៃ​មជ្ឈមណ្ឌល​ផ្ដល់​ឈាម​នោះ​ថា ជាច្រើន​ឆ្នាំ​មក​ហើយ មន្ទីរពេទ្យ​ខេត្ត​សៀមរាប បាន​ប្រឹងប្រែង​លើក​កម្ពស់​សុខភាព ព្រមទាំង​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ ដោយ​ពង្រីក​អគារ​ព្យាបាល​ជំងឺ​ធំៗ​ជាច្រើន​ផ្នែក ដូចជា​អគារ​ព្យាបាល​ភ្នែក អគារ​សម្ភព អគារ​ពិសោធន៍​វេជ្ជសាស្ត្រ អគារ​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ជាដើម ហើយ​នៅ​ថ្ងៃ​នេះ មន្ទីរពេទ្យ​ទទួល​បាន​សមិទ្ធផល​ថ្មី​មួយ​ទៀត គឺ​អគារ​នៃ​មជ្ឈមណ្ឌល​ផ្ដល់​ឈាម។ លោក សង់ រីហា បាន​ថ្លែង​អំណរ​គុណ​រដ្ឋាភិបាល និង​ប្រជាពលរដ្ឋ​អាមេរិក ដែល​ផ្ដល់​អគារ​ដ៏​មាន​សារសំខាន់​មួយ​នេះ៖ « អគារ​នៃ​មជ្ឈមណ្ឌល​ឈាម ផ្ដល់​នូវ​សារសំខាន់​បំផុត​ក្នុង​ការ​ផ្ដល់​សេវា​បន្ទាន់ ជួយ​ដល់​អ្នក​ជំងឺ​ផ្សេងៗ​ ដែល​ត្រូវ​ការ​ឈាម ដោយ​មិន ​មាន​ ការ​រើសអើង ពិសេស​ជួយ​ដល់​ស្ត្រី​ដែល​ធ្លាក់​ឈាម​នៅ​មុន និង​ក្រោយ​ពេល​សម្រាល​កូន »

ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​សៀមរាប លោក​វេជ្ជបណ្ឌិត ក្រូស សារ៉ាត់ ឲ្យ​ដឹង​ថា អគារ​នៃ​មជ្ឈមណ្ឌល​ផ្ដល់​ឈាម​នេះ បាន​ចំណាយ​ពេល​សាងសង់​ចំនួន ១២​ខែ ដោយ​បំពាក់​ឧបករណ៍​វេជ្ជសាស្ត្រ​ជាច្រើន ពាក់ព័ន្ធ​នឹង​ផ្នែក​ពិនិត្យ ព្រម​ទាំង​ថែ​រក្សា​ឈាម។ អគារ​នេះ​សាងសង់​អស់​ទឹក​ប្រាក់​ជាង ៧៣​ម៉ឺន​ដុល្លារ ដែល​ជា​ជំនួយ​របស់​កងទ័ព​ជើង​ទឹក​នៃ​សហរដ្ឋ​អាមេរិក ប្រចាំ​តំបន់​អាស៊ី-ប៉ាស៊ីហ្វិក។

អគ្គរដ្ឋទូត​រង​នៃ​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា អ្នកស្រី ជូលី ជុង (Julie Chung) រំពឹង​ថា មជ្ឈមណ្ឌល​ផ្ដល់​ឈាម​ដែល​បើក​ឲ្យ​ប្រើប្រាស់​នៅ​ក្នុង​មន្ទីរពេទ្យ​ខេត្ត​សៀមរាប ពេល​នេះ នឹង​ប្រមូល ថែ​រក្សា ព្រម​ទាំង​អាច​ផ្ដល់​ឈាម​ទៅ​ដល់​សហគមន៍ ព្រម​ទាំង​ផ្ដល់​ផល​ប្រយោជន៍​យ៉ាង​ច្រើន​ទៅ​លើ​វិស័យ​សុខាភិបាល​សាធារណៈ។ បច្ចុប្បន្ន តែង​មាន​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​កើត​ឡើង​ជា​ញឹកញាប់ ដែល​ធ្វើ​ឲ្យ​អ្នក​រងគ្រោះ​ទាំង​នោះ​ត្រូវ​ការ​ឈាម​ជួយ​សង្គ្រោះ​ជីវិត។ ដូច្នេះ មជ្ឈមណ្ឌល​ផ្ដល់​ឈាម ដែល​បើក​ឲ្យ​ដំណើរ​ការ​នៅ​ខេត្ត​សៀមរាប ពេល​នេះ គឺ​ជា​កន្លែង​ដែល​ទទួល​ស្ដុក ព្រម​ទាំង​ថែ​រក្សា​ឈាម ដើម្បី​ជួយ​សង្គ្រោះ​ដល់​អាយុ​ជីវិត​ប្រជាពលរដ្ឋ​ជាច្រើន៖ « នេះ គឺ​ជា​កិត្តិយស​របស់​សហរដ្ឋ​អាមេរិក ដែល​បាន​ធ្វើ​ជា​ដៃគូ​ជួយ​ខេត្ត​សៀមរាប ឲ្យ​ក្លាយ​ទៅ​ជា​ទី​រីក​រាយ និង​មាន​សុខុមាលភាព ។ ខ្ញុំ​ មាន​មោ ទនភាព​ ចំពោះ​កង ទ័ព​ជើង​ទឹក​នៃ​ សហរដ្ឋ​អាមេរិក ប្រចាំ​តំបន់​អាស៊ី - ប៉ាស៊ីហ្វិក ដែល​មិន​ត្រឹម​តែ​ជួយ​សាងសង់​អគារ​ផ្ដល់​ឈាម​ទេ ថែម​ទាំង ​ជួយ​ បណ្ដុះបណ្ដាល​បុ គ្គលិក​ខ្មែរ ឲ្យ​ចេះ​ធ្វើ​ការ​ផង​ដែរ »

នេះ គឺ​ជា​អគារ​នៃ​មជ្ឈមណ្ឌល​ផ្ដល់​ឈាម​ទី​ពីរ​ហើយ ដែល​ជា​ជំនួយ​របស់​សហរដ្ឋ​អាមេរិក។ កាល​ពី​ពីរ​សប្ដាហ៍​មុន អគារ​នៃ​មជ្ឈមណ្ឌល​ផ្ដល់​ឈាម​ដូច​គ្នា​នេះ​ដែរ បាន​សម្ពោធ​បើក​ឲ្យ​ប្រើប្រាស់​នៅ​ខេត្ត​កំពង់ចាម។

រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល លោក​វេជ្ជបណ្ឌិត ម៉ម ប៊ុនហេង មាន​ជំនឿ​យ៉ាង​មុតមាំ​ថា ក្រោយ​ពេល​ដែល​អគារ​នៃ​មជ្ឈមណ្ឌល​ផ្ដល់​ឈាម​បើក​ឲ្យ​ប្រើប្រាស់​មក គឺ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ខេត្ត​សៀមរាប ព្រម​ទាំង​បណ្ដា​ខេត្ត​ជុំវិញ ប្រាកដ​ជា​បាន​ទទួល​សេវា​ព្យាបាល​កាន់​តែ​ប្រសើរ ព្រម​ទាំង​អាច​ផ្ដល់​ឈាម​ជួយ​សង្គ្រោះ​ជីវិត​បាន​ទាន់​ពេលវេលា៖ « ឥឡូវ​យើង​មាន​អគារ​នេះ មាន​បច្ចេកទេស​ទំនើប​បំបែក​ឈាម​ឲ្យ​ទៅ​ជា​គ្រាប់​ឈាម​ដោយឡែកៗ​ពី​គ្រាប់​ឈាម​កក ឲ្ យ​ទៅ​ ជា​គ្រាប់ ​ឈាម​ក្រហម ឲ្ យ​ទៅ​ជា​ផ្លាស្មា ជាដើម »

មន្ត្រី​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា ឲ្យ​ដឹង​ថា ក្រៅ​ពី​ផ្ដល់​ជំនួយ​សាងសង់​មជ្ឈមណ្ឌល​ផ្ដល់​ឈាម​នៅ​ខេត្ត​កំពង់ចាម និង​ខេត្ត​សៀមរាប សហរដ្ឋ​អាមេរិក ក៏​បាន​ជួយ​កសាង​មជ្ឈមណ្ឌល​ផ្ដល់​ឈាម​ថ្មី​មួយ​ទៀត​នៅ​ទីក្រុង​ភ្នំពេញ ដែល​នឹង​បើក​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​នៅ​ពេល​ខាង​មុខ។ សហរដ្ឋ​អាមេរិក នឹង​ជំរុញ​ឲ្យ​មិត្ត​កាកបាទ​ក្រហម​អូស្ត្រាលី សហការ​ជាមួយ​នឹង​អង្គការ​សុខភាព​ពិភពលោក ជួយ​ធ្វើ​ផែនការ​យុទ្ធសាស្ត្រ​បណ្ដុះបណ្ដាល និង​អភិវឌ្ឍ​ការ​ផ្ដល់​ឈាម ព្រម​ទាំង​ឲ្យ​មាន​ការ​ទទួល​ស្គាល់​មជ្ឈមណ្ឌល​ជាតិ​ផ្ដល់​ឈាម​នៅ​កម្ពុជា ជា​ខ្នាត​អន្តរជាតិ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។