មន្ត្រី​មន្ទីរ​សុខាភិបាល​ខេត្ត​បាត់ដំបង​បិទ​គ្លីនិក​ព្យាបាល​ជំងឺ​៣​កន្លែង​ចោទ​ថា​គ្មាន​ច្បាប់

0:00 / 0:00

គ្លីនិក​ព្យាបាល​ជំងឺ​ទូទៅ​ចំនួន ៣​កន្លែង នៅ​ស្រុក​ជាប់​ជាយ​ដែន​ខ្មែរ-ថៃ ខេត្ត​បាត់ដំបង ត្រូវ​បាន​មន្ទីរ​សុខាភិបាល​ខេត្ត​បាត់ដំបង បិទ​មិន​ឲ្យ​ដំណើរ​ការ​ព្យាបាល​អ្នក​ជំងឺ​បន្ត ដោយសារ​គ្មាន​ច្បាប់​អនុញ្ញាត​ពី​ក្រសួង​សុខាភិបាល។ ប៉ុន្តែ​ម្ចាស់​គ្លីនិក​អះអាង​ថា មាន​ច្បាប់​អនុញ្ញាត​ព្យាបាល​ជំងឺ​ត្រឹមត្រូវ។

ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​បាត់ដំបង មាន​ប្រសាសន៍​បញ្ជាក់​នៅ​ថ្ងៃ​ទី​២៨ ឧសភា ថា គ្លីនិក​ទាំង​៣ នោះ ម្ចាស់​ជា​ជនជាតិ​ចិន ឈ្មោះ​គ្លីនិក​មិត្តភាព​ខ្មែរ-ចិន បើក​ព្យាបាល​ជំងឺ​ទូទៅ រួម​មាន​នៅ​ស្រុក​សំពៅលូន ចំនួន ២​កន្លែង និង​ស្រុក​ភ្នំព្រឹក មួយ​កន្លែង បាន​បើក​ដំណើរ​ការ​ព្យាបាល​អ្នក​ជំងឺ​នៅ​តំបន់​ជាយដែន​នោះ​ប្រមាណ​ជាង​មួយ​ឆ្នាំ​មក​ហើយ។

លោក វឿង ប៊ុនរ៉ែត ថ្លែង​បន្ត​ថា ការ​បិទ​គ្លីនិក​នេះ ដើម្បី​រក្សា​សុវត្ថិភាព​អាយុ​ជីវិត​របស់​ប្រជាពលរដ្ឋ បន្ទាប់​ពី​ខាង​មន្ទីរ​សុខាភិបាល​ខេត្ត​បាត់ដំបង ប្រាប់​ទៅ​ម្ចាស់​គ្លីនិក​ឲ្យ​សុំ​ច្បាប់​អនុញ្ញាត​ព្យាបាល​អ្នក​ជំងឺ​ឲ្យ​បាន​ត្រឹមត្រូវ​ជាច្រើន​លើក​ច្រើន​សា​មក​ហើយ តែ​ម្ចាស់​គ្លីនិក​រឹងរូស​មិន​ព្រម​អនុវត្ត​តាម​ការ​ណែនាំ ទើប​ខាង​មន្ទីរ​សុខាភិបាល​ខេត្ត​បញ្ជា​ឲ្យ​បិទ​ទ្វារ​តែ​ម្ដង៖ «គាត់​ដំណើរ​ការ​ព្យាបាល​ជំងឺ​លួច​លាក់ ដែល​យើង​ឲ្យ​គាត់​បិទ​ហើយ ឲ្យ​ធ្វើ​ច្បាប់​ត្រឹមត្រូវ តែ​គាត់​នៅ​តែ​គាត់​ធ្វើ​តាម។ បើ​គាត់​មាន​ច្បាប់​ពេល​ណា​នោះ យើង​នឹង​អនុញ្ញាត​ឲ្យ​គាត់​ដំណើរ​ការ​ឡើង​វិញ»

ឆ្លើយ​តប​នឹង​បញ្ហា​នេះ ប្រពន្ធ​ម្ចាស់​គ្លីនិក​មិត្តភាព​ខ្មែរ-ចិន ឃុំ​សន្តិភាព អ្នកស្រី សៀង នឿន អះអាង​ថា គ្លីនិក​របស់​អ្នកស្រី​ដែល​មន្ទីរ​សុខាភិបាល​ខេត្ត​បាត់ដំបង បញ្ជា​ឲ្យ​បិទ​ទ្វារ​កាល​ពី​ថ្ងៃ​ទី​២៧ ឧសភា នោះ មាន​ច្បាប់​អនុញ្ញាត​ត្រឹមត្រូវ។ អ្នកស្រី​សោកស្ដាយ​ចំពោះ​បទបញ្ជា​ឲ្យ​បិទ​គ្លីនិក​នេះ ព្រម​ទាំង​ស្នើ​សមត្ថកិច្ច​ពាក់ព័ន្ធ ពិចារណា​រក​ហេតុផល​សាជាថ្មី៖ «ខាង​មន្ទីរ​សុខាភិបាល​បិទ​គ្លីនិក​ខ្ញុំ ដោយ​ចោទ​ប្រកាន់​ថា គ្មាន​ច្បាប់​អនុញ្ញាត និង​ប្រើប្រាស់​ថ្នាំ​ចិន ក្នុង​ការ​ព្យាបាល​ជំងឺ។ ប៉ុន្តែ​កន្លែង​ព្យាបាល​របស់​ខ្ញុំ​មាន​ច្បាប់​សមាគម​ចេញ​ពី​ក្រសួង​មហាផ្ទៃ ត្រឹមត្រូវ»

មន្ត្រី​សម្រប​សម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) ខេត្ត​បាត់ដំបង លោក យិន ម៉េងលី ស្វាគមន៍​ចំពោះ​វិធានការ​របស់​មន្ទីរ​សុខាភិបាល​ខេត្ត​បាត់ដំបង ទៅ​នឹង​ការ​បិទ​គ្លីនិក​ព្យាបាល​ជំងឺ​ទូទៅ​នេះ ថា​ជា​សកម្មភាព​មួយ​ល្អ។ យ៉ាង​ណា លោក​ស្នើ​ឲ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ ត្រូវ​ពិនិត្យ​មន្ទីរ​ព្យាបាល​ទាំងអស់​ក្នុង​ខេត្ត​បាត់ដំបង ឲ្យ​ដំណើរ​ប្រតិបត្តិការ​ឲ្យ​បាន​ត្រឹមត្រូវ ឈរ​លើ​គោលការណ៍​ច្បាប់ និង​មិន​លម្អៀង៖ «ពីព្រោះ​បើ​សិន​ជា​ប្រតិបត្តិការ​ណា​មួយ​ធ្វើ​ឡើង​ដោយ​គ្មាន​ការ​ចុះ​បញ្ជី ចាត់​ជា​ខុស​ច្បាប់។ ក៏ប៉ុន្តែ​សកម្មភាព​នេះ ត្រូវ​ដោយ​ប្រុង​ប្រយ័ត្ន គឺ​មិន​ត្រូវ​ធ្វើ​រំលោភ​ច្បាប់​ដែល​មាន​ចែង​នោះ​ទេ ដូចជា​ករណី​ដែល​ម្ចាស់​គ្លីនិក​អះអាង​ថា សមត្ថកិច្ច​ចោទ​ប្រកាន់​ការ​ប្រើប្រាស់​ថ្នាំ​របស់​ចិន នោះ​មិន​ត្រឹមត្រូវ​ឡើយ»

មន្ទីរ​សុខាភិបាល​ខេត្ត រឹត​បន្តឹង​គ្លីនិក​ព្យាបាល​ជំងឺ​នៅ​ពេល​នេះ ទំនង​ដោយសារ​ជួប​ប្រទះ​មេរៀន​ពាក់ព័ន្ធ​ករណី​គ្រូពេទ្យ​ព្យាបាល​ជំងឺ​ប្រជាពលរដ្ឋ​ឆ្លង​មេរោគ​អេដស៍ ប្រមាណ​ជិត ៣០០​នាក់​នៅ​ឃុំ​រកា ស្រុក​សង្កែ ខេត្ត​បាត់ដំបង។

សមត្ថកិច្ច ពុំ​ទាន់​មាន​វិធានការ​ផ្លូវ​ច្បាប់​យ៉ាង​ណា​ទៅ​លើ​គ្លីនិក ដែល​បើក​ព្យាបាល​ជំងឺ​ដែល​គ្មាន​ច្បាប់​អនុញ្ញាត​នេះ​នៅ​ឡើយ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។