ក្រសួង​សុខាភិបាល​ប្រកាស​អាសន្ន​ពី​ជំងឺ​ដង្កូវ​ព្រូន​ម្យ៉ាង​ដែល​បាន​សម្លាប់​មនុស្ស​៨​នាក់

ដោយ អាស៊ីសេរី
2017-09-27
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល លោក ម៉ម ប៊ុនហេង ថ្លែង​ក្នុង​ឱកាស​បើក​សន្និសីទ​​​វិទ្យាសាស្ត្រ​លើក​ទី​៨ ប្រចាំ​តំបន់​​ប៉ាស៊ីហ្វិក​ខាង​លិច និង​តំបន់​អាស៊ីអាគ្នេយ៍ នា​ខេត្ត​សៀមរាប នៅ​ថ្ងៃ​ទី​២៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ RFA/Hang Savyouth
រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល លោក ម៉ម ប៊ុនហេង ថ្លែង​ក្នុង​ឱកាស​បើក​សន្និសីទ​​​វិទ្យាសាស្ត្រ​លើក​ទី​៨ ប្រចាំ​តំបន់​​ប៉ាស៊ីហ្វិក​ខាង​លិច និង​តំបន់​អាស៊ីអាគ្នេយ៍ នា​ខេត្ត​សៀមរាប នៅ​ថ្ងៃ​ទី​២៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ RFA/Hang Savyouth
RFA/Hang Savyouth

ក្រសួងសុខាភិបាល ប្រកាស​អាសន្ន​ពី​ការ​ផ្ទុះ​ឡើង​នៃ​ករណី​ជំងឺ​ដង្កូវ​ព្រូន​ទ្រីស៊ីណែឡា ឬ​ហៅថា ទ្រីស៊ីណែឡូស៊ីស (Trichinellosis) នៅ​តំបន់​ព្រៃឡង់ ភូមិ​ច្រកតោល ឃុំ​មានរិទ្ធ ស្រុក​សណ្ដាន់ ខេត្ត​កំពង់ធំ ដែល​បាន​បណ្ដាល​ឲ្យ​មនុស្ស​ជា​ច្រើន​នាក់​បាត់បង់​ជីវិត។

ចាប់​តាំង​ពី​ការ​ផ្ទុះ​ឡើង​នៃ​ករណី​ជំងឺ​នេះ​ដំបូង​កាល​ពីថ្ងៃទី០១ ខែ​សីហា រហូត​មក​ទល់​នឹង​ថ្ងៃទី២៦ ខែ​កញ្ញា​នេះ មាន​អ្នក​កើត​ជំងឺ​នេះ​សរុប​ចំនួន ៣៣​ករណី ក្នុង​នោះ​មនុស្ស​ចំនួន ៨​នាក់​បាន​បាត់បង់​ជីវិត ហើយ​អ្នកជំងឺ ១៣នាក់ បាន​មក​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ។

ជំងឺ​ដង្កូវ​ព្រូនទ្រីស៊ីណែឡា គឺ​ជា​ប្រភេទ​ជំងឺ​មួយ​ដែល​ចម្លង​មក​មនុស្ស តាមរយៈ​ការ​បរិភោគ​សាច់​ឆៅ ឬ​សាច់​ចម្អិន​មិន​ឆ្អិន​ល្អ ដែល​សាច់​នោះ​មាន​ដង្កូវ​ព្រូន​ទ្រីស៊ីណែឡា។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល ផ្សាយ​ថ្ងៃទី២៦ ខែ​កញ្ញា ឲ្យ​ដឹង​ថា រោគ​សញ្ញា​ដំបូង​នៃ​ជំងឺ​នេះ​រួមមាន៖ ក្អួត​ចង្អោរ រាករូស អស់​កម្លាំង និង​គ្រុនក្ដៅ។ រោគ​សញ្ញា​បន្ទាប់ មាន​ដូចជា ឈឺក្បាល គ្រុនក្ដៅ ក្អក ហើម​មុខ និង​ត្របក​ភ្នែក (អាច​មាន​ហើម​ដៃ ហើម​ជើង) ឈឺ​សន្លាក់ និង​ឈឺ​សាច់ដុំ រមាស់​ស្បែក រាគ ឬ​ទល់​លាមក។ រោគ​សញ្ញា​ធ្ងន់ធ្ងរ មាន​ដូចជា ពិបាក​ធ្វើ​ចលនា និង​បង្ក​បញ្ហា​ដល់​បេះដូង និង​ដង្ហើម ដែល​បណ្ដាល​មក​ពី​ការ​រាតត្បាត​នៃ​ដង្កូវ​ព្រូន​នេះ​នៅ​ក្នុង​សរីរាង្គ ដែល​អាច​បណ្ដាល​ឲ្យ​អ្នក​ជំងឺ​ស្លាប់​បាន។

ក្រសួង​សុខាភិបាល អំពាវនាវ​ឲ្យ​ពលរដ្ឋ​បញ្ឈប់​ការ​បរិភោគ​សាច់ឆៅ ឬ​ចម្អិន​មិន​ឆ្អិន​ល្អ ហើយ​ត្រូវ​មាន​អនាម័យ​ម្ហូប​អាហារ​ត្រឹមត្រូវ​ដើម្បី​ការពារ​ពី​ជំងឺ​នេះ។ ក្រសួង​សុខាភិបាល លើក​ទឹកចិត្ត​ឲ្យ​ប្រជាពលរដ្ឋ ត្រូវ​ស្វែងរក​ការ​ព្យាបាល​ឲ្យ​បាន​ទាន់​ពេល​វេលា​នៅ​ពេល​កើត​មាន​រោគ​សញ្ញា​ដូច​ខាងលើ​នេះ ចៀសវាង​ទុក​យូរ​ធ្វើ​ឲ្យ​ដង្កូវ​ព្រូន​វ៉ៃ​លុក​ចូល​សរីរាង្គ​ច្រើន​កន្លែង។ សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​ជំងឺ​នេះ សូម​ទាក់ទង​ទូរស័ព្ទ​ទាន់​ហេតុការណ៍​លេខ ១១៥ ដោយ​ឥត​គិត​ថ្លៃ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល
គេហទំព័រ​ទាំងមូល