យុទ្ធនាការរ៉ឺម៉កកង់បីផ្សព្វផ្សាយសារអប់រំសុខភាព និងអាហារូបត្ថម្ភស្ត្រីមានផ្ទៃពោះដល់មាតាទាំងអស់ក្នុងទីក្រុងភ្នំពេញ ត្រូវបានចាប់ផ្ដើមជាលើកដំបូង។
យុទ្ធនាការនេះ គឺក្នុងការប្រារព្ធខួបទី៦០ នៃទំនាក់ទំនងការទូតរវាងសាធារណរដ្ឋឆេកូ (Czech Republic) និងប្រទេសកម្ពុជា ជាមួយអង្គការ ភីពផល អ៊ីន នីដ (People In Need) ធ្វើឡើងនៅថ្ងៃទី៣ ខែមិថុនា ដើម្បីផ្សព្វផ្សាយលេខទូរស័ព្ទមួយខ្សែសម្រាប់ឲ្យស្ត្រីមានផ្ទៃពោះ និងម្ដាយដែលមានកូនតូចអាយុក្រោម ២ឆ្នាំ ភ្ជាប់បណ្ដាញដែលមានឈ្មោះថា "សេវាសហគមន៍គ្រួសារសុខភាពល្អ" ដើម្បីទទួលសារអប់រំដោយឥតបង់ថ្លៃ។
មន្ត្រីសម្របសម្រួលកម្មវិធីផ្ញើសារអប់រំនៃអង្គការ ភីពផល អ៊ីន នីដ លោក ឡាច មករា ថ្លែងថា លោកអ្នក ជាពិសេសស្ត្រីអាចហៅទៅលេខទូរស័ព្ទ ០៩៥ ៩៧ ៥៨ ០២ រួចចុចតាមការណែនាំនោះនឹងភ្ជាប់លេខរបស់លោកអ្នកទៅប្រព័ន្ធបច្ចេកវិទ្យាដោយស្វ័យប្រវត្តិ ដើម្បីទទួលសារអប់រំថ្មីៗជារៀងរាល់នៃការវិវឌ្ឍន៍គភ៌ និងកុមារក្រោមអាយុ ២ឆ្នាំ៖ «ពេលតេចូលទៅបើជាឆ្មបចុចលេខ១ ទៅ បើជាអ្នកមានផ្ទៃពោះចុចលេខ២ ទៅ បើអ្នកមានកូនតូចចុកលេខ៣ ទៅ។ បើយើងជាអ្នកមានផ្ទៃពោះយើងចុចលេខ២ បន្ទាប់មកបើយើងមានផ្ទៃពោះ ៥សប្ដាហ៍ចុចលេខ៥ បើ៨ សប្ដាហ៍ចុចលេខ៨ ជាការស្រេច។ សារនេះនឹងផ្ញើទៅគាត់មួយសប្ដាហ៍ម្ដងៗ។ សារនេះគឺមានអត្ថន័យអប់រំខុសៗគ្នារហូតទៅតាមអាយុផ្ទៃពោះរបស់គាត់។ ឧទាហរណ៍ឥឡូវគាត់ទើបចាប់ផ្ដើម ៦សប្ដាហ៍អ៊ីចឹង ក្នុងអំឡុងពេលចាញ់កូន។ សារយើងនិយាយអំពីសារចាញ់កូន ការលេបថ្នាំគ្រាប់ជាតិដែកអ៊ីចឹង»។
ក្នុងសេចក្ដីប្រកាសព័ត៌មានបង្ហាញថា អត្រាមរណភាពទារកនៅតែមានកម្រិតខ្ពស់គឺ ២៧នាក់ ក្នុងចំណោម ១ពាន់កំណើត ខណៈដែលកុមារម្នាក់ក្នុងចំណោមកុមារ ៣នាក់ មានអាយុក្រោម ៥ឆ្នាំ មានបញ្ហាក្រេះ ក្រិន ឬកង្វះអាហារូបត្ថម្ភរ៉ាំរ៉ៃ។
យុទ្ធនាការនេះ មានរ៉ឺម៉កកង់បីចំនួន ១០០ បើកអប់រំផ្សព្វផ្សាយរយៈពេល ៣ខែ ដែលចាប់ផ្ដើមពីថ្ងៃទី៣ ខែមិថុនា ក្នុងទីក្រុង និងតំបន់គោលដៅចំនួន ២០ សហគមន៍ ដូចជា ស្ទឹងមានជ័យ ច្បារអំពៅ២ សង្កាត់គីឡូម៉ែត្រលេខ៦ និងទឹកថ្លា ជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
