ឧកញ៉ា ម៉ុង ឫទ្ធី សន្យា​សង់​កន្លែង​រង់ចាំ​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា​មុន​បុណ្យ​ភ្ជុំបិណ្ឌ

លោក​ឧកញ៉ា ម៉ុង ឫទ្ធី មាន​ប្រសាសន៍​ថា លោក​នឹង​សង់​រោង​សម្រាប់​អង្គុយ​រង់ចាំ​នៅ​ខាង​ក្រៅ​មន្ទីរពេទ្យ​គន្ធបុប្ផា មួយ​ចំនួន​ឱ្យ​រួច​មុន​ថ្ងៃ​បុណ្យ​ភ្ជុំបិណ្ឌ ជូន​ប្រជាពលរដ្ឋ​ដែល​រង់ចាំ​ទទួល​សេវា​ពិនិត្យ​​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា។

លោក​ឧកញ៉ា ម៉ុង ឫទ្ធី៖ «គម្រោង​ដែល​យើង​គ្រោង​សាងសង់​រោង​ហ្នឹង ដំបូង​គឺ​ធ្វើ​ចំនួន ១០​រោង​សិន។ បើ​សិន​មាន​ទីតាំង​សម្រាប់​សាងសង់​បង្គន់​អនាម័យ ខ្ញុំ​សង់​ជូន​ពលរដ្ឋ ហើយ​ប្រសិន​បើ​មាន​សប្បុរសជន​ចូល​រួម​ក៏​ចូល​ទៅ បើ​អត់​ក៏​អត់​ទៅ»

ការ​ប្រកាស​សាងសង់​នេះ បន្ទាប់​ពី​ប្រជាពលរដ្ឋ​អ្នក​ជំងឺ​ស្នើ​សុំ​ដល់​រដ្ឋាភិបាល​កម្ពុជា ឱ្យ​ជួយ​ធ្វើ​កៅអី​អង្គុយ និង​រោង​សម្រាប់​ជ្រក​ក្រោម​កម្ដៅ​ថ្ងៃ និង​ក្រោម​ដំណក់​ទឹក​ភ្លៀង​ដើម្បី​រង់ចាំ​ចូល​ពិនិត្យ​ជំងឺ​នៅ​ខាង​ក្រៅ​មន្ទីរពេទ្យ​គន្ធបុប្ផា។

លោក​បន្ថែម​ថា ពលរដ្ឋ​អ្នក​ជំងឺ​មិន​ត្រឹមតែ​ត្រូវ​ការ​កន្លែង​សម្រាប់​ជ្រក បង់ ឬ​កៅអី​អង្គុយ​នោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ត្រូវ​ការ​បង្គន់​អនាម័យ​សម្រាប់​បន្ទោបង់ និង​ទឹក​ស្អាត​សម្រាប់​ទទួល​ទាន​ថែម​ទៀត​ផង។

ពលរដ្ឋ​ដែល​មក​ទទួល​សេវា​មាន​ការ​លំបាក​ជា​ខ្លាំង និង​បាន​ស្នើ​សុំ​ឲ្យ​រដ្ឋាភិបាល​ជួយ​សម្រួល​រៀបចំ​ឱ្យ​មាន​កន្លែង​ជ្រក អង្គុយ​រង់ចាំ និង​សង់​បង្គន់​អនាម័យ​សម្រាប់​បន្ទោបង់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។