មូលនិធិអង្គការសហប្រជាជាតិដើម្បីកុមារហៅកាត់ថា យូនីសេហ្វ (UNICEF) បានថ្កោលទោសក្រុមហ៊ុនអាមេរិកាំងមួយឈ្មោះ អ៊ាមប្រូសៀ ឡាបស៍ (Ambrosia Labs) ដែលមានមូលដ្ឋាននៅរដ្ឋយូតា (Utah) ពាក់ព័ន្ធនឹងអាជីវកម្មនាំចេញផលិតផលទឹកដោះធម្មជាតិស្ត្រីខ្មែរទៅដាក់លក់នៅសហរដ្ឋអាមេរិក។
មូលនិធិនេះចាត់ទុកថា ទឹកដោះធម្មជាតិស្ត្រីគឺជាកោសិកាមនុស្សដូចជាឈាមដែរ។ ការធ្វើពាណិជ្ជកម្មណាមួយលើផលិតផលនេះគួរតែត្រូវបានហាមប្រាមដោយច្បាប់។
មន្ត្រីនាំពាក្យយូនីសេហ្វ ប្រចាំប្រទេសកម្ពុជា អ្នកស្រី អ៊ីម៉ាន ម៉ូរូកា (Iman Morooka) ត្រូវបានភ្នាក់ងារសារព័ត៌មានបារាំង អា.អេហ្វ.ប៉េ (AFP) ស្រង់ប្រសាសន៍ផ្សាយកាលពីថ្ងៃទី២២ ខែមីនា ម្សិលមិញនេះថាទឹកដោះធម្មជាតិស្រ្តីមិនគួរត្រូវគេយកទៅធ្វើអាជីវកម្មក្រោមរូបភាពកេងប្រវ័ញ្ចយកប្រយោជន៍ពីស្ត្រីខ្មែរដែលក្រីក្រនិងងាយរងគ្រោះនោះទេ។
អ្នកស្រីបន្តថាទឹកដោះធម្មជាតិស្រ្តីដែលសល់លើសតម្រូវការគួរត្រូវរក្សាទុកនៅកម្ពុជាដោយហេតុថាទារកជាច្រើនក្នុងប្រទេសនេះកំពុងប្រឈមនឹងបញ្ហាកង្វះជីវជាតិទ្រទ្រង់រាងកាយយ៉ាងធ្ងន់ធ្ងរ។
យូនីសេហ្វបញ្ជាក់ថាកង្វះអាហាររូបត្ថម្ភនៅតែជាបញ្ហាគំរាមកំហែងមួយចំពោះសុខុមាលភាពកុមារនៅកម្ពុជា។ ហេតុដូច្នេះការបំបៅទឹកដោះធម្មជាតិសមស្របគឺជាកត្តាសំខាន់មួយក្នុងចំណោមកត្តាសំខាន់នានាដែលចូលរួមចំណែកឲ្យកុមារមានសុខភាពនិងជីវជាតិទ្រទ្រង់រាងកាយល្អ។
ការថ្កោលទោសនេះធ្វើឡើងក្រោយពីមានរបាយការណ៍នាពេលថ្មីៗនេះថាអាជ្ញាធរខ្មែរបានបញ្ឈប់មិនឲ្យក្រុមហ៊ុន អ៊ាម់ប្រូសៀ ឡាបស៍ នាំចេញផលិតផលទឹកដោះដែលបានប្រមូលទិញពីស្ត្រីក្រីក្រនិងងាយរងគ្រោះនៅកម្ពុជា យកទៅដាក់លក់នៅសហរដ្ឋអាមេរិកជាបណ្តោះអាសន្ន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
