មន្ត្រីជំនាញសុខភាពក្នុងខេត្តកណ្ដាល បញ្ជាក់ថា ប្រជាពលរដ្ឋដែលមានផ្ទុកមេរោគអេដស៍ក្នុងភូមិពាម គឺកើតចេញពីការសប្បាយភ្លេចខ្លួនរបស់ប្ដី ឬប្រពន្ធ ហើយឆ្លងមេរោគអេដស៍ពីគ្នាទៅវិញទៅមក។
យ៉ាងណាក៏ដោយ ប្រជាពលរដ្ឋដែលមានផ្ទុកមេរោគអេដស៍ទាំងនោះ នៅតែលើកឡើងថា ខ្លួនមិនដែលប្រព្រឹត្តអំពើផិតក្បត់ប្រពន្ធ ឬប្ដីនោះទេ។ ពលរដ្ឋទាំងនោះទទូចដល់អាជ្ញាធរស្រាវជ្រាវឱ្យបានច្បាស់លាស់ ដើម្បីអាចជៀសវាងការបន្ទុកចំពោះពលរដ្ឋអ្នកជំងឺ។
ប្រធានមន្ទីរពេទ្យខេត្តកណ្ដាល លោកវេជ្ជបណ្ឌិត គួយ ប៊ុនធឿន បញ្ជាក់ដោយផ្អែកតាមការស្រាវជ្រាវរបស់ក្រុមមន្ត្រីជំនាញផ្នែកសុខភាពនៃឃុំសំបួរមាស ថា ការផ្ទុះជំងឺអេដស៍ចំពោះពលរដ្ឋក្នុងភូមិពាម មិនមែនឆ្លងដោយសារការចាក់ថ្នាំនោះឡើយ។ ករណីជំងឺអេដស៍នេះ អាចឆ្លងតាមរយៈប្ដី ឬប្រពន្ធ ដែលបានទៅសប្បាយខាងក្រៅ ប៉ុន្តែមិនដឹងខ្លួនថា ឆ្លងមេរោគអេដស៍ ឬមានផ្ទុកមេរោគអេដស៍៖ «បាទ! កន្លែងនោះមិនមានគ្រូពេទ្យដែលអត់សញ្ញាប័ត្រដើរព្យាបាលជំងឺនៅភូមិនោះផង។ អ្វីដែលលេចឮនោះ បើទោះបីគ្លីនិកឯកជន ឬមន្ទីរពេទ្យរដ្ឋក៏ដោយ គឺសុទ្ធតែមានសញ្ញាប័ត្រ និងមានច្បាប់ត្រឹមត្រូវ។ អ៊ីចឹងការដែលសង្ស័យការព្យាបាល សេវានោះ គឺយើងកំពុងបន្តពិនិត្យរកមើលបន្តទៀត»។
ជុំវិញការផ្ទុះមេរោគអេដស៍នៅភូមិពាមនេះ ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ លោកវេជ្ជបណ្ឌិត លី ពេញស៊ុន អះអាងថា រហូតមកដល់រសៀលថ្ងៃទី២៥ ខែកុម្ភៈ ប្រជាពលរដ្ឋដែលមានផ្ទុកមេរោគអេដស៍នៅក្នុងភូមិពាម ទាំងអស់ ១៨នាក់។ ប្រជាពលរដ្ឋដែលសង្ស័យថា ខ្លួនមានផ្ទុកមេរោគអេដស៍ អាចបន្តទៅធ្វើតេស្តជាបន្តទៀត នៅមណ្ឌលសុខភាពឃុំសំបួរមាស ស្រុកមុខកំពូល បន្តទៀត៖ «តួលេខហ្នឹង ១៨នាក់ហើយ ស្រាវជ្រាវរកឃើញហ្នឹងហើយ។ នៅមណ្ឌលសុខភាពក្តី នៅមន្ទីរពេទ្យសម្ដេចឪក្តី អ្នកដែលសង្ស័យថា មានផ្ទុកមេរោគអេដស៍គាត់បន្តទៅធ្វើតេស្តឈាមរកទៀត ខ្ញុំមិនទាន់ដឹងទេ ប៉ុន្តែប្រជាពលរដ្ឋដែលសង្ស័យ ត្រូវធ្វើតេស្តឈាមឱ្យបានឆាប់រហ័ស»។
ក្រុមជំនាញរបស់មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ អង្គការសុខភាពពិភពលោក (WHO) អង្គការសហប្រជាជាតិប្រយុទ្ធនឹងជំងឺអេដស៍ (UNAIDS) និងនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងសហរដ្ឋអាមេរិក (US-CDC) បានពិនិត្យយ៉ាងម៉ត់ចត់នូវលទ្ធផលនៃការស្រាវជ្រាវ ហើយឯកភាពជារួមថា ការកើនឡើងនូវការចូលរួមធ្វើតេស្តឈាមរកមេរោគអេដស៍របស់សហគមន៍គឺដោយសារមានការយល់ដឹងរបស់ប្រជាពលរដ្ឋ។
យ៉ាងណាក៏ដោយ មន្ត្រីជំនាញផ្នែកសុខភាពនៅមណ្ឌលសុខភាពឃុំសំបួរមាស កំពុងបន្តធ្វើតេស្តឈាម និងកំពុងសិក្សាស្រាវជ្រាវបន្តជុំវិញការសង្ស័យរបស់ប្រជាពលរដ្ឋចំពោះគ្រូពេទ្យដែលពលរដ្ឋធ្លាប់ទៅព្យាបាលជំងឺកន្លងមក។
ស្ត្រីវ័យចំណាស់ដែលមានផ្ទុកមេរោគអេដស៍ អាយុ ៦៥ឆ្នាំម្នាក់ លើកឡើងថា គាត់មិនអស់ចិត្តសោះចំពោះការកើតជំងឺនេះលើលោកស្រី ពីព្រោះលោកស្រីជាស្ត្រីមេម៉ាយជាង ៣០ឆ្នាំហើយ ហើយលោកស្រីក៏មិនដែលរួមភេទ ឬទៅប៉ះពាល់ឈាមអ្នកណាដែលមានផ្ទុះមេរោគអេដស៍នោះដែរ។ លោកស្រីអះអាងថា គាត់មានមេរោគអេដស៍នេះ គឺឆ្លងតាមរយៈការចាក់ថ្នាំ៖ «ពីដើមអត់នឹងជឿគេផង! មិនដឹងឆ្លងពីណាទេ ប៉ះឈាមនរណាក៏អត់ដែរនេះ។ លេបតែថ្នាំ និងចាក់ថ្នាំហ្នឹងហើយ»។
បុរសដែលរងគ្រោះដោយសារការឆ្លងមេរោគអេដស៍ម្នាក់ផ្សេងទៀតនិយាយថា កាលពីឆ្នាំ២០១២ លោក និងភរិយាធ្លាប់ធ្វើតេស្តរកមេរោគអេដស៍ ជាលទ្ធផលបង្ហាញថា មិនមានផ្ទុកមេរោគអេដស៍ទេ។ ប៉ុន្តែនៅពេលគាត់ធ្វើតេស្តម្ដងទៀតនៅដើមខែកុម្ភៈ ឆ្នាំ២០១៦ ជាលទ្ធផលបង្ហាញថា គាត់មានផ្ទុកមេរោគអេដស៍។ បុរសម្នាក់នេះអះអាងថា លោកឆ្លងមេរោគអេដស៍តាមរយៈការចាក់ថ្នាំនៅគ្លីនិកឯកជនមួយ ហើយពលរដ្ឋដទៃផ្សេងទៀតក៏សង្ស័យដូចគ្នា៖ «បាទ! ជាពិសេសខ្ញុំចង់ឱ្យរដ្ឋាភិបាលដែលមានក្រសួង និងអង្គការដែលពាក់ព័ន្ធជួយត្រួតពិនិត្យ មិនមែនតែរូបខ្ញុំមួយទេ ដែលទទួលមានមេរោគអេដស៍នេះ ពិសេសចាស់ៗនៅក្នុងភូមិខ្ញុំដែលមានអាយុ ៧៣ឆ្នាំ ៦០ឆ្នាំ ចាស់ៗដែលពួកគាត់សុទ្ធតែរក្សាសីល មានមេរោគអេដស៍ដែរ និងភូមិជិតៗខ្ញុំ សុទ្ធសង្ស័យថា មកពីពេទ្យហ្នឹង តែគេមិនហ៊ានថា ព្រោះគ្មានភស្តុតាង»។
ប្រជាពលរដ្ឋលើកឡើងថា រដ្ឋាភិបាលកម្ពុជា ត្រូវបើកការស៊ើបអង្កេតឱ្យស៊ីជម្រៅ និងច្បាស់លាស់ ដើម្បីរកយុត្តិធម៌ និងជៀសវាងការដាក់បន្ទុកលើប្រជាពលរដ្ឋដែលជាជនរងគ្រោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
