ព័ត៌មានចុងក្រោយដែលវិទ្យុអាស៊ីសេរី ទទួលបានកាលពីយប់ថ្ងៃអង្គារ ទី១៦ ធ្នូ ឲ្យដឹងថា មន្ត្រីអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍នៃក្រសួងសុខាភិបាល កំពុងស្វែងរកគ្រូពេទ្យស្ម័គ្រចិត្តក្នុងភូមិម្នាក់ ដើម្បីស៊ើបអង្កេតបន្ថែមទៀតទាក់ទងនឹងការសង្ស័យថា អាចជាអ្នកបង្កការឆ្លងជំងឺអេដស៍ដល់អ្នកភូមិ។
អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លោក តែង គន្ធី ដែលកំពុងមានវត្តមាននៅខេត្តបាត់ដំបង បញ្ជាក់ថា តាមការស៊ើបអង្កេតជាបឋម និងការសម្ភាសន៍អ្នកជំងឺប្រមាណ ៣០នាក់ ក្នុងចំណោម ៨២នាក់ ដែលរកឃើញមានជំងឺអេដស៍នោះបង្ហាញថា ពួកគេបានទទួលសេវាកម្មព្យាបាលជំងឺក្រៅផ្លូវការពីគ្រូពេទ្យម្នាក់។
ប៉ុន្តែលោកឱ្យដឹងថា គ្រូពេទ្យរូបនោះបានគេចបាត់ពីភូមិអស់រយៈពេលពីរថ្ងៃមកហើយ៖ «យើងមានការសង្ស័យដោយសារមានការចម្លងមេរោគទាំងដុំ មេរោគអេដស៍ ទៅមេរោគអេដស៍។ យើងផ្តោតទៅលើបញ្ហាពីរ ម្ជុលតាមរយៈប្រើប្រាស់គ្រឿងញៀន និងទីពីរប្រើប្រាស់ម្ជុលតាមអ្នកផ្តល់សេវាកម្មសុខភាព និងឧបករណ៍នៃការផ្ដល់សេវា។ តាមក្រុមបច្ចេកទេសដែលបានធ្វើការសម្ភាសន៍យើងឃើញថា សុទ្ធតែបានទទួលសេវាឯកជនពីអ្នកស្ម័គ្រចិត្តភូមិម្នាក់»។
លោក តែង គន្ធី បន្ថែមទៀតថា អាជ្ញាធរបានផ្ដល់ថ្នាំប្រឆាំងនឹងមេរោគអេដស៍ ដែលគេនិយមហៅថា ថ្នាំពន្យារជីវិត និងថ្នាំព្យាបាលផ្សេងទៀតដល់អ្នកជំងឺចំនួន ៨២នាក់។ អាជ្ញាធរក៏នឹងចាប់ផ្ដើមធ្វើយុទ្ធនាការអប់រំដល់អ្នកជំងឺទាំងនោះដើម្បីការពារកុំឲ្យចម្លងជំងឺទៅអ្នកដទៃបន្តទៀត។
លោកបញ្ជាក់ថា រហូតដល់ម៉ោងប្រមាណប្រាំកន្លះល្ងាចថ្ងៃអង្គារម្សិលមិញនេះ មានមនុស្សច្រើនជាង ៦០០នាក់ បានមកពិនិត្យឈាម។ លទ្ធផលបង្ហាញថា មានមនុស្ស ៩០នាក់មានជំងឺអេដស៍ ប៉ុន្តែក្នុងនោះមនុស្ស ៨នាក់ ក្រុមគ្រូពេទ្យជំនាញនឹងពិនិត្យផ្ទៀងផ្ទាត់លទ្ធផលម្ដងទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។