ក្រសួងសុខាភិបាល បានបង្ហាញពីឆន្ទៈចង់ប្រយុទ្ធប្រឆាំងជាមួយមេរោគអេច.អាយ.វី (HIV) ដើម្បីឱ្យអ្នកកើតជំងឺអេដស៍ថយចុះមកដល់កម្រិតសូន្យ នៅក្នុងឆ្នាំ២០២០ ខាងមុខ ប្រសិនបើគេអាចធ្វើទៅបាន។
ក្នុងយុទ្ធសាស្ត្រនៃការកាត់បន្ថយនេះ គឺក្រសួងសុខាភិបាលកំពុងប្រឹងប្រែងសហការជាមួយអង្គការជាតិ អន្តរជាតិ ជាដៃគូ រួមនិងប្រព័ន្ធផ្សព្វផ្សាយផង ដើម្បីអប់រំប្រជាពលរដ្ឋឱ្យយល់ដឹង ព្រមទាំងធ្វើតេស្ដឈាមតាមរកអេច.អាយ.វី និងទប់ស្កាត់តាំងពីស្ត្រីមានផ្ទៃពោះមិនឱ្យឆ្លងទៅទារកបានទេ។
សហរដ្ឋអាមេរិក បានបើកសម្ពោធគម្រោងគំរូមួយ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍នៅកម្ពុជា ដែលពិធីនោះបានប្រារព្ធឡើងនៅឯខេត្តសៀមរាប កាលពីព្រឹកថ្ងៃពុធ ទី១០ ខែមេសា។
គម្រោងប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ ដែលមានឈ្មោះថា ហ្វ្លេកស៊ីប (Flag ship) នឹងត្រូវចំណាយមូលនិធិ ៣០លានដុល្លារ គឺមានរយៈពេល ៥ឆ្នាំ ចាប់ពីខែវិច្ឆិកា ឆ្នាំ២០១២ រហូតទៅដល់ឆ្នាំ២០១៧ ខាងមុខ។
ការបង្កើតគម្រោងនេះឡើង ដោយមានអង្គការខាណា (Khana) និងអង្គការអេហ្វ.អេច.អាយ៣៦០ (FHI360) និងភី.អេស.អាយ (PSI) ជាអ្នកដើរតួចម្បងក្នុងការអនុវត្តវិធីសាស្ត្រ និងដំណោះស្រាយថ្មីៗ ដើម្បីប្រឆាំងនឹងមេរោគអេដស៍ ឱ្យមានប្រសិទ្ធភាព និងលទ្ធផលកាន់តែប្រសើរ។
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា លោក វីល្លៀម ថត (William Todd) បានចូលរួមជាអធិបតីនៅក្នុងពិធីបើកសម្ពោធនោះ។ លោកបានមានប្រសាសន៍ថា គម្រោងស្ដីពីការប្រឆាំងមេរោគអេដស៍ គឺជាផែនការគ្រាអាសន្នមួយ ដែលប្រធានាធិបតីអាមេរិក បានផ្ដោតការយកចិត្តទុកដាក់ចំពោះអ្នកដែលប្រឈមមុខខ្លាំងនឹងការឆ្លងមេរោគអេដស៍ ដែលត្រូវផ្ដល់សេវាការពារទៅលើការរីករាលដាល ហើយកែលំអការថែទាំសុខភាព និងព្យាបាលអ្នកជំងឺទាំងនោះ៖ «ខ្ញុំគិតថា កម្មវិធីនេះមានសារសំខាន់ណាស់ ពីព្រោះបច្ចុប្បន្ន រដ្ឋាភិបាលកម្ពុជា និងសហរដ្ឋអាមេរិក បានធ្វើការជាដៃគូជាមួយគ្នា បានកាត់បន្ថយអត្រាឆ្លងជំងឺអេដស៍នេះចំនួនជាងពាក់កណ្ដាលហើយ។ នៅឆ្នាំខាងមុខ គោលដៅរបស់យើងគឺកាត់បន្ថយមនុស្សជំនាន់ថ្មី មិនឱ្យឆ្លងមេរោគអេដស៍ទៀតទេ»។
ក្រសួងសុខាភិបាលកម្ពុជា បានឱ្យដឹងថា គេចង់ឱ្យអេច.អាយ.វី និងអត្រានៃអ្នកជំងឺអេដស៍ បានថយចុះដល់កម្រិតសូន្យនៅក្នុងឆ្នាំ២០២០ ប្រសិនបើរដ្ឋាភិបាលមានលទ្ធភាពអាចធ្វើទៅបាន។
រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង បានមានប្រសាសន៍ថា កាលពី ៤-៥ឆ្នាំមុន មានមនុស្សពេញវ័យចាប់ពីអាយុ ១៥ ទៅ ៤៩ឆ្នាំ ចំនួន ៣% បានផ្ទុកមេរោគអេច.អាយ.វី និងជាអ្នកជំងឺអេដស៍ ក៏ប៉ុន្តែ បច្ចុប្បន្នចំនួននេះបានថយចុះមកនៅត្រឹម ០,៧% ប៉ុណ្ណោះ។ អត្រានេះ គឺថយច្រើន ដោយសារតែរដ្ឋាភិបាលបានប្រឹងប្រែងជាមួយអង្គការជាតិ អន្តរជាតិ ធ្វើការប្រយុទ្ធប្រឆាំងរួមគ្នា៖ «មូលនិធិនេះនឹងអាចពង្រឹងបន្ថែមនូវយុទ្ធសាស្ត្រកាត់បន្ថយការរីករាលដាលនៃមេរោគអេដស៍របស់រាជរដ្ឋាភិបាល បានន័យថា យើងពន្លឿនការងាររបស់យើងឱ្យកាន់តែ ធ្វើឱ្យប្រទេសកម្ពុជា យើង រួចផុតអំពីការរងគ្រោះដោយសារមេរោគអេដស៍ និងជំងឺអេដស៍នេះ»។
អ្នកស្រី រ៉េបេកា ប្លេក (Rebecca Black) ជានាយិកាបេសកកម្មនៃទីភ្នាក់ងារសហរដ្ឋអាមេរិក ដើម្បីអភិវឌ្ឍន៍អន្តរជាតិ (USAID) ប្រចាំកម្ពុជា បានឱ្យដឹងថា ក្នុង១ឆ្នាំៗ សហរដ្ឋអាមេរិក បានផ្ដល់ជំនួយឱ្យកម្ពុជា ប្រហែល ៣០លានដុល្លារ។ ៤០% នៃជំនួយទាំងនោះ បានគ្របដណ្ដប់ទៅលើកម្មវិធីប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ ហើយ ៥០% ទៀត បានគ្របដណ្ដប់ទៅលើវិស័យសុខភាពសាធារណៈ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
