ប្រជាពលរដ្ឋ និងមន្ត្រីរាជការរស់នៅភូមិស្រែព្រីង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ត្អូញត្អែរពីបញ្ហាក្លិនកាវភាយចេញពីរោងសិប្បកម្មផលិតទូកស្មាច់ ឬបាឡាជ័រ បណ្ដាលឲ្យប៉ះពាល់ដល់សុខភាព។ ប៉ុន្តែម្ចាស់អាជីវកម្មបញ្ជាក់ថា ការផលិតទូកស្មាច់នេះមានលិខិតអនុញ្ញាតត្រឹមត្រូវ ចេញដោយមន្ទីរឧស្សាហកម្ម និងសិប្បកម្ម ហើយមានមន្ត្រីជំនាញចុះពិនិត្យការផលិតជាប្រចាំ។
ក្រុមគ្រូបង្រៀន និងពលរដ្ឋប្រមាណ ១០គ្រួសារ ក្នុងចំណោមអ្នកភូមិស្រែព្រីង ជាច្រើនគ្រួសារទៀត កំពុងប្រឈមនឹងបញ្ហាផ្លូវដង្ហើមធ្ងន់ធ្ងរ ដោយសារធាតុគីមី និងក្លិនកាវភាយចេញពីរោងសិប្បកម្មឋិតនៅក្បែរផ្ទះរបស់ពួកគាត់។ អ្នកភូមិអះអាងថា ក្រុមពលរដ្ឋធ្លាប់នាំគ្នាផ្ដិតមេដៃប្ដឹងអាជីវកម្មនេះម្ដងហើយកាលពីឆ្នាំ២០១៤ តែអាជ្ញាធរមិនសូវអើពើ ហើយអ្នកភូមិក៏ទ្រាំរស់នៅបែបនេះមកដល់សព្វថ្ងៃ។
កំពុងអង្គុយលើគ្រែក្នុងផ្ទះចម្ងាយប្រហែល ៣០ម៉ែត្រពីរោងសិប្បកម្មក្នុងទឹកមុខស្លេកស្លាំង គឺអ្នកស្រី ភា រ័ត្ន មានប្រសាសន៍នៅថ្ងៃទី១៨ ខែកក្កដា ថា រូបគាត់ទើបរលូតកូន ហើយក្លិនកាវភាយមកចំម្ដងៗធ្វើឲ្យលំបាកដកដង្ហើមស្ទើរដាច់ខ្យល់។ អ្នកស្រីក៏បារម្ភខ្លាំងដែរទាក់ទងនឹងបញ្ហាទាស់សរសៃខ្ចី ដោយក្លិនកាវភាយចេញពីរោងសិប្បកម្ម ប៉ុន្តែរាល់ថ្ងៃ អ្នកស្រីតែងតែផឹកស្រាបន្សាំខ្លួន៖ «បើនិយាយឲ្យដល់ទៅគ្រាន់ថា ថ្នាក់លើអីមិនដឹងគាត់គិតដូចម្ដេច ព្រោះអីប្រជាជននៅក្នុងភូមិយើងមានអ្នកសំណូមពរច្រើនដងច្រើនសា ប៉ុន្តែវិធានការចាត់ការអត់មាន»។
ចំណែក អ្នកស្រី អ៊ុក សុផល បញ្ជាក់ថា អ្នករស់នៅជិតខាងគាត់មិនអាចដោះស្រាយបញ្ហាអ្វីបានក្រៅពីសួរគ្នាទៅវិញទៅមក និងត្អូញត្អែរពីក្លិនកាវ។ អ្នកស្រីថា ក្លិនកាវបានភាយចំផ្ទះអ្នកភូមិជាច្រើនខ្នង ហើយក្លិននេះលំបាកទ្រាំសម្រាប់អ្នកមានជំងឺ ឬមនុស្សចាស់កម្លាំងខ្សោយ។ ចំពោះគ្រួសារអ្នកស្រី បានព្យាយាមបើកកង្ហារនៅក្នុងផ្ទះ ដើម្បីឲ្យក្លិនកាវដែលភាយចូលក្នុងផ្ទះនោះចេញទៅក្រៅវិញ៖ «និយាយរួមទៅផ្ទះគេនៅជុំវិញហ្នឹងគេមានផលប៉ះពាល់អ៊ីចឹង គេច្រើនមកសួរខ្ញុំថា អ្ហែង នៅត្រង់ហ្នឹងក្លិនកាវអត់? ខ្ញុំថាក្លិន ធុំក្លិនឡើងចង់ឈ្លក់។ លោក ជិន ជេដ្ឋា៖ បងមានសំណូមពរអីទេ? ខ្ញុំសំណូមពរឲ្យគេបញ្ឈប់ទៅ ព្រោះវាប៉ះពាល់សុខភាព»។
ទាក់ទងបញ្ហានេះ ស្ត្រីពីរនាក់ជាម្ចាស់អាជីវកម្ម ដែលបដិសេធមិនផ្ដល់បទសម្ភាសន៍ និងប្រាប់ឈ្មោះបង្ហើបថា សិប្បកម្មនេះបានកែសម្រួលដាក់កង្ហារបឺតខ្យល់ឡើងលើ និងបាំងប៉ាតង់ជុំវិញរោងជិតល្អ ដែលមិនសូវជះក្លិនចេញក្រៅឡើយ។ យ៉ាងណា ម្ចាស់អាជីវកម្មនេះរំលឹកថា កាលពីឆ្នាំទៅ មានម្ចាស់ផ្សេងដោយប្រើកម្លាំងកម្មករជាង ២០នាក់ ដើម្បីផលិតទូកជាច្រើនគ្រឿងក្នុង ១ថ្ងៃៗ ប៉ុន្តែបច្ចុប្បន្ន ក្រុមនេះបានចេញទៅធ្វើកន្លែងផ្សេង ហើយគាត់ជាម្ចាស់ក្រោយនេះ ផលិតទូកជាលក្ខណៈគ្រួសារក្នុង ១ថ្ងៃបានមួយ ឬពីរប៉ុណ្ណោះ ចំណែកការផលិតទៀតសោត ក៏ត្រឹមត្រូវទៅតាមការណែនាំរបស់មន្ត្រីជំនាញ។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្មខេត្តកំពង់ឆ្នាំង លោក ទិត្យ ណាន ដើម្បីសុំការអត្ថាធិប្បាយបន្ថែមជុំវិញបញ្ហានេះបានទេ នៅថ្ងៃទី១៨ ខែកក្កដា ប៉ុន្តែយោងតាមលិខិតបញ្ជាក់ចុះថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៤ ដោយប្រធានមន្ទីរ លោក ទិត្យ ណាន ម្ចាស់សិប្បកម្មឈ្មោះ ហោ ចាន់ឌី បានចុះបញ្ជីត្រឹមត្រូវក្រោមច្បាប់ស្ដីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្មរួចហើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
