គ្រូពេទ្យ​មណ្ឌល​សុខភាព​មួយ​នៅ​បន្ទាយមានជ័យ​រង​ការ​ចោទ​ថា​មិន​ប្រចាំ​ការ​ព្យាបាល

0:00 / 0:00

ប្រជាពលរដ្ឋ​មួយ​ចំនួន​រស់នៅ​ស្រុក​ភ្នំស្រុក ខេត្ត​បន្ទាយមានជ័យ ចោទ​ប្រកាន់​គ្រូពេទ្យ​នៅ​មណ្ឌល​សុខភាព​មួយ​នៃ​ស្រុក​នេះ ថា​មិន​យក​ចិត្ត​ទុក​ដាក់​នៅ​ប្រចាំ​ការ​ក្នុង​មណ្ឌល​សុខភាព មើល​ថែ​ប្រជាពលរដ្ឋ​នោះ​ទេ ដោយ​យក​ពេលវេលា​ទៅ​មើល​អ្នក​ជំងឺ​តាម​ភូមិ​យក​កម្រៃ​ផ្ទាល់​ខ្លួន​ទៅ​វិញ។

ទាក់ទង​នឹង​បញ្ហា​នេះ ប្រធាន​មណ្ឌល​សុខភាព​ទទួល​ស្គាល់​ថា គ្រូពេទ្យ​ពិត​ជា​មើល​ថែ​ប្រជាពលរដ្ឋ​មិន​បាន​ដិតដល់​ប្រាកដ​មែន ប៉ុន្តែ​បញ្ហា​នេះ ដោយសារ​មណ្ឌល​សុខភាព​មាន​គ្រូពេទ្យ​មិន​គ្រប់គ្រាន់។

ប្រជាពលរដ្ឋ​នៅ​ស្រុក​ភ្នំស្រុក មិន​ពេញ​ចិត្ត​ទៅ​នឹង​សកម្មភាព​របស់​ក្រុម​គ្រូពេទ្យ​មណ្ឌល​សុខភាព​នេះ ថា​ជា​កាយវិការ​មួយ​គិត​តែ​ពី​ផល​ប្រយោជន៍​របស់​ខ្លួន​ហួស​ហេតុ ដោយ​មិន​ខ្វល់​ពី​ទុក្ខ​លំបាក​ប្រជាពលរដ្ឋ​ក្រីក្រ​នោះ​ទេ។

ក្រុម​ប្រជាពលរដ្ឋ​រស់នៅ​ឃុំ​ស្ពានស្រែង ស្រុក​ភ្នំស្រុក ខេត្ត​បន្ទាយមានជ័យ អះអាង​នៅ​ថ្ងៃ​ទី​១៤ កក្កដា ថា គ្រូពេទ្យ​ប្រចាំ​នៅ​មណ្ឌល​សុខភាព​ស្ពាន​ស្រែង ស្រុក​ភ្នំស្រុក មិន​យក​ចិត្ត​ទុក​ដាក់​មើល​ថែ​អ្នក​ជំងឺ​ក្នុង​មណ្ឌល​សុខភាព ឲ្យ​បាន​ទៀង​ទាត់​នោះ​ទេ ដោយ​យក​ពេលវេលា​ក្នុង​ម៉ោង​ការងារ​រដ្ឋ ទៅ​ប្រកប​អាជីវកម្ម​មើល​ថែ​អ្នក​ជំងឺ​តាម​ផ្ទះ យក​កម្រៃ​ផ្ទាល់​ខ្លួន​ទៅ​វិញ។

អ្នក​ភូមិ​អំពាវនាវ​សុំ​ឲ្យ​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​បន្ទាយមានជ័យ និង​មន្ត្រី​ពាក់ព័ន្ធ ជំរុញ​ឲ្យ​គ្រូពេទ្យ​ប្រចាំ​ការ​ក្នុង​មណ្ឌល​សុខភាព​ស្ពាន​ស្រែង ២៤​ម៉ោង ដើម្បី​មើល​ថែ​សុខភាព​ប្រជាពលរដ្ឋ​នៅ​ទី​ជនបទ​ឲ្យ​បាន​ទៀង​ទាត់៖ «បើ​និយាយ​ទៅ គ្រូពេទ្យ​ទៅ​ព្យាបាល​អ្នក​ជំងឺ​នៅ​ខាង​ក្រៅ​ច្រើន​ជាង​ក្នុង​មណ្ឌល​សុខភាព។ ចំពោះ​ក្នុង​មណ្ឌល​សុខភាព​វិញ គ្រូពេទ្យ​ធ្វើ​ការ​តែ​ពេល​ព្រឹក​បន្តិចបន្តួច​ទេ»

ឆ្លើយ​តប​នឹង​បញ្ហា​នេះ ប្រធាន​មណ្ឌល​សុខភាព​ស្ពាន​ស្រែង លោក ឈើត ស្វិត ទទួល​ស្គាល់​ថា គ្រូពេទ្យ​ពិត​ជា​ពុំ​បាន​ប្រចាំ​ការ​ក្នុង​មណ្ឌល​សុខភាព មើល​ថែ​ប្រជាពលរដ្ឋ​ឲ្យ​បាន​ទៀង​ទាត់​ប្រាកដ​មែន ប៉ុន្តែ​លោក​អះអាង​ថា មូលហេតុ​ដែល​គ្រូពេទ្យ​ប្រចាំ​ការ​ក្នុង​មណ្ឌល​សុខភាព​មិន​បាន​ទៀង​ទាត់​នោះ ដោយសារ​មណ្ឌល​សុខភាព​ទើប​តែ​សាងសង់​ថ្មី ហើយ​ម្យ៉ាង​ទៀត​មាន​គ្រូពេទ្យ​រដ្ឋ​ចំនួន ៣​នាក់ ដែល​មិន​គ្រប់គ្រាន់​សម្រាប់​មើល​ថែ​ដល់​អ្នក​ជំងឺ​នោះ៖ «បាទ! បុគ្គលិក​តិច ហើយ​បើ​ពេល​ខ្លះ​គ្រូពេទ្យ​ណា​គាត់​ឡើង​ទៅ​រៀន​ទៅ វា​កាន់​តែ​លំបាក​ខ្លាំង។ បាទ! ចាប់​ពី​ថ្ងៃ​ទី​៣០ កក្កដា ទៅ ប្រហែល​ជា​ខាង​មន្ទីរ​សុខាភិបាល បញ្ជូន​គ្រូពេទ្យ​មក​បន្ថែម​ក្នុង​មណ្ឌល​សុខភាព​គ្រប់​ចំនួន​ហើយ»

ទោះ​យ៉ាង​នេះ​ក្ដី មន្ត្រី​សម្រប​សម្រួល​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) ខេត្ត​បន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា មាន​ប្រសាសន៍​ថា គ្រូពេទ្យ​ប្រចាំ​ការ​ក្នុង​មណ្ឌល​សុខភាព​ជា​រឿង​សំខាន់​ណាស់​ដល់​ប្រជាពលរដ្ឋ ដែល​មាន​ជីវភាព​ក្រីក្រ​នៅ​តាម​ទី​ជនបទ ដើម្បី​ព្យាបាល​ដល់​អ្នក​ជំងឺ​នោះ ប៉ុន្តែ​លោក​អះអាង​ថា នៅ​តាម​មណ្ឌល​សុខភាព​ដាច់​ស្រយាល​ជាច្រើន​នៅ​ខេត្ត​បន្ទាយមានជ័យ គ្រូពេទ្យ​មិន​បាន​ប្រចាំ​ការ​ដិតដល់​ថែ​ទាំ​អ្នក​ជំងឺ​នោះ​ទេ គឺ​ច្រើន​យក​ឱកាស​ទៅ​ព្យាបាល​អ្នក​ជំងឺ​រក​ប្រាក់​កម្រៃ​នៅ​ខាង​ក្រៅ​វិញ៖ «ប្រសិន​បើ​បញ្ហា​នេះ​នៅ​តែ​កើត​មាន​បន្ត​ទៀត ប្រជាពលរដ្ឋ​ក្រីក្រ​នឹង​ជួប​ការ​លំបាក​កាន់​តែ​ខ្លាំង​ឡើង ពីព្រោះ​ពួក​គាត់​ត្រូវ​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ឯកជន​ដែល​មាន​តម្លៃ​សេវា​ខ្ពស់»

មណ្ឌល​សុខភាព​ស្ពាន​ស្រែង បើក​ដំណើរ​ការ​ប្រមាណ ៣​ខែ​មក​ហើយ មាន​គ្រូពេទ្យ​ទាំងអស់ ៤​នាក់ ដែល​គ្រប​ដណ្ដប់​ភូមិ​ចំនួន​៦ នៃ​ឃុំ​ស្ពានស្រែង ស្រុក​ភ្នំស្រុក ខេត្ត​បន្ទាយមានជ័យ និង​មាន​ប្រជាពលរដ្ឋ​ប្រមាណ​ជាង ៤.៣០០​នាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។