ប្រជាពលរដ្ឋជាច្រើនគ្រួសាររស់នៅតាមបណ្ដោយផ្លូវក្រួសក្រហមក្នុងឃុំខ្វាវ ស្រុកជីក្រែង កំពុងទទួលរងការប៉ះពាល់សុខភាព ព្រមទាំងសុវត្ថិភាពនៃការធ្វើដំណើរផង ដោយសារតែជារៀងរាល់ថ្ងៃ ធូលីដីដែលក្រាលលើផ្លូវមានសភាពហុយខ្លាំង។
វិបត្តិនេះ បានកើតមានឡើងតាំងតែពីឆ្នាំមុនរហូតមកដល់ពេលនេះ ចាប់តាំងពីមានក្រុមហ៊ុនចិន ប្រើរថយន្តធំៗបើកបរចូលទៅដឹកជញ្ជូនថ្មភ្នំចេញពីក្បែរតំបន់ដែលពួកគេរស់នៅ។
ប្រជាពលរដ្ឋជាច្រើនភូមិក្នុងឃុំខ្វាវ ចម្ងាយជាង ១០០គីឡូម៉ែត្រ ភាគឦសានពីទីរួមខេត្តសៀមរាប អំពាវនាវឲ្យមន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធ ជួយធ្វើអន្តរាគមន៍ទៅលើក្រុមហ៊ុនចិន ដែលកំពុងប្រើរថយន្តធំៗជាច្រើនគ្រឿង បើកបរដឹកថ្មជារៀងរាល់ថ្ងៃ ដោយធ្វើយ៉ាងណាកុំឲ្យដីហុយខ្លាំងតទៅទៀត។ បើពុំនោះទេ ពួកគេនឹងធ្វើការតវ៉ាបិទផ្លូវនេះនៅពេលណាមួយ។
ក្រុមអ្នកភូមិឲ្យដឹងថា ជារៀងរាល់ថ្ងៃ ក្រុមហ៊ុនចិន ដែលគេមិនស្គាល់ឈ្មោះ កំពុងប្រើរថយន្តធំដឹកជញ្ជូនថ្មចេញពីតំបន់ពួកគេរស់នៅ ទៅកាន់តំបន់ផ្សេងទៀត ធ្វើឲ្យផ្លូវលំក្រាលក្រួសក្រហមមួយខ្សែហុយដីខ្លាំង។
បុរសអ្នកភូមិខ្វាវ ម្នាក់ក្នុងចំណោមប្រជាពលរដ្ឋនៅតាមភូមិជាច្រើនទៀតនៃឃុំខ្វាវ គឺលោក ឡុង យាន។ លោកអះអាងកាលពីព្រឹកថ្ងៃអង្គារ ទី១ ខែធ្នូ ថា ក្រុមហ៊ុនចិន ដែលប្រើរថយន្តធំៗដឹកថ្ម បានធ្វើឲ្យដីហុយ រំខានដល់ការរស់នៅរបស់លោក និងអ្នកភូមិជាថ្មីទៀត។ បុរសដដែលឲ្យដឹងថា រូបលោក និងប្រជាពលរដ្ឋ កំពុងទទួលរងការប៉ះពាល់ការរស់នៅ និងសុខភាពយ៉ាងខ្លាំងពីដីហុយនេះ៖ «អូ! លោកច្រើនណាស់ឡាន ៧-៨ ទៅ ១០គ្រឿង រត់វាស់ៗល្ងាចពីម៉ោង ៧ព្រឹករហូតដល់ម៉ោង ៥ល្ងាច។ រំខានណាស់តាំងពីការដកដង្ហើម ការហូបចុក តាំងពីការធ្វើដំណើរទៅមក»។
អ្នកភូមិឲ្យដឹងថា ប្រជាពលរដ្ឋច្រើនរយគ្រួសារដែលរស់នៅតាមភូមិបណ្ដោយផ្លូវលំក្រាលក្រួសក្រហមនេះ ចម្ងាយប្រហែល ៣០គីឡូម៉ែត្រ គឺសុទ្ធតែបានទទួលរងការប៉ះពាល់ដោយសារដីហុយជារៀងរាល់ថ្ងៃ។
កាលពីខែធ្នូ ឆ្នាំ២០១៤ កន្លងទៅ ក្រុមប្រជាពលរដ្ឋជាច្រើនភូមិនៅតាមបណ្ដោយផ្លូវលំក្រាលក្រួសក្រហមនោះ ធ្លាប់លើកគ្នាតវ៉ាបិទផ្លូវមិនឲ្យក្រុមហ៊ុនចិន ឈ្មោះ សៀងហៃ អាចបើករថយន្តធំៗឆ្លងកាត់ម្ដងមកហើយ ដោយសារតែធ្វើឲ្យដីហុយខ្លាំងនេះ ក៏ប៉ុន្តែបញ្ហាបានដោះស្រាយទៅវិញ បន្ទាប់ពីក្រុមហ៊ុនចិន ឈ្មោះ សៀងហៃ យកទឹកទៅស្រោចផ្លូវក្នុងមួយថ្ងៃ ៣ដង កុំឲ្យដីហុយ។ លុះក្រុមហ៊ុនចិន សៀងហៃ បានចេញទៅ ហើយប្ដូរក្រុមហ៊ុនចិនផ្សេងមកធ្វើការនៅកន្លែងនេះ ក៏បានបង្កឲ្យមានបញ្ហាដីហុយជាថ្មីទៀត។
ជំទប់ទី២ ឃុំខ្វាវ លោក វ៉ាត ណន ទទួលស្គាល់ថា រយៈពេល ៤-៥ថ្ងៃមកនេះ ឡានរបស់ក្រុមហ៊ុនចិនធំៗ បានបើកដឹកថ្មធ្វើឲ្យដីហុយខ្លាំង មិនត្រឹមតែធ្វើឲ្យប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋប៉ុណ្ណោះទេ វាថែមទាំងធ្វើឲ្យកុមារជាច្រើនមិនទៅសាលារៀនទៀតផង។ ទោះយ៉ាងណា ជំទប់ទី២ ឃុំខ្វាវ បញ្ជាក់ថា លោកមិនមានសមត្ថភាពដើម្បីបញ្ឈប់បញ្ហាធ្វើឲ្យដីហុយនេះបានទេ។
គ្រូពេទ្យរបស់អង្គការសិទ្ធិមនុស្សលីកាដូ (LICADHO) លោក ញាណ សារិន សម្ដែងការព្រួយបារម្ភអំពីសុខភាពប្រជាពលរដ្ឋ ដែលកំពុងប៉ះពាល់ដោយសារដីហុយនេះ។ លោក ញាណ សារិន ពន្យល់ថា ឥទ្ធិពលនៃដីហុយ អាចធ្វើឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋជាច្រើនផ្នែក ដូចជា រលាកបំពង់ក ច្រមុះ ប៉ះពាល់ដល់ប្រព័ន្ធផ្លូវដង្ហើម ព្រមទាំងភ្នែកផង៖ «ឲ្យតែប្រព័ន្ធដកដង្ហើមប៉ះពាល់ទាំងអស់ ធ្វើឲ្យកើតហឺត ជំងឺសួត។ ទី៣ ខូចក្រពះ និងចុងក្រោយ អាចធ្វើឲ្យកើតជំងឺមហារីកក៏មាន»។
ក្រៅពីដីហុយខ្លាំងបណ្ដាលឲ្យប៉ះពាល់ដល់សុខភាពជាច្រើនផ្នែកនេះ អ្នកភូមិក៏សម្ដែងក្ដីព្រួយបារម្ភទៅលើសុវត្ថិភាពនៅពេលធ្វើដំណើរដែរ។ អ្នកភូមិអះអាងថា កាលពីខែមុន អ្នកភូមិម្នាក់ត្រូវឡានកិនស្លាប់ នៅពេលកំពុងបើកម៉ូតូលើដងផ្លូវ ហើយដីហុយខ្លាំងមើលគ្នាមិនឃើញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
