អ្នកផ្ទុកមេរោគអេដស៍នៅឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង ប្រមាណ ២០០នាក់ នៅព្រឹកថ្ងៃទី៩ ធ្នូ ចូលរួមក្នុងវេទិកាសាធារណៈមួយ ដែលរៀបចំឡើងដោយអង្គការបណ្ដាញអ្នករស់នៅជាមួយមេរោគអេដស៍ប្រចាំប្រទេសកម្ពុជា។
វេទិកានេះ ក្នុងគោលបំណងដើម្បីឲ្យប្រជាពលរដ្ឋដែលផ្ទុកមេរោគអេដស៍ មានឱកាសបានបញ្ចេញយោបល់ពីទុក្ខលំបាករបស់ខ្លួនទៅកាន់អាជ្ញាធរពាក់ព័ន្ធក្នុងមូលដ្ឋាន ជាពិសេសអ្នកទទួលបន្ទុកផ្នែកសុខាភិបាល និងអង្គការសង្គមស៊ីវិល ជាដើម។
ប្រជាពលរដ្ឋផ្ទុកមេរោគអេដស៍ភាគច្រើន ព្រួយបារម្ភពីការខ្វះខាតថ្នាំលេបពន្យារជីវិតរបស់ពួកគាត់ទៅថ្ងៃខាងមុខ។
អ្នកផ្ទុកមេរោគអេដស៍ម្នាក់ថ្លែងថា ចាប់តាំងពីពួកគាត់ផ្ទុកមេរោគអេដស៍មក ពួកគាត់ពុំមានកម្លាំងកំហែងធ្វើការងារប្រចាំថ្ងៃទៀងទាត់ គឺជាទុក្ខលំបាកមួយទៅហើយ ប៉ុន្តែអ្វីដែលប្រជាពលរដ្ឋព្រួយបារម្ភនោះ គឺខ្លាចក្រសួងសុខាភិបាល ពុំមានថ្នាំពន្យារជីវិតផ្ដល់ឲ្យពួកគាត់លេបគ្រប់គ្រាន់ទៅថ្ងៃអនាគត៖ «បើដាច់ថ្នាំពន្យារជីវិតទៅ វាដូចសម្លាប់ពួកយើងខ្ញុំទាំងក្រុមតែម្ដង ព្រោះអីពួកខ្ញុំសព្វថ្ងៃនេះ ដូចរស់នៅក្នុងចម្ការមីនអ៊ីចឹង ហើយមិនដឹងផ្ទុះស្លាប់នៅពេលណានោះទេ»។

ឆ្លើយតបភ្លាមៗនៅក្នុងវេទិកានោះ អនុប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបង អ្នកស្រី អ៊ូ វណ្ណដា មានប្រសាសន៍ថា ក្រសួងសុខាភិបាល នឹងផ្ដល់ថ្នាំពន្យារជីវិតដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋលេបអស់មួយជីវិត។ អ្នកស្រីបន្តថា អ្នកផ្ទុកមេរោគអេដស៍ទាំងអស់ ត្រូវលេបថ្នាំពន្យារជីវិតនេះឲ្យបានទៀងទាត់តាមការណែនាំរបស់គ្រូពេទ្យ ដើម្បីធ្វើឲ្យសុខភាពរឹងមាំអាចធ្វើការងារបានដូចមនុស្សធម្មតា៖ «អ៊ីចឹងទេសូមឲ្យបងប្អូនទាំងអស់គ្នាកុំអស់សង្ឃឹមអី ហើយក៏បារម្ភ គឺក្រសួងសុខាភិបាល បានយកចិត្តទុកដាក់ចំពោះសុខភាពរបស់បងប្អូនជានិច្ច»។
យ៉ាងណា មន្ត្រីសម្របសម្រួលនៃបណ្ដាញអ្នករស់នៅជាមួយមេរោគអេដស៍ប្រចាំប្រទេសកម្ពុជា លោក ស៊ន សុធារិទ្ធ មានប្រសាសន៍ថា អ្នកផ្ទុកមេរោគអេដស៍នៅឃុំរកា ជិត ១០ភាគរយ ឬប្រមាណជា ២៥នាក់ បានបោះបង់ការលេបថ្នាំពន្យារអាយុជីវិត និងលេបថ្នាំមិនបានទៀងទាត់នោះទេ ដោយសារក្រោយពីពេលលេបថ្នាំនោះហើយ ថ្នាំធ្វើទុក្ខពិបាកក្នុងខ្លួន។ លោកអះអាងថា ប្រជាពលរដ្ឋដែលធ្វើតេស្ដឈាមនៅមណ្ឌលសុខភាពឃុំរកា ហើយឆ្លងមេរោគអេដស៍ថ្មី នៅតែកើតមានជារៀងរាល់ខែនៅឡើយ។ លោកព្រួយបារម្ភខ្លាចអ្នកផ្ទុកមេរោគអេដស៍ទាំងនោះ លេបថ្នាំមិនទៀងទាត់ ធ្វើឲ្យប៉ះពាល់ដល់សុខភាពរបស់ពួកគាត់ទៅថ្ងៃអនាគត៖ «យើងព្រួយបារម្ភមិនដឹងថា មានប្រជាពលរដ្ឋប៉ុន្មាននាក់ដែលធ្វើតេស្តឈាមឃើញមេរោគអេដស៍។ បញ្ហានេះ ប្រជាពលរដ្ឋនៅឃុំរកា ត្រូវតែទៅធ្វើតេស្ដឈាមរកមេរោគអេដស៍ឲ្យគ្រប់គ្នា»។
ទាក់ទងនឹងការធ្វើឲ្យឆ្លងមេរោគអេដស៍ដល់អ្នកភូមិនៅឃុំរកា នេះ កាលពីថ្ងៃទី៣ ធ្នូ តុលាការខេត្តបាត់ដំបង បានផ្ដន្ទាទោសគ្រូពេទ្យ យ៉ែម ជ្រិន ដាក់ពន្ធនាគារចំនួន ២៥ឆ្នាំ ក្រោមបទចោទប្រកាន់ថា ចាក់ថ្នាំធ្វើឲ្យឆ្លងមេរោគអេដស៍ដល់ប្រជាពលរដ្ឋនៅឃុំរកា ស្រុកសង្កែ ដោយចេតនា និងបើកកន្លែងព្យាបាលអ្នកជំងឺដោយពុំមានច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាល។
រហូតមកទល់ពេលនេះ អ្នកផ្ទុកមេរោគអេដស៍នៅឃុំរកា បានកើនឡើងដល់ចំនួន ២៩២នាក់ហើយ ក្នុងនោះមានអ្នកស្លាប់ចំនួន ១១នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
