កម្មករនៅរោងចក្រកាត់ដេរឈ្មោះ លូស៊ីដា កម្ពុជា (Lucida Cambodia Enterprise Co., Ltd.) ៩នាក់ ដួលសន្លប់នៅថ្ងៃទី១៦ សីហា។ ក្នុងរយៈពេលពីរថ្ងៃ រោងចក្រ លូស៊ីដា ដែលស្ថិតនៅភូមិព្រៃព្រីងត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានកម្មករសន្លប់ប្រមាណ ៣០នាក់។
ទាំងអាជ្ញាធរមូលដ្ឋាន និងមន្ត្រីសហជីពកម្មករ ឲ្យដឹងថា មូលហេតុដែលបណ្ដាលឲ្យកម្មករទាំងនេះសន្លប់ គឺមកពីសុខភាពខ្សោយ។
មន្ត្រីនគរបាលប៉ុស្តិ៍សង្កាត់ចោមចៅ ដែលមិនបង្ហាញឈ្មោះ បញ្ជាក់ថា មិនមានហេតុការណ៍ឆេះ ឬគីមីដែលនាំឲ្យកម្មករសន្លប់ទេ៖ «សន្លប់តែ ៩នាក់ទេ តែអត់មានធ្ងន់ធ្ងរអីផង។ គាត់រាងខ្សោយ។ គាត់ទៅផ្ទះអស់ហើយ អត់មានពុលអីទេ។ តាមពិត កម្មករគាត់ខ្សោយទន់មួយ ទន់ដែរអ៊ីចឹងទៅ អត់មានអីទេ »។
ទាក់ទងបញ្ហានេះ ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ លោក ប៉ាវ ស៊ីណា មានប្រសាសន៍ថា ការសន្លប់បែបនេះ ករណីភាគច្រើនមកពីរន្ធត់ស្មារតីតគ្នាក្រោយពេលឃើញកម្មករណាម្នាក់សន្លប់៖ « មើលទៅលក្ខណៈកម្មករគាត់ខ្សោយគាត់សន្លប់ ហើយផ្សេងទៀតឃើញតគ្នា។ នេះជា ទម្លាប់ដែល កើតឡើងកន្លងមក។ វាខ្សោយ ព្រោះកម្មករម្នាក់ហ្នឹងគាត់មានបញ្ហាសុខភាព ដល់ពេលគាត់ខ្សោយទៅ ហើយឃើញមួយ ក៏ទន់ដៃទន់ជើងតគ្នា ដូចករណីភាគច្រើនកើតឡើងដូចគ្នាអ៊ីចឹងដែរ » ។
គណនេយ្យករនៃមន្ទីរសម្រាកព្យាបាល និងសម្ភពមូលមិត្ត អ្នកនាង បាន គន្ធី ដែលទទួលកម្មករសន្លប់មកព្យាបាលទាំងនេះ ឲ្យដឹងថា មានកត្តាមូលហេតុគួបផ្សំផ្សេងៗដែលនាំឲ្យសន្លប់ រាប់ទាំងការសម្រាកមិនគ្រប់គ្រាន់ផង៖ « អស់ហើយ ! ប្រាំបីនាក់ចេញទៅអស់ហើយ។ ជួនកាលគាត់ ស្លុតតាម គ្នាក៏មានដែរ ហើយខ្លះ ទៀតគាត់ ខ្សោយដោយសារកត្តាញ៉ាំរបស់គាត់អីផង គឺគួបផ្សំគ្នា។ យើងមិនអាចថា គាត់ខ្វះនេះខ្វះនោះទាំងអស់ទេ។ អ្នកខ្លះគាត់ញ៉ាំហើយ គាត់យកពេលវេលាគាត់ អត់ព្រម គេងឲ្យបាន ច្រើនក៏ មានដែរ។ ជួនកាលគាត់គេងបានតិច ហើយទៅធ្វើការក៏ធ្វើឲ្យគាត់សន្លប់ដែរ អាហ្នឹង » ។
កម្មករខ្លះឲ្យដឹងថា ការដួលសន្លប់នៅរោងចក្រ លូស៊ីដា បានចាប់ផ្ដើមខ្លះៗតាំងពីថ្ងៃសៅរ៍ ទី១២ សីហា ប៉ុន្តែនគរបាលប៉ុស្តិ៍ចោមចៅ ឲ្យដឹងថា កម្មករសន្លប់មានចំនួនជាង ២០នាក់ នៅពីថ្ងៃទី១៥ សីហា។
អាស៊ីសេរី មិនអាចទាក់ទងមន្ត្រីរដ្ឋបាលរោងចក្រនេះ ដើម្បីបញ្ជាក់បានទេនៅល្ងាចថ្ងៃទី១៦ សីហា។
កាលពីថ្ងៃទី៧ សីហា មានកម្មករកម្មការិនីចំនួនជិត ៦០នាក់នៅរោងចក្រ ញ៉ូវ អរេន ខេមបូឌា ហ្គាមិន (New Orient)បានដួលសន្លប់ ហើយបញ្ជូនទៅមន្ទីរសម្រាកព្យាបាល និងសម្ភពមូលមិត្ត ដូចគ្នា។ គ្រូពេទ្យបង្ហាញលទ្ធផលថា កម្មការិនីដែលដួលសន្លប់ទាំងនោះ គឺដោយសារមូលហេតុខ្វះជាតិស្ករក្នុងឈាម សម្រាកមិនគ្រប់គ្រាន់ និងភ័យស្លុតតៗគ្នា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
