កម្មករ​៩​នាក់​ដួល​សន្លប់​នៅ​រោងចក្រ​កាត់ដេរ​លូស៊ីដា​ក្នុង​សង្កាត់​ចោមចៅ

0:00 / 0:00

កម្មករ​នៅ​រោងចក្រ​កាត់ដេរ​ឈ្មោះ លូស៊ីដា កម្ពុជា (Lucida Cambodia Enterprise Co., Ltd.) ៩​នាក់ ដួល​សន្លប់​នៅ​ថ្ងៃ​ទី​១៦ សីហា។ ក្នុង​រយៈពេល​ពីរ​ថ្ងៃ រោងចក្រ លូស៊ីដា ដែល​ស្ថិត​នៅ​ភូមិ​ព្រៃព្រីងត្បូង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ មាន​កម្មករ​សន្លប់​ប្រមាណ ៣០​នាក់។

ទាំង​អាជ្ញាធរ​មូលដ្ឋាន និង​មន្ត្រី​សហជីព​កម្មករ ឲ្យ​ដឹង​ថា មូលហេតុ​ដែល​បណ្ដាល​ឲ្យ​កម្មករ​ទាំងនេះ​សន្លប់ គឺ​មក​ពី​សុខភាព​ខ្សោយ។

មន្ត្រី​នគរបាល​ប៉ុស្តិ៍​សង្កាត់​ចោមចៅ ដែល​មិន​បង្ហាញ​ឈ្មោះ បញ្ជាក់​ថា មិន​មាន​ហេតុការណ៍​ឆេះ ឬ​គីមី​ដែល​នាំ​ឲ្យ​កម្មករ​សន្លប់​ទេ៖ «សន្លប់​តែ ៩​នាក់​ទេ តែ​អត់​មាន​ធ្ងន់ធ្ងរ​អី​ផង។ គាត់​រាង​ខ្សោយ។ គាត់​ទៅ​ផ្ទះ​អស់​ហើយ អត់​មាន​ពុល​អី​ទេ។ តាម​ពិត កម្មករ​គាត់​ខ្សោយ​ទន់​មួយ ទន់​ដែរ​អ៊ីចឹង​ទៅ អត់​មាន​អី​ទេ »

ទាក់ទង​បញ្ហា​នេះ ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ លោក ប៉ាវ ស៊ីណា មាន​ប្រសាសន៍​ថា ការ​សន្លប់​បែប​នេះ ករណី​ភាគច្រើន​មក​ពី​រន្ធត់​ស្មារតី​ត​គ្នា​ក្រោយ​ពេល​ឃើញ​កម្មករ​ណា​ម្នាក់​សន្លប់៖ « មើល​ទៅ​លក្ខណៈ​កម្មករ​គាត់​ខ្សោយ​គាត់​សន្លប់ ហើយ​ផ្សេង​ទៀត​ឃើញ​ត​គ្នា។ នេះ​ជា​ ទម្លាប់​ដែល​ កើត​ឡើង​កន្លង​មក។ វា​ខ្សោយ ព្រោះ​កម្មករ​ម្នាក់​ហ្នឹង​គាត់​មាន​បញ្ហា​សុខភាព ដល់​ពេល​គាត់​ខ្សោយ​ទៅ ហើយ​ឃើញ​មួយ ក៏​ទន់​ដៃ​ទន់​ជើង​ត​គ្នា ដូច​ករណី​ភាគច្រើន​កើត​ឡើង​ដូច​គ្នា​អ៊ីចឹង​ដែរ »

គណនេយ្យករ​នៃ​មន្ទីរ​សម្រាក​ព្យាបាល និង​សម្ភព​មូលមិត្ត អ្នកនាង បាន គន្ធី ដែល​ទទួល​កម្មករ​សន្លប់​មក​ព្យាបាល​ទាំងនេះ ឲ្យ​ដឹង​ថា មាន​កត្តា​មូលហេតុ​គួប​ផ្សំ​ផ្សេងៗ​ដែល​នាំ​ឲ្យ​សន្លប់ រាប់​ទាំង​ការ​សម្រាក​មិន​គ្រប់គ្រាន់​ផង៖ « អស់​ហើយ ! ប្រាំបី​នាក់​ចេញ​ទៅ​អស់​ហើយ។ ជួនកាល​គាត់​ ស្លុត​តាម ​គ្នា​ក៏​មាន​ដែរ ហើយ​ខ្លះ​ ទៀត​គាត់ ​ខ្សោយ​ដោយសារ​កត្តា​ញ៉ាំ​របស់​គាត់​អី​ផង គឺ​គួប​ផ្សំ​គ្នា។ យើង​មិន​អាច​ថា គាត់​ខ្វះ​នេះ​ខ្វះ​នោះ​ទាំងអស់​ទេ។ អ្នក​ខ្លះ​គាត់​ញ៉ាំ​ហើយ គាត់​យក​ពេលវេលា​គាត់ អត់​ព្រម ​គេង​ឲ្យ​បាន​ ច្រើន​ក៏ ​មាន​ដែរ។ ជួនកាល​គាត់​គេង​បាន​តិច ហើយ​ទៅ​ធ្វើ​ការ​ក៏​ធ្វើ​ឲ្យ​គាត់​សន្លប់​ដែរ អា​ហ្នឹង »

កម្មករ​ខ្លះ​ឲ្យ​ដឹង​ថា ការ​ដួល​សន្លប់​នៅ​រោងចក្រ លូស៊ីដា បាន​ចាប់​ផ្ដើម​ខ្លះៗ​តាំង​ពី​ថ្ងៃ​សៅរ៍ ទី​១២ សីហា ប៉ុន្តែ​នគរបាល​ប៉ុស្តិ៍​ចោមចៅ ឲ្យ​ដឹង​ថា កម្មករ​សន្លប់​មាន​ចំនួន​ជាង ២០​នាក់ នៅ​ពី​ថ្ងៃ​ទី​១៥ សីហា។

អាស៊ីសេរី មិន​អាច​ទាក់ទង​មន្ត្រី​រដ្ឋបាល​រោងចក្រ​នេះ ដើម្បី​បញ្ជាក់​បាន​ទេ​នៅ​ល្ងាច​ថ្ងៃ​ទី​១៦ សីហា។

កាល​ពី​ថ្ងៃ​ទី​៧ សីហា មាន​កម្មករ​កម្មការិនី​ចំនួន​ជិត ៦០​នាក់​នៅ​រោងចក្រ ញ៉ូវ អរេន ខេមបូឌា ហ្គាមិន (New Orient)បាន​ដួល​សន្លប់ ហើយ​បញ្ជូន​ទៅ​មន្ទីរ​សម្រាក​ព្យាបាល និង​សម្ភព​មូលមិត្ត ដូច​គ្នា។ គ្រូពេទ្យ​បង្ហាញ​លទ្ធផល​ថា កម្មការិនី​ដែល​ដួល​សន្លប់​ទាំងនោះ គឺ​ដោយសារ​មូលហេតុ​ខ្វះ​ជាតិ​ស្ករ​ក្នុង​ឈាម សម្រាក​មិន​គ្រប់គ្រាន់ និង​ភ័យ​ស្លុត​តៗ​គ្នា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។