គម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា នៃអង្គការអន្តរជាតិខាងការងារ ហៅកាត់ថា អាយឡូ (ILO) បង្ហាញលទ្ធផលបឋមនៃការសិក្សាថ្មីមួយរបស់ខ្លួន ដែលរកឃើញថា កម្មករជាង ៤០% នៃអ្នកដែលចូលរួមក្នុងគម្រោងទទួលផលប៉ះពាល់ ដោយសារបញ្ហាខ្វះគ្រាប់ឈាមក្រហម និងជាង ១៥% មានទម្ងន់តិច ដែលមិនសមាមាត្រនឹងរូបរាងកាយ។
បញ្ហាខ្វះគ្រាប់ឈាមក្រហមនេះ បណ្ដាលអោយកម្មករគ្មានកម្លាំងបំពេញការងារបានខ្លាំង ហើយលទ្ធភាពក្នុងការផលិតរបស់កម្មករមានកម្រិតទាប។
លទ្ធផលបឋមនៃការសិក្សារបស់អង្គការ អាយឡូ បញ្ជាក់ថា ស្របពេលដែលរកឃើញថា មានបញ្ហាខ្វះគ្រាប់ឈាមនេះ ក្នុងចំណោមក្រុមកម្មកររោងចក្រកាត់ដេរ ក៏កំពុងជួបបញ្ហាអាហារដែលពុំមានសុវត្ថិភាពដែរ។
នៅក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ អាយឡូ ចេញផ្សាយកាលពីថ្ងៃទី២៩ ខែកញ្ញា អោយដឹងថា ការសិក្សាថ្មីនេះ អង្គការបានសហការជាមួយទីភ្នាក់ងារអភិវឌ្ឍន៍របស់ប្រទេសបារាំង (AFD) ព្រមទាំងអង្គការស្រាវជ្រាវ និងផ្ដល់ប្រឹក្សា ឈ្មោះ អិលធីឌី (LTD)។ លទ្ធផលនេះ បង្ហាញបន្ទាប់ពីបានបញ្ចប់ការសិក្សាជាមួយកម្មករជិត ៤ពាន់នាក់ (៣.៨៩០នាក់)។ គម្រោងនេះ នឹងសិក្សាធ្វើនៅក្នុងរោងចក្រចំនួន១០ ដែលមានកម្មករបម្រើការងារជាង ១៣.៣០០នាក់ ជាការស្ទាបស្ទង់ពីផលប៉ះពាល់លើរបបចំណីអាហារ ផលិតផល និងសុខភាព។
លទ្ធផលបឋមរកឃើញថា កម្មករនិយោជិតចំនួន ៤៣,២% ដែលចូលរួមក្នុងការសិក្សា មានបញ្ហាខ្វះគ្រាប់ឈាមក្រហម និងចំនួន ១៥,៧% មានទម្ងន់តិច បើប្រៀបធៀបនឹងស្តង់ដារគណនារបស់អាស៊ាន (BMI)។ ក្នុងនោះ កម្មករនិយោជិតបានចំណាយប្រាក់ចំនួន ៩ដុល្លារក្នុងមួយសប្ដាហ៍ ឬស្មើនឹង ១,៣ដុល្លារ ដែលប្រហែលនឹងជាង ៥.០០០រៀលក្នុងមួយថ្ងៃ ទៅលើចំណីអាហារប្រចាំថ្ងៃ។
ស្របគ្នានេះ មានកម្មករប្រមាណ ២ភាគ៣ ពុំទទួលបានអាហារដែលមានសុវត្ថិភាព និងមួយចំនួនទៀត ប្រឈមនឹងអាហារដែលពុំមានសុវត្ថិភាពធ្ងន់ធ្ងរ។
ប្រធានគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា នៃអង្គការអាយឡូ អ្នកស្រី ជាល តាក់កឺ (Jill Tucker) បញ្ជាក់ក្នុងសេចក្ដីប្រកាសព័ត៌មាននោះ ដែលត្រូវប្រែសម្រួលដូច្នេះថា៖ «ខ្វះឈាមក្រហម និងចំណីអាហារដែលពុំមានសុវត្ថិភាព អាចនាំអោយមានបញ្ហាសុខភាពដ៏រ៉ាំរ៉ៃ ដែលពិបាកនឹងផ្ដោតលើការបំពេញការងារ ដែលនឹងផ្ដល់ផលិតផលទាប។ ការដោះស្រាយបញ្ហាខ្វះគ្រាប់ឈាមក្រហមនេះ នឹងមានភាពស្មុគស្មាញ ប៉ុន្តែវាជាគន្លឹះសំខាន់សម្រាប់ការពង្រីកផលិតផល និងលទ្ធផលជំនួញក្នុងវិស័យកាត់ដេរ។ ដំណាក់កាលនៃកាលបន្តបន្ទាប់នៃការស្រាវជ្រាវ នឹងជួយពន្យល់ពីកិច្ចអន្តរាគមន៍ទាំងឡាយណា ដែលមានប្រសិទ្ធភាពបំផុតក្នុងការពង្រឹងសុខភាព និងផលិតផលរបស់កម្មករ។ ប៉ុន្តែខាងរោងចក្រ អាចវាស់វែង ដើម្បីកាត់បន្ថយការខ្វះគ្រាប់ឈាមក្រហមឥឡូវនេះ»។
ឆ្លើយតបនឹងការរកឃើញនេះ មន្ត្រីជាន់ខ្ពស់នៃសមាគមរោងចក្រកាត់ដេរនៅកម្ពុជា ហៅកាត់ថា ជីម៉ាក (GMAC) លោក ជាតិ ខេមរា មានប្រសាសន៍ថា ជាទូទៅចំណីអាហារដែលកម្មករទទួលទាន គឺមិនខុសពីចំណីអាហាររបស់ក្រុមគ្រួសារពួកគេ ឬពលរដ្ឋខ្មែរដទៃទៀតដែរ។ លោកថា អាយឡូ គួរតែរកអោយឃើញបញ្ហានោះអោយជាក់លាក់ជាងនេះ ដែលអាចអោយគ្រប់ភាគីពាក់ព័ន្ធចូលរួមដោះស្រាយ៖ «ប្រសិនបើវាមានហេតុការណ៍ហ្នឹងកើតឡើង គឺគួរតែមានសិក្ខាសាលាមួយ ណែនាំកម្មករនិយោជិតអោយគាត់ហូបចំណីចំណុកបែបណា សម្រាប់ទ្រទ្រង់គ្រាប់ឈាមហ្នឹងអោយគាត់បានគ្រាប់ឈាមក្រហមវិញ។ សារធាតុអីខ្លះ? ចំណីអីខ្លះ? ពាក់ព័ន្ធនេះ។ ប៉ុន្តែ បើយើងបង្រៀនគាត់ តែគាត់មិនហូប ហើយគាត់នៅតែហូបម្ដេញ ហូបអីពេលបាយហើយហ្នឹង ហីស្វាយត្រាំស្វាយអីហ្នឹង ចឹងវាមិនអាចឡើងបាន អាស្រ័យលើការចូលរួមដែរ ថាតើគាត់ចង់ចូលរួមអត់?»។
ទោះយ៉ាងណា នេះគ្រាន់តែជាលទ្ធផលជំហានដំបូងដែលអង្គការ អាយឡូ នឹងបន្តការសិក្សារបស់ខ្លួន ដែលនឹងចំណាយរយៈពេលមួយឆ្នាំបន្ទាប់ពីការសិក្សាបឋម ដែលអាចនឹងបញ្ចប់នៅពាក់កណ្ដាលឆ្នាំ២០១៥។
ទាក់ទងនឹងបញ្ហានេះ មន្ត្រីក្រសួងការងារ បានបញ្ជាក់ថា កន្លងមក ក្រុមជំនាញរបស់ក្រសួងបានចុះទៅតាមរោងចក្រនានា និងជួយពន្យល់ណែនាំដល់កម្មករ អោយប្រុងប្រយ័ត្នបញ្ហាចំណីអាហារ និងត្រូវសម្រាកអោយបានគ្រប់គ្រាន់។ លើសពីនេះ ក្រសួងសុខាភិបាល ក៏មានគម្រោងបង្គ្រប់គ្រាប់ឈាមក្រហម ដោយការផ្ដល់ថ្នាំជាតិដែកទៅដល់កម្មការិនីក្នុងវ័យបន្តពូជ និងស្ត្រីមានផ្ទៃពោះ។ លើសពីនេះ ក្រសួងការងារ គ្រោងនឹងបង្កើតអោយមានអនុក្រឹត្យថ្មីចំនួន៣ទៀត ដែលនឹងជួយទៅដល់សុខភាពកម្មករ ក្នុងនោះនឹងផ្ដោតលើចំណុច ៣សំខាន់ គឺអាហារដ្ឋានសម្រាប់កម្មករ កន្លែងស្នាក់នៅ និងកន្លែងថែទាំកុមារតូច។
ប្រធានផ្នែកសិទ្ធិការងារនៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ លោក មឿន តុលា ចាត់ទុកការលើកឡើងរបស់និយោជក និងសកម្មភាពរបស់ក្រសួងពាក់ព័ន្ធ ថាពុំបានចូលទៅអោយចំបញ្ហា។ លោកថា បញ្ហាចម្បង គឺកម្មករព្យាយាមចំណាយតិច ប៉ុន្តែធ្វើការងារច្រើនម៉ោង ដើម្បីបំពេញតម្រូវការចំណាយប្រចាំថ្ងៃ ដ្បិតប្រាក់ចំណូលគាត់ទាប៖ «មើលអោយជាក់ស្តែង ៤ ទៅ ៥.០០០រៀលក្នុងមួយថ្ងៃ គឺមិនអាចយកទៅទទួលបានម្ហូបណាដែលមានសុខភាព មានកាល់ឡូរីគ្រប់គ្រាន់ ដែលត្រូវការ ៣.០០០កាល់ឡូរីនោះទេ។ ទី២ ស្ថានភាពដែលគាត់ធ្វើការនៅក្នុងបរិយាកាសហប់ ហើយត្រូវសម្រាកក្នុងបរិយាកាសដែលហប់ ឬក៏ជិះឡានគាត់ បើគាត់មិនជួលផ្ទះគេ ក៏គាត់ជិះឡានក៏ចង្អៀតណែនណាស់។ សំណួរថា តើអ្នកណាដែលចង់ធ្វើបែបហ្នឹង ខ្ញុំជឿថា ពុំមានកម្មករណាម្នាក់ដែលចង់ម្ហូបដែលអត់ឆ្ងាញ់ទេ បើសិនជាគេមានលុយនោះ»។
ទាក់ទងនឹងលទ្ធភាពក្នុងការផលិតរបស់កម្មករមានកម្រិតទាប តំណាងនិយោជក លោក ជាតិ ខេមរា ថ្លែងថា កម្មករនៅប្រកាន់ឥរិយាបថទម្លាប់ចាស់ ដែលមិនទាន់អាចផ្លាស់ប្ដូរបាន៖ «ខ្មែរយើងនិយាយទៅ យើងនៅក្នុងតំបន់ហ្នឹង យើងចេញពីប្រភពកសិករ ទម្លាប់របស់យើងជាទម្លាប់ជាកសិករ មិនមែនជាទម្លាប់អ្នកឧស្សាហកម្មទេ។ ដល់ចឹងទៅ ការងារខ្លះវាហាក់ដូចជាមិនខំប្រឹងប្រែងទេ មានមួយចំនួនធំ។ ជួនកាលគាត់គិតតែពីរឿងដែលគាត់ចង់បានកម្រិតខ្ពស់ ទាល់តែប្រាក់ខ្ពស់បានធ្វើហើយ អារម្មណ៍អស់ហ្នឹងវានៅតែដិតក្នុងអារម្មណ៍កម្មកររបស់យើងស្ទើរតែទាំងអស់ទៅហើយ»។
យ៉ាងណា លោក មឿន តុលា បញ្ជាក់ថា នៅក្នុងការសិក្សានាពេលកន្លងទៅរបស់អង្គការលោក រកឃើញដែរថា កម្មករជាច្រើននិយាយថា ពួកគេចង់អោយមានហូបគ្រប់គ្រាន់ដែលអាចអោយពួកគាត់បំពេញការងារបានពេញលេញ។
ដូចគ្នានេះដែរ ប្រធានសម្ព័ន្ធសហជីពកម្ពុជា អ្នកស្រី យ៉ាង សុភ័ណ្ឌ លើកឡើងថា ចំណុចអាទិភាព គឺត្រូវដំឡើងប្រាក់ឈ្នួលកម្មករដែលអាចអោយពួកគាត់រស់នៅបានសមរម្យ៖ «ព្រោះប្រាក់ឈ្នួល ១៧០ដុល្លារ ជាប្រាក់ឈ្នួលដែលរដ្ឋាភិបាលបានរកឃើញហើយ សហជីពខ្លួនឯងក៏រកឃើញ ក្រសួងក៏ទទួលស្គាល់ និយោជកខ្លួនឯងក៏ទទួលស្គាល់។ អ៊ីចឹងហេតុអីអត់ព្រមដំឡើងអោយ គឺត្រូវតែដំឡើងអោយបាន ១៧០ដុល្លារហ្នឹងទៅ ដើម្បីអោយកម្មករមានការចាយវាយបានគ្រប់គ្រាន់។ ខ្ញុំគិតថា ផលិតភាពរបស់ក្រុមហ៊ុនក៏កាន់តែកើនឡើងដែរ»។
អ្នកស្រី យ៉ាង សុភ័ណ្ឌ ក៏បានច្រានចោលការលើកឡើងដែលថា កម្មករខ្មែរនៅមានទម្លាប់ចាស់ដែលមិនអាចអោយលទ្ធភាពផលិតរបស់ពួកគេនៅទាប៖ «មានពេលខ្លះ ចិន ឬក៏ក្រុមហ៊ុនខ្លួនឯងហ្នឹងទទួលស្គាល់ថា កម្មករខ្មែរយើងធ្វើបានផលិតផលច្រើនជាងប្រសើរជាងចិន ដែលជួលមកពីខាងក្រៅ ដែលទទួលបានប្រាក់ឈ្នួលជាងកម្មករទៅទៀត»។
ទាក់ទងនឹងចំណីអាហារប្រចាំថ្ងៃនេះ កម្មករជាច្រើនធ្លាប់អះអាងថា ពួកគេតែងសន្សំសំចៃ និងត្បិតត្បៀតខ្លាំង ដើម្បីបានសល់ប្រាក់ខ្លះដោះស្រាយបញ្ហាផ្សេងទៀតក្នុងជីវភាពរស់នៅ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
