ចំនួនអ្នកប្រើប្រាស់គ្រឿងញៀននៅកម្ពុជា បានបន្តកើនឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ។ របាយការណ៍របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បង្ហាញថា អ្នកប្រើបំពានគ្រឿងញៀននៅទូទាំងប្រទេសនៅឆ្នាំ២០១៦ កើនឡើងជាង ២ពាន់នាក់ បើប្រៀបធៀបនឹងឆ្នាំ២០១៥។
អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ឧត្តមសេនីយ៍ឯក មាស វីរិទ្ធិ ថ្លែងប្រាប់អាស៊ីសេរី នៅថ្ងៃទី២៧ ធ្នូ ថា ការបន្តកើនឡើងនៃអ្នកប្រើប្រាស់គ្រឿងញៀននេះ គឺជាបញ្ហាមួយដ៏គួរឲ្យព្រួយបារម្ភ ដែលជំរុញឲ្យរដ្ឋាភិបាលដាក់ចេញនូវផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់។ លោកថា ផែនការនេះនឹងក្លាយជាត្រីវិស័យសម្រាប់សមត្ថកិច្ច ក្នុងកិច្ចការងារប្រយុទ្ធប្រឆាំងគ្រឿងញៀននៅឆ្នាំ២០១៧។
លោក មាស វីរិទ្ធិ បញ្ជាក់ថា ការរីករាលដាលនៃបញ្ហាគ្រឿងញៀននៅកម្ពុជា បណ្ដាលមកពីការចរាចរណ៍គ្រឿងញៀននៅទូទាំងពិភពលោកដែលកំពុងកើនឡើងខ្លាំង៖ « និន្នាការពិភពលោកមានការកើនឡើង ពិភពលោកមានការកើនឡើង។ ប្រទេសណាក៏ដោយ ក៏មានការពាក់ព័ន្ធទៅនឹងការកើនឡើងការចរាចរណ៍ ការជួញដូរ ការផលិត និងការប្រើប្រាស់គ្រឿងញៀន។ អ៊ីចឹងប្រទេសកម្ពុជា ក៏គេចមិនផុត។ កម្ពុជា មិនមែនជាប្រទេសផលិតគ្រឿងញៀនទេ ប៉ុន្តែត្រូវក្រុមឧក្រិដ្ឋជនគ្រឿងញៀនបរទេសធ្វើសកម្មភាពដឹកជញ្ជូនគ្រឿងញៀនឆ្លងកាត់។ ហើយមិនមែនតែកម្ពុជា ទេ ប្រទេសផ្សេងៗក៏បានឆ្លងកាត់អ៊ីចឹងដែរ ឆ្លងកាត់ដូចគ្នា ដើម្បីធ្វើយ៉ាងណាឲ្យគ្រឿងញៀនបានធ្លាក់ទៅដល់ទីផ្សារនៃប្រើប្រាស់គ្រឿងញៀន ដែលជាគោលដៅរបស់គេចង់បាន »។
តួលេខអ្នកប្រើប្រាស់គ្រឿងញៀនទាំងអ្នកទៅទទួលយកសេវាព្យាបាល និងមិនទៅទទួលយកសេវាព្យាបាល គិតពីខែធ្នូ ឆ្នាំ២០១៥ ដល់ខែវិច្ឆិកា ឆ្នាំ២០១៦ មានចំនួនជាង ១ម៉ឺន ៨ពាន់នាក់ (១៨.៥៥៤នាក់)។ ភាគច្រើននៃអ្នកដែលពាក់ព័ន្ធនឹងការប្រើប្រាស់គ្រឿងញៀន គឺជាយុវជនអាយុចន្លោះពី ១៨ ទៅ ៣៥ឆ្នាំ។
អ្នកសម្របសម្រួលកម្មវិធីសង្គ្រោះជីវិតនៃអង្គការមិត្តសំឡាញ់ លោក ពិន សុខុម កត់សម្គាល់ថា គ្រឿងញៀនបានរីករាលដាលចេញពីទីក្រុងទៅកាន់ទីជនបទគ្រប់ច្រកល្ហក ដែលជារឿងមួយគួរឲ្យព្រួយបារម្ភ។ លោកបញ្ជាក់ថា ក្នុងមួយថ្ងៃៗមានឪពុកម្ដាយ ឬអាណាព្យាបាលជាច្រើននាក់បានទាក់ទងមកអង្គការរបស់លោក ដើម្បីសុំឲ្យជួយព្យាបាលកូនចៅរបស់ពួកគាត់ដែលធ្លាក់ខ្លួនប្រើប្រាស់គ្រឿនញៀន។
មន្ត្រីអង្គការសង្គមស៊ីវិលរូបនេះយល់ឃើញថា ការរីករាលដាលនេះអាចមកពីមូលហេតុច្រើនយ៉ាង ដូចជាកង្វះខាតការអប់រំ ផ្សព្វផ្សាយអំពីផលវិបាកនៃគ្រឿងញៀន ការប្រើប្រាស់គ្រឿងស្រវឹង ការកើនឡើងនៃកន្លែងកម្សាន្ត និងភាពខ្វះចន្លោះនៃការអនុវត្តច្បាប់របស់សមត្ថកិច្ច៖ « ចំណុចសំខាន់បំផុត គឺចាប់ផ្តើមពីរាជរដ្ឋាភិបាល គឺត្រូវពង្រឹងការអប់រំផ្សព្វផ្សាយអំពីផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀនទៅដល់គ្រប់យុវជន។ ទីពីរ រដ្ឋាភិបាលគួរតែពង្រឹងចំពោះអ្នកដែលជ្រុលទៅប្រើប្រាស់គ្រឿងញៀន ហើយគួរពង្រឹងគុណភាពនៃសេវាកម្មអប់រំព្យាបាលស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន។ សមត្ថកិច្ចគួរតែពង្រឹងវិធានការបង្ក្រាបទៅលើឈ្មួញផលិតគ្រឿងញៀន ចែកចាយ និងជួញដូរគ្រឿងញៀន គឺត្រូវធ្វើម៉េចទប់ស្កាត់ឲ្យបានដើម្បីកាត់បន្ថយការផលិត និងការផ្គត់ផ្គង់គ្រឿងញៀន »។
អ្នកជំនាញរូបនេះ លើកទឹកចិត្តឲ្យយុវជនធ្វើខ្លួនឲ្យមមាញឹកនឹងការសិក្សា ឬការងារ ហើយជ្រើសរើសមធ្យោបាយកម្សាន្ត ដូចជារៀបចំដំណើរកម្សាន្ត មើលទូរទស្សន៍ ស្តាប់តន្ត្រី និងហាត់កីឡា ជាដើម ដោយចៀសវាងការសេពគប់មិត្តភ័ក្ដិ ឬក្រុមណាដែលពាក់ព័ន្ធនឹងគ្រឿងញៀន។
គ្រឿងញៀនដែលពេញនិយមជាងគេនៅកម្ពុជា គឺមេតំហ្វេតាមីនក្រាមម្សៅ ឬដែលគេនិយមហៅថា ម៉ាទឹកកក (ICE)។ គ្រឿងញៀនប្រភេទនេះ បង្កផលប៉ះពាល់ និងគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាព។ វាធ្វើឲ្យអ្នកប្រើប្រាស់រវើរវាយ ខូចថ្លើម និងតម្រងនោម មានជំងឺបេះដូង ស្រកទម្ងន់ ខូចអវយវៈ ញាក់កន្ត្រាក់ជាខ្លាំង មានជំងឺបាក់ស្មារតី និងកម្លាំងកាយ ហើយនិងដំណាក់កាលចុងក្រោយ គឺការស្លាប់។
ទាក់ទងនឹងបញ្ហាគ្រឿងញៀននេះ កាលពីសប្ដាហ៍មុន ក្រសួងមហាផ្ទៃ បានដាក់ចេញនូវផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១ របស់រដ្ឋាភិបាល។ យុទ្ធនាការនេះ ដឹកនាំដោយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង មានរយៈពេល ៦ខែ ដោយចាប់ផ្ដើមពីថ្ងៃទី១ មករា ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខ។ លោកឧបនាយករដ្ឋមន្ត្រី ស ខេង បានប្រកាសផ្តល់រង្វាន់ដល់អ្នកមានស្នាដៃក្នុងការបង្ក្រាបគ្រឿងញៀន ដែលជាវិធានការសរសើរ និងលើកទឹកចិត្ត។
ទោះជាយ៉ាងណា អ្នកសិក្សាស្រាវជ្រាវថ្លែងថា ការទប់ស្កាត់គ្រឿងញៀននេះ នឹងមានប្រសិទ្ធភាព លុះត្រាតែរដ្ឋាភិបាលហ៊ានបង្ក្រាប និងអនុវត្តច្បាប់ទៅលើឈ្មួញដែលមានលុយ មានអំណាច ដែលមិនមែនគ្រាន់តែបង្ក្រាបឈ្មួញតូចតាចប៉ុណ្ណោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
