ប្រវត្តិ​ខ្មែរ​បាត់បង់​ខេត្ត​ចំនួន​២​ទៅ​យួន​ក្នុង​រាជ្យ​ព្រះបាទ​សត្ថាធិរាជ (ភាគ​៥២)

ដោយ ជុន ច័ន្ទបុត្រ
2015-07-28
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល

ជម្លោះ​ដណ្ដើម​អំណាច​គ្នា និង​មិន​ទុក​ចិត្ត​គ្នា​ក្នុង​ជួរ​អ្នក​កាន់​អំណាច​ខ្មែរ បាន​ធ្វើ​ឲ្យ​ក្រុម​ម្ខាងៗ​រត់​ទៅ​ពឹង​ប្រទេស​ជិត​ខាង​ឲ្យ​ជួយ​អន្តរាគមន៍។ ម្ខាង​ទៅ​ពឹង​យួន និង​ម្ខាង​ទៀត​ទៅ​ពឹង​សៀម។ ទឹក​ដី​ខ្មែរ ក៏​កាន់​តែ​រួម​តូច​ទៅៗ ដោយ​បាត់បង់​ទៅ​លើ​ប្រទេស​ជា​អ្នក​ជួយ​ធ្វើ​សង្គ្រាម​ហែកហួរ​គ្នា​ឯង​នៅ​កម្ពុជា នេះ។

នៅ​ក្នុង​រាជ្យ​ព្រះបាទ​សត្ថាធិរាជ ដែល​គ្រងរាជ្យ​ចន្លោះ​ឆ្នាំ​១៧២៩ និង​ឆ្នាំ​១៧៣៧ ខ្មែរ​ត្រូវ​បាត់បង់​ខេត្ត​ពីរ គឺ​ខេត្ត​លង់ហោ ដែល​យួន ហៅ​វិញឡុង និង​ខេត្ត​មេស ដែល​យួន ហៅ​មីថ ក្រោយ​ពី​យួន ចុះ​មក​ជួយ​ធ្វើ​សង្គ្រាម​នៅ​ប្រទេស​ខ្មែរ។

គ. ២៨-២ ព្រះរាជ​ឱង្ការ​ព្រះ​សត្ថាធិរាជ (ឆ្នាំ​១៧២៩-ឆ្នាំ​១៧៣៧ រាជ្យ​លើក​ទី​២)

ក្រោយ​ពី​សម្ដេច​ព្រះ​កែវ​ហ្វា​អង្គ​អឹម បញ្ចប់​រាជ្យ​ទី​៣ ដ៏​ខ្លី​របស់​ព្រះអង្គ​ដោយ​ដាក់​រាជ្យ ហើយ​បង្វែរ​រាជ្យ​សម្បត្តិ​នោះ​ឲ្យ​ទៅ​ព្រះ​សត្ថាធិរាជ ជា​រាជបុត្រ​វិញ​នោះ ព្រះ​សត្ថាទី២ ក៏​ទ្រង់​ឡើង​សោយរាជ្យ​ជា​លើក​ទី​២ នៅ​រាជធានី​ឧដុង្គ ដោយ​មាន​ព្រះ​នាម​ក្នុង​រាជ្យ​ថា ព្រះបាទ​សម្ដេច​ស្ដេច​ព្រះរាជ​ឱង្ការ​ព្រះ​បរម​រាជា​រាមាធិបតី។ ទ្រង់​លើក​ព្រះ​ក្សត្រី​ស្រី​សុជាតា ជា​ព្រះ​អគ្គមហេសី។ ឯ​ព្រះ​កែវ​ហ្វា ជា​ព្រះបិតា​ទ្រង់​គង់​ក្នុង​នាទី​ជា​ឧបយោរាជ។

ក្នុង​រាជ្យ​ទី​២ របស់​ព្រះអង្គ​នេះ នៅ​ឆ្នាំ​១៧៣០ ពួក​លាវ នៅ​ប្រសូត្រ ខេត្ត​ស្វាយទាប តាំង​ស្ម័គ្រ​បក្ខពួក​លើក​ខ្លួន​ជា​អ្នក​មាន​បុណ្យ​ក​ជា​ទ័ព លើក​ទៅ​ច្បាំង​បឹង​យួន ដល់​ស្រុក​ព្រៃនគរ ហើយ​កាប់​សម្លាប់​យួន អស់​ជាច្រើន។ ព្រះរាជា​ទ្រង់​ជ្រាប​ដំណឹង​នេះ ក៏​បញ្ជា​ឲ្យ​កងទ័ព​ព្រះអង្គ​នាំ​ពល​ទាហាន​ប្រមាណ ១​ម៉ឺន​នាក់ វាយ​បង្ក្រាប​ចលនា​លាវ បះបោរ​នោះ​បាន​ស្ងប់ស្ងាត់​ទៅ​វិញ។

ដោយ​យក​លេស​សង​សឹក​នឹង​ចលនា​លាវ បះបោរ​វាយ​យួន នេះ មួយ​ឆ្នាំ​ក្រោយ​មក គឺ​នៅ​ឆ្នាំ​១៧៣១ ស្ដេច​យួន បាន​បញ្ជូន​ទ័ព​យួន ឲ្យ​ចូល​មក​លុក​លុយ​ប្រទេស​កម្ពុជា វាយ​សម្រុក​ឡើង​មក​ជិត​ដល់​រាជធានី។ ព្រះ​សត្ថាទី២ ក៏​ទ្រង់​ភៀស​ព្រះអង្គ​ទៅ​គង់​នៅ​ពាមក្រែង ខេត្ត​ស្រីសឈរ ហើយ​កេណ្ឌ​ទ័ព​បាន​យ៉ាង​ច្រើន រួច​ចាត់​មេទ័ព​ឲ្យ​នាំ​ទ័ព​មក​សន្ធប់​គ្នា​នៅ​កោះ​ខ្សាច់កណ្ដាល បាន​ជួប​ទ័ព​យួន នៅ​ចតុមុខ ហើយ​វាយ​ទ័ព​យួន នោះ ឲ្យ​បរាជ័យ​ដក​ថយ​ទៅ​វិញ​អស់​ទៅ។

មួយ​ឆ្នាំ​ក្រោយ​មក​ទៀត គឺ​ឆ្នាំ​១៧៣២ ស្ដេច​យួន​អណ្ណាម​កុក បាន​បញ្ជូន​ទ័ព​ច្រើន​ជាង​លើក​មុន គឺ​ប្រមាណ ២​ម៉ឺន​នាក់ ឲ្យ​មក​លុក​លុយ​ប្រទេស​កម្ពុជា។ យួន វាយ​យក​បាន​ខេត្ត​តាម​មាត់​ទន្លេ​ជាច្រើន។

ព្រះរាជា​ទ្រង់​ភៀស​ព្រះអង្គ​ទៅ​គង់​នៅ​ពាមក្របៅ ខេត្ត​អាសន្ទុក រួច​កេណ្ឌ​ទ័ព និង​បញ្ជូន​មក​វាយ​យួន ត្រង់​ព្រែក​មួយ​ជិត​កៀនស្វាយ ដែល​បាន​ជាប់​ឈ្មោះ​ជា​ព្រែក​យួន រហូត​មក​ដល់​សព្វថ្ងៃ​នេះ។ ទ័ព​យួន ទទួល​បរាជ័យ​យ៉ាង​ដំណំ ហើយ​ដក​ថយ​ចុះ​ទៅ​ក្រោម​វិញ។

លើក​នេះ​ពិត​មែន​តែ​យួន ទទួល​បរាជ័យ​មែន ប៉ុន្តែ​យួន បាន​ដក​ថយ​ទៅ​បោះ​បន្ទាយ​ជាប់​នៅ​ក្នុង​ខេត្ត​ខ្មែរ​ពីរ គឺ​ខេត្ត​លង់ហោ ដែល​យួន ហៅ​វិញឡុង និង​ខេត្ត​មេស ដែល​យួន ហៅ​មីថ ហើយ​ខេត្ត​ទាំង​ពីរ​នេះ ត្រូវ​យួន រឹប​យក​ដាច់​ជា​សម្បត្តិ​របស់​គេ​តាំង​ពី​ពេល​នោះ​មក។

ក្រោយ​ពី​ពេល​ដែល​ទ័ព​យួន ដក​ថយ​ចុះ​ទៅ​ក្រោម​វិញ​ហើយ ព្រះ​សត្ថាធិរាជ ក៏​ទ្រង់​នាំ​ព្រះរាជវង្សានុវង្ស និង​បរិពារ យាង​ចេញ​ពី​ខេត្ត​អាសន្ទុក តែ​មិន​យាង​ត្រឡប់​ទៅ​ឧដុង្គ ទេ ទ្រង់​ប្ដូរ​មក​គង់​នៅ​បន្ទាយលង្វែក វិញ។

នៅ​ឆ្នាំ​១៧៣៦ ព្រះ​កែវ​ហ្វា​អង្គ​អឹម ជា​ព្រះបិតា​ដែល​ទ្រង់​គង់​ជា​ឧបយោរាជ​នោះ ទ្រង់​សោយ​ទិវង្គត។ ព្រះ​សត្ថាធិរាជ ទ្រង់​ធ្វើ​បុណ្យ​សុន្ទរ៍ទាន​តាម​រាជ​ប្រវេណី ហើយ​ដង្ហែ​ព្រះ​អដ្ឋិធាតុ​ព្រះ​កែវ​ហ្វា ជា​ព្រះបិតា​យក​ទៅ​បញ្ចុះ​ក្នុង​ព្រះ​ចេតិយ​ត្រៃត្រិង្ស លើ​ភ្នំ​ព្រះរាជ​ទ្រព្យ​ឧដុង្គ​មានជ័យ។ ចំណែក​ខាង​ព្រះ​ស្រី​ធម្មរាជា ដែល​បាន​ទៅ​ពឹង​សៀម ឲ្យ​មក​ជួយ​វាយ​ដណ្ដើម​រាជ្យ​សម្បត្តិ​ពី​ព្រះ​កែវ​ហ្វា​អង្គ​អឹម ពី​លើក​មុន តែ​ត្រូវ​សៀម ប្រែ​ក្រឡាស់​ចិត្ត​ជា​គាំទ្រ​ព្រះ​កែវ​ហ្វា​អង្គ​អឹម វិញ ដោយ​ស្ដេច​អង្គ​នេះ​ព្រម​ដាក់​នគរ​ខ្មែរ​ជា​ចំណុះ​សៀម ហើយ​បង្ខំ​នាំ​ព្រះ​ធម្មរាជា ត្រឡប់​ទៅ​ប្រទេស​សៀម វិញ​នោះ កាល​បើ​បាន​ជ្រាប​ដំណឹង​ថា ព្រះ​កែវ​ហ្វា​អង្គ​អឹម ទ្រង់​ចូល​ទិវង្គត​ហើយ ព្រះអង្គ​ក៏​ទ្រង់​ចាត់​ព្រះអង្គ​អឹម ជា​រាជបុត្រ​ដែល​ទ្រង់​បាន​ប្រទាន​ព្រះនាម​ជា​ព្រះ​ស្រី​ធម្មរាជ ដូច​ព្រះ​អង្គ​ជា​បិតា​ដែរ ឲ្យ​ធ្វើ​ដំណើរ​ទៅ​ដល់​ស្រុក​នាងរង ខេត្ត​នគររាជសីមា ហើយ​ធ្វើ​ព្រះរាជសារ​ទៅ​ចង​ស្ពាន​មេត្រី​ជាមួយ​នឹង​ព្រះ​សត្ថាធិរាជ ក្នុង​បំណង​បាន​វិល​ត្រឡប់​មក​រួម​រស់​ជួបជុំ​ព្រះ​ញាតិវង្ស​ក្នុង​ប្រទេស​កម្ពុជា វិញ ប៉ុន្តែ​ត្រូវ​ព្រះរាជ​ឱង្ការ​ព្រះ​សត្ថាធិរាជ បដិសេធ​ពុំ​យល់ព្រម។

ក្រោយ​ពី​ព្រះ​ស្រី​ធម្មរាជា ទ្រង់​ប្រើ​ព្រះរាជបុត្រ​មក​សុំ​ចង​ស្ពាន​មេត្រី​ពុំ​បាន​សម្រេច​មក​នោះ ព្រះ​សត្ថាធិរាជ ជា​ស្ដេច​ផែនដី ទ្រង់​កើត​ក្តី​សង្ស័យ​លើ​រូប​ព្រះ​ក្សត្រី​ស្រី​សុជាតា ព្រះ​អគ្គមហេសី​របស់​ព្រះអង្គ ដែល​ត្រូវ​ជា​ប្អូន​ស្រី​ព្រះ​ធម្មរាជា ព្រម​ទាំង​ក្សត្រ​បី​អង្គ​ទៀត គឺ​ឧទ័យ​រាជា​អង្គ​សូ (ព្រះ​រាជបុត្រ​ព្រះអង្គ​ទង) ស្រី​ជ័យ​ជេដ្ឋ​អង្គ​ស្ងួន និង​អង្គ​ច័ន្ទ (បុត្រ​ព្រះ​ស្រី​ធម្មរាជា) ដោយ​ទ្រង់​រំពឹង​គិត​ថា បើ​ព្រះ​ស្រី​ធម្មរាជា ចង់​ដណ្ដើម​រាជ្យ​ព្រះអង្គ​នោះ ពួក​ក្សត្រ​ទាំងអស់​នេះ​នឹង​ក្លាយ​ជា​កម្លាំង​រនុក​ក្នុង​ក្បត់​ព្រះអង្គ ចូល​ខាង​ព្រះ​ស្រី​ធម្មរាជា មិន​ខាន។

គិត​ដូច្នោះ​ហើយ ព្រះអង្គ​ក៏​រក​លេស​ធ្វើ​គត់​ក្សត្រ​ទាំង ៤​អង្គ​នោះ ដោយ​ទ្រង់​រៀប​គម្រោង​បញ្ជា​ទ័ព​ឲ្យ​ចូល​វាយ​លុក​ធ្វើ​គត់​ស្ដេច​ទាំង ៤​អង្គ​នៅ​ក្នុង​ក្រុង​លង្វែក ក្នុង​ពេល​ដែល​ព្រះអង្គ​ធ្វើ​កល​ឧបាយ​ជា​ចេញ​ដំណើរ​ពី​ក្រុង​លង្វែក ទៅ​ក្រសាល​នៅ​ភ្នំពេញ ដូចជា​មិន​ដឹង​រឿង​អ្វី​សោះ។ ប៉ុន្តែ​កល​ល្បិច​នេះ ត្រូវ​ក្សត្រ​ទាំង ៤​អង្គ​ដឹង​មុន ហើយ​បញ្ចុះ​បញ្ចូល​រាស្ត្រ​នៅ​លង្វែក​បង្ក​បាន​ជា​ទ័ព​យ៉ាង​ធំ ច្បាំង​នឹង​ទ័ព​ព្រះ​សត្ថាធិរាជ ជា​ស្ដេច​ផែនដី ហើយ​ទទួល​បាន​ជោគជ័យ​វាយ​បំបែក​ទ័ព​ព្រះ​សត្ថា ឲ្យ​រត់​ខ្ចាត់ខ្ចាយ​អស់។

ព្រះ​សត្ថា ទ្រង់​ជ្រាប​ថា ទ័ព​ព្រះអង្គ​ទទួល​បរាជ័យ​ហើយ ក៏​នាំ​បរិពារ​ភៀស​ព្រះអង្គ​ទៅ​ស្រុក​យួន ដើម្បី​ពឹង​សុំ​ទ័ព​យួន យក​មក​ច្បាំង​សាជាថ្មី ប៉ុន្តែ​គាប់​ជួន​ពេល​នោះ ស្រុក​យួន កើត​ទុរ្ភិក្ស ស្ដេច​យួន មិន​បាន​បញ្ជូន​ទ័ព​មក​ជួយ​ទេ គ្រាន់​តែ​បាន​ទទួល​ព្រះ​សត្ថាធិរាជ ឲ្យ​ជ្រក​កោន​នៅ​ស្រុក​យួន នោះ​ទៅ។

ចំណែក​ក្សត្រ​ទាំង ៤​អង្គ​វិញ កាល​បើ​បាន​ឈ្នះ​សង្គ្រាម​ហើយ ក៏​រៀប​កម្លាំង​យ៉ាង​មាំ​ចាំ​ស្ទាក់​ផ្លូវ​ព្រះ​សត្ថាធិរាជ មិន​ឲ្យ​វិល​ត្រឡប់​ពី​ស្រុក​យួន មក​វិញ​បាន ហើយ​ទ្រង់​បញ្ជូន​ដំណឹង​ជ័យជម្នះ​នេះ​ទៅ​ព្រះ​ស្រី​ធម្មរាជា​អង្គ​អឹម ជា​បុត្រា ដែល​កំពុង​តែ​វាយ​សង្កត់​យក​ខេត្ត​បាន​មួយ​ចំនួន ហើយ​បោះ​ទីតាំង​នៅ​ខេត្ត​មហា​នគរ​វត្ត​នោះ សុំ​ឲ្យ​ព្រះអង្គ​ថ្វាយ​ដំណឹង​នេះ​ទៅ​ព្រះ​ស្រី​ធម្មរាជា ជា​បិតា ដែល​គង់​នៅ​ឯ​ស្រុក​សៀម និង​ព្រះអង្គ​ទង សុំ​ឲ្យ​ព្រះអង្គ​យាង​ត្រឡប់​មក​នគរ​កម្ពុជា វិញ។

ស្ដេច​សៀម ក៏​យល់ព្រម ហើយ​ចាត់​ទ័ព​ដង្ហែ​ព្រះ​ស្រី​ធម្មរាជា តាម​ជើង​ទឹក​មក​ចុះ​នៅ​ខេត្ត​កំពត រួច​ទៅ​គង់​នៅ​ភ្នំ​ជើង​កញ្ចុំ​ខេត្ត​ទ្រាំង។ ឯ​ព្រះអង្គ​ទង ជា​ព្រះអនុជ​ទ្រង់​នាំ​ទ័ព​តាម​ជើង​គោក​មក​ជួប​នឹង​ព្រះ​ស្រី​ធម្មរាជា​អង្គ​អឹម ជា​ក្មួយ នៅ​ខេត្ត​មហា​នគរ​វត្ត ហើយ​នៅ​រេហ៍ពល​សេនា​មក​ជួប​ជុំ​គ្នា​នៅ​កោះ​សំរោង​សែន។

ទីបំផុត ព្រះ​ក្សត្រី​ស្រី​សុជាតា និង​ព្រះរាជវង្សានុវង្ស បាន​យាង​ដង្ហែ​ក្សត្រ​ទាំងអស់​មក​ជួប​ជុំ​គ្នា​នៅ​រាជធានី​ឧដុង្គ ហើយ​ទ្រង់​ថ្វាយ​រាជ្យ​សម្បត្តិ​ទៅ​ព្រះ​ស្រី​ធម្មរាជា ឲ្យ​ឡើង​សោយរាជ្យ​សម្បត្តិ​ជា​ថ្មី​ពី​ឆ្នាំ​១៧៣៨ នៃ​គ.ស នោះ​ទៅ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

lon

ពី pp

តើធ្វើយ៉ាងម៉េចទើបអាចស្តាប់ប្រវត្តិខ្មែរចាប់ពីភាគ1រហូតដល់ភាគសព្វថ្ងៃបាន

Sep 26, 2015 01:57 AM

គេហទំព័រ​ទាំងមូល