ប្រវត្តិ​សង្គ្រាម​ផ្ទៃ​ក្នុង​រវាង​ព្រះ​ញាតិវង្ស​ក្នុង​រាជ្យ​លើក​ទី​ពីរ​ព្រះអង្គ​ទង (ភាគ​៥៥)

ដោយ ជុន ច័ន្ទបុត្រ
2015-08-25
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល

សម្ដេច​ព្រះ​រាមា​ធិបតី​ព្រះអង្គ​ទង បាន​ឡើង​សោយរាជ្យ​ជា​លើក​ទី​២ ពី​ឆ្នាំ​១៧៥៦ ដល់​ឆ្នាំ​១៧៥៧។ ក្នុង​រាជ្យ​លើក​ទី​ពីរ​នេះ សង្គ្រាម​ផ្ទៃ​ក្នុង​រវាង​ព្រះ​ញាតិវង្ស រវាង​ជីតា​ជា​ស្ដេច​សោយរាជ្យ និង​ចៅ​របស់​ខ្លួន​នៅ​តែ​បន្ត។ ទីបំផុត ព្រះអង្គ​តន់ ជា​ចៅ​ឈ្នះ​សង្គ្រាម ហើយ​ឡើង​សោយរាជ្យ​បន្ត​ពី​ជីតា។

គ.៣១-២ សម្ដេច​ព្រះ​រាមា​ធិបតី​ព្រះអង្គ​ទង (ឆ្នាំ​១៧៥៦-ឆ្នាំ​១៧៥៧ រាជ្យ​លើក​ទី​២)

ព្រះ​រាមា​ធិបតី​ព្រះអង្គ​ទង ដែល​ជា​បុត្រ​ព្រះអង្គ​យ៉ង បាន​ឡើង​សោយរាជ្យ​ជា​លើក​ទី​២ បន្ត​ពី​ព្រះ​ស្រី​ជ័យ​ជេដ្ឋ​ឫទ្ធិ​រាជ ដែល​ត្រូវ​ជា​ក្មួយ​ព្រះអង្គ នៅ​រាជធានី​ឧដុង្គ​ក្នុង​ឆ្នាំ​១៧៥៦។ ក្នុង​រាជ្យ​លើក​ទី​២ របស់​សម្ដេច​រាមា​ធិបតី​ព្រះអង្គ​ទង នេះ មិន​ខុស​ពី​រាជ្យ​លើក​ទី​១ ឡើយ គឺ​ពោរពេញ​ទៅ​ដោយ​ភាព​កលិយុគ វឹកវរ កោលាហល ជ្រួល​ច្របល់ ឈ្លោះ​ទាស់ទែង​កាប់​សម្លាប់​តែ​ព្រះ​ញាតិវង្ស​ឯង​ផ្ទាល់។

យ៉ាង​ណា​មិញ ព្រះអង្គ​ហ៊ីង ត្រូវ​ជា​បុត្រ​សុណិសា​ព្រះអង្គ​ទង ដែល​ធ្លាប់​បាន​ធ្វើ​គត់​ព្រះ​ស្រី​ធម្ម​រាជា​អង្គ​អឹម ជា​បង ហើយ​ក្នុង​រាជ្យ​ព្រះ​ស្រី​ជ័យ​ជេដ្ឋ​អង្គ​ស្ងួន បាន​ទទួល​ងារ​ជា​មហា​ឧបរាជ​នោះ ក្នុង​រាជ្យ​នេះ​បាន​កើត​វិវាទ​ជាមួយ​ព្រះ​ឧទ័យ​រាជា​អង្គ​តន់ បុត្រ​ឧទ័យ​រាជា​អង្គ​សូ និង​ត្រូវ​ជា​ចៅ​របស់​ព្រះអង្គ​ទង ដែរ​នោះ ដោយ​ព្រះអង្គ​ហ៊ីង បាន​ប្រើ​ស្ម័គ្រ​បក្ខពួក​ទៅ​លប​លុក​ព្រះ​ឧទ័យ​រាជា​អង្គ​តន់ ទាំង​ពេល​យប់។ ប៉ុន្តែ​ព្រះ​ឧទ័យ​អង្គ​តន់ បាន​ដឹង​មុន ក៏​ទ្រង់​ភៀស​ព្រះអង្គ​ទៅ​ខេត្ត​បន្ទាយមាស ជាមួយ​នាម៉ឺន​ជំនិត​របស់​ព្រះអង្គ​មួយ​ចំនួន។

ពេល​ទៅ​ដល់​ខេត្ត​បន្ទាយមាស ដោយ​មាន​ជំនួយ​ពី​ព្រះ​សុទាត់ (ជាតិ​ចិន) ជា​ចៅហ្វាយ​ស្រុក​ខេត្ត​ពាម​បន្ទាយមាស ដែល​ជា​បិតា​ធម៌​របស់​ព្រះអង្គ​ផង ព្រះ​ឧទ័យ​រាជា​អង្គ​តន់ ក៏​បាន​បញ្ចុះ​បញ្ចូល​រាស្ត្រ​ខេត្ត​ភាគ​ខាង​ត្បូង មាន​កំពត ទ្រាំង បន្ទាយមាស បាទី ព្រៃកប្បាស បាន​ជា​ទ័ព​យ៉ាង​ធំ ហើយ​លើក​ទ័ព​ទៅ​ច្បាំង​គ្នា​ជាមួយ​ទ័ព​ព្រះអង្គ​ហ៊ីង ដែល​មាន​ទីតាំង​នៅ​ឧដុង្គ។

ទ័ព​ទាំង​ពីរ បាន​ច្បាំង​គ្នា​នៅ​ដំបូក​មាន​លក្ខណ៍។ ទីបំផុត ព្រះអង្គ​ហ៊ីង ចាញ់ ក៏​ភៀស​ព្រះអង្គ​ទៅ​ជ្រក​នៅ​ព្រៃ​ក្តី តែ​ត្រូវ​គេ​ចាប់​ខ្លួន​បាន ហើយ​ប្រហារ​ជីវិត​នៅ​កំពង់ឆ្នាំង។ ឯ​ប្អូន​អង្គ​ហ៊ីង ឈ្មោះ​អង្គ​ដួង ដែល​បាន​ចូល​ដៃ​ជាមួយ​អង្គ​ហ៊ីង ប្រឆាំង​នឹង​ព្រះ​ឧទ័យ​រាជា​អង្គ​តន់ ហើយ​បាន​ក្លែង​ជា​អ្នក​បួស​ក្នុង​វត្ត​ស្បែង នោះ ក៏​ត្រូវ​ចាប់​បាន រួច​ផ្សឹក ហើយ​យក​មក​សម្រេច​ទោស​ប្រហារ​ជីវិត​ផង​ដែរ​នៅ​វត្ត​ប្រក់​ក្ដារ។

ក្រោយ​មក ព្រះអនុជ​ជាតិក្សត្រី​ជា​មហេសី​ព្រះអង្គ​ហ៊ីង ដែល​ត្រូវ​ធ្វើ​គត់​ទៅ បាន​នាំ​មន្ត្រី​ជំនិត​បញ្ចុះ​បញ្ចូល​រាស្ត្រ​បាន​ជាច្រើន​ក​ជា​ទ័ព ដើម្បី​សងសឹក​ប៉ង​ធ្វើ​គត់​ព្រះ​ឧទ័យ​រាជា​អង្គ​តន់ តែ​ត្រូវ​ព្រះអង្គ​តន់ ដឹង​មុន ហើយ​ប្រមូល​ទ័ព​ច្បាំង​ជាមួយ​បណ្ដាល​ឲ្យ​ទ័ព​ព្រះអនុជ​ជាតិក្សត្រី បរាជ័យ​បាក់​ទ័ព​រត់​ខ្ចាត់ខ្ចាយ​អស់។

ព្រះ​រាមា​ធិបតី​ព្រះអង្គ​ទង ជា​ស្ដេច​ផែនដី កាល​បើ​ជ្រាប​ថា ទ័ព​ព្រះអនុជ​ជាតិក្សត្រី ជា​បុត្រី​ព្រះអង្គ​ចាញ់​ទ័ព​ព្រះ​ឧទ័យ​រាជា​អង្គ​តន់ ជា​ចៅ​របស់​ព្រះអង្គ​ដូច្នោះ ក៏​នាំ​ព្រះអនុជ​ជាតិក្សត្រី និង​ព្រះ​ញាតិវង្ស​ទាំងអស់ ភៀស​ចេញ​ពី​ឧដុង្គ​ទៅ​គង់​នៅ​ខេត្ត​ពោធិ៍សាត់។ ប៉ុន្តែ​មិន​បាន​យូរ​ប៉ុន្មាន គឺ​បើ​គិត​ជា​រាជ្យ​លើក​ទី​២ នេះ ទ្រង់​សោយរាជ្យ​បាន​ប្រមាណ​ពីរ​ឆ្នាំ គឺ​ដល់​ឆ្នាំ​១៧៥៧ ព្រះអង្គ​ទ្រង់​ប្រឈួន ហើយ​សុគត​នៅ​ខេត្ត​ពោធិ៍សាត់ នោះ​ទៅ។ ព្រះ​អដ្ឋិធាតុ ត្រូវ​គេ​ដង្ហែ​យក​មក​បញ្ចុះ​នៅ​ព្រះ​ចេតិយ​ទន្ទឹម លើ​ភ្នំ​ព្រះរាជ​ទ្រព្យ។

ចំណែក​ខាង​ព្រះ​ឧទ័យ​រាជា​អង្គ​តន់ វិញ ពេល​ទទួល​បាន​ជោគជ័យ​ហើយ ព្រះអង្គ​ទ្រង់​យាង​ចូល​ក្នុង​រាជវាំង​ឧដុង្គ ហើយ​បញ្ជា​ឲ្យ​តាម​ចាប់​ពពួក​ស្ដេច និង​មន្ត្រី​ធំៗ​ទាំងអស់​ដែល​ប្រឆាំង​នឹង​ព្រះអង្គ ក្នុង​នោះ​មាន​ទាំង​សម្ដេច​ព្រះអនុជ​ជាតិក្សត្រី​ផង ដែល​ទ្រង់​បញ្ជា​ឲ្យ​នាំ​យក​ទៅ​ប្រហារ​ជីវិត​បង់។ ឯ​ព្រះអង្គ​នន់ ព្រះរៀម និង​ព្រះអង្គ​ជី បុត្រ​ព្រះ​ស្រី​ជ័យ​ជេដ្ឋ​ឫទ្ធិ​រាជ​អង្គ​ស្ងួន ដែល​បាន​ភៀស​ទៅ​ខេត្ត​កំពង់ស្វាយ ហើយ​លើក​ទ័ព​មក​ច្បាំង​នឹង​ទ័ព​ព្រះ​ឧទ័យ​រាជា​អង្គ​តន់ ដែរ​នោះ ត្រូវ​គេ​ចាប់​បាន ដាក់​ទ្រុង​នាំ​យក​ទៅ​ក្រុង​ឧដុង្គ។ ប៉ុន្តែ​នៅ​តាម​ផ្លូវ​ពេល​មក​ដល់​កំពង់​ព្រះ​ស្រូវ មាន​មន្ត្រី​ដែល​មាន​ចិត្ត​ភក្តី បាន​ហែក​ទ្រុង​លួច​រំដោះ​ព្រះអង្គ​តន់ នាំ​ភៀស​ទៅ​ក្រុង​ឰយុធ្យា ប្រទេស​សៀម បាន។ ព្រះអង្គ​ជី ត្រូវ​ជម្រះ​ទោស​ប្រហារ​ជីវិត។

ក្រោយ​ពី​សង្គ្រាម​រវាង​គ្នា​ឯង​ជា​ព្រះ​ញាតិវង្ស​រួម​លោហិត​នេះ បាន​ស្ងប់​រម្ងាប់​ទៅ ពួក​សេនាបតី​មន្ត្រី​តូច​ធំ ព្រះរាជា​គណៈ​សង្ឃ ក៏​បាន​យាង​ព្រះអង្គ​តន់ ដែល​ជា​អ្នក​ឈ្នះ​សង្គ្រាម ឲ្យ​ឡើង​សោយរាជ្យ​បន្ត​ពី​សម្ដេច​ព្រះ​រាមា​ធិបតី​ព្រះអង្គ​ទង ដែល​ត្រូវ​ជា​ព្រះ​អយ្យកោ (ជីតា) ត​ទៅ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល
គេហទំព័រ​ទាំងមូល