២.ចេនឡាគោក និងចេនឡាទឹក
ប្រទេសកម្ពុជា មុនសម័យអង្គរមានការបែកបាក់យ៉ាងដំណំ រហូតត្រូវបែងចែកប្រទេសជាពីរ គឺចេនឡាទឹក និងចេនឡាគោក។ ការបែកបាក់នេះ បណ្ដាលអោយប្រទេសធ្លាក់ចុះខ្សោយ ហើយទីបំផុត ត្រូវធ្លាក់ទៅនៅក្រោមអាណានិគមរបស់ប្រទេសជ្វា ផង។
ជាបន្តទៅទៀតនេះ លោក ជុន ច័ន្ទបុត្រ សូមរៀបរាប់ជូននូវប្រវត្តិសាស្ត្រប្រទេសកម្ពុជា ដំណាក់កាលមុនសម័យអង្គរ។
ក.ចេនឡាគោក
នៅមុនសម័យអង្គរបន្តិច គឺនៅសតវត្សរ៍ទី៨ ប្រទេសកម្ពុជា មានភាពវឹកវរចលាចលខាងផ្នែកនយោបាយ និងការបែកបាក់ផ្ទៃក្នុង។ ស្នាដៃបង្រួបបង្រួមជាតិ ដែលបានធ្វើឡើងនៅសតវត្សរ៍មុនៗ ត្រូវរលំរលាយអស់គ្មានសល់។ ក្នុងរយៈពេលដ៏ខ្មៅងងឹតនេះ ប្រទេសកម្ពុជា ត្រូវចែកចេញជាពីរដាច់ៗពីគ្នា ដោយមានរាជវង្សស្ដេចសោយរាជ្យផ្សេងៗពីគ្នាទៀតផង។ នៅភាគខាងជើង គឺទឹកដីដែលមានទីតាំងត្រង់ភាគកណ្ដាល និងភាគខាងត្បូងនៃប្រទេសឡាវ សព្វថ្ងៃ ត្រូវបែងចែកអោយទៅជារដ្ឋមួយផ្សេងមានឈ្មោះថា ចេនឡាដីគោក។
ប្រវត្តិសាស្ត្រចេនឡាគោក នេះ ហាក់ដូចជាច្របូកឡូកឡំគ្នាជាមួយនឹងប្រទេសឡាវ ហើយដែលគេនៅមិនសូវដឹងច្បាស់នៅឡើយផង។ ក្នុងចំណោមព្រះរាជាទាំងឡាយដែលបានសោយរាជ្យនៅចេនឡាដីគោក នោះ មានព្រះរាជាមួយព្រះអង្គ ដែលមានមហិទ្ធិឫទ្ធិខ្លាំងពូកែជាងគេ ព្រះនាម ជ័យសិង្ហវរ្ម័ន ដែលបានថែរក្សាមិត្តភាពចំណងការទូត ហើយបានបញ្ជូនរាជទូតទៅប្រទេសចិន។ រីឯរាជធានីចេនឡាដីគោក ទំនងជាស្ថិតត្រង់មជ្ឈមណ្ឌលនៃចេនឡាដើម គឺម្តុំវត្តភូ ចំប៉ាសាក់ ក្នុងប្រទេសឡាវ បច្ចុប្បន្ននេះ។
ខ.ចេនឡាទឹក
ចំណែកខាងចេនឡាទឹក ឬហៅម៉្យាងទៀតថា ចេនឡាលិចទឹក វិញ គឺលាតសន្ធឹងលើទឹកដីតំបន់បឹងបួ ស្ទឹងទន្លេ លើវាលរាបទំនាបទន្លេមេគង្គ ចាប់ពីល្បាក់ខោន រហូតដល់មាត់សមុទ្រ។ ហើយមានរយៈកាលមួយនោះ នគរចេនឡាទឹក ត្រូវបានគ្រប់គ្រងដោយសន្តតិវង្សក្សត្រពីរផ្សេងគ្នា ដែលមានរាជធានីដាច់ដោយឡែកពីគ្នាទៀតផង។ រាជធានីមួយស្ថិតនៅភាគខាងត្បូង ដែលគេមិនស្គាល់ទីតាំងច្បាស់ មានឈ្មោះថា អនិន្ទិតបុរៈ និងរាជធានីមួយទៀតមានឈ្មោះថា សម្ភុបុរៈ គឺស្រុកសំបូរ នៅត្រើយខាងឆ្វេងទន្លេមេគង្គ ក្នុងខេត្តក្រចេះ សព្វថ្ងៃនេះ។
ព្រះរាជានៃអនិន្ទិតបុរៈ បានប្រកាសព្រះអង្គថា ព្រះអង្គទ្រង់មានពូជពង្សវង្សត្រកូលជាប់មកពីព្រះបាទកៅណ្ឌិន្យ និងព្រះនាងសោមា ដោយបានបន្តសែស្រឡាយពីព្រះបាទភវវរ្ម័នទី១ ព្រះរាជានៃអាណាចក្រភ្នំ។ ចំណែកខាងព្រះរាជវង្សខាងសម្ភុបុរៈ វិញ ហាក់មិនមានរូបភាពសែស្រឡាយដូចគ្នាទេ ថ្វីត្បិតតែជាព្រះញាតិរបស់ព្រះមហាក្សត្រិយ៍ជ័យទេវី ក៏ដោយ។
ការសាកល្បងបង្រួបបង្រួមជាតិខាងចេនឡាទឹកលិច បានធ្វើឡើងដោយព្រះរាជាមួយព្រះអង្គ មានប្រភពចេញពីអនិន្ទិតបុរៈ ព្រះនាមបុស្ករាក្សា ហើយបានមកសោយរាជ្យនៅសម្ភុបុរៈ។ ព្រះអង្គទ្រង់បានសាងសិលាចារិកនៅទីនោះក្នុងឆ្នាំ៧១៦។ ថ្វីត្បិតតែមានការខំប្រឹងប្រែងដោយពេញទំហឹងពីព្រះរាជារាជិន្ទ្រវរ្ម័ន ដែលបានឡើងសោយរាជ្យបន្តពីព្រះបាទបុស្ករាក្សា ក្តី ក៏ប្រទេសចេនឡាទឹក នៅតែមិនអាចរួបរួមគ្នាបាន។ ទីបំផុត ប្រទេសចេនឡាទឹក នេះ ក៏បែកខ្ចាត់ខ្ចាយទៅជារដ្ឋតូចៗ យ៉ាងហោចណាស់ក៏ត្រូវបែងចែកជាប្រាំរដ្ឋ ដែលគេពុំទាន់បានដឹងព្រំប្រទល់ច្បាស់លាស់នៅឡើយ។
៣-ប្រទេសចេនឡាក្រោមអំណាចត្រួតត្រារបស់ជ្វា
ប្រទេសខ្មែរនៅសតវត្សរ៍ទី៨នោះ ក៏ជាដំណាក់កាលមួយដែលគ្មានស្ថិរភាពនយោបាយ និងជាសម័យកាលដែលមានការបែកបាក់ផ្ទៃក្នុងយ៉ាងដំណំថែមទៀតផង។ ស្របជាមួយពេលនោះ ពួកចោរសមុទ្រជាតិជ្វា ដែលជិះនាវាធំៗលឿនៗ បានចូលមករាតត្បាតឆ្នេរសមុទ្រ និងពាមទន្លេនៃអាស៊ីអាគ្នេយ៍ដីគោក ក្នុងគោលបំណងឆក់ប្លន់យកទ្រព្យសម្បត្តិតាមទំនើងចិត្ត។ ហេតុដែលនាំអោយចោរសមុទ្រជ្វា ហ៊ានមកឈ្លានពានដូច្នេះ ព្រោះពេលនោះរាជវង្សសៃលេន្ទ្រៈ ដែលសោយរាជ្យនៅកោះជ្វា មានមហិទ្ធិឫទ្ធិខ្លាំងក្លា ហើយបានផ្សាយឥទ្ធិពលរបស់ខ្លួនទៅលើតំបន់អាស៊ីអាគ្នេយ៍ទាំងមូល។
ក្រោយពីវាយបានកោះត្រឡាច ហើយតាំងជាមូលដ្ឋានប្រតិបត្តិការ ពួកចោរជ្វា បានលើកគ្នាទៅរាតត្បាតឆ្នេរសមុទ្រប្រទេសចំប៉ា។ ពេលជាមួយគ្នានោះដែរ ពួកចោរសមុទ្រនេះ បានចូលរាតត្បាតប្រទេសចេនឡាទឹក ដោយធ្វើដំណើរឡើងបញ្ច្រាសតាមទន្លេមេគង្គ ទៅដល់រាជធានីសម្ភុបុរៈ ដុតបំផ្លាញទីក្រុង ឡោមព័ទ្ធព្រះរាជវាំង ហើយចាប់បានព្រះរាជាខ្មែរព្រះនាមមហិបតីវរ្ម័ន ជាបុត្រព្រះបាទរាជេន្ទ្រវរ្ម័ន រួចកាត់ព្រះសិរសារបស់ព្រះអង្គ នាំយកទៅកោះជ្វា។
ឯកសារខ្លះសរសេររៀបរាប់ពីព្រឹត្តិការណ៍ជ្វា កាត់ព្រះសិរសាព្រះរាជាខ្មែរនេះផ្សេងទៅវិញ។ លោក ហ្សក សឺដេស៍ (George Coedés) សរសេរតាមការរៀបរាប់របស់អ្នកនិពន្ធអារ៉ាប់ ម្នាក់ថា ការដែលមហារាជនៃនគរជ្វា ទ្រង់ខ្ញាល់រហូតដល់បញ្ជាអោយគេកាត់សិរសាព្រះរាជាខ្មែរដូច្នេះ ត្បិតមានពេលមួយ ខណៈដែលព្រះរាជាខ្មែរព្រះបាទមហិបតី ទ្រង់ប្រទានសវនាការដល់ពួកឈ្មួញជាតិជ្វា ព្រះអង្គទ្រង់មានបន្ទូលអួតអាងថា ព្រះអង្គចង់ឃើញគេយកព្រះសិរសាមហារាជជ្វា ដាក់លើចានភាជន៍មកថ្វាយព្រះអង្គ។
មិនយូរប៉ុន្មាន ដំណឹងនេះក៏ត្រូវបានពួកឈ្មួញនាំទៅទូលមហារាជជ្វា។ ក្រោយពីបានឮការប្រមាថព្រះចេស្ដាដូច្នេះ មហារាជជ្វា ក៏ទ្រង់បញ្ជាអោយគេកាត់ព្រះសិរសាព្រះរាជាខ្មែរ យកទៅកោះជ្វា។ បន្ទាប់មក ទើបមហារាជនៃកោះជ្វា ទ្រង់បានបញ្ជាអោយយកព្រះសិរសានោះទៅលាងសម្អាត ហើយអប់ទុកក្នុងភាជន៍មួយ រួចទ្រង់បញ្ជាអោយបញ្ជូនត្រឡប់មកថ្វាយព្រះរាជាខ្មែរ ដែលសោយរាជ្យបន្តពីព្រះមហិបតី ដែលត្រូវធ្វើគត់នោះ។ មិនតែប៉ុណ្ណោះទេ ជាមេរៀនចំពោះកម្ពុជា ដែលមើលងាយព្រះចេស្ដាមហារាជជ្វា ដ៏មានឫទ្ធិនាសម័យនោះចំពោះមុខឈ្មួញបរទេស ជ្វា ក៏ដាក់នគរចេនឡាទឹកនៃប្រទេសកម្ពុជា អោយនៅក្រោមអាណានិគមរបស់ខ្លួន ចាប់ពីពេលនោះមក។
ចំពោះការឈ្លានពានរបស់ជ្វា ទៅលើក្សត្របុរីមួយរបស់ចេនឡាទឹក នេះ មានមតិខ្លះយល់ថា គឺជាការទាមទារយកមរតកដូនតាខ្លួន ព្រោះរាជវង្សសៃលេន្ទ្រៈ នៃប្រទេសជ្វា ធ្លាប់បានប្រកាសខ្លួនថា ជាស្ដេចភ្នំដែរ គឺដូចគ្នានឹងឋានន្តរនាមរបស់ព្រះរាជាអាណាចក្រភ្នំនេះឯង។ ចាប់តាំងពីពេលនោះមក ជារៀងរាល់ព្រឹក ព្រះរាជាខ្មែរនៅនគរចេនឡាទឹក ត្រូវបែរព្រះភក្ត្រឆ្ពោះទៅទិសនៃកោះជ្វា ដើម្បីលុតជង្គង់ធ្វើគារវកិច្ចចំពោះមហារាជនគរជ្វា នោះ។ នេះបើតាមឯកសាររបស់ឈ្មួញអារ៉ាប់ ម្នាក់ឈ្មោះសូឡៃម៉ាន់ ដែលធ្លាប់បានធ្វើដំណើរពីយូរមកហើយនៅចេនឡាទឹក នេះ ហើយត្រូវបានបំភ្លឺដោយអត្ថបទបោះពុម្ពផ្សាយដោយឈ្មួញអារ៉ាប់ ម្នាក់ទៀតឈ្មោះអាប៊ូយ៉ៃហាស់សាន់ នៅប្រមាណឆ្នាំ៩២៦ នៃគ្រិស្ដសករាជនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។