ព្រះបទុមរាជាស្រីជ័យជេដ្ឋ ដែលគ្រងរាជ្យចន្លោះឆ្នាំ១៦៧២ និងឆ្នាំ១៦៧៣ បានដណ្ដើមរាជ្យដោយសម្លាប់បិតាក្មេក គឺព្រះអង្គសូ ចោល។ មិនតែប៉ុណ្ណោះទេ ព្រះអង្គបានយកម៉ែក្មេកធ្វើជាព្រះអគ្គមហេសីផង។
ជាបន្តទៅទៀតនេះ លោក ជុន ច័ន្ទបុត្រ សូមរៀបរាប់ជូននូវប្រវត្តិសាស្ត្រខ្មែរក្នុងរាជ្យព្រះបាទអង្គសូ និងព្រះបទុមរាជាស្រីជ័យជេដ្ឋ ដូចតទៅ៖
គ.២១ ព្រះបរមរាជាអង្គសូ (ឆ្នាំ១៦៥៩-ឆ្នាំ១៦៧២)
ក្រោយពីបាននាំទ័ពសម្ព័ន្ធមិត្តយួន របស់ខ្លួន វាយឈ្នះព្រះរាមាធិបតីអង្គច័ន្ទ អ៊ីប្រាហ៊ីម ដែលជាព្រះរៀមជីដូនមួយ ហើយយួន បានចាប់ព្រះអង្គច័ន្ទ ដាក់ទ្រុងដែកនាំយកទៅស្រុកយួន រួចទីបំផុត យួន ដែលជាមិត្តបានក្លាយជាសត្រូវវិញ ហើយត្រូវបានវាយបណ្ដេញទៅស្រុកអស់ទៀត។ ព្រះអង្គសូ ដែលជាបុត្របន្ទាប់របស់ព្រះឧទ័យ បានឡើងគ្រងរាជ្យសម្បត្តិនៅក្រុងឧដុង្គមានជ័យ ដោយមានព្រះនាមក្នុងរាជ្យថា ព្រះបាទសម្ដេចព្រះរាជឱង្ការព្រះបរមរាជាធិរាជរាមាធិបតី។
ព្រះបរមរាជាអង្គសូ នេះ ទ្រង់លើកព្រះអង្គឡីក្សត្រី ជាអនុជរួមព្រះបិតា ធ្វើជាព្រះរាជអគ្គមហេសី ហើយថ្វាយព្រះនាមថា សម្ដេចព្រះភគវតីព្រះចមក្សត្រី។ ព្រះអង្គទ្រង់អភិសេកព្រះឧទ័យសូរ្យវង្សអង្គតន់ ជាព្រះអនុជ ជាសម្ដេចមហាឧបយោរាជ។ ឯកសារខ្លះបាននិយាយថា នៅដើមរជ្ជកាលរបស់ព្រះអង្គ មានការបះបោររបស់ពួកចាមជ្វា នៅខេត្តត្បូងឃ្មុំ។ តែការបះបោរនេះ ត្រូវទ័ពព្រះរាជាលើកទៅវាយខ្ចាត់ខ្ចាយអស់។ មេបះបោររត់ទៅខេត្តសៀមរាប រួចឆ្លងចូលទៅប្រទេសសៀម ដោយមានស្ម័គ្របក្ខពួក ២.២២៤នាក់ទៅជាមួយផង។ ប៉ុន្តែឯកសារមហាបុរសខ្មែរ បានរៀបរាប់ថា នៅក្នុងរាជ្យរបស់ព្រះអង្គមានការបះបោរមួយយ៉ាងធំបានកើតឡើង ដែលដឹកនាំដោយមនុស្សម្នាក់នៅភ្នំជីពិត ក្នុងខេត្តលង្វែក ដែលបានតាំងខ្លួនជាស្ដេចឈ្មោះ បារ៉ែនរាជ ហើយប្រុងវាយដណ្ដើមរាជ្យសម្បត្តិ តែត្រូវព្រះបរមរាជាអង្គសូ បញ្ជាឲ្យលើកទ័ពទៅវាយកម្ចាត់បាន ហើយចាប់បានទាំងខ្លួនបារ៉ែន នោះ យកមកប្រឹក្សាទោសប្រហារជីវិតបង់នៅត្រើយខាងជើងស្ទឹងក្រាំងពន្លៃ ក្នុងខេត្តលង្វែក នោះថែមទៀតផង។
ព្រះបរមរាជាអង្គសូ ទ្រង់សព្វព្រះទ័យលើកព្រះស្រីជ័យជេដ្ឋ ដែលជាបុត្រារបស់ព្រះបរមរាជាអង្គនន់ ជាព្រះរៀមរបស់ព្រះអង្គ ដែលត្រូវធ្វើគត់ដោយព្រះអង្គច័ន្ទ អ៊ីប្រាហ៊ីម ជាមួយនឹងព្រះឧទ័យ បិតាព្រះអង្គនោះ ឲ្យឡើងជាព្រះរាជបុត្រសុណិសា គឺកូនប្រសា ដោយបានផ្សំផ្គុំព្រះរាជបុត្រីព្រះអង្គព្រះនាមព្រះអង្គស្រីធីតា ជាព្រះមហេសីផង។ ប៉ុន្តែមិនយូរប៉ុន្មាន ព្រះស្រីជ័យជេដ្ឋ ដែលត្រូវជាក្មួយផង និងត្រូវជាកូនប្រសាផងនេះ បានបញ្ចុះបញ្ចូលរាស្ត្រជាស្ម័គ្របក្ខពួករបស់ខ្លួនបានមួយចំនួន។ យប់មួយនោះ ព្រះស្រីជ័យជេដ្ឋ បាននាំពួកបរិវារ ១៥០នាក់ដែលមានកាន់អាវុធគ្រប់ដៃ លបលុកធ្វើគត់ព្រះបរមរាជាអង្គសូ ដែលជាឪពុកមាផង និងជាឪពុកក្មេកសុគតទៅ។ ឯព្រះឧទ័យសូរ្យវង្សអង្គតន់ ជាអនុជរបស់ព្រះបរមរាជាអង្គសូ ទ្រង់នាំព្រះអង្គនន់ បុត្រាព្រះអង្គអឹម ដែលចូលខាងព្រះអង្គច័ន្ទ អ៊ីប្រាហ៊ីម ហើយសុគតក្នុងសង្គ្រាមពីលើកមុននោះ ភៀសទៅស្រុកយួន ក្នុងពេលយប់នោះ។
ព្រះបរមរាជាអង្គសូ ទ្រង់ឡើងសោយរាជ្យនៅឆ្នាំ១៦៥៨ ឬឆ្នាំ១៦៥៩ ហើយត្រូវសុគតដោយការលបធ្វើគត់របស់ព្រះស្រីជ័យជេដ្ឋ ជាកូនប្រសានៅឆ្នាំ១៦៧២ នៃគ.ស នៅរាជធានីឧដុង្គ។ ព្រះអដ្ឋិធាតុរបស់ព្រះអង្គ ក៏ត្រូវបានបញ្ចុះនៅចេតិយទន្ទឹមលើភ្នំព្រះរាជទ្រព្យ គឺភ្នំឧដុង្គ នោះដែរ។
គ.២២ ព្រះបទុមរាជាស្រីជ័យជេដ្ឋ (ឆ្នាំ១៦៧២-ឆ្នាំ១៦៧៣)
ក្រោយពីបានលុកធ្វើគត់ព្រះស្ថរ្សោ “គឺបិតាក្មេក” ព្រះបាទបរមរាជាអង្គសូ រួចហើយ ព្រះស្រីជ័យជេដ្ឋ ដែលជាបុត្ររបស់ព្រះអង្គនន់ និងជាចៅព្រះឧទ័យ ក៏ទ្រង់ឡើងគ្រងរាជ្យនៅរាជធានីឧដុង្គមានជ័យ ដោយមានព្រះនាមក្នុងរាជ្យថា ព្រះបាទសម្ដេចព្រះរាជឱង្ការព្រះបទុមរាជាធិរាជបរមបពិត្រ ដែលប្រវត្តិវិទូខ្លះនិយមហៅថា ជ័យជេដ្ឋាទី៣។
ព្រះបទុមរាជាស្រីជ័យជេដ្ឋ នេះ ជាស្ដេចខិលខូចមិនប្រកបដោយសីលធម៌ឡើយ ក្រោយពីធ្វើគត់បិតាក្មេកដណ្ដើមរាជ្យបានហើយ ព្រះអង្គទ្រង់លើកសម្ដេចព្រះភគវតីព្រះចមក្សត្រី ដែលជាអតីតមហេសីរបស់បិតាក្មេកនោះ ឲ្យឡើងជាអគ្គមហេសីស្តាំរបស់ព្រះអង្គទាំងបង្ខំ។ ទ្រង់តែងតាំងព្រះអង្គស្រីធីតា នោះ ជាអគ្គមហេសីឆ្វេង។
សម្ដេចព្រះភគវតីព្រះចមក្សត្រី ដែលត្រូវជាម្តាយមីង ហើយត្រូវព្រះបទុមរាជាស្រីជ័យជេដ្ឋ លើកជាព្រះអគ្គមហេសីស្តាំនេះ ទ្រង់តូចព្រះទ័យណាស់ ក៏ទ្រង់បានលបទាក់ទងគិតគូរជាមួយពួកចាមជ្វា ដែលជារាជការសល់ពីរាជព្រះរាមាធិបតីអង្គច័ន្ទ អ៊ីប្រាហ៊ីម នោះ ឲ្យជួយវាយកម្ចាត់ព្រះបទុមរាជាស្រីជ័យជេដ្ឋ។ ពួកចាមជ្វា បានយល់ព្រមចុះចូលនឹងព្រះនាងជាច្រើននាក់។ ក្រោយមក ព្រះភគវតីព្រះចមក្សត្រី ទ្រង់ក្លែងធ្វើជាអាពាធជាទម្ងន់ ហើយទ្រង់បានសុំឲ្យពួកចាមជ្វា ចូលមកថែជំងឺព្រះនាងក្នុងព្រះបរមរាជវាំង។ ព្រះបទុមរាជាស្រីជ័យជេដ្ឋ មិនយល់ពីកិច្ចកលនេះ ទ្រង់អនុញ្ញាតតាមការស្នើសុំ។ ទីបំផុត ព្រះភគវតី បានបញ្ជាឲ្យពួកចាមជ្វា ទាំងនោះ លបលុកធ្វើគត់ព្រះបទុមរាជាស្រីជ័យជេដ្ឋ សុគតទៅ។ ព្រះរាជាអង្គនេះ ទ្រង់សោយរាជ្យបានតែ ៥ខែប៉ុណ្ណោះ ក៏ទ្រង់សុគតដោយអាវុធនៅក្នុងព្រះរាជវាំងឧដុង្គមានជ័យ ហើយអដ្ឋិធាតុព្រះអង្គក៏ត្រូវបានគេនាំទៅបញ្ចុះនៅចេតិយទន្ទឹមលើភ្នំព្រះរាជទ្រព្យ នោះដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។