ក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនចុះថ្ងៃទី១០ ធ្នូ២០០៩ ដែលចំនឹងខួបទី៦១ នៃសេចក្តីថ្លែងការណ៍ជាសកលអំពីសិទ្ធិមនុស្ស គណបក្សសិទ្ធិមនុស្សបានបញ្ជាក់ថា នៅពេលជិតដល់ការប្រជុំសុំជំនួយពីបរទេស រដ្ឋាភិបាលតែងតែលើកយកច្បាប់នេះច្បាប់នោះមកជន្លម្ចាស់ជំនួយនិងសន្យាគ្រប់យ៉ាង ប៉ុន្តែបន្ទាប់ពីបានទទួលជំនួយហើយ រដ្ឋាភិបាលតែងធ្វើមិនដឹងមិនឮពីបញ្ហាទាំងនោះ។
នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន គណបក្សសិទ្ធិមនុស្សបានស្នើសុំឲ្យប្រទេសផ្តល់ជំនួយតាមដានបញ្ហាមួយចំនួនដូចជា ត្រូវលើកកម្ពស់សិទ្ធិបញ្ចេញមតិ ដោយត្រូវធ្វើវិសោធនកម្មច្បាប់ដែលបានកម្រិតសិទ្ធិអ្នកតំណាងរាស្ត្រ កែប្រែប្រព័ន្ធតុលាការឲ្យមានភាពឯករាជ្យពិតប្រាកដ។ ច្បាប់ប្រឆាំងនឹងអំពើពុករលួយត្រូវឲ្យចេញបានឆាប់បំផុត និងសូមឲ្យមានអានុភាពប្រតិសកម្មផង។ បញ្ឈប់ការដេញប្រជាពលរដ្ឋដោយយកលេសអភិវឌ្ឍន៍បែបក្លែងក្លាយ។ ក្នុងករណីប៉ះពាល់ដល់សម្បត្តិពលរដ្ឋ គឺត្រូវផ្តល់សំណងជូនគាត់ជាមុនឲ្យបានសមរម្យ។ បញ្ឈប់ការរើសអើងប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោមដែលមករស់នៅកម្ពុជា និងគប្បីផ្តល់សិទ្ធិជូនគាត់ឲ្យដូចពលរដ្ឋខ្មែរទូទៅផងដែរ៕
