ក្រុមគោលដៅគ្រួសារមានវិបត្តិ និងគ្រួសារគំរូនៃសហគមន៍ជនជាតិដើមភាគតិចខេត្តរតនគិរី ចំនួន ១០គ្រួសារ ចូលរួមសិក្សាក្នុងវគ្គបណ្តុះបណ្តាលដើម្បីលើកកម្ពស់សមភាពយេនឌ័រក្នុងគ្រួសារ។ វគ្គបណ្ដុះបណ្ដាលដែលរៀបចំដោយអង្គការមិនមែនរដ្ឋាភិបាល ផ្ដោតលើការដឹកនាំគ្រួសារឆ្ពោះទៅសមភាពយេនឌ័រ និងកសាងផែនការគ្រួសារ ឆ្ពោះទៅរកភាពសុខសាន្ត និងស្ថិរភាពក្នុងគ្រួសារ។
ជនជាតិដើមភាគតិចចារ៉ាយ រស់នៅភូមិឡែ ឃុំលុំជ័រ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ៧គ្រួសារ ជាគ្រួសារមានវិបត្តិ និងបីគ្រួសារជាគ្រួសារគំរូទទួលស្គាល់ដូចគ្នាថា ការបញ្ជ្រាបសមភាពយេនឌ័រក្នុងគ្រួសារ គឺជាកត្តាសំខាន់ រួមចំណែកកាត់បន្ថយអំពើហិង្សាក្នុងគ្រួសារ និងរកឃើញនូវបញ្ហា និងដំណោះស្រាយរួមមួយឈានដល់ការធ្វើសេចក្តីសម្រេចចិត្តដ៏ត្រឹមត្រូវ ដែលនាំឲ្យគ្រួសារមានសុភមង្គល។
សមាគមអាដហុក (ADHOC) បានរៀបចំវគ្គបណ្តុះបណ្តាលជំហានទីពីរ កាលពីថ្ងៃទី២០ ដល់ថ្ងៃទី២១ ខែតុលា ស្ដីពីលំនាំឆ្ពោះទៅរកសមភាពយេនឌ័រក្នុងគ្រួសារ ទៅលើគ្រួសារគោលដៅជនជាតិដើមភាគតិចភូមិឡែ និងជាលើកដំបូងក្នុងគោលបំណងដឹកនាំគូស្វាមីភរិយាសហគមន៍ឲ្យតភ្ជាប់បញ្ហារបស់ពួកគាត់ ដែលកំពុងប្រឈមជាមួយបទដ្ឋានយេនឌ័រ និងទំនាក់ទំនងអំណាចដែលមានភាពមិនស្មើគ្នា។
ឋិតក្នុងគ្រួសារមានវិបត្តិជាញឹកញាប់ បុរសជនជាតិចារ៉ាយ ភូមិឡែ លោក សេវ ស្វាន ទទួលស្គាល់ថា ការអប់រំពីសមភាពយេនឌ័ររវាងប្ដី និងប្រពន្ធ បានជួយឲ្យគ្រួសាររបស់លោកដែលធ្លាប់មានវិបត្តិ ពោលគឺកើតមានអំពើហិង្សាជាញឹកញាប់ ដោយសារតែការយល់ខុសរបស់លោកជាប្ដី ត្រូវបានកាត់បន្ថយ។ លើសពីនេះទៀត ភរិយារបស់លោកទទួលបាននូវភាពរីករាយ ខណៈនាងបានទទួលភាពកក់ក្តៅពីប្ដីដែលកែប្រែទម្លាប់មិនល្អចោល ហើយចាប់យកសមភាពការងារជាប្ដីល្អ និងជាមេគ្រួសារល្អ៖ «ឥឡូវខ្ញុំរៀនខ្ញុំកែខ្លះដែរ អាចខ្ញុំកែប្រែបន្តិចបន្តួចដែរ មិនអាចកែប្រែមួយឆ្នាំបន្តិចៗ ខុសច្រើនដែរ ស៊ីផឹកមិនដឹងខ្លួនមកពីស៊ីផឹកស្រវឹង ខឹងប្រពន្ធខឹងប្ដី គ្រួសារពិបាក។ ឥឡូវសោកស្ដាយ យើងចង់ខ្មាសគេ»។
ទម្លាប់របស់សហគមន៍ជនជាតិដើមភាគតិចនៅខេត្តរតនគិរី ពីសម័យមុនៗមក គឺបុរសជាប្ដីក្នុងគ្រួសារ ក្រៅពីចូលព្រៃរកអនុផលព្រៃឈើ ឬកាប់រានព្រៃធ្វើចម្ការ បុរសមិនប្រកាន់យកការងារផ្ទះផ្សេងទៀតជួយដល់ភរិយាឡើយ។ ផ្ទុយទៅវិញ ស្ត្រីជនជាតិដើមភាគតិចជាភរិយា ក្រៅពីមើលថែទាំកូន ផ្ទះសម្បែង និងដាំបាយ នាងមានភារកិច្ចធ្ងន់ធ្ងរមួយចំនួនទៀត ដូចជា ដងទឹក រកឧស ចិញ្ចឹមជ្រូក ឃ្វាលគោក្របី ឬជួយធ្វើចម្ការប្ដី ជាដើម។
ទាក់ទិនបញ្ហាអសមភាពយេនឌ័រក្នុងសង្គមជនជាតិដើមភាគតិចនេះ បុរសជនជាតិចារ៉ាយ ភូមិឡែ មួយរូបទៀត ឋិតក្នុងគ្រួសារគំរូ គឺលោក សេវ ថ្វែក ទទួលស្គាល់ថា សមាជិកសហគមន៍មួយចំនួន ពិតជាបានប្រកាន់ឥរិយាបថមិនស្មើភាពរវាងប្ដីប្រពន្ធនេះច្រើនជំនាន់មកហើយ ក៏ប៉ុន្តែរហូតបច្ចុប្បន្ន ក្រុមគ្រួសារគំរូនៃសហគមន៍ជនជាតិដើមភាគតិច បានប្រែក្លាយទម្លាប់មិនល្អនេះជាបន្តបន្ទាប់ ពោលគឺបុរសៗយល់ដឹងពីសារសំខាន់នៃការជួយគ្នាទៅវិញទៅមករវាងប្ដីប្រពន្ធ ដែលជាមូលហេតុនាំឲ្យគ្រួសារមានជីវភាពល្អ និងទទួលបានសុភមង្គល៖ «យើងចង់បន្តឲ្យអ្នកមិនទាន់យល់ឲ្យគាត់យល់ដែរ។ រកឧសពីមុនសុទ្ធតែស្ត្រីអត់មានបុរសទេ ពុះឧសសុទ្ធស្រីដែរ។ ការងារបុរសធ្វើចម្ការ ហើយរំលំឈើធំៗ លីឈើធំ ការងារបុរសអត់ធ្វើការងារស្ត្រី បុរសអត់ធ្វើដែរ។ ឥឡូវគេផ្លាស់ប្ដូរជួយគ្នាទៅវិញទៅមកហើយ»។

មិនមានឯកសារស្រាវជ្រាវ និងតួលេខជាក់លាក់ស្ដីពីអសមភាពយេនឌ័រក្នុងសហគមន៍ជនជាតិដើមភាគតិចនោះទេ ក៏ប៉ុន្តែព្រឹទ្ធាចារ្យចាស់ទុំ មេកន្ទ្រាញមួយចំនួននៃកុលសម្ព័ន្ធចារ៉ាយខ្លះ កត់សម្គាល់ថា អាជ្ញាធរប្រពៃណីដើរតួនាទីសំខាន់ដោះស្រាយទំនាស់ ដោយសារតែមានភាពមិនស្មើគ្នារវាងប្ដីប្រពន្ធ ធ្វើឲ្យជម្លោះ និងអំពើហិង្សាកើតមានជាញឹកញាប់។
អតីតអាជ្ញាធរប្រពៃណី និងបច្ចុប្បន្នជាប្រធានភូមិឡែ លោក រចំ យែស អាយុ ៥៩ឆ្នាំ កត់សម្គាល់ថា គោលការណ៍ផាកពិន័យបែបប្រពៃណីជនជាតិដើមភាគតិច ត្រូវបានយកមកដោះស្រាយ ខណៈគ្រួសារសហគមន៍ណាកើតមានជម្លោះដោយហិង្សា។ រហូតបច្ចុប្បន្ន យន្តការដោះស្រាយបញ្ហាយេនឌ័រក្នុងក្រុមគ្រួសារ ត្រូវបានធ្វើឡើងតាមរយៈអាជ្ញាធរមូលដ្ឋាន ឬសមត្ថកិច្ចនគរបាល ស្របទៅតាមបទដ្ឋានគតិយុត្តិនាសម័យបច្ចុប្បន្ន។ លោកទទួលស្គាល់ថា តម្រូវការបញ្ជ្រាបយេនឌ័រក្នុងសហគមន៍ជនជាតិដើមភាគតិច គឺជាប្រការចាំបាច់ ដើម្បីបណ្តុះបណ្តាលផ្នត់គំនិតចាស់គំរឹលរបស់ក្រុមបុរសៗ ដែលពឹងអាស្រ័យទំនៀមទម្លាប់ដែលមានប្រៀបទៅលើស្ត្រីៗជាភរិយា៖ «កាលណាវាដើរស៊ីផឹកខារ៉ាអូខេ ប្រុសៗរាល់ថ្ងៃណា! ប្រុសខ្លះវាដើរលេងល្បែងស្រីញីស្រីៗ វាខឹងមួយចំនួនតូច វាប្រើអំពើហិង្សា»។
យ៉ាងណាក៏ដោយ អនុប្រធានផ្នែកស្ត្រី និងកុមារនៃសមាគមអាដហុក (ADHOC) លោក លី ហេង ថ្លែងបញ្ជាក់ថា គម្រោងបណ្តុះបណ្តាលនេះមានគោលបំណងលើកស្ទួយជីវភាពរស់នៅ និងភាពសុខសាន្តមានសុភមង្គលរបស់ប្រជាពលរដ្ឋ។ លោកថា គម្រោងនេះនឹងបន្តឃ្លាំមើលការអនុវត្តជាក់ស្តែងរបស់ក្រុមអ្នកចូលរួម ដើម្បីវាយតម្លៃលទ្ធផលដែលនឹងទទួលបានពីការអប់រំនេះ៖ «ជំហានរបស់យើង គឺយើងឲ្យគាត់យកពេលអនាគតឲ្យគាត់ចាប់ផ្ដើមអនុវត្ត តើគាត់ធ្វើអ្វីបាន ហើយយើងតាមដានគាត់។ ដល់ចប់បួនជំហានហ្នឹងហើយ យើងនៅមើលគាត់ទៀត ឲ្យគាត់រឹងដៃជើង គាត់យល់ខ្លួនគាត់ទៅដោយរលូនខ្លួនគាត់»។
លំនាំឈ្មោះទៅរកសមភាពយេនឌ័រ ត្រូវបានរៀបចំឡើងជាបួនជំហានសម្រាប់ប្រជាពលរដ្ឋគោលដៅដប់ៗគ្រួសារនៅខេត្តរតនគិរី ខេត្តកំពង់ចាម ខេត្តសៀមរាប ខេត្តកំពង់ស្ពឺ និងខេត្តប៉ៃលិនរួមមាន ការកសាងសមត្ថភាពអ្នកចូលរួមលើទស្សនវិស័យយេនឌ័រ តាមរយៈការធ្វើសិក្ខាសាលា ការរៀបចំប្រជុំប្រចាំខែជាមួយអ្នកចូលរួម ដើម្បីជជែកពិភាក្សាពីបញ្ហាចម្បងផ្សេងៗ ដែលពួកគេប្រឈមនៅកម្រិតគ្រួសារ ការណែនាំដល់គូស្វាមីភរិយា ក្នុងការរៀបចំលំនាំឆ្ពោះទៅរកសមភាពយេនឌ័រក្នុងគ្រួសារ និងការណែនាំគូស្វាមីភរិយា ក្នុងការអភិវឌ្ឍផែនការសកម្មភាពរបស់ពួកគេ និងការរៀបចំតាមដានពិនិត្យមើលការរីកចម្រើន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
