មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សអះអាងថា មាននារីខ្មែរប្រមាណ ១០នាក់ បន្ថែមទៀត កំពុងរងគ្រោះចាញ់បោកមេខ្យល់នាំទៅរៀបការ ឬធ្វើការនៅប្រទេសចិន។ ក្រុមគ្រួសារនារីទាំងនោះបានស្វែងរកកិច្ចសង្គ្រោះកូនខ្លះពីការចាប់បង្ខាំងវាយធ្វើបាប ខ្លះទៀតបង្ខំឲ្យធ្វើការហួសកំណត់ មិនបើកប្រាក់ខែ និងបង្ខំរួមភេទពីសំណាក់ថៅកែ។
មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សសមាគមអាដហុក (Adhco) នៅថ្ងៃអាទិត្យ ទី២៣ ខែកុម្ភៈ អំពាវនាវឲ្យមន្ត្រីស្ថាប័នពាក់ព័ន្ធនៃប្រទេសកម្ពុជា ស៊ើបអង្កេតជាបន្ទាន់ពីករណីនារីខ្មែរប្រមាណ ១០នាក់ ដែលកំពុងត្រូវរំលោភសិទ្ធិពីសំណាក់ថៅកែនៅប្រទេសចិន។
មន្ត្រីសម្របសម្រួលសមាគមអាដហុក ខេត្តរតនគិរី លោក ឆាយ ធី មានប្រសាសន៍បញ្ជាក់ថា លោកបានទទួលទូរស័ព្ទផ្ទាល់ពីនារីខ្មែរម្នាក់ពីប្រទេសចិន ដែលអះអាងថា មាននារីខ្មែរជាមិត្តភ័ក្ដិនាងកំពុងស្វែងរកលទ្ធភាពវិលមកស្រុកកំណើតវិញ។
លោកបន្តថា ក្រុមគ្រួសារនារីខ្មែរចំនួនបីនាក់នៅខេត្តតាកែវ និងម្នាក់នៅខេត្តរតនគិរី បានអះអាងថា កូនគាត់ត្រូវគេបោកប្រាស់ទៅរៀបការជាមួយបុរសចិន បន្ទាប់មកពួកនាងត្រូវបានគេប្រើប្រាស់ជាទាសករក្នុងផ្ទះ៖ «អ្វីដែលគ្នាគាត់មានទូរស័ព្ទទាក់ទងយើងទទួលបានបីនាក់នៅខេត្តតាកែវ។ បីនាក់ហ្នឹងយើងឲ្យឪពុកម្ដាយដាក់ពាក្យប្ដឹងដោយផ្ទាល់ដើម្បីយើងបញ្ជាក់ទៅក្រសួងការបរទេសថា មានអ្នកប្ដឹងទាមទារកូនមកវិញ»។
កាលពីដើមសប្ដាហ៍ ស្ត្រីឈ្មោះ ស៊ីម ឈុនអេង រស់នៅខេត្តរតនគិរី បានដាក់ពាក្យប្ដឹងមេខ្យល់ចំនួនពីរនាក់ថា បានបោកប្រាស់កូនរបស់គាត់ទៅរៀបការជាមួយបុរសចិន ប្រមាណ ៦ខែកន្លងទៅ ក៏ប៉ុន្តែកាលពីដើមខែកុម្ភៈ កូនស្រីគាត់បានទូរស័ព្ទប្រាប់ថា នាងត្រូវបុរសចិន បង្ខាំងឲ្យធ្វើការច្រើនម៉ោង និងបង្ខំរួមភេទ ទោះបីនាងមានជំងឺក្តី។
នារីខ្មែរបីនាក់រស់នៅខេត្តតាកែវ មានឈ្មោះ ចន ស្រីអូន អាយុ ២៥ឆ្នាំ ចន សុខុម អាយុ ២៣ឆ្នាំ ជី រំដួល អាយុ ២២ឆ្នាំ និងនៅខេត្តរតនគិរី មានឈ្មោះ សៀង ឡៃហ៊ុន ១៨ឆ្នាំ ឈ្មោះ ឈាន់ ណាវី អាយុ ២៥ឆ្នាំ។
ស្ត្រីជាម្ដាយនារីខ្មែរពីរនាក់រស់នៅខេត្តតាកែវ អ្នកស្រី សែន ហៀង រៀបរាប់ថា គាត់មិនស្គាល់អាសយដ្ឋានស្នាក់នៅរបស់កូននៅប្រទេសចិនទេ ក៏ប៉ុន្តែកូនស្រីគាត់បានទូរស័ព្ទ (+8613058671916/+8613665792247) បញ្ជាក់ពីរឿងរ៉ាវអាក្រក់បានកើតមានចំពោះនាង។
អ្នកស្រីអំពាវនាវសុំឲ្យអាជ្ញាធរប្រទេសកម្ពុជា ជួយសង្គ្រោះកូនគាត់ទាំងពីរឲ្យបានវិលមកជួបជុំក្រុមគ្រួសារវិញ៖ «វាបានទៅប្ដឹងប៉ូលិសគេម្ដង គេបង្រួមបង្រួមឲ្យចូលផ្ទះវិញ។ វាថាប៉ូលិសចិនហ្នឹងប្រាប់វាថា ទៅធ្វើការ ហើយដល់ទៅគេឲ្យទៅយកប្តី។ មិនដឹងជាវានៅកន្លែងណា ប៉ុន្តែដឹងថា វាជិះពីព្រលានខ្មែរទៅម៉ោង ១២ ដល់ផ្ទះគេហ្នឹងម៉ោង ១០យប់»។
ចំណែកបុរសជាឪពុកនារីខ្មែរម្នាក់ទៀត រស់នៅខេត្តតាកែវ លោក ម៉ក់ ដុប អះអាងដូចគ្នាថា កូនស្រីគាត់ទូរស័ព្ទ (+8618757431379) ប្រាប់ដែរថា បានរងការធ្វើបាបរំលោភសិទ្ធិពីថៅកែដូចគ្នា។
លោកអះអាងថា កូនស្រីគាត់ចាញ់បោកគេទៅរៀបការជាមួយបុរសចិន៖ «ខ្ញុំទូរស័ព្ទទៅពីម្សិលមិញកូនខ្ញុំវាថានាំគ្នារត់ដែរ ចុះចេញពីផ្ទះហើយឪអើយខ្ញុំមកនេះខ្ញុំផុងខ្លួន ហើយគ្មានសិទ្ធិសេរីភាពក្នុងខ្លួនទេ ទៅដូចគេឃុំទុកអ៊ីចឹងមិនដែលឲ្យចាយមួយរយពីររយទេ»។
ទាក់ទិនសេចក្ដីរាយការណ៍នេះ ប្រធានផ្នែកស្ត្រីនៃសមាគមការពារសិទ្ធិមនុស្សអាដហុក លោកស្រី ចាន់ ចំរ៉ុង មានប្រសាសន៍បញ្ជាក់ករណីនារីនៅខេត្តរតនគិរី សមាគមនឹងរៀបចំឯកសារជូនទៅក្រសួងការបរទេស និងក្រសួងមហាផ្ទៃ ជួយអន្តរាគមន៍។
លោកស្រីអំពាវនាវឲ្យក្រុមគ្រួសារនារីខ្មែរដែលមានបញ្ហាទាក់ទងការជួញដូរខុសច្បាប់នេះ ដាក់ពាក្យបណ្ដឹងមកសមាគមដើម្បីជួយអន្តរាគមន៍ស្វែងរកនារីខ្មែរមកវិញ៖ «ថ្ងៃសុក្រហ្នឹងយើងដាក់ទៅអត់ទាន់ ប៉ុន្តែថ្ងៃច័ន្ទនឹងបញ្ជូនទៅហើយ ប៉ុន្តែខាងក្រសួងគេបានទាក់ទងមកសួរនាំហើយ គេបានដឹងពីព័ត៌មានហ្នឹងហើយ»។
របាយការណ៍អង្កេតរបស់សមាគមអាដហុក ឲ្យដឹងថា ចាប់ពីដើមឆ្នាំ២០១៤ មកទល់បច្ចុប្បន្ន សមាគមបានរកឃើញករណីជួញដូរនារីខ្មែរទៅប្រទេសចិន ប្រមាណ ៥ករណី។ កាលពីឆ្នាំ២០១៣ សមាគមនេះបានរកឃើញពីករណីជួញដូរផ្លូវភេទ និងជួញដូរពលកម្ម រួមទាំងការរំលោភសិទ្ធិពលករចំណាកស្រុកទូទាំងប្រទេសមានចំនួន ២១១ករណី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
