ជនភៀសខ្លួនម៉ុងតាញ៉ាវៀតណាមទាំង ១៣នាក់ ក្នុងនោះមានស្រ្តីម្នាក់ផង ត្រូវបានមន្ត្រីអង្គការសិទ្ធិមនុស្សសហប្រជាជាតិនៅកម្ពុជា និងនគរបាលក្រសួងមហាផ្ទៃ ដឹកពីខេត្តរតនគិរី មកដល់រាជធានីភ្នំពេញ កាលពីម៉ោង ៦ ល្ងាចថ្ងៃទី២១ ធ្នូ តាមការគ្រោងទុក។
ជនភៀសខ្លួនទាំងនោះ ដែលទើបសង្គ្រោះចេញពីទីលាក់ខ្លួនក្នុងព្រៃកាលពីថ្ងៃសៅរ៍ ត្រូវបានគេដឹកតាមរថយន្ត ហ្វត (FORD) ដែលនាំមុខដោយរថយន្តនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍មួយគ្រឿង និងអមពីក្រោយដោយរថយន្តរបស់ការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សកម្ពុជា ដឹកចូលអគ្គនាយកដ្ឋានអន្តោប្រវេសន៍។
មន្ត្រីសម្របសម្រួលអង្គការអាដហុក (ADHOC) ខេត្តរតនគិរី លោក ឆាយ ធី ឱ្យដឹងថា ការបញ្ជូនជនភៀសខ្លួនម៉ុងតាញ៉ាទាំងនោះ ចេញពីខេត្តរតនគិរី គឺសហការគ្នារវាងអង្គការសិទ្ធិមនុស្សសហប្រជាជាតិ និងនគរបាលក្រសួងមហាផ្ទៃ កាលពីថ្ងៃអាទិត្យ ម្សិលមិញនេះ៖ «ជនភៀសខ្លួនជួបជុំជាមួយអង្គការសិទ្ធិមនុស្សសហប្រជាជាតិនៅកម្ពុជា និងខាងមន្ត្រីក្រសួងមហាផ្ទៃ និងធ្វើដំណើរចាកចេញពីខេត្តរតនគិរី តាំងពីម៉ោង ៨ ព្រឹកមិញ ហើយក្នុងនោះក៏មានឡានស៊ីរ៉ែននាំមុខរបស់ក្រសួងមហាផ្ទៃ ឆ្ពោះទៅកាន់ភ្នំពេញតែម្ដង។ គម្រោងរបស់យូ.អិន ទៅពីនេះទៅការិយាល័យរបស់ប៉ូលិសសិន ក៏ប៉ុន្តែការទទួលជនភៀសខ្លួន ការគ្រប់គ្រង និងការទទួលខុសត្រូវ គឺខាងអង្គការសហប្រជាជាតិ»។
ប្រភពព័ត៌មានដែលសុំលាក់អត្តសញ្ញាណឱ្យដឹងថា ជនភៀសខ្លួនទាំង ១៣នាក់ ឥឡូវនេះ ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ឧត្ដមស្នងការអង្គការសិទ្ធិមនុស្សសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន និងនគរបាលនាយកដ្ឋានជនភៀសខ្លួន នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅរាជធានីភ្នំពេញ។ អ្នកកាសែតមិនត្រូវបានអនុញ្ញាតឱ្យចូលឃើញផ្ទាល់ទេ គឺបានត្រឹមតែថតក្បួនរថយន្តដែលចូល និងចេញពីអគ្គនាយកដ្ឋានអន្តោប្រវេសន៍នៅរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី២១ ធ្នូ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។