ក្រសួងការបរទេសឲ្យដឹងថា ក្រសួងបានអន្តរាគមន៍ជួយសង្គ្រោះពលករខ្មែរទៅធ្វើការខុសច្បាប់នៅប្រទេសម៉ាឡេស៊ី ចំនួន ២៣នាក់ ហើយត្រូវអាជ្ញាធរម៉ាឡេស៊ី ចាប់ខ្លួនកាលពីដើមខែសីហា កន្លងទៅ។ ពលករទាំង ២៣នាក់ នឹងត្រូវបានបញ្ជូនត្រឡប់មកស្រុកកំណើតវិញ នៅថ្ងៃរសៀល ថ្ងៃទី៧ ខែកញ្ញា ខាងមុខ។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកាលពីថ្ងៃទី១ ប៉ុន្តែត្រូវបានផ្សព្វផ្សាយនៅថ្ងៃទី៥ ខែកញ្ញា ឲ្យដឹងថា មូលហេតុដែលសមត្ថកិច្ចម៉ាឡេស៊ី ចាប់ខ្លួនក្រុមពលករខ្មែរ ព្រោះពួកគេធ្វើការខុសច្បាប់ និងស្នាក់នៅហួសពេលកំណត់។ ក្នុងចំណោមពលករទាំង ២៣នាក់នោះ មានស្ត្រី ៣នាក់។
ក្រោយមានសំណូមពរពីស្ថានទូតខ្មែរ អាជ្ញាធរម៉ាឡេស៊ី បានយល់ព្រមដោះលែងមិនបញ្ជូនពលករទាំងនោះទៅតុលាការទេ។ សេចក្ដីប្រកាសព័ត៌មានដដែលឲ្យដឹងដែរថា ក្រោយមានការទាមទាររបស់ស្ថានទូតខ្មែរ ថៅកែម៉ាឡេស៊ី បានយល់ព្រមចេញថ្លៃសំបុត្រយន្តហោះជូនពលរដ្ឋទាំងនោះ។
ករណីស្រដៀងគ្នានេះដែរ ក្រសួងការបរទេសឲ្យដឹងដែរថា ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសចិន បានសហការជាមួយប៉ូលិសក្រុងលីពីង (Leping) ខេត្តជាំងស៊ី (Jiangxi) និងអង្គការអន្តរជាតិទេសន្តរប្រវេសក៍ (IOM) អន្តរាគមន៍ជួយសង្គ្រោះស្ត្រីខ្មែរ ៣នាក់ ដែលត្រូវបានមេខ្យល់បោកបញ្ឆោតយកទៅរៀបការប្ដីនៅប្រទេសចិន ដែលអ្នកទាំងបីរូប បានមកដល់ប្រទេសកម្ពុជា វិញហើយ កាលពីថ្ងៃទី២ ខែកញ្ញា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
