ក្រសួងការបរទេសបានណែនាំឲ្យឯកអគ្គរាជទូត និងអគ្គកុងស៊ុលកម្ពុជា ប្រចាំនៅប្រទេសថៃ រកមេធាវីដើម្បីការពារអាជីវករ ២រូប ដែលកំពុងជាប់ពន្ធនាគារនៅប្រទេសថៃ បន្ទាប់ពីមានបញ្ជាពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ អ្នកទាំង២ ត្រូវសមត្ថកិច្ចចាប់ខ្លួន និងចោទប្រកាន់ថា ប្រើអំពើហិង្សានៅពេលក្រុមស៊ើបអង្កេតថៃ ចុះពិនិត្យកម្មសិទ្ធិបញ្ញាលើទំនិញនៅផ្សាររ៉ុងក្លឿ ខេត្តស្រះកែវ ប្រទេសថៃ។
មន្ត្រីស្ថានទូតកម្ពុជា ប្រចាំទីក្រុងបាងកក បានអះអាងថា ស្ថានទូតកម្ពុជា បានសម្រេចប្ដឹងឧទ្ធរណ៍ជំទាស់សាលក្រមសាលាដំបូងទីក្រុងបាងកក ប្រទេសថៃ ដែលបានផ្ដន្ទាទោសពលរដ្ឋខ្មែរ ២រូបឲ្យជាប់ពន្ធនាគារ ៣ខែ។
ទីប្រឹក្សាទទួលបន្ទុកពលករនៃស្ថានទូតព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសថៃ លោក ជៀម ឡាម៉ាទីន មានប្រសាសន៍ថា ស្ថានទូតកម្ពុជា បានសម្រេចប្ដឹងឧទ្ធរណ៍ជំទាស់សាលក្រមសាលាដំបូងទីក្រុងបាងកក ប្រទេសថៃ ដែលបានសម្រេចផ្ដន្ទាទោសពលរដ្ឋខ្មែរ ២រូប ឲ្យជាប់ពន្ធនាគារ ៣ខែ ពាក់ព័ន្ធនឹងហិង្សានៅផ្សាររ៉ុងក្លឿ។ ការរៀបចំប្ដឹងជំទាស់នេះ ដើម្បីផ្ដល់នូវភាពយុត្តិធម៌ដល់ពលរដ្ឋខ្មែរដែលកំពុងរងនូវការចោទប្រកាន់៖ «យើងប្រគល់ភារៈឲ្យលោកអគ្គកុងស៊ុលយើងនៅស្រះកែវ ដើម្បីរកមេធាវីប្ដឹងឧទ្ធរណ៍»។
ការអះអាងនេះបន្ទាប់ពីព្រឹត្តិការណ៍ កាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៦ មានការប៉ះទង្គិចគ្នារវាងក្រុមអាជីវករខ្មែរនៅផ្សាររ៉ុងក្លឿ ខេត្តស្រះកែវ ប្រទេសថៃ ជាមួយក្រុមស៊ើបអង្កេតពិសេសថៃ មកពីទីក្រុងបាងកក ដែលចុះមកត្រួតពិនិត្យកម្មសិទ្ធិបញ្ញាលើទំនិញនៅផ្សារនេះ។
ទាក់ទងនឹងបញ្ហានេះ អ្នកសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ប្រចាំខេត្តបន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា មានប្រសាសន៍ថា បានស្នើឲ្យរដ្ឋាភិបាលគួរតែផ្ដល់មេធាវីជាជនជាតិខ្មែរដើម្បីការពារដល់ពលរដ្ឋខ្មែរទាំងពីរនាក់ ដោយសារវីដេអូភស្តុតាងដែលដាក់បន្ទុកលើអ្នកទាំងពីរមិនអាចយកជាការបាន។ ការដែលលោកស្នើដូច្នេះ ពីព្រោះករណីសម្លាប់ខ្មែរ ការធ្វើទុក្ខបុកម្នេញលើស្ត្រីខ្មែរកន្លងមក ជនរងគ្រោះជាពលរដ្ឋខ្មែរមិនដែលទទួលបានពន្លឺយុត្តិធម៌ និងពុំមានការស៊ើបអង្កេតច្បាស់លាស់នោះទេ។
លោកថា សំណុំរឿងនេះនឹងទទួលបានលទ្ធផលដូចគ្នាបើសិនជាបន្តផ្ដល់មេធាវីថៃឲ្យការពារពួកគេ៖ «ខាងមេធាវីខ្មែរយើងគួរតែរៀបចំដាក់ដែរ ដើម្បីស្វែងរកភស្តុតាងផ្សេងៗ នៅក្នុងទឹកដីថៃ ធ្វើការបើកការស៊ើបអង្កេតឲ្យបានគ្រប់គ្រាន់ គឺជាការប្រសើរ។ យើងអត់មានជំនឿលើភាគីរបស់ថៃ ទេ ព្រោះកន្លងមកមេធាវីហ្នឹងធ្វើការមិនពេញដៃមិនពេញជើង»។
ឆ្លើយតបការស្នើនេះ មន្ត្រីស្ថានទូតដដែលបានយល់ស្របចំពោះការស្នើនេះ៖ «យើងអាចមានមេធាវីថៃ ឬមេធាវីខ្មែរបន្ថែមទៀតយើងកំពុងពិចារណា ធ្វើម៉េចធានាឲ្យបានមានការកាត់ក្ដីឲ្យបានយុត្តិធម៌ណាស់»។
ក្រសួងការបរទេសចេញសេចក្ដីថ្លែងការណ៍មួយនៅថ្ងៃទី៥ កុម្ភៈ ថា បន្ទាប់ពីបានទទួលការណែនាំពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យការពារពលរដ្ឋខ្មែរពីររូប លោក ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេស ក៏បានណែនាំបន្ទាន់ភ្លាមឲ្យឯកអគ្គរាជទូត និងអគ្គកុងស៊ុលកម្ពុជា នៅប្រទេសថៃ រកមេធាវីដើម្បីការពារពលរដ្ឋខ្មែរ ដូចអ្វីដែលធ្លាប់បានធ្វើកន្លងមក។
សេចក្ដីប្រកាសបង្ហាញថា នៅពេលមានការប៉ះទង្គិចរវាងអាជីវករខ្មែរនៅផ្សាររ៉ុងក្លឿ ជាមួយនគរបាលថៃនោះ បានកើតមានការវាយតប់ និងគប់ដុំថ្មទៅលើនគរបាលថៃ នាំឲ្យខូចខាតរថយន្តនគរបាលចំនួន ២គ្រឿង ហើយនគរបាលថៃ បានចាប់អាជីវករខ្មែរទាំងពីរនាក់ ដែលគេថតរូបភាពបានក្នុងវីដេអូរបស់នគរបាល។
កាលពីថ្ងៃទី៤ កុម្ភៈ តុលាការថៃ បានកាត់ទោសអាជីវករខ្មែរទាំង ២នាក់ឲ្យជាប់ពន្ធនាគារ ៣ខែ។ ក្រសួងការបរទេសឲ្យដឹងថា នគរបាលថៃ បានជម្រាបស្ថានទូត និងស្ថានអគ្គកុងស៊ុលខ្មែរនៅខេត្តស្រះកែវ ថាគេមានរូបភាពអ្នកផ្សេងទៀត ដែលបានវាយប្រហារលើនគរបាលថៃ ដែលគេកំពុងតែស្រាវជ្រាវដោយផ្អែកលើរូបភាពវីដេអូរបស់គេ។
ទាក់ទងនឹងស្ថានភាពនៅផ្សាររ៉ុងក្លឿ នេះដែរ អាជីវករបានត្អូញត្អែរថា អ្នកគ្រប់គ្រងផ្សារ អាជ្ញាធរនិងតម្រួតថៃ បានឃុបឃិតប្រព្រឹត្តអំពើពុករលួយដោយបានប្រមូលប្រាក់ពីអាជីវករជារៀងរាល់ខែដើម្បីបិទបាំងការលក់ដូរទំនិញខុសច្បាប់នៅលើផ្សារនេះ។ អាជីវករដដែលបញ្ជាក់ថា អាជ្ញាធរនៅថ្ងៃទី៥ កុម្ភៈ បានចុះហាមប្រាមពួកគេអាជីវករនៅក្នុងផ្សារកុំឲ្យរាយការណ៍ពីបញ្ហានេះទៅប្រព័ន្ធផ្សព្វផ្សាយ។ ក្នុងពេលបច្ចុប្បន្នមានពលរដ្ឋខ្មែរកំពុងលក់ដូរទំនិញនៅផ្សាររ៉ុងក្លឿ ប្រមាណ ៩០% ឬមានរាប់ពាន់តូប។ បន្ទាប់ពីមានបាតុភាពចាប់ខ្លួនពលរដ្ឋខ្មែរ ២នាក់ នៅផ្សារនេះមក មានសេចក្ដីរាយការណ៍ថា ផ្សារកំពុងមានភាពស្ងាត់ជ្រងំ និងមិនសូវមានអតិថិជនចូលនោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
