អាជ្ញាធរប៉ូលិសស្រុកពារាំង ខេត្តព្រៃវែង នៅថ្ងៃទី២៩ ខែសីហា ចាប់ឃុំខ្លួនជនសង្ស័យ ២នាក់ ពាក់ព័ន្ធនឹងការធ្វើទារុណកម្មក្មេងប្រុសអាយុក្រោមអាយុ ១៥ឆ្នាំម្នាក់។ ក្មេងប្រុសរូបនោះ ត្រូវជនសង្ស័យធ្វើទារុណកម្ម បន្ទាប់ពីត្រូវចាប់បានក្នុងពេលលួចបេះផ្លែដូងចំនួន ៤ផ្លែ កាលពីថ្ងៃទី២៨ សីហា។
អធិការនគរបាលស្រុកបញ្ជាក់ថា ការចាប់ជនសង្ស័យ ធ្វើឡើងបន្ទាប់ពីទទួលព័ត៌មានពីការធ្វើទារុណកម្ម ដែលត្រូវគេចែកចាយតាមបណ្ដាញសង្គមហ្វេសប៊ុក (Facebook)។
អាជ្ញាធរប៉ូលិស កំពុងកសាងសំណុំរឿងបញ្ជូនជនសង្ស័យទាំង ២នាក់ ទៅតុលាការខេត្តព្រៃវែង បន្តទៀត ដើម្បីចាត់វិធានការតាមច្បាប់ ចំពោះអំពើទារុណកម្មដែលពួកគេបានប្រព្រឹត្ត។
អធិការនគរបាលស្រុកពារាំង លោក អ៊ុំ វណ្ណថា មានប្រសាសន៍ថា កម្លាំងអាជ្ញាធរប៉ូលិស សហការជាមួយមន្ត្រីកងរាជអាវុធហត្ថស្រុក ឃាត់ខ្លួនជនសង្ស័យទាំង ២នាក់ នៅផ្ទះរបស់ពួកគេ ស្ថិតនៅឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង។ អ្នកទាំង ២នាក់មានឈ្មោះ លោក ហេង ដាណេ អាយុ ៣៥ឆ្នាំ និងលោក ហេង វណ្ណី អាយុ ២៨ឆ្នាំ។ អ្នកទាំងពីរជាបងប្អូនបង្កើត។
លោក អ៊ុំ វណ្ណថា បញ្ជាក់ថា ហេតុដែលចាប់ខ្លួនជនសង្ស័យនេះ បន្ទាប់ពីឃើញរូបភាពការធ្វើទារុណកម្មក្មេងត្រូវគេចែកចាយតាមអ៊ីនធឺណិត (internet) គឺក្នុងបណ្ដាញសង្គមហ្វេសប៊ុក។ រូបភាពនោះបង្ហាញក្មេងប្រុសម្នាក់ ដែលត្រូវចោទថាលួចបេះផ្លែដូងចំនួន ៤ផ្លែ ត្រូវគេចាប់សង្កត់ក្បាលជ្រមុជក្នុងទឹកពាង៖ «ការធ្វើទារុណកម្មនេះ គឺក្មេងហ្នឹងវាឡើងទៅលួចបេះដូងបាន ៤ផ្លែ។ ដល់អ៊ីចឹងទៅ អ្នកទាំង ២នាក់ទៅទាន់ គឺវាអាបងអ្នកចាប់ធ្វើសកម្មភាព អាប្អូនអ្នកថតសកម្មភាព ចាប់សួរទៅវាថាបានធ្វើអ៊ីចឹងមែន»។
លោកបន្តថា ក្មេងដែលជនសង្ស័យធ្វើទារុណកម្មនោះអាយុ ១៤ឆ្នាំ មានទីលំនៅក្នុងឃុំជាមួយជនសង្ស័យ។
ទាក់ទងនឹងបញ្ហានេះ កុមារាថ្លែងថា ហេតុដែលខ្លួនទៅបេះផ្លែដូង ដោយសារក្រពះស្រែកឃ្លានទ្រាំមិនបាន គ្មានប្រាក់ទិញនំចំណី តែត្រូវម្ចាស់មកទាន់។ ក្មេងប្រុសនោះនិយាយថា ពេលម្ចាស់ដូងមកដល់ បានចាប់ចងរូបគេក្រពាត់ដៃទាំង២ទៅក្រោយ ដោយខ្សែស្រទបចេក រួចជ្រមុជក្បាលក្នុងទឹកពាងចំនួន ២ដង ដោយក្នុងមួយលើកមានរយៈពេលប្រមាណ ១នាទី។ ក្មេងប្រុសដដែលបន្តថា ពេលនោះក្បាលនៅក្នុងទឹកស្ទើរដាច់ដង្ហើម ដៃជាប់ចំណងរើមិនរួច ស្រែកមិនចេញឡើយ៖ «ចងដៃដាក់ខាងក្រោយ យកខ្ញុំទៅកន្លែងពាង គេជ្រលក់ខ្ញុំក្នុងទឹក ចាប់ក្បាលហើយក្របួចសក់សង្កត់។ ឈ្លក់ទឹកចូលច្រមុះរើមិនរួចអីណា បើចងដៃបាត់ហើយ រើរួចអីទៀត ខ្ញុំថាបានហើយៗ គេនៅតែជ្រមុជហ្នឹង»។
មន្ត្រីសម្របសម្រួលផ្នែកស៊ើបអង្កេតអង្គការលីកាដូ (Licadho) លោក អំ សំអាត មានប្រសាសន៍បញ្ជាក់ថា ការធ្វើទារុណកម្មក្នុងរូបភាពណាក៏ដោយ ជាអំពើខុសច្បាប់។ លោកចាត់ទុកការធ្វើទារុណកម្មលើរូបរាងកាយក្មេង ថាជារឿងអមនុស្សធម៌ធ្ងន់ធ្ងរ៖ «ពីព្រោះប្រទេសយើងជាប្រទេសមានច្បាប់ យើងត្រូវអនុវត្តច្បាប់ កាលណាយើងធ្វើដូច្នេះ យើងបំពានច្បាប់ យើងត្រូវទទួលទោស។ បើលើ ១៤ឆ្នាំ អាចធ្វើការឃុំខ្លួនបាន ប៉ុន្តែរយៈពេលនៃការកាត់ទោសរវាងមនុស្សចាស់ហ្នឹង អឺ! ក្មេងគេហៅថាពាក់កណ្ដាល គេគិតទៅណាស់។ ចន្លោះឧទាហរណ៍ បើមនុស្សចាស់អាច ៦ខែទៅ ២ឆ្នាំ ក្មេងវាអាច ៣ខែទៅ ១ឆ្នាំ វាថយពាក់កណ្ដាលអ៊ីចឹង»។
លោកបន្តថា ករណីអំពើទារុណកម្មលើកុមារ ជនសង្ស័យអាចទទួលទោសពី ៧ ទៅ ១៥ឆ្នាំ ទៅ ៣០ឆ្នាំ ឬទទួលទោសអស់មួយជីវិត ទៅតាមកម្រិតនៃការធ្វើទារុណកម្ម។
ទាក់ទងនឹងបញ្ហានេះដែរ នៅថ្ងៃទី៣០ សីហា កុមារដែលធ្វើទារុណកម្មនោះ នឹងធ្វើដំណើរទៅសាលាអន្តរជាតិ ហ្វ្រេតហ្វត (Fredfort) នៅរាជធានីភ្នំពេញ ដើម្បីទទួលឧបត្ថម្ភការសិក្សា ហើយសាលានេះសន្យាថានឹងផ្ដល់អាហារូបករណ៍ឲ្យរៀនរហូតដល់ចប់បរិញ្ញាបត្រ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។