អ្នក​បឹង​កក់​៦​​នាក់របួស​ធ្ងន់​​​​ពេល​ប៉ះ​ទង្គិច​ជាមួយ​សមត្ថកិច្ច

អ្នក​ភូមិ​បឹង​កក់​មួយ​ចំនួន​រង​របួស​ធ្ងន់ ខណៈ​មាន​ការ​ប៉ះទង្គិច​គ្នា​ជាមួយ​ក្រុម​សមត្ថកិច្ច​ចម្រុះ​ក្នុង​ពេល​នាំ​គ្នា​ទៅ​តវ៉ា​នៅ​មុខ​ផ្ទះលោក​​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែ​មីនា។

0:00 / 0:00

អាជ្ញាធរ​មាន​សមត្ថកិច្ច និង​សន្តិសុខ​សាលា​ខណ្ឌ​ដូនពេញ បាន​រារាំង​អ្នក​ភូមិ​បឹងកក់ មិន​ឲ្យ​ទៅ​ជិត​ផ្ទះ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បណ្ដាល​ឲ្យ​មាន​ការ​វាយ​តប់​រុញ​ច្រាន​គ្នា ធ្វើ​ឲ្យ​អ្នក​ភូមិ ៦​នាក់​រង​របួស​ធ្ងន់ និង​សន្តិសុខ ២​នាក់​ផ្សេង​ទៀត​រង​របួស​ស្រាល។

អ្នក​ភូមិ​បឹងកក់​ដែល​រង​របួស​នោះ រួម​មាន អ្នកស្រី ង៉ែត ឃុន របួស​គ្រាំ​ក្នុង និង​ដៃ​ស្តាំ របួស​ជាំ​ជិត ១០​កន្លែង អ្នកស្រី សែម ទូច ហើម​ជើង​ម្ខាង​ដើរ​មិន​រួច លោក លួស សាខន ប្តី​អ្នកស្រី យ៉ោម បុប្ឆា បាក់​ធ្មេញ​មុខ​ចំនួន ៣ ជង្គង់​និង​មេជើង​ទាំង​សង​ខាង​បែក​ដើរ​មិន​រួច អ្នកស្រី ញ៉ក់ សុផាត បាក់​ឆ្អឹង​កែងដៃ​ស្ដាំ និង​ត្រូវ​វះ​កាត់​ត​ឆ្អឹង អ្នកស្រី ខែក ចាន់រស្មី របួស​និង​រន្ធត់​រហូត​សន្លប់ និង​លោក ឡេង ចិន គ្រេច​ក​កម្រើក​មិន​រួច។ អ្នក​ភូមិ​រង​គ្រោះ​ទាំង​នោះ កំពុង​ឲ្យ​គ្រូពេទ្យ​អង្គការ​លីកាដូ ជួយ​ព្យាបាល រី​ឯ​អ្នកស្រី ញ៉ក់ សុផាត ត្រូវ​បញ្ជូន​ទៅ​វះកាត់​នៅ​មន្ទីរពេទ្យ។

ប្រភព​ពី​អ្នក​ភូមិ​ឲ្យ​ដឹង​ថា រូបភាព​ថ្មី​នៃ​ការ​ប្រើ​អំពើ​ហិង្សា​បង្ក្រាប គឺ​សមត្ថកិច្ច​ចម្រុះ​ប្រដាប់​ដោយ​ខែល និង​ដំបង មិន​បាន​វាយ​ទៅ​លើ​អ្នក​ភូមិ​ទេ។ ប៉ុន្តែ​សន្តិសុខ​សាលា​ខណ្ឌ​ដូនពេញ បាន​វាយ​អ្នក​ភូមិ​នឹង​ដៃ ដោយ​ប្រើ​វិធី​វាយ​បំបាក់​ដៃ និង​ធាក់​បំបាក់​ជើង​អ្នក​ភូមិ។

លោក លួស សាខន ប្តី​អ្នកស្រី យ៉ោម បុប្ឆា ដែល​រង​គ្រោះ​បាក់​ធ្មេញ និង​របួស​ជើង​ទាំង​សង​ខាង រៀប​រាប់​ពី​ព្រឹត្តិការណ៍​នៃ​ការ​បង្ក្រាប​របស់​សន្តិសុខ​ថា៖ «ពេល​ដែល​គេ​ប្រទាញប្រទង់​គ្នា​ខ្ញុំ​ក៏​បាន​ទៅ​ជួយ សុង ស្រីលា ហើយ​ខ្ញុំ​ក៏​កាន់​ស្លឹក​ត្នោត​គ្រវីគ្រវាត់​ថា កុំ​ឲ្យ​ចូល​មក ចូល​មក​ជាន់​មនុស្ស​ស្រី​ហើយ ដល់​ពេល​ហ្នឹង​ទៅ​អា​មេ​ពួក​អ្នក​យាម​សួន​បញ្ជា​ថា អ្ហែង​ចាប់​អា​ហ្នឹង វាយ​អា​ហ្នឹង​ឲ្យ​អញ អ៊ីចឹង​ទៅ​ខ្ញុំ​រត់​ថយ​ក្រោយ ហើយ​គ្នា​វា ១០​នាក់ រត់​តាម​ចាប់​ខ្ញុំ វាយ​ខ្ញុំ​បាក់​ធ្មេញ​អស់ ៣ គំហុក»

លោក លួស សាខន យល់​ឃើញ​ថា ការ​ប្រើ​អំពើ​ហិង្សា​មក​លើ​អ្នក​ភូមិ​ជា​រឿង​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ ហើយ​លោក​នឹង​ជជែក​ជាមួយ​អ្នក​របួស​ផ្សេង​ទៀត ដើម្បី​ត្រៀម​ដាក់​ពាក្យ​បណ្ដឹង​ទៅ​តុលាការ​ជុំវិញ​ការ​ប្រើ​អំពើ​ហិង្សា​នោះ។

តំណាង​អ្នក​ភូមិ​បឹងកក់ លោកស្រី ទេព វន្នី បញ្ជាក់​ថា ដំបូង​ឡើយ​អ្នក​ភូមិ​បឹងកក់ ប្រមាណ ១០០​នាក់ ទៅ​តវ៉ា​មុខ​ក្រសួង​យុត្តិធម៌​ដើម្បី​សួរ​នាំ​រឿង​លិខិត​ដែល​អ្នក​ភូមិ​កាល​ពី​លើក​មុន ស្នើ​សុំ​ជំរុញ​ឲ្យ​តុលាការ​ឧទ្ធរណ៍​ឲ្យ​ជួយ​ពន្លឿន​បើក​សវនាការ​លើ​ករណី​អ្នកស្រី យ៉ោម បុប្ផា ឲ្យ​បាន​ឆាប់។ ប៉ុន្តែ​ដោយ​គ្មាន​ការ​យក​ចិត្ត​ទុក​ដាក់​ពី​មន្ត្រី​ក្រសួង​យុត្តិធម៌ ទើប​អ្នក​ភូមិ​បឹងកក់ បង្វែរ​ទៅ​មុខ​ផ្ទះ​នាយករដ្ឋមន្ត្រី ហ៊ុន សែន វិញ ក្នុង​គោលបំណង​ដាក់​ញត្តិ​ទាមទារ​ឲ្យ​ជួយ​អន្តរាគមន៍​ទំនាស់​ដីធ្លី​នៅ​តំបន់​បឹងកក់ និង​សូម​ឲ្យ​ចេញ​ប្លង់​កម្មសិទ្ធិ​ដល់​អ្នក​ភូមិ ៦១​គ្រួសារ​ទៀត ឲ្យ​មាន​សិទ្ធិ​រស់​នៅ​លើ​ដី​ទំហំ ១២,៤៤​ហិកតារ។ ស្នើ​សុំ​ឲ្យ​ជួយ​បោះ​ព្រំ​ប្រទល់​ដី​ទំហំ ១២,៤៤​ហិកតារ​ឲ្យ​បាន​ច្បាស់លាស់ និង​ស្នើ​សុំ​ឲ្យ​មាន​ការ​ដោះលែង​អ្នកស្រី យ៉ោម បុប្ផា តំណាង​សកម្មជន​ដីធ្លី​នៅ​តំបន់​បឹងកក់ ដែល​កំពុង​ជាប់​ពន្ធនាគារ​ព្រៃស។

លោកស្រី ទេព វន្នី បញ្ជាក់​ថា អ្នក​ភូមិ​បឹងកក់ ត្រូវ​បាន​សមត្ថកិច្ច​ចម្រុះ​រួម​នឹង​សន្តិសុខ​សាលា​ខណ្ឌ​ដូនពេញ ប្រមាណ ៣០០​នាក់ រារាំង​នៅ​ក្បែរ​សួន​ច្បារ​នាគ​បាញ់​ទឹក ជិត​ផ្ទះ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។ ភ្លាមៗ​សមត្ថកិច្ច​បាន​ចាប់​អ្នក​ភូមិ ៣​នាក់​ដាក់​ក្នុង​រថយន្ត ដើម្បី​គំរាម​អ្នក​ភូមិ ប៉ុន្តែ​ដោះលែង​វិញ​នៅ​ពេល​ឃើញ​អ្នក​ភូមិ​រង​របួស​ច្រើន៖ «ករណី​នេះ​ថ្មី​មួយ​ទៀត រន្ធត់​ហ្នឹង គឺ​ការ​ប្រព្រឹត្ត​អំពើ​ហិង្សា​អត់​មាន​ការ​កាត់​បន្ថយ កាន់​តែ​កើន​ឡើង ហើយ​កាន់​តែ​ធ្ងន់ធ្ងរ​ជាង​មុន»

លោក អំ សំអាត មន្ត្រី​ជាន់​ខ្ពស់​នៃ​អង្គការ​លីកាដូ សម្ដែង​ការ​សោកស្ដាយ​ចំពោះ​ទង្វើ​របស់​ក្រុម​សមត្ថកិច្ច និង​ថា ទង្វើ​ហិង្សា​នោះ ជា​ការ​រំលោភ​លើ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ និង​ជះ​ឥទ្ធិពល​ប៉ះពាល់​ដល់​មុខ​មាត់​របស់​រាជ​រដ្ឋាភិបាល៖ «ការ​ប្រើប្រាស់​អំពើ​ហិង្សា​ដើម្បី​ដោះស្រាយ គឺ​ជា​រឿង​មួយ​ដែល​យើង​មិន​អាច​ទទួល​យក​បាន​ទេ ព្យាយាម​ដោះស្រាយ​តាម​សន្តិវិធី​ទៅ​តាម​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល»

ជុំវិញ​ការ​ប្រើ​ហិង្សា​លើ​អ្នក​ភូមិ​បឹងកក់​នេះ លោក ជួន សុវណ្ណ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ សុំ​មិន​ធ្វើ​អត្ថាធិប្បាយ​ទេ​នៅ​ថ្ងៃ​ទី​១៣ ខែ​មីនា ដោយ​ប្រាប់​ថា កំពុង​ជាប់​ប្រជុំ។

អ្នក​ភូមិ​បឹងកក់ ព្យាយាម​ជា​ច្រើន​លើក​ច្រើន​សា យក​ញត្តិ​ទៅ​ដាក់​នៅ​ស្ថាប័ន​ពាក់ព័ន្ធ និង​នៅ​ផ្ទះ​នាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុង​រឿង​ទំនាស់​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​ជាង ៦​ឆ្នាំ​ជាមួយ​ក្រុមហ៊ុន​ស៊ូកាគូ។ ប៉ុន្តែ​លទ្ធផល​ភាគ​ច្រើន​ដែល​អ្នក​បឹងកក់ ទទួល​បាន គឺ​ការ​បង្ក្រាប​ដោយ​ហិង្សា​ឲ្យ​រង​របួស និង​មាន​ការ​ចាប់​ដាក់​ក្នុង​ពន្ធនាគារ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។