ស្ថានទូត​ខ្មែរ​នៅ​ហ្វីលីពីន​ជួយ​សង្គ្រោះ​នាវិក​ខ្មែរ​៤​នាក់​ពី​ការ​រំលោភ​សិទ្ធិ​ការងារ

ស្ថានទូត​កម្ពុជា ប្រចាំ​នៅ​ក្រុង​ម៉ានីល (Manila) នៃ​ប្រទេស​ហ្វីលីពីន (Philippines) ជួយ​សង្គ្រោះ​នាវិក​ខ្មែរ​ចំនួន ៤​នាក់ ដែល​រត់​គេច​ពី​ការ​រំលោភ​បំពាន​សិទ្ធិ​ការងារ​នៅ​លើ​កប៉ាល់​បរទេស​មួយ​គ្រឿង។

សេចក្ដី​ប្រកាស​របស់​អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​កម្ពុជា ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​២៩ ខែ​សីហា បញ្ជាក់​ថា នាវិក​ទាំង ៤​នាក់​នោះ​បាន​គេច​ខ្លួន​ចេញ​ពី​កប៉ាល់​ឈ្មោះ ប្លូ អឹមភឺរ៉ឺ វ៉័ន (Blue Emperor1) នៃ​ក្រុមហ៊ុន ញូវ យូណាយ អេច្ឆ.ខេ ម៉ារីន (New Unite HK Marine Shipping Ltd) កាល​ពី​ថ្ងៃ​ទី​២៧ ខែ​សីហា ដោយ​បាន​ទៅ​រក​ជំនួយ​អន្តរាគមន៍​ពី​ស្ថានទូត ដោយ​មូលហេតុ​ភាគី​ក្រុមហ៊ុន​បាន​រំលោភ​លើ​លក្ខខណ្ឌ​ការងារ​បង្ខំ​ឲ្យ​ធ្វើការ​ទាំង​មាន​ជំងឺ និង​ពុំ​បាន​ផ្ដល់​ប្រាក់​ខែ​តាម​ការ​សន្យា។ ពួកគេ​ក៏​សុំ​អន្តរាគមន៍​ក្នុង​បំណង​បាន​ត្រឡប់​ទៅ​ស្រុក​កំណើត​វិញ។

សេចក្ដី​ប្រកាស​ព័ត៌មាន​ដដែល​អោយ​ដឹង​ដែរ​ថា ស្ថានទូត​បាន​អន្តរាគមន៍​ជួយ​នាវិក​ទាំង ៤​នាក់​នោះ អោយ​ទៅ​ដល់​ស្ថានទូត និង​ស្នាក់​នៅ​និវេសនដ្ឋាន​ឯកអគ្គរាជទូត។ ចំណែក​ក្រុមហ៊ុន​ក៏​បាន​សន្យា​នឹង​ស្ថានទូត​ថា នឹង​ដោះស្រាយ​ការ​វិល​ត្រឡប់​មក​ប្រទេស​វិញ​របស់​នាវិក​ទាំង ៤​នាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។