កម្ពុជា​នឹង​ពិនិត្យ​អត្តសញ្ញាណ​ជនភៀសខ្លួន​ម៉ុងតាញ៉ា​មក​ពី​វៀតណាម​៤​នាក់

0:00 / 0:00

ឧត្ដម​ស្នងការ​នៃ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ជនភៀសខ្លួន (UNHCR) កំពុង​រៀបចំ​ឯកសារ​តាម​ផ្លូវ​ច្បាប់​ដើម្បី​បញ្ជូន​ខ្លួន​ជនភៀសខ្លួន​ម៉ុងតាញ៉ា ៤​នាក់ ទៅ​ឲ្យ​ក្រសួង​មហាផ្ទៃ បន្ទាប់​ពី​ពួកគេ​បាន​ភៀស​ខ្លួន​ពី​វៀតណាម មក​ដល់​រាជធានី​ភ្នំពេញ។ ទន្ទឹម​គ្នា​នេះ មន្ត្រី​ជាន់​ខ្ពស់​នៃ​រដ្ឋាភិបាល​កម្ពុជា បញ្ជាក់​ថា នឹង​ពិនិត្យ​អត្តសញ្ញាណ​លើ​ជនភៀសខ្លួន​ម៉ុងតាញ៉ា ទាំង​នោះ នឹង​ត្រូវ​អនុវត្ត​ទៅ​តាម​ច្បាប់​ក្រោយ​កំណត់​អត្តសញ្ញាណ​រួច។

ជនភៀសខ្លួន​ម៉ុងតាញ៉ា ៤​នាក់ ដែល​ភៀសខ្លួន​មក​ដល់​កម្ពុជា រយៈពេល​ជិត​មួយ​ខែ​មក​ហើយ​នោះ នៅ​មិន​ទាន់​ដឹង​ថា នឹង​មាន​វាសនា​យ៉ាង​ណា​នោះ​ទេ។

ទាក់ទង​បញ្ហា​នេះ ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង មាន​ប្រសាសន៍​ប្រាប់​អ្នក​កាសែត​នៅ​ថ្ងៃ​ទី​១០ កុម្ភៈ នា​រាជធានី​ភ្នំពេញ ថា ក្នុង​ពេល​តែ​មួយ កម្ពុជា​ត្រូវ​អនុវត្ត​ច្បាប់​ពីរ គឺ​ទី​មួយ អនុសញ្ញា​ឆ្នាំ​១៩៥១ ស្ដីពី​សិទ្ធិ​ជនភៀសខ្លួន​ដែល​កម្ពុជា ជា​ម្ចាស់​ហត្ថលេខី និង​ទី​២ គឺ​ច្បាប់​អន្តោប្រវេសន៍​របស់​កម្ពុជា កាល​ណា​ជន​ទាំង​នោះ​អត់​មាន​ឯកសារ​អ្វី​មួយ​ដែល​បញ្ជាក់​ថា ជា​ជនភៀសខ្លួន។ លោក​បន្ត​ថា នេះ​ជា​ដំណោះស្រាយ​មួយ​ដែល​ឈ​លើ​ច្បាប់ និង​ឈ​លើ​ទិដ្ឋភាព​ជាក់ស្ដែង៖ «ដូច្នេះ​យើង​ធ្វើ​បទសម្ភាសន៍​បញ្ជាក់​រក​ឯកសារ​ភស្តុតាង​ឲ្យ​បាន​គ្រប់គ្រាន់ បើសិនជា​រក​ឃើញ​ថា ពួកគាត់​ជា​ជនភៀសខ្លួន​មែន​យើង​ត្រូវ​តែ​បញ្ជូន​ទៅ​ប្រទេស​ទី​៣ ដើម្បី​ឲ្យ​គេ​ទទួល​យក ហើយ​បើ​គេ​មិន​ទទួល​យក​ទេ អា​ហ្នឹង​ចង់ ឬ​មិន​ចង់ យើង​មិន​អាច​បង្កើត​ជំរំ​នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​ទេ ករណី​នេះ​យើង​ត្រូវ​តែ​សហការ​ជាមួយ​អង្គការ​ពាក់ព័ន្ធ​ដទៃ​ទៀត​ឲ្យ​ជួយ​ដោះស្រាយ ប៉ុន្តែ​បើ​យើង​សម្ភាស​ទៅ​វា​មិន​ជាប់​ពាក់ព័ន្ធ​នឹង​ជនភៀសខ្លួន​នោះ​នឹង​បញ្ជូន​ទៅ​ស្រុក​ដើម​វិញ​ហើយ»

ប្រភព​ពី​មន្ត្រី​សិទ្ធិមនុស្ស​បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​ជនភៀសខ្លួន​ម៉ុងតាញ៉ា ទាំង ៤​នាក់ កំពុង​ស្ថិត​នៅ​កន្លែង​មួយ​សុវត្ថិភាព​ក្នុង​រាជធានី​ភ្នំពេញ ដោយ​មាន​ការ​ឃ្លាំមើល​ពី​អង្គការ​សហប្រជាជាតិ (UN)។

មន្ត្រី​ជាន់​ខ្ពស់​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ លោក អំ សំអាត មាន​ក្តី​បារម្ភ​ចំពោះ​ការ​អនុវត្ត​តាម​ច្បាប់​អន្តោប្រវេសន៍ ពីព្រោះ​កន្លង​មក​ការ​អនុវត្ត​មិន​ទាន់​មាន​ភាព​ច្បាស់លាស់​នៅ​ឡើយ ហើយ​ប្រការ​នេះ​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សិទ្ធិ​ជនភៀសខ្លួន៖ «បើ​សិន​ជា​មិន​ពិនិត្យ​ឲ្យ​បាន​ដិតដល់​ ហើយ​ត្រូវ​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍ ដោយ​បញ្ជូន​ជនភៀសខ្លួន​ដែល​ពួក​គាត់​កំពុង​ស្វែង​រក​សិទ្ធិ​ជ្រកកោន​ទៅ​ប្រទេស​ដើម​វិញ ដែល​គេ​ធ្វើ​ទុក្ខបុកម្នេញ​គាត់​ នោះ​ច្បាស់​ជា​ប្រឈម​នឹង​បញ្ហា​គ្រោះថ្នាក់​ហើយ ត្រង់​នេះ​ដែល​គេ​ត្រូវ​ពិចារណា»

លោក​បាន​ឲ្យ​ដឹង​ទៀត​ថា មន្ត្រី​ឧត្ដម​ស្នងការ​នៃ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ជនភៀសខ្លួន កំពុង​រៀបចំ​ឯកសារ​តាម​ផ្លូវ​ច្បាប់​ដើម្បី​បញ្ជូន​ខ្លួន​ជនភៀសខ្លួន​ម៉ុងតាញ៉ា ៤​នាក់​នោះ​ទៅ​អគ្គនាយកដ្ឋាន​ជនអន្តោប្រវេសន៍​នៃ​ក្រសួង​មហាផ្ទៃ នៅ​ពេល​ឆាប់ៗ​នេះ​ហើយ។

ការ​រៀបចំ​ឯកសារ​នេះ បន្ទាប់​ពី​មន្ត្រី​អង្គការ​សហប្រជាជាតិ កាល​ពី​ថ្ងៃ​ទី​៩ កុម្ភៈ បាន​បញ្ជូន​អ្នក​ទាំង ៤​នាក់​នោះ​ទៅ​អគ្គនាយកដ្ឋាន​ជន​អន្តោប្រវេសន៍ តែ​មន្ត្រី​នៅ​ទី​នោះ​មិន​ទទួល​ដោយ​បង្គាប់​ឲ្យ​រៀបចំ​ឯកសារ​ជា​ផ្លូវការ​ដើម្បី​ពិនិត្យ​ជា​មុន​សិន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។