អង្គការសង្គមស៊ីវិលកម្ពុជា និងអន្តរជាតិ បានចេញសេចក្ដីថ្លែងការណ៍រួមមួយ នៅថ្ងៃទី១៣ ខែមករា ដោយទទូចសុំឲ្យរាជរដ្ឋាភិបាលដោះលែងមនុស្ស ២៣នាក់ ដែលត្រូវបានចាប់និងឃុំខ្លួនក្នុងពន្ធនាគារត្រពាំងផ្លុង និងបានថ្កោលទោសចំពោះការប្រើកម្លាំងប្រដាប់អាវុធទៅលើក្រុមអ្នកតវ៉ាទាមទារដំឡើងប្រាក់ខែកាលពីថ្ងៃទី២ និងទី៣ មករា កន្លងទៅ។
អ្នកច្បាប់ក៏បានស្នើសុំឲ្យរដ្ឋាភិបាលស្រាវជ្រាវករណីសង្ស័យថា មានមនុស្សជាច្រើននាក់កំពុងបាត់ខ្លួនក្រោយការប៉ះទង្គិចហិង្សានោះ។កាលពីថ្ងៃទី៣ មករា ជនស៊ីវិល ៤នាក់ ត្រូវបានបាញ់សម្លាប់ដោយកងកម្លាំងយោធា និងយ៉ាងហោចណាស់ ៣៩នាក់រងរបួស ក្នុងនោះរួមមានក្មេងប្រុសអាយុ ១៧ឆ្នាំម្នាក់ និងស្ត្រីមានគភ៌ម្នាក់ផង និងជនស៊ីវិល ១៣នាក់ផ្សេងទៀត ត្រូវបានចាប់ខ្លួននៅក្បែរសួនឧស្សាហកម្មកាណាឌីយ៉ា នៅលើផ្លូវវ៉េងស្រេង។ ហេតុការណ៍នេះកើតឡើងមួយថ្ងៃក្រោយពីមានការប៉ះទង្គិចគ្នានៅមុខរោងចក្រយ៉ាក ជីន នៅលើបណ្ដោយផ្លូវជាតិលេខ៤ ដែលមានមនុស្ស ១០នាក់ ត្រូវបានចាប់ខ្លួនដោយអង្គភាពយោធាពិសេសលេខ៩១១។
នាយកប្រតិបត្តិអង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា អ្នកស្រី រស់ សុភាព មានប្រសាសន៍នៅក្នុងសន្និសីទកាសែតនៅថ្ងៃទី១៣ មករា ថា ផ្អែកតាមក្រុមអ្នកតាមដានដើមចមនៃការប៉ះទង្គិចគ្នា កើតឡើងដំបូងនៅពេលដែលរដ្ឋាភិបាល បានប្រើដំបងឆក់ទៅលើក្រុមអ្នកតវ៉ា ហើយដែលក្រោយមក ក្រុមអ្នកតវ៉ាទាំងនោះបានឆ្លើយតបដោយការគប់ដុំថ្ម។
អ្នកស្រីបន្តថា កងកម្លាំងប្រដាប់អាវុធបានឆ្លើយតបទៅនឹងសកម្មភាពនោះ ដោយប្រើប្រាស់កម្លាំងមិនមានសមាមាត្រគ្នា តាមរយៈបាញ់ដោយកាំភ្លើងគ្រាប់ពិតតម្រង់ទៅរកហ្វូងមនុស្ស៖ «ការប្រើប្រាស់អាវុធបាញ់គ្រាប់ពិត ចម្ពាម ឧស្ម័នបង្ហូរទឹកភ្នែក ដំបងឆក់អគ្គិសនី ដំបងដែក និងការបង្ហាញកម្លាំងលើសលប់ មិនត្រូវប្រើជាដាច់ខាតប្រឆាំងនឹងជនស៊ីវិល»។
អ្នកស្រាវជ្រាវអភិវឌ្ឍន៍សង្គម លោក កែម ឡី ពន្យល់ថា មានមូលហេតុ៤ ដែលរដ្ឋាភិបាលសម្រេចបំបែកក្រុមបាតុករដោយកាំភ្លើងគ្រាប់ពិត។ ទី១ ដោយសារតែឃើញសន្ទុះបាតុកររបស់គណបក្សសង្គ្រោះជាតិ មានមនុស្សចូលរួមរាប់ម៉ឺននាក់ និងចាប់ផ្ដើមផ្សារភ្ជាប់ម្ដងបន្តិចៗ ទៅកម្មករនិងគ្រូបង្រៀនដែលអាចធ្វើឲ្យកម្លាំងប្រជាធិបតេយ្យអាចរីករាលដាលមានពេញទូទាំងប្រទេស ដូច្នេះរដ្ឋាភិបាលបរាជ័យ ទប់ស្កាត់កម្លាំងប្រជាធិបតេយ្យ ទើបបង្ខំចិត្តបង្ក្រាបដោយសាហាវទៅលើអ្នកតវ៉ានិងប្រើប្រាស់កាំភ្លើងបាញ់ដោយឥតរើសមុខ។ ទី២ ទំនងជារដ្ឋាភិបាលចង់រៀបចំខួបថ្ងៃ៧ មករា ជាថ្ងៃប្រវត្តិសាស្ត្ររបស់គណបក្សប្រជាជនកម្ពុជា និងដោយព្រួយបារម្ភថា មានបាតុកម្មធំឡើងៗ រំខានដល់ពិធីរៀបចំនោះ។ ទី៣ ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់នាយករដ្ឋមន្ត្រីវៀតណាម លោក ង្វៀន តាន់យុង មកកម្ពុជា ក៏ជាមូលហេតុមួយធ្វើឲ្យរដ្ឋាភិបាលត្រូវបង្ខំចិត្តបង្ក្រាបក្រុមអ្នកតវ៉ា ចៀសវាងកុំឲ្យមានអ្នកតវ៉ានៅតាមផ្លូវ ដែលធ្វើឲ្យឃ្នើសចិត្តដល់សមភាគីរបស់ប្រមុខរដ្ឋាភិបាល។ ទី៤ ការបង្ក្រាបរបស់រដ្ឋាភិបាលតាមរយៈការប្រើដំបង បាញ់គ្រាប់កាំភ្លើងក្លែងក្លាយ ដំបងឆក់ បាញ់ទឹកជាដើម ត្រូវបានអ្នកតវ៉ាលែងខ្លាច ទើបសម្រេចចិត្តប្រើកាំភ្លើងគ្រាប់ពិតបង្ក្រាបម្ដង។
លោក កែម ឡី៖ «ដំបូងទុកចិត្តប្រជាពលរដ្ឋ ទុកចិត្តមន្ត្រីរាជការ ទាហាន ប៉ូលិស ដល់ក្រោយមកទៀតលែងទុកចិត្ត ប៉ូលិសប៉េអឹមទៅទៀត។ ទុកចិត្តអង្គរក្សខ្លួនឯង ក្រោយមកក៏លែងទុកចិត្តអង្គរក្សខ្លួនឯងទៅទៀត បង្កើតកម្លាំងទុកចិត្តតែមួយហ្នឹង ចុងក្រោយគឺប្រសិនលែងទុកចិត្តមួយហ្នឹងទៀត គឺចប់ហើយ។ ដូចសម័យខ្មែរក្រហមអ៊ីចឹង ដំបូងឡើយចោទបញ្ញវន្តអ្នកធ្វើរដ្ឋប្រហារជំនាន់ លន់ នល់ យកទៅសម្លាប់ បន្ទាប់មកគឺលែងទុកចិត្តអ្នកថ្មី ចាប់ផ្ដើមសម្លាប់អ្នកថ្មី ចុងក្រោយលែងទុកចិត្តអ្នកចាស់ ចាប់ផ្ដើមសម្លាប់អ្នកចាស់ ដល់ក្រោយមកលែងទុកចិត្តបញ្ញវន្តគ្នាឯង សម្លាប់គ្នាឯងទៀត លែងទុកចិត្តកូនខ្លួន ម្ដាយ សម្លាប់ម្ដាយពុកខ្លួនឯង ចុងក្រោយគឺចៀសមិនផុតពីការបរាជ័យរបស់អ្នកដឹកនាំទេ»។
ក្នុងសេចក្ដីថ្លែងការណ៍រួមនោះ អង្គការសង្គមស៊ីវិលបានទទូចសុំឲ្យរដ្ឋាភិបាលដោះលែងជនជាប់ឃុំទាំង ២៣នាក់ជាបន្ទាន់ដោយគ្មានលក្ខខណ្ឌ។ ត្រូវបង្កើតគណៈកម្មាធិការស៊ើបអង្កេតឯករាជ្យមួយ ដើម្បីវែកមុខរកជនដែលទទួលខុសត្រូវលើអំពើហិង្សានោះ។ ត្រូវធានាថា ជនប្រព្រឹត្តត្រូវយកមកផ្ដន្ទាទោសដោយគ្មានបង្អង់ និងផ្ដល់សំណងដល់អ្នករបួសនិងគ្រួសារអ្នកដែលត្រូវគេសម្លាប់។ ត្រូវបញ្ឈប់ការប្រើហិង្សា និងកម្លាំងហួសហេតុ ការចាប់ខ្លួនជនស៊ីវិលដោយបំពាន។ ត្រូវស្ដារឡើងវិញ និងគោរពរដ្ឋធម្មនុញ្ញ និងច្បាប់ក្នុងស្រុក ដូចជាលិខិតុបករណ៍សិទ្ធិមនុស្សអន្តរជាតិ ដែលរដ្ឋាភិបាលកម្ពុជា បានផ្ដល់សច្ចាប័នទាំងអស់ រួមមានគោលការណ៍ជាមូលដ្ឋាននៃអង្គការសហប្រជាជាតិស្ដីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ អនុសញ្ញានៃអង្គការពលកម្មអន្តរជាតិ និងសេចក្ដីប្រកាសជាសកលស្ដីពីសិទ្ធិមនុស្ស ពិសេសរដ្ឋាភិបាលត្រូវតែធានាឲ្យបាននូវការអនុវត្តលទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្ស។
ភ្លាមៗក្រោយការបង្ក្រាបដោយអាវុធទៅលើអ្នកតវ៉ា ខាងក្រសួងការពារជាតិ បានប្រកាសប្ដេជ្ញាការពារជាតិ សាសនា ព្រះមហាក្សត្រ និងរដ្ឋធម្មនុញ្ញ និងលទ្ធផលនៃការបោះឆ្នោត ទោះបីក្នុងរូបភាពណាក៏ដោយ នឹងគាំទ្រលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដឹកនាំរដ្ឋាភិបាល។ រដ្ឋាភិបាលក៏បានបង្កើតគណៈកម្មការមួយដើម្បីស៊ើបអង្កេតពីករណីបាញ់សម្លាប់និងរបួសនៅផ្លូវវ៉េងស្រេងដែរ។ តែអង្គការសង្គមស៊ីវិលយល់ឃើញថា គណៈកម្មការដែលបង្កើតនោះ អាចនឹងឥតប្រយោជន៍ ប្រសិនបើគ្មានឯករាជ្យ និងអព្យាក្រឹតទេនោះ។
យ៉ាងណានាយកប្រតិបត្តិក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា លោក សុក សំអឿន បញ្ជាក់ថា ការស៊ើបអង្កេតពីការបាញ់បង្ក្រាបទៅលើអ្នកតវ៉ាត្រូវតែមានជាដាច់ខាត តែត្រូវធ្វើឡើងឲ្យច្បាស់លាស់។ លោកបន្តថា ដើម្បីជាគ្រឹះនៃលទ្ធិប្រជាធិបតេយ្យ កងទ័ពក៏ត្រូវស្ថិតនៅអព្យាក្រឹតដែរ៖ «ចំពោះខ្ញុំយល់ឃើញថា មិនត្រឹមត្រូវទេដែលយកកងកម្លាំងទ័ពមកប្រើក្នុងសន្តិសុខផ្ទៃក្នុង»។
កម្លាំងរដ្ឋាភិបាលមានកងរាជអាវុធហត្ថ ប៉ូលិស និងទាហានប្រដាប់ដោយកាំភ្លើង ខែល ដំបង និងបំពង់ទីប បានបាញ់ និងវាយទៅលើកម្មករដែលប្រើដុំថ្មជាអាវុធគប់តបតប្រឆាំងនឹងកម្លាំងអាជ្ញាធរ។
មានសេចក្ដីរាយការណ៍មិនច្បាស់លាស់ពីចំនួនអ្នកស្លាប់ក្នុងការបាញ់បង្ក្រាបនោះ ដោយអង្គការខ្លះថា មានស្លាប់ ៤នាក់ អង្គការខ្លះទៀតថាមានស្លាប់ ៥នាក់ រីឯថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ថាចំនួនអ្នកស្លាប់មានរហូត ៦នាក់។ ដោយឡែកសមត្ថកិច្ចវិញ នៅមិនទាន់ទម្លាយព័ត៌មានពីចំនួនមនុស្សស្លាប់និងរបួសក្នុងការបង្ក្រាបទៅលើក្រុមកម្មករនៅឡើយទេ។ យ៉ាងណាមន្ត្រីអង្គការសង្គមស៊ីវិលខ្លះទៀតបង្ហើបថា ចំនួនអ្នកស្លាប់អាចកើនលើសពីចំនួនដែលរកឃើញជាបឋមនេះ ដោយសារមានការសង្ស័យថា សពខ្លះត្រូវគេដឹកយកទៅទម្លាក់ចោលស្ងាត់ៗ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ធ្លាប់ច្រានចោលការចោទប្រកាន់នោះ។ ប៉ុន្តែមេធាវី សុក សំអឿន ចង់ឲ្យរដ្ឋាភិបាលបើកការស្រាវជ្រាវមួយស្វែងរកអ្នកដែលបាត់ខ្លួន បន្ទាប់ពីមានសេចក្ដីរាយការណ៍មួយចំនួនពីការបាត់សមាជិកគ្រួសារក្រោយការបាញ់បោះបង្ក្រាបរបស់សមត្ថកិច្ច៖ «បើរកអត់ឃើញទេដាក់ពាក្យប្ដឹងទៅអង្គការសហប្រជាជាតិ ពាក់ព័ន្ធនឹងអង្គការបាត់ខ្លួន យើងអាចមានយន្តការឲ្យអង្គការសហប្រជាជាតិតម្រូវឲ្យរដ្ឋាភិបាលរកឲ្យបានទីមួយ។ ទី២ មិនចង់ឲ្យមានថ្ងៃក្រោយទៀត ការបាត់ខ្លួនមិនល្អទេ»។
នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ លោក យ៉េង វីរៈ ឲ្យដឹងថា អង្គការលោកកំពុងរៀបចំពាក្យបណ្ដឹងឲ្យជនរងគ្រោះក្នុងការដាក់ពាក្យបណ្ដឹងជុំវិញការបាញ់បង្ក្រាបរបស់សមត្ថកិច្ចនិងទាហានទៅតុលាការ៖ «ការបំពានអំណាចតាមកម្លាំងប្រដាប់អាវុធដោយយោធា ដោយកងទ័ពនឹងមិនអាចរួចផុតពីសំណាញ់ច្បាប់ទេ»។
ពលរដ្ឋខ្មែរនិងបរទេសមួយចំនួនកំពុងរស់នៅតាមបណ្ដាប្រទេសទ្វីបអាស៊ីនិងទ្វីបអឺរ៉ុប បានធ្វើបាតុកម្មថ្កោលទោសចំពោះទង្វើរដ្ឋាភិបាល ដែលជ្រើសរើសវិធីបង្ក្រាបដោយអាវុធលើអ្នកតវ៉ា និងកម្មករដែលទាមទារដំឡើងប្រាក់ខែ ១៦០ដុល្លា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។