មន្ត្រីអ្នកនាំពាក្យក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ លោក កុយ គួង បានឲ្យដឹងនៅថ្ងៃទី១៥ កញ្ញា ថា ស្ថានទូតកម្ពុជា ប្រចាំប្រទេសចិន បានសហការជាមួយអាជ្ញាធរចិន ជួយសង្គ្រោះស្ត្រីខ្មែរ ៦នាក់ ដែលរងគ្រោះដោយសារមេខ្យល់នាំយកទៅរៀបការជាមួយបុរសចិន នៅប្រទេសចិន ឲ្យវិលមកប្រទេសវិញ។ ស្ត្រីទាំង ៦នាក់នោះ មានស្រុកកំណើតនៅខេត្តកណ្ដាល និងខេត្តកំពង់ចាម។
ក្នុងដំណើរវិលមកប្រទេសកម្ពុជាវិញនេះ អង្គការទេសន្តរប្រវេសក៍អន្តរជាតិ ហៅកាត់ថា អាយ.អូ.អ៊ិម (IOM) បានជួយឧបត្ថម្ភសំបុត្រយន្តហោះឲ្យនារី ៤នាក់ក្នុងចំណោមជនរងគ្រោះទាំង ៦នាក់។ តាមគម្រោង នារីរងគ្រោះទាំង ៦នាក់នោះ នឹងមកដល់កម្ពុជា នៅយប់ថ្ងៃទី១៧ កញ្ញា។
គិតចាប់តាំងពីខែមករា មកទល់ខែកញ្ញា នេះ ស្ថានទូតនិង ស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំប្រទេសចិន បានអន្តរាគមន៍ជួយសង្គ្រោះស្ត្រីខ្មែររងគ្រោះចំនួន ៣០នាក់ហើយ ឲ្យបានវិលមកស្រុកកំណើតវិញ។
ក្រៅពីមានស្ត្រីខ្មែររងគ្រោះ ៦នាក់មកពីប្រទេសចិនវិញ មន្ត្រីក្រសួងការបរទេសកម្ពុជា បានឲ្យដឹងថា មានពលករខ្មែរ ៧នាក់ ត្រូវបានស្ថានទូតថៃ ប្រចាំប្រទេសអារ៉ាប៊ីសាអ៊ូឌីត អន្តរាគមន៍ជួយសង្គ្រោះឲ្យវិលមកប្រទេសវិញដែរ។ ពលករខ្មែរទាំង ៧នាក់នោះ រងគ្រោះដោយសារការជួញដូរពលកម្មទៅធ្វើការនៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត ហើយក្រសួងការបរទេសកម្ពុជា បានសុំឲ្យស្ថានទូតថៃ ជួយ។ ពលករខ្មែរទាំង ៧នាក់នោះ អាចវិលមកដល់ស្រុកកំណើតវិញ នៅចុងខែកញ្ញានេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
