អ្នកទាំងនោះត្រូវគេចោទថា បាននាំគ្នាទៅកាប់បំផ្លាញព្រៃឈើ ប៉ុន្តែមន្ត្រីមូលដ្ឋានឃុំមានជ័យ ស្រុកសំឡូត អះអាងថា អ្នកភូមិទាំងនោះពុំបានទៅកាប់បំផ្លាញព្រៃឈើទេ គឺពួកគាត់បាននាំគ្នាទៅដាំសណ្ដែកនៅលើដីចម្ការរបស់ពួកគាត់តែប៉ុណ្ណោះ។
អាជ្ញាធរមូលដ្ឋាន និងមន្ត្រីសិទ្ធិមនុស្សបានហៅទង្វើរបស់មន្ត្រីបរិស្ថាន និងមន្ត្រីអភិរក្សព្រៃឈើថា បានប្រព្រឹត្តិអំពើអមនុស្សធម៌ក្នុងការចាប់ខ្លួនអ្នកភូមិក្មេងចាស់ប្រុសស្រីដែលគ្មានកំហុស ៩នាក់ យកទៅឃុំឃាំងខុសនីតិវិធីច្បាប់ ធ្វើឲ្យក្មេងៗជាច្រើននាក់ស្រែកទ្រហោយំ ធ្លាក់ខ្លួនឈឺដោយសារតែការបង្អត់អាហារ។ ហេតុការណ៍ចាប់ខ្លួននេះ បានកើតមានឡើងកាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៣ នៅភូមិកំពង់ទូក ឃុំមានជ័យ ស្រុកសំឡូត ខេត្តបាត់ដំបង។
លោកស្រី គង់ មារ៉ា ជាម្ចាស់ដីចម្ការនោះថ្លែងថា កាលពីព្រឹកថ្ងៃទី១០ ខែមីនា លោកស្រី និងកូន ព្រមទាំងអ្នកភូមិជិតខាងបាននាំគ្នាទៅដាំសណ្ដែកនៅលើដីចម្ការរបស់ខ្លួនលុះដល់ម៉ោង ១១ព្រឹក ក៏នាំគ្នាឈប់សម្រាក ស្រាប់តែមានមន្ត្រីបរិស្ថាន និងក្រុមអភិរក្សព្រៃឈើ ជិះឡានចូលទៅចាប់ដោយចោទថា បានបំផ្លិចបំផ្លាញព្រៃឈើ។
អ្នកដែលត្រូវគេចាប់ខ្លួននោះមាន ៩នាក់ ចាស់ ៥នាក់ និងក្មេងៗ ៤នាក់ ត្រូវគេបញ្ជូនទៅឃុំខ្លួននៅទីស្នាក់ការរបស់មន្ត្រីបរិស្ថានមួយកន្លែងក្នុងស្រុកសំឡូត៖ «ហើយកូនខ្ញុំយំអត់បាយអត់ទឹកមួយថ្ងៃ ចុកពោះ។ អ្នកកាប់ឈើ អារឈើពេញព្រៃគ្មានអ្នកណាចាប់ មកចាប់ខ្ញុំអ្នកដាំសណ្ដែក វាអយុត្តិធម៌ណាស់ គេប្រគល់ទឹកដីឲ្យទៅខាងបាត់ដំបង ហើយបែរជាអាជ្ញាធរឈ្មោះ ឡុង វុទ្ធី ហៅ ឡាន នេះ មកតាមព្យាបាទប្រជាពលរដ្ឋដែលចូលទៅខាងកំពង់ទូក គំរាមកំហែងថា ចាប់ដាក់គុកអយុត្តិធម៌ណាស់»។
លោកស្រីនិយាយថា នៅស្នាក់ការមន្ត្រីបរិស្ថាន ពួកគេបង្ខំឲ្យប្រជាពលរដ្ឋឆ្លើយថា ជាអ្នកមកពីខេត្តប៉ៃលិន។
លោកស្រី វង់ ស៊ូ ជំទប់ទី១ ឃុំមានជ័យ បញ្ជាក់ថា អ្នកភូមិបានទៅដាំសណ្ដែកនៅលើដីចម្ការពុំមែនទៅកាប់ព្រៃឈើទេ។ វត្ថុតាងដែលអ្នកភូមិប្រើប្រាស់មានចបកាប់ និងកូនពូថៅតូចមួយ ដែលគាត់យកទៅស៊ីឈ្នួល។ ក្នុងចំណោមមនុស្ស ៩នាក់ មានក្មេង ៤នាក់ អាយុពី ៦ឆ្នាំ ដល់ ១៤ឆ្នាំ។
លោកស្រីបញ្ជាក់ថា មនុស្សក្មេងចាស់ប្រុសស្រីទាំង ៩នាក់នោះត្រូវគេដោះលែងវិញនៅម៉ោង ៩យប់ថ្ងៃទី១០ ខែកុម្ភៈ ក្រោយពីមានកិច្ចអន្តរាគមន៍ពីអាជ្ញាធរមូលដ្ឋានស្រុកសំឡូត៖ «ខ្ញុំទៅ ឮទៅឃើញក្មេងវាយំឃ្លានបាយតាំងពីម៉ោង ១១ ដល់ ៩យប់ ទើបដោះចប់សព្វគ្រប់ទាំងអស់គ្នា។ ក្មេងវាឃ្លានបាយ វាយំទ្រហឹង។ អយុត្តិធម៌ហួស ទប់កំហឹងអត់បានទេ វាយំដូចអ្នកបូជាសពមួយស្លាប់អ៊ីចឹង»។
វិទ្យុអាស៊ីសេរី នៅពុំទាន់អាចសុំប្រតិកម្មពីមន្ត្រីបរិស្ថាន និងមន្ត្រីអភិរក្សព្រៃឈើ ជុំវិញការចាប់ឃុំខ្លួន អ្នកភូមិក្មេងចាស់ទាំង ៩នាក់នេះបានទេ។
អ្នកសម្របសម្រួលសមាគមអាដហុក លោក យិន ម៉េងលី ចាត់ទុកថា នេះជាអំពើមួយមិនគប្បី ព្រោះអ្នកភូមិក្មេងចាស់ទាំងអស់នោះ ពុំមែនជាឧក្រិដ្ឋជនព្រៃឈើទេ៖ «អ៊ីចឹងយើងឃើញថា ការចាប់ ក្នុងនោះយើងដឹងថា មានកូនគាត់អាយុ ៦ឆ្នាំ ដល់ ១០ឆ្នាំ យើងឃើញថា យកក្មេងៗទៅទុក សូម្បីតែក្មេងទាំងអស់ហ្នឹងប្រព្រឹត្តិបទល្មើសព្រហ្មទណ្ឌដែលស្ថិតក្នុងអាយុប៉ុណ្ណឹង មិនមែនចាប់យកទៅឃុំរបៀបនេះដែរ អ៊ីចឹងគប្បីធ្វើការដោះលែងក្មេងហ្នឹង ព្រោះក្មេងនោះនៅរៀន ហើយវាទៅជួយដាំដុះទេ ហេតុអីបានជាយើងធ្វើទៅដល់របៀបហ្នឹង? ខ្ញុំគិតថា អ្នកដែលឃោរឃៅ គឺមន្ត្រីនោះគ្មានមនុស្សធម៌សោះក្នុងខ្លួន»។
លោកស្នើឲ្យមន្ត្រីទាំងនោះ គប្បីមានសីលធម៌ឲ្យខ្ពស់ នៅពេលប្រតិបត្តិការងារ ពួកគេមិនគួរចាប់កុមារដែលជាអនីតិជនយកទៅឃុំខ្លួនបង្អត់បាយរហូតដល់យប់ដូច្នេះទេ។
លោកស្រី វង់ ស៊ូ ជំទប់ទី១ ឃុំមានជ័យ បញ្ជាក់ថា ដីចម្ការរបស់ប្រជាពលរដ្ឋនេះ ពីមុនមកស្ថិតនៅភូមិអូរដំបង សង្កាត់អូរតាវៅ ក្នុងដែនរដ្ឋបាលគ្រប់គ្រងរបស់ខេត្តប៉ៃលិន ប៉ុន្តែកាលពីខែកុម្ភៈ ឆ្នាំ២០១៣ មេឃុំមានជ័យ អភិបាលស្រុកសំឡូត ចៅសង្កាត់អូរតាវៅ អភិបាលក្រុងប៉ៃលិន បានជួបប្រជុំគ្នាដោយបានសម្រេចបោះបង្គោលព្រំរដ្ឋបាលដី និងមានប្រជាពលរដ្ឋជាង ៤០គ្រួសារត្រូវកាត់ចូលមកក្នុងភូមិកំពង់ទូក ឃុំមានជ័យ ស្រុកសំឡូត ខេត្តបាត់ដំបង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
