ភរិយារបស់មន្ត្រីសិទ្ធិមនុស្សនៃសមាគមអាដហុក (ADHOC) លោក ណៃ វ៉ង់ដា គឺលោកស្រី ភាវ ម៉ី ប្រាប់ថា ស្វាមីរបស់លោកស្រីកំពុងជួបការលំបាក ព្រោះក្នុងបន្ទប់ឃុំមានបណ្ដោយ ៥ម៉ែត្រ និងទទឹង ៤ម៉ែត្រ មានអ្នកជាប់ឃុំ ៣០នាក់ក្នុងនោះ ដែលស្ទើរតែរកកន្លែងគេងមិនបាន។
ជាងនេះទៅទៀត អ្នកទាំងនោះភាគច្រើនជាអ្នកជក់បារី ដែលធ្វើឲ្យលោក ណៃ វ៉ង់ដា មានជំងឺក្អកជាប្រចាំ ព្រោះផ្សែងបារីរបស់អ្នកជាប់ឃុំនៅក្នុងបន្ទប់ឃុំនោះ។
តើលោក ណៃ វ៉ង់ដា ជួបបញ្ហាអ្វីខ្លះនៅក្នុងពន្ធនាគារ?
ផ្ទុយពីការចោទប្រកាន់របស់អង្គភាពប្រឆាំងអំពើពុករលួយ និងតុលាការក្រុងភ្នំពេញ មន្ត្រីសិទ្ធិមនុស្សនៃសមាគមអាដហុក លោក ណៃ វ៉ង់ដា បានផ្ញើចម្លើយរបស់លោកពីពន្ធនាគារតាមរយៈភរិយារបស់លោកថា លោកមិនបានសូកប៉ាន់អ្នកនាង ខុម ចាន់តារាទី ហៅស្រីមុំ ឲ្យនិយាយខុសពីការពិតដូចការចោទប្រកាន់ឡើយ។
មានទឹកមុខក្រៀមក្រំ ដៃអោបកូនស្រីនៅនឹងដើមទ្រូង លោកស្រី ភាវ ម៉ី ជាភរិយារបស់លោក ណៃ វ៉ង់ដា។ ស្ត្រីមានវ័យ ៤២ឆ្នាំថ្លែងដោយសំឡេងមួយៗ និងដោយការប្រុងប្រយ័ត្នថា ចាប់តាំងពីស្វាមីរបស់លោកស្រីជាប់ឃុំតែងតែមានមនុស្សតាមឃ្លាំមើលលោកស្រី។ លោកស្រីបន្តថា ពេលស្វាមីលោកស្រីជួបបញ្ហាដូចនេះ អ្នកជិតខាងរបស់លោកស្រីខ្លះលើកទឹកចិត្តលោកស្រី ប៉ុន្តែក៏មានអ្នកខ្លះទៀតមកនិយាយឌឺដងពេបជ្រាយដាក់លោកស្រីដែរ៖ «មានការលំបាកច្រើនណាស់អូនអើយ ទាំងផ្លូវកាយ! ការលំបាកផ្លូវចិត្តហ្នឹង គឺកូនៗចេះតែសួររកប៉ាៗ ហើយពេលខ្លះយើងអាណោចអាធ័មកូន ពេលខ្លះចាំប៉ាៗ អ៊ីចឹង ឃើញបងវាចេញមកពីរៀន អាកូនតូចហ្នឹងចុះមករត់ទៅបើកទ្វារអោយហើយស្រែកថាប៉ាៗ»។
ចាប់តែពីសមត្ថកិច្ចបញ្ជូន លោក ណៃ វ៉ង់ដា និងមន្ត្រីអាដហុក ផ្សេងទៀតទៅឃុំខ្លួន លោកស្រី ភាវ ម៉ី តែងឆ្លៀតទៅសួរសុខទុក្ខមួយសប្ដាហ៍បីដង ដោយឆ្មាំយាមគុកផ្ដល់រយៈពេល ១០នាទី។
កូនសួរឪពុកជាហេតុធ្វើស្ត្រីជាម្ដាយ ស្រក់ទឹកភ្នែកទាំងមិនដឹងខ្លួន។ លោកស្រី ភាវ ម៉ី ដែលសព្វថ្ងៃកំពុងថែរក្សាកូនទាំងពីរនាក់នៅក្នុងបន្ទុក រៀបរាប់ថា ស្វាមីលោកស្រីប្រាប់លោកស្រីកុំឲ្យព្រួយបារម្ភចំពោះការចោទនៅពេលនេះ ព្រោះលោកមិនបានធ្វើអ្វីខុសដូចការចោទប្រកាន់នោះទេ៖ «គាត់ថារឿងគេចោទអ៊ីចឹងគេមានសិទ្ធិចោទ ប៉ុន្តែការពិតវាយ៉ាងម៉េចៗ វាអត់មានដូចគេចោទ។ គាត់រាល់ថ្ងៃគាត់ធ្វើតែការងារគាត់គោរពតាមគោលការណ៍អង្គការ តាមច្បាប់ធម្មនុញ្ញ តាមច្បាប់ប្រទេស និយាយទៅគាត់ជួយជនរងគ្រោះ ជួយតែអ្នកដែលត្រូវគេរំលោភបំពាន»។

គេនៅចាំបានថា កាលពីលោក ណៃ វ៉ង់ដា នៅមានសេរីភាព ពេលមានបាតុកម្មទាមទាររបស់ពលរដ្ឋមានបញ្ហាដីធ្លី ការទាមទាររបស់កម្មករ កម្មការិនី និងការទាមទារផ្សេងៗ គេនឹងឃើញបុរសមានមាឌធំខ្ពស់ សម្បុរស្រអែម មានពាក់អាវកាក់លើអាវរបស់ខ្លួន រូបដៃមនុស្សលើកទ្រព្រះកេសព្រះព្រហ្ម ជាសញ្ញាសម្គាល់របស់សមាគមអាដហុក។ នោះហើយគឺលោក ណៃ វ៉ង់ដា ដែលតែងតែតាមឃ្លាំមើលការទាមទារនោះ។
ករណីជាក់ស្ដែងនៅពេលអ្នកនាង ខុម ចាន់តារាទី ទៅសុំជំនួយពីសមាគមអាដហុក លោក ណៃ វ៉ង់ដា តែងតែនៅតាមឃ្លាំមើលដំណើរការរឿងនេះ រួមទាំងការធ្វើដំណើររបស់អ្នកនាង ខុម ចាន់តារាទី ទាំងនៅពេលទៅបំភ្លឺនៅក្រសួងមហាផ្ទៃ និងពេលចូលកម្មវិធីវិទ្យុ។
កាលពីថ្ងៃទី២៦ ខែមេសា បន្ទាប់ពីមានការចោទរបស់អ្នកនាង ស្រីមុំ ថា មន្ត្រីសមាគមអាដហុក ឲ្យនាងនិយាយកុហក លោក ណៃ វ៉ង់ដា ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានថា អ្វីដែលធ្វើត្រឹមត្រូវគោលការណ៍របស់សមាគមអាដហុក និងច្បាប់របស់ប្រទេស។ ដូច្នេះលោកមិនព្រួយបារម្ភពីការចោទប្រកាន់របស់អ្នកនាង ខុម ចាន់តារាទី ទេ៖ «ខ្ញុំក៏គ្មានអ្វីព្រួយ បារម្ភដែរ ព្រោះកិច្ចការដែលខ្ញុំធ្វើគឺជាអ្វីដែលត្រូវតាមគោលការណ៍របស់ សមាគមអាដហុក ហើយត្រឹមត្រូវតាមគោលការណ៍ច្បាប់ទាំងអស់»។
សំណុំរឿងនេះដែរ តុលាការសម្រេចបញ្ជូនមន្ត្រីសិទ្ធិមនុស្សអាដហុក ៣រូប ព្រមទាំងលោក ណៃ វ៉ង់ដា ផង ទៅឃុំខ្លួនបណ្ដោះអាសន្ននៅពន្ធនាគារព្រៃស ខណៈមន្ត្រី គ.ជ.ប ១រូប ទៅពន្ធនាគាររាជធានីភ្នំពេញ ហៅកាត់ ប៉េហ្ស៊ី (PJ)។
លោក ណៃ វ៉ង់ដា អាយុ ៤២ឆ្នាំ បម្រើការងារនៅសមាគមអាដហុក ប្រមាណ ៩ឆ្នាំ ប្រឈមមុខនឹងជាប់ពន្ធនាគារពី ៥ ទៅ ១០ឆ្នាំ ព្រោះអនុប្រធានផ្នែកស៊ើបអង្កេតនៃសមាគមអាដហុក រូបនេះ ត្រូវតុលាការចោទប្រកាន់ពីសូកប៉ាន់សាក្សី។
គិតចាប់ពីពេលអង្គភាពប្រឆាំងអំពើពុករលួយឃាត់ខ្លួនលោក ណៃ វ៉ង់ដា កាលពីចុងខែមេសា នោះ លោក ណៃ វ៉ង់ដា បាត់បង់សេរីភាពជាង ៤០ថ្ងៃហើយ។
មេធាវីការពារក្ដីរបស់មន្ត្រីអាដហុកម្នាក់ អ្នកស្រី គា សុផល ឲ្យដឹងថា នៅម៉ោង ៨ព្រឹក ថ្ងៃទី១៣ ខែមិថុនា ខាងមុខ សភាស៊ើបសួររបស់សាលាដំបូងរាជធានីភ្នំពេញ នឹងសាកសួរលើមន្ត្រីអាដហុក ទាំងបួននាក់ ទាក់ទងសំណើសុំនៅក្រៅឃុំ។

លោកស្រី ភាវ ម៉ី ភរិយារបស់លោក ណៃ វ៉ង់ដា ឲ្យដឹងថា នៅបន្ទប់ឃុំដែលមានទំហំ ៤គុណ ៥ម៉ែត្រ ដែលអ្នកជាប់ឃុំផ្សេងទៀតទាំង ៣០នាក់ សុទ្ធសឹងតែជាអ្នកជក់បារី។ ពេលនេះស្វាមីលោកស្រីតែងក្អកជាប្រចាំ។ លោកស្រី ភាវ ម៉ី ឲ្យដឹងថា ដោយសារបន្ទប់តូចចង្អៀត ឆ្មាំគុកមិនអនុញ្ញាតឲ្យយកភួយចូលទេ ដោយគេអនុញ្ញាតឲ្យមានតែខ្នើយមួយនិងកន្ទេលមួយប៉ុណ្ណោះ៖ «និយាយ ទៅគឺមានការលំបាកនៅក្នុងហ្នឹង គឺសុខភាពគាត់អត់ល្អទេ មានបញ្ហាគាត់ក្អក ដោយសារផ្សែងបារី គេជក់នៅក្នុងហ្នុង ហីមុខហ្នឹងក៏រាងខ្មៅដោយសាររោលផ្សែងបារីហ្នឹង។ ពេលទៅជួបសួរសុខទុក្ខម្តងៗក៏ធំក្លិនផ្សែងបារីដែរ»។
មេធាវីការពារក្ដីឲ្យមន្ត្រីសមាគមអាដហុក ម្នាក់ទៀត គឺលោក ឡោ ជុនធី មិនទាន់ឲ្យដឹងថា តុលាការចោទប្រកាន់កូនក្ដីរបស់លោកដោយសំអាងលើភស្តុតាងអ្វីខ្លះនោះទេ។ លោកមេធាវីដដែលបន្តថា ពេលនេះក្រុមមេធាវីកំពុងប្រមូលភស្តុតាង និងឯកសារផ្លូវច្បាប់មួយចំនួនដើម្បីតតាំងការចោទប្រកាន់នេះ៖ «អ្វីដែលជាផ្លូវច្បាប់ខ្ញុំនៅសង្ឃឹមថា នឹងអាចទទួលបាន (យុត្តិធម៌) បើលើកតែពីរឿងផ្លូវច្បាប់»។
ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក ឱម យ៉ិនទៀង បានផ្ដល់បទសម្ភាសន៍ដល់ទូរទស្សន៍ក្នុងស្រុកមួយ កាលពីថ្ងៃ៤ ខែឧសភា លោក ឧម យ៉ិនទៀង មិនបានបញ្ជាក់លំអិតថា មន្ត្រីសមាគមអាដហុក ទាំង ៤រូប សូកប៉ាន់អ្វីខ្លះទៅអ្នកនាងស្រីមុំ ទេ។ ប៉ុន្តែក្នុងចំណោមអ្នកទាំងនោះ លោក ឧម យ៉ិនទៀង បង្ហាញឈ្មោះលោក នី សុខា ថា បានប្រាប់ទៅស្រីមុំ ឲ្យប្រាប់ទៅតុលាការថា លុយទិញសំបុត្រយន្តហោះទៅប្រទេសថៃ មិនជាប់ពាក់ព័ន្ធនឹងលុយកាក់របស់លោក កឹម សុខា ទេ។
មេធាវីការពារក្ដីរបស់មន្ត្រីអាដហុកម្នាក់ អ្នកស្រី គា សុផល មិនហ៊ានរំពឹងទុកថា កូនក្តីរបស់អ្នកស្រីបាននៅក្រៅឃុំទេ។ ប៉ុន្តែអ្នកស្រីមេធាវីយល់ថា ប្រសិនតុលាការយល់ពីតម្លៃការងាររបស់កូនក្តីអ្នកស្រី តុលាការនឹងអនុញ្ញាតឲ្យពួកគេនៅក្រៅ៖ «ខ្ញុំ សង្ឃឹមថា សាលាឧទ្ធរណ៍គាត់ហ្នឹងពិចារណាទៅលើការសុំនៅក្រៅឃុំ ព្រោះសកម្មភាពកូនក្ដីខ្ញុំគាត់ជាអ្នកដែលទទួលខុសត្រូវខាងផ្លូវ ច្បាប់ បើសិនជាទុកគាត់នៅក្នុងហ្នឹងក៏ដំណើរការស៊ើបអង្កេត វានៅតែដំណើរការបាន បើទុកគាត់នៅក្រៅឃុំវាអត់មានប៉ះពាល់ដល់ដំណើរការរបស់តុលាការ ដែរ»។
នាយកប្រតិបត្តិនៃអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា (ANSA) លោក សន ជ័យ មិត្តសង្គមស៊ីវិលរបស់លោក ណៃ វ៉ង់ដា សង្កេតឃើញថា លោក ណៃ វ៉ង់ដា ជាមនុស្សសកម្មនឹងការងារឃ្លាំមើលការរំលោភបំពានសិទ្ធិមនុស្ស និងកិច្ចការនយោបាយ។ សកម្មភាពទាំងនេះហើយដែលលោក សន ជ័យ យល់ថា ធ្វើឲ្យក្រុមមនុស្សមួយចំនួនដែលជាក្រុមអាជ្ញាធរមិនពេញចិត្ត ព្រោះសកម្មភាពលោក ណៃ វ៉ង់ដា ធ្វើឲ្យប៉ះពាល់ប្រយោជន៍របស់ពួកគេ៖ «យើងសង្កេតឃើញថា លោក ណៃ វ៉ង់ដា តែងតែលេចមុខនៅពេលដែលមានប្រជាពលរដ្ឋត្រូវបានអាជ្ញាធរ ឬឃាត់ខ្លួន នៅស្ទើរតែគ្រប់ទីកន្លែង ជាពិសេសនៅទីក្រុងភ្នំពេញនេះ ហើយមួយទៀតក៏ឃើញគាត់បានចូលរួមយ៉ាងសកម្មនៅក្នុងការឃ្លាំមើល ដំណើរការនៃការតវ៉ាផ្សេងៗរបស់សហគមន៍ដែលងាយរងគ្រោះ ជាពិសេសគឺសហគមន៍ដែលមានបញ្ហាជម្លោះដីធ្លីនៅរាជធានីភ្នំពេញ»។
ក្រុមមេធាវីការពារក្ដីមន្ត្រីសិទ្ធិអាដហុក ថា ពួកគេនៅតែតតាំងផ្លូវដើម្បីការពារកូនក្ដី ប៉ុន្តែពួកគេយល់ថា បញ្ហានយោបាយក៏ជះឥទ្ធិពលដល់ដំណើរការក្ដីនេះដែរដោយយល់ថា ប្រសិនគណបក្សមានសំឡេងឆ្នោតទាំងពីរងាយមកចូលតុចរចាឡើងវិញ នឹងរុញស្ថានការណ៍នេះវិលទៅភាពល្អប្រសើរឡើងវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
