ប្រជាពលរដ្ឋរស់នៅឃុំស្រែខ្ទុំ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ចោទប្រកាន់មន្ត្រីប៉ូលិសស្រុកមួយរូប ថាបានធ្វើទារុណកម្មលើរាងកាយបង្ខំឲ្យគាត់ឆ្លើយសារភាពកំហុស និងបង្ខំឲ្យសងសំណងជាប្រាក់ដល់ស្ត្រីម្នាក់ដែលបានប្ដឹងប្រជាពលរដ្ឋនោះ ថាបានវាយដំនាង។ មន្ត្រីឃ្លាំមើលសិទ្ធិមនុស្ស ចាត់ទុកករណីប្រើហិង្សាលើពលរដ្ឋនេះ ថាជាការរំលោភច្បាប់ និងបំពានសិទ្ធិពលរដ្ឋ។
មន្ត្រីឃ្លាំមើលសិទ្ធិមនុស្ស អំពាវនាវសុំឲ្យស្នងការប៉ូលិសខេត្ត និងស្ថាប័នពាក់ព័ន្ធ ស៊ើបអង្កេតបន្ទាន់មួយ ជុំវិញករណីសមត្ថកិច្ចប៉ូលិសវាយដំប្រជាពលរដ្ឋបង្ខំឲ្យឆ្លើយសារភាព និងបង់ប្រាក់ក្នុងរឿងក្តីព្រហ្មទណ្ឌ។
ការអំពាវនាវនេះ ធ្វើឡើងបន្ទាប់ពីមន្ត្រីសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្តមណ្ឌលគិរី ស៊ើបអង្កេតបឋមទៅលើពាក្យប្ដឹងរបស់ប្រជាពលរដ្ឋឈ្មោះ វន គន្ធី រស់នៅភូមិអូរអាម នៅថ្ងៃទី៣០ ខែធ្នូ បានប្ដឹងមកមន្ត្រីសិទ្ធិមនុស្សពីការប្រើអំពើហិង្សារំលោភសិទ្ធិមនុស្ស ពីសំណាក់មន្ត្រីប៉ូលិសស្រុក។
មន្ត្រីសម្របសម្រួលនៃសមាគមអាដហុក ខេត្តមណ្ឌលគិរី លោក សុក រដ្ឋា ឲ្យដឹងថា លោកចាត់មន្ត្រីចុះអង្កេតករណីនេះភ្លាមៗ ដើម្បីប្រមូលភស្តុតាង និងសាក្សី រៀបចំពាក្យប្ដឹងមន្ត្រីប៉ូលិសពីបទប្រើអំពើហិង្សាលើពលរដ្ឋ។ លោកបន្តថា ច្បាប់បានហាមឃាត់មិនឲ្យមានការប្រើអំពើហិង្សារំលោភទៅលើរាងកាយបុគ្គលណា ឬការវាយដំរបស់មន្ត្រីកងកម្លាំង ទៅលើប្រជាពលរដ្ឋនោះឡើយ៖ «រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកបានប្រកាស មន្ត្រីនគរបាលទាំងឡាយត្រូវតែបម្រើប្រជារាស្ត្រឲ្យបានត្រឹមត្រូវ ហើយគោរពប្រជាពលរដ្ឋ មិនត្រូវប្រើអំពើហិង្សាលើប្រជាពលរដ្ឋ»។
ការអង្កេតបឋមរបស់សមាគមអាដហុក ខេត្តមណ្ឌលគិរី រកឃើញថា បុរសឈ្មោះ វន គន្ធី មានរបួសហើមមុខ និងបែកច្រមុះ កំពុងព្យាបាលរបួសនៅផ្ទះ។ លោកថា ជនរងគ្រោះបានចោទប្រកាន់ទៅលើមន្ត្រីអធិការដ្ឋាននគរបាលស្រុកកែវសីមា គឺលោក ផល លាង ថាជាអ្នកវាយដំលើផ្ទៃមុខជនរងគ្រោះ បង្ខំឲ្យសារភាព។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងមន្ត្រីប៉ូលិសឈ្មោះ ផល លាង សុំបញ្ជាក់ការចោទប្រកាន់នេះបានទេ នៅថ្ងៃទី៣០ ខែធ្នូ។ ចំណែកអធិការប៉ូលិសស្រុកកែវសីមា លោក សន ប៊ុនធឿន បដិសេធមិនអធិប្បាយ ដោយលោកថាជាប់ប្រជុំ។
ទោះជាយ៉ាងនេះក្តី សាក្សីដែលឋិតក្នុងហេតុការណ៍ គឺលោក ជុំ ហិ អះអាងថា លោកបានឃើញ លោក ផល លាង វាយលើផ្ទៃមុខ លោក វន គន្ធី នៅចំពោះមុខមន្ត្រីប៉ូលិស និងប្រជាពលរដ្ឋដែលបានអមដំណើរគូភាគីជម្លោះនៅការិយាល័យប៉ូលិស។ លោកបន្តថា នឹងចូលទៅបំភ្លឺក្នុងឋានៈជាសាក្សី ប្រសិនបើសមត្ថកិច្ចបើកការស៊ើបអង្កេតករណីនេះ៖ «វាយគាត់ហូរឈាមតាមច្រមុះ ខ្ញុំខ្លោចចិត្តដែរនិយាយមិនចេញ ព្រោះកន្លែងគេ។ ខ្ញុំឃើញច្បាស់គាត់វាយខ្លាំងមែន វាយមនុស្សប្រៀបធៀបផ្លូវច្បាប់ខុសច្បាប់ហើយ។ ខាងសាក្សីគេក៏ឃើញច្រើនដែរ»។
ទាក់ទិនរឿងក្តីនេះដែរ លោក វន គន្ធី ឲ្យដឹងថា នៅរសៀលថ្ងៃទី២៩ ខែធ្នូ លោមានជម្លោះពាក្យសម្ដីជាមួយស្ត្រីឈ្មោះ យុច ដែលមានលំនៅឋានជិតគ្នា។ បន្ទាប់មក លោកក៏ឡើងមកផ្ទះសម្រាកទៅ។ រហូតមកទល់នឹងម៉ោងប្រមាណ ៧យប់ ស្រាប់តែឃើញប៉ូលិសស្រុកកែវសីមា បីនាក់ជិះរថយន្តមួយគ្រឿងមកនាំខ្លួនលោកយកទៅអធិការដ្ឋានប៉ូលិស តាមពាក្យប្ដឹងរបស់ស្ត្រីឈ្មោះ យុច ដែលបានប្ដឹងចោទថា លោកបានវាយស្ត្រីនោះ។ លោក វន គន្ធី ឲ្យដឹងទៀតថា មន្ត្រីប៉ូលិសឈ្មោះ ផល លាង បានព្យាយាមបង្ខំឲ្យលោកឆ្លើយសារភាពកំហុស និងបង្ខំឲ្យលោកយល់ព្រមសងសំណងជាប្រាក់ប្រមាណ ១លានរៀល ទៅឲ្យស្ត្រីឈ្មោះ យុច តែលោកបដិសេធ ទើបមន្ត្រីប៉ូលិសវាយលើផ្ទៃមុខលោកជាច្រើនដៃ រហូតមានរបួសចេញឈាម ទើបប៉ូលិសចាប់លោកដាក់ក្នុងបន្ទប់ឃុំខ្លួនប្រមាណ ៣ម៉ោង ហើយដោះលែងឲ្យត្រឡប់ទៅផ្ទះវិញនៅវេលាម៉ោងប្រមាណ ៣ជិតភ្លឺ៖ «គេសម្លុតខ្ញុំឲ្យសារភាពទៅ ឲ្យខ្ញុំបង់លុយកាក់។ ខ្ញុំថាអត់លុយ។ ខ្ញុំអត់មានធ្វើខុសទេ វាវាយខ្ញុំទៅ អត់មានអ្នកណាជួយទេ។ ប៉ូលិសបីបួននាក់ឈរមើល»។
មន្ត្រីសម្របសម្រួលនៃអង្គការអាដហុក លោក សុក រដ្ឋា ឲ្យដឹងថា មន្ត្រីរបស់លោកស៊ើបអង្កេតទៅលើភាគីមន្ត្រីប៉ូលិសបន្តទៀត មុននឹងរៀបចំពាក្យអន្តរាគមន៍ទៅស្នងការប៉ូលិស និងស្ថាប័នអយ្យការសាលាដំបូងខេត្ត ចាត់វិធានការរឿងនេះតាមផ្លូវច្បាប់។
រហូតមកទល់នឹងរសៀលថ្ងៃទី៣០ ខែធ្នូ នេះ អ្នកនាំពាក្យស្នងការដ្ឋានប៉ូលិសខេត្តមណ្ឌលគិរី លោក វ៉ាន ដានីន ឲ្យដឹងថា ស្នងការប៉ូលិសខេត្តបានទទួលព័ត៌មាននេះ និងបានចាត់ស្នងការរងទទួលបន្ទុកព្រហ្មទណ្ឌ ចុះអង្កេតករណីនេះហើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
