អាដហុក​ចាត់​ទុក​ការ​ចាប់​ខ្លួន​មន្ត្រី​សង្គម​ស៊ីវិល​នៅ​ខែត្រ​ក្រចេះ​ថា​ខុស​ច្បាប់

0:00 / 0:00

ពលរដ្ឋ​មួយ​គ្រួសារ​រស់នៅ​ឃុំ​ជ្រោយបន្ទាយ ស្រុក​ព្រែកប្រសព្វ ខែត្រ​ក្រចេះ អំពាវនាវ​ឲ្យ​សាលា​ដំបូង​ខែត្រ​នេះ​លើកលែង​បទ​ចោទ​មន្ត្រី​ការពារ​បរិស្ថាន និង​អភិវឌ្ឍន៍​ម្នាក់​ឲ្យ​មាន​សេរីភាព​វិញ។ អធិការ​ស្រុក​ព្រែកប្រសព្វ និង​អភិបាល​ស្រុក​ព្រែកប្រសព្វ រួម​ទាំង​សមត្ថកិច្ច​ចម្រុះ​បាន​ឃាត់​ខ្លួន​មន្ត្រី​អង្គការ​ការពារ​បរិស្ថាន និង​អភិវឌ្ឍន៍ ម្នាក់​កាល​ពី​យប់​ថ្ងៃ​ទី​១៥ កុម្ភៈ ដោយ​ចោទ​ពី​បទ​កំហែង​យក។ មន្ត្រី​សង្គម​ស៊ីវិល​ចាត់​ទុក​ការ​ឃាត់​ខ្លួន​នេះ គឺ​ជា​ករណី​ល្មើស​ច្បាប់។

ក្រុម​គ្រួសារ​មន្ត្រី​ការពារ​បរិស្ថាន និង​អភិវឌ្ឍន៍ នៅ​ខែត្រ​ក្រចេះ កំពុង​ស្វែងរក​ការ​អន្តរាគមន៍​ពី​អង្គការ​សង្គម​ស៊ីវិល និង​ស្ថាប័ន​ពាក់ព័ន្ធ​ឲ្យ​ជួយ​ជ្រោមជ្រែង​ផ្នែក​ច្បាប់ នៅ​ថ្ងៃ​ទី​២១ កុម្ភៈ។

បុរស​ដែល​ត្រូវ​ជា​ឪពុក​មន្ត្រី​បរិស្ថាន​ដែល​កំពុង​ជាប់​ឃុំ លោក ស៊ិន ធី យល់​ថា​ការ​ចាប់​ខ្លួន​កូន​ប្រុស​របស់​លោក ជា​រឿង​មិន​ត្រឹមត្រូវ។ លោក​ទទួល​ស្គាល់​ថា កូន​ប្រុស​របស់​លោក​បាន​ទទួល​ប្រាក់​ពី​អ្នក​ដឹក​ឈើ ៤​គោយន្ត​ចំនួន ១​ម៉ឺន ៥​ពាន់​រៀល កាល​ពី​រសៀល​ថ្ងៃ​ទី​១៥ កុម្ភៈ ក៏ប៉ុន្តែ​ប្រាក់​នោះ​កូន​ប្រុស​របស់​លោក​ពុំ​បាន​គំរាម​កំហែង ឬ​ជំរិត​ទារ​ប្រាក់​នោះ​ទេ ហើយ​អ្នក​ដឹក​ឈើ​ទាំងនោះ​ទៅ​វិញ​ទេ​ជា​អ្នក​សូកប៉ាន់​កូន​ប្រុស​របស់​លោក ដើម្បី​ជា​ថ្នូរ​បិទ​ព័ត៌មាន។

លោក​ថា បុរស​ដឹក​ជញ្ជូន​ឈើ​ប្រណិត ៤​គោយន្ត បាន​យក​ប្រាក់​សូកប៉ាន់​កូន​របស់​លោក ពុំ​ឃើញ​សមត្ថកិច្ច​ឃាត់​ខ្លួន​នោះ​ទេ។ បញ្ហា​នេះ លោក​មាន​មន្ទិល​ថា តើ​សមត្ថកិច្ច​អនុវត្ត​ច្បាប់​មាន​តម្លាភាព​ឬ​ទេ នៅ​គ្រា​ដែល​ចាប់​ខ្លួន​មន្ត្រី​ការពារ​បរិស្ថាន​ដាក់​គុក ក៏ប៉ុន្តែ​ឈ្មួញ​រក​ស៊ី​ឈើ​បែរ​ជា​ត្រូវ​រួច​ខ្លួន៖ « វា​ដឹក​ឈើ​ខុស​ច្បាប់​យក​ទៅ​លក់ ៤​គោយន្ត។ វា​ឲ្យ​ថ្ងៃ​រសៀល ដល់​យប់​វា​ប្ដឹង​ចៅហ្វាយ​ស្រុក​ឲ្យ​មក​ចាប់ ថា​យក​លុយ​វា ហើយ​លុយ ១​ម៉ឺន ៥​ពាន់​រៀល។ ខ្ញុំ​ដូច​ពិបាក​ដែរ​ដល់​ពេល​ចឹង ធ្វើ​អត់​មាន​មូលហេតុ​ទោស​ត្រូវ​ដាក់​គុក »

កាល​ពី​រសៀល​ថ្ងៃ​ទី​១៥ កុម្ភៈ អភិបាល​ស្រុក​ព្រែកប្រសព្វ លោក សេក ប៊ុនហេង និង​អធិការ​ស្រុក​ព្រែកប្រសព្វ លោក ចាន់ សុផល្លា រួម​ទាំង​សមត្ថកិច្ច​ចម្រុះ​បាន​ឃាត់​ខ្លួន​មន្ត្រី​អង្គការ​ការពារ​បរិស្ថាន និង​អភិវឌ្ឍន៍​ម្នាក់​ឈ្មោះ វឿន ប៊ុនធឿន ពី​បទ​កំហែង​យក។ ការ​ឃាត់​ខ្លួន​ក្រោយ​ពី​មាន​ពាក្យ​បណ្ដឹង​ពី​អ្នក​ដឹក​ឈើ​ម្នាក់ ដែល​ប្ដឹង​មន្ត្រី​បរិស្ថាន​រូប​នោះ​ថា​ជំរិត​ទារ​ប្រាក់​ពី​ពួក​គេ​ចំនួន ១​ម៉ឺន ៥​ពាន់​រៀល។

អធិការ​ស្រុក​ព្រែកប្រសព្វ លោក ចាន់ សុផល្លា ថ្លែង​បញ្ជាក់​ថា ប្រតិបត្តិការ​ឃាត់​ខ្លួន​នេះ​បន្ទាប់​ពី​មាន​ពាក្យ​បណ្ដឹង​ពី​ពលរដ្ឋ​ដែល​ចោទ​មន្ត្រី​អង្គការ​ការពារ​បរិស្ថាន និង​អភិវឌ្ឍន៍ ថា​បាន​ជំរិត​ទារ​ប្រាក់​តាម​ទូរស័ព្ទ​ពី​ពួក​គេ​ដឹក​ជញ្ជូន​ឈើ​បន្តិចបន្តួច។ លោក​ចាត់​ទុក​ការ​ជំរិត​ទារ​ប្រាក់​ពី​ពលរដ្ឋ​ដឹក​ជញ្ជូន​ឈើ គឺ​ជា​បទល្មើស​ព្រហ្មទណ្ឌ​ជាក់ស្តែង ហេតុ​នេះ​សមត្ថកិច្ច​មាន​សិទ្ធិ​ចាប់​ខ្លួន​មន្ត្រី​អង្គការ​រូប​នោះ​ទាំង​យប់​បាន។ លោក​បញ្ជាក់​ថា ការ​ឃាត់​ខ្លួន​នេះ​ផ្អែក​តាម​បទបញ្ជា​អភិបាល​ខែត្រ​ក្រចេះ ដែល​ហាម​មិន​ឲ្យ​មាន​កុងត្រូល​ជជុះ​ខុស​ច្បាប់​ចាំ​ស្ទាក់​ទារ​ប្រាក់​ពី​ពលរដ្ឋ និង​មាន​ការ​សហការ​ពី​អភិបាល​ស្រុក​ព្រែកប្រសព្វ ផង៖ « យើង​បាន​ផ្សព្វផ្សាយ​ហើយ​ថា កុំ​ឲ្យ​គាត់​ធ្វើ​អី​ខុស​ច្បាប់​កន្លង​ទៅ យើង​បាន​ទាំង​ដេញ​កុំ​ឲ្យ​ធ្វើ​អី​ខុស​ចឹង​ថា​ខុស​ច្បាប់ តែ​ពួក​គាត់​ក្បាល​រឹង​មិន​ស្តាប់​ទេ។ គណៈកម្មការ​ចុះ​ទៅ​បាត់​ទៅ ដល់​ពេល​គេ​ចេញ​មក​វិញ ពលរដ្ឋ​ដឹក​តិចតួច​ជំរិត​គេ​យក​ទៅ »

អ្នក​នាំ​ពាក្យ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) លោក សំ ច័ន្ទគា ចាត់​ទុក​ការ​ឃាត់​ខ្លួន​នេះ ថា​ជា​ករណី​រំលោភ​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ ព្រោះ​ពុំ​មែន​ជា​បទល្មើស​ជាក់ស្តែង ដែល​សមត្ថកិច្ច​ពុំ​មាន​សិទ្ធិ​ឃាត់​ខ្លួន​មនុស្ស​ទាំង​យប់​បាន​ទេ លើកលែង​តែ​បទល្មើស​ជួញ​ដូរ​គ្រឿង​ញៀន និង​ជួញ​ដូរ​មនុស្ស ដែល​អនុញ្ញាត​ឲ្យ​សមត្ថកិច្ច​ចាប់​ខ្លួន​ដោយ​គ្មាន​ដីកា​ពី​តុលាការ។ លោក​ជំរុញ​ឲ្យ​សាលា​ដំបូង​ខែត្រ​ក្រចេះ ពិនិត្យ​ករណី​នេះ​ឡើង​វិញ និង​លើកលែង​បទ​ចោទ ប្រសិន​រក​ឃើញ​ថា ការ​ចាប់​ខ្លួន​នេះ​បំពាន​ច្បាប់។ លោក​យល់​ថា សមត្ថកិច្ច​គួរ​តែ​មាន​ការ​អប់រំ​ណែនាំ និង​ធ្វើ​កិច្ចសន្យា​ព្រមាន​ឲ្យ​បញ្ឈប់ ប្រសើរ​ជាង​ដាក់​ទណ្ឌកម្ម​ច្បាប់៖ « ការ​ចាប់​ខ្លួន​គេ​ទាំង​យប់​ដោយ​គ្មាន​ដីកា​ពី​តុលាការ​នេះ ហើយ​ពុំ​មែន​ជា​ករណី​ជាក់ស្តែង គឺ​ជា​ការ​រំលោភ​នីតិវិធី​ព្រហ្មទណ្ឌ​ហើយ គួរ​តែ​ត្រូវ​ធ្វើ​ការ​ព្រមាន ព្រោះ​ការ​ឃាត់​យក​លុយ​វា​តិច »

កាល​ពី​ដើម​ខែ​កុម្ភៈ ឆ្នាំ​២០១៧ មន្ត្រី​នៃ​អង្គការ​មិន​មែន​រដ្ឋាភិបាល​មួយ​រូប និង​ពលរដ្ឋ ៤​នាក់ ត្រូវ​បាន​សាលា​ដំបូង​ខែត្រ​ក្រចេះ សម្រេច​ឃុំ​ខ្លួន​បណ្ដោះអាសន្ន បន្ទាប់​ពី​ពួក​គេ​បាន​ឃាត់​រថយន្ត​ដឹក​ឈើ​មក​រក្សា​ទុក ដោយ​មិន​បាន​ផ្តល់​ព័ត៌មាន​ទៅ​មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ​ជា​មុន និង​សង្ស័យ​ថា​ជំរិត​ទារ​ប្រាក់​ពី​ម្ចាស់​រថយន្ត​ដឹក​ឈើ។ ការ​ឃាត់​ខ្លួន​នោះ អាជ្ញាធរ​ពាក់ព័ន្ធ និង​តុលាការ​ពុំ​បាន​ធ្វើ​ការ​ចោទ​ប្រកាន់​អ្នក​ដឹក​ឈើ​ខុស​ច្បាប់​នោះ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។