របាយការណ៍៖ ករណី​រំលោភ​បំពាន​ប្រព័ន្ធ​យុត្តិធម៌​ពី​សំណាក់​អាជ្ញាធរ​កម្ពុជា​កើន​ឡើង

របាយការណ៍​អង្គការ​លើកលែង​ទោស​អន្តរជាតិ (Amnesty International) រក​ឃើញ​ថា មាន​ការ​កើន​ឡើង​នូវ​ករណី​បង្ក្រាប​លើ​សេរីភាព​បញ្ចេញ​មតិ ការ​ប្រមូលផ្ដុំ និង​ការ​ជួបជុំ​ដោយ​សន្តិវិធី នៅ​មុន​ពេល​បោះឆ្នោត​ឃុំ-​សង្កាត់ ឆ្នាំ​២០១៧ និង​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​ឆ្នាំ​២០១៨ នៅ​កម្ពុជា។

របាយការណ៍​ស្តី​អំពី​ស្ថានភាព​រំលោភ​សិទ្ធិមនុស្ស​ក្នុង​ពិភពលោក ឆ្នាំ​២០១៦-​២០១៧ ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ពុធ ទី​២២ ខែ​កុម្ភៈ ឲ្យ​ដឹង​ថា មាន​ការ​កើន​ឡើង​នូវ​ករណី​រំលោភ​បំពាន​ប្រព័ន្ធ​យុត្តិធម៌​ពី​សំណាក់​អាជ្ញាធរ​កម្ពុជា ហើយ​ថា កងកម្លាំង​ប្រដាប់​អាវុធ​នៅ​តែ​បន្ត​រុកកួន​ដាក់​ទោស​ទណ្ឌ​ប្រឆាំង​អង្គការ​សង្គម​ស៊ីវិល និង​បំបិទ​មាត់​ក្រុម​អ្នក​រិះគន់​រដ្ឋាភិបាល។

របាយការណ៍​បន្ត​ថា ក្រុម​អ្នក​ការពារ​សិទ្ធិមនុស្ស​ត្រូវ​បាន​ចាប់​ខ្លួន និង​ឃុំ​ខ្លួន​មុន​ពេល​សវនាការ ខណៈ​ដែល​គណបក្ស​ប្រឆាំង​ក្លាយ​ជា​គោលដៅ​នៃ​ការ​ធ្វើ​ទុក្ខបុកម្នេញ​ផ្នែក​នយោបាយ ហើយ​សកម្មជន​របស់​គណបក្ស​ប្រឆាំង​ត្រូវ​បាន​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​យូរ។ បន្ថែម​ពី​នេះ មេដឹកនាំ​របស់​គណបក្ស​ប្រឆាំង​ក៏​កំពុង​ទទួល​រង​នូវ​ចំណាត់​ការ​ផ្លូវ​ច្បាប់​ថ្មីៗ​បន្ថែម​ទៀត​ផង​ដែរ។

របាយការណ៍​ក៏​បាន​សង្កត់​ធ្ងន់​ដែរ​ថា អ្នក​វិភាគ​សង្គម​ដ៏​ល្បីល្បាញ គឺ​លោក​បណ្ឌិត កែម ឡី ត្រូវ​បាន​ឃាតក​បាញ់​សម្លាប់ ហើយ​ថា បញ្ហា​និទណ្ឌភាព​នៅ​តែ​បន្ត​កើត​មាន​ដដែល​ក្នុង​សង្គម​កម្ពុជា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។