របាយការណ៍របស់សមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ដែលត្រូវប្រកាសរបាយការណ៍នៅថ្ងៃទី២៨ សីហា បង្ហាញថា សេរីភាពបញ្ចេញមតិនៅកម្ពុជា ធ្លាក់ចុះជាបន្តបន្ទាប់ ជាពិសេសនៅក្នុងឆ្នាំ២០១៤។ មន្ត្រីរដ្ឋាភិបាល ថារបាយការណ៍នេះគ្មានការទទួលខុសត្រូវ។
ក្នុងរបាយការណ៍ស្ដីពីសិទ្ធិសេរីភាពបញ្ចេញមតិឆ្នាំ២០១៤ នៅក្នុងប្រទេសកម្ពុជា ដែលប្រកាសដោយសមាគមការពារសិទ្ធិមនុស្សអាដហុក បង្ហាញថា សេរីភាពបញ្ចេញមតិ បានធ្លាក់ចុះនៅពេលដែលរដ្ឋាភិបាលរឹតត្បិត និងហាមឃាត់ការជួបជុំ។
ក្នុងសន្និសីទសារព័ត៌មាន នៅព្រឹកថ្ងៃទី២៨ សីហា ប្រធានផ្នែកស៊ើបអង្កេតនៃសមាគមការពារសិទ្ធិមនុស្សអាដហុក លោក នី ចរិយា មានប្រសាសន៍ថា សេរីភាពបញ្ចេញមតិនៅកម្ពុជា មានតែលើបបូរមាត់ និងលើក្រដាសតែប៉ុណ្ណោះ។ ប្រសាសន៍របស់លោក គឺយោងទៅលើការវាយប្រហារនានា នៅក្នុងអំឡុងពេលមានបាតុកម្ម និងការបិទទីលានប្រជាធិបតេយ្យកន្លងមក។
ក្នុងសន្និសីទសារព័ត៌មាន នៅព្រឹកថ្ងៃទី២៨ សីហា ប្រធានផ្នែកស៊ើបអង្កេតនៃសមាគមការពារសិទ្ធិមនុស្សអាដហុក លោក នី ចរិយា មានប្រសាសន៍ថា សេរីភាពបញ្ចេញមតិនៅកម្ពុជា មានតែលើបបូរមាត់ និងលើក្រដាសតែប៉ុណ្ណោះ។ ប្រសាសន៍របស់លោក គឺយោងទៅលើការវាយប្រហារនានា នៅក្នុងអំឡុងពេលមានបាតុកម្ម និងការបិទទីលានប្រជាធិបតេយ្យកន្លងមក៖ «អាជ្ញាធរមានសមត្ថកិច្ច បានវាយប្រហារ និងកំណត់គោលដៅលើអ្នកសារព័ត៌មាន។ ជាក់ស្ដែង នៅក្នុងខែកញ្ញា ឆ្នាំ២០១៣ អ្នកសារព័ត៌មានត្រូវបានវាយប្រហារ និងឆក់ដោយដំបងឆក់ នៅតំបន់វត្តភ្នំ ក្រុងភ្នំពេញ នៅពេលដែលអ្នករងគ្រោះដីធ្លីកំពុងធ្វើការតាំងសមាធិ ហើយនៅខែឧសភា ឆ្នាំ២០១៤ នេះទៀត។ អ្នករាយការណ៍របស់វិទ្យុសំឡេងប្រជាធិបតេយ្យ វី.អូ.ឌី (VOD) ក៏ត្រូវក្រុមសន្តិសុខខណ្ឌដូនពេញ វាយឱ្យរបួសធ្ងន់ធ្ងរ។ ហើយមកដល់ពេលនេះ តុលាការក្រុងភ្នំពេញ មិនបានចោទប្រកាន់ និងចាត់វិធានការផ្លូវច្បាប់នោះទេ បោះទោះបីជាជនរងគ្រោះបានដាក់ពាក្យប្ដឹងទៅតុលាការក៏ដោយចុះ»។
ទោះបីជាលោកបានសរសើរពីការបើកទូលាយនៅមុន និងក្រោយពេលបោះឆ្នោត ឆ្នាំ២០១៣ ក្ដី ក៏លោកចាត់ទុកថា ការរឹតត្បិតសេរីភាពបញ្ចេញមតិ ដោយការបង្ក្រាបបាតុកម្ម និងវាយប្រហារអ្នកកាសែតនៅឆ្នាំ២០១៤ គឺជាការរំលោភសិទ្ធិមនុស្សជាមូលដ្ឋាន។ លោកបញ្ជាក់ដែរថា ហើយមានស្ថាប័នរដ្ឋចូលរួមក្នុងការរំលោភសិទ្ធិមនុស្សនេះ ឧទាហរណ៍ដូចជា ការប្រើប្រាស់តុលាការ ដើម្បីកាត់ទោសអ្នកប្រើប្រាស់សេរីភាពបញ្ចេញមតិកន្លងមក ជាដើម។
លោកបន្តថា អ្នកនយោបាយនៅកម្ពុជា បានយកសេរីភាពបញ្ចេញមតិ ដែលជាសិទ្ធិមូលដ្ឋានធ្វើជាចំណាប់ខ្មាំងនៃនយោបាយរបស់ខ្លួន ព្រោះបន្ទាប់ពីការចរចានយោបាយម្ដងៗ ស្ថានភាពសេរីភាពនេះតែងបានធូរស្រាល។
មន្ត្រីនាំពាក្យនៃទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ថ្លែងថា នៅកម្ពុជា មានសេរីភាពបញ្ចេញពេញលេញ ១០០% រហូតដល់មានអ្នកហែក្បួនតវ៉ាជេរប្រមាថនាយករដ្ឋមន្ត្រី និងមន្ត្រីសាធារណៈ មិនគោរពច្បាប់ និងសហការជាមួយអាជ្ញាធរ។ លោកហៅការលើកឡើងនៅក្នុងរបាយការណ៍របស់សមាគមការពារសិទ្ធិមនុស្សអាដហុក ថាគ្មានការទទួលខុសត្រូវ៖ «ពីព្រោះរដ្ឋាភិបាលមានអាណត្តិ ហើយមានកាតព្វកិច្ចក្នុងការថែរក្សាសណ្ដាប់ធ្នាប់ ហើយនិងធ្វើឱ្យមានការគោរពច្បាប់។ ដូច្នេះ ប្រជាពលរដ្ឋត្រូវតែសហការជាមួយរាជរដ្ឋាភិបាល គឺរដ្ឋាភិបាលកើតចេញពីប្រជាពលរដ្ឋ ហើយមានច្បាប់ត្រឹមត្រូវ ដែលយើងត្រូវតែអនុវត្ត។ អាហ្នឹងជាកាតព្វកិច្ចរបស់យើង ហើយមិនចង់ឱ្យអ្វីដែលជាអាទិភាពនៃផលប្រយោជន៍កម្ពុជា មិនចង់ឱ្យកម្ពុជា ក្លាយទៅជាប្រទេសមួយចំនួនដូចនៅមជ្ឈិមបូព៌ា គឺយើងមិនអញ្ញាតឱ្យដាច់ខាត គ្មានភាពវឹកវរ។ ដូច្នេះ ការប្រកួតប្រជែងនយោបាយ មានកន្លែងសម្រាប់ប្រកួតប្រជែង មានស្ថានភាពត្រូវប្រកួតប្រជែង។ ប៉ុន្តែហួសពីអ្វីដែលយើងយល់ថា មិនសមស្របនឹងស្ថិរភាពនយោបាយ មិនសមស្របនឹងស្ថិរភាពសង្គម។ ដូច្នេះ យើងចាត់វិធានការតាមច្បាប់អនុញ្ញាតឱ្យ។ អាស្រ័យហេតុដូច្នេះ សេរីភាពណាក៏ដោយ ក៏ស្ថិតនៅក្នុងរង្វង់ច្បាប់ដែរ»។
អនុប្រធានផ្នែកដីធ្លី នៃសមាគមអាដហុក លោក ចាន់ សុវ៉េត ថ្លែងថា អ្វីដែលអង្គការសង្គមស៊ីវិលចង់បាននៅពេលបច្ចុប្បន្ននេះ គឺចង់ឱ្យគណបក្សនយោបាយទាំងពីរ បំបាត់ចោលនិទ្ទណ្ឌភាព ឬភាពរួចទោស និងបំបាត់ចោលការគំរាមកំហែងសេរីភាពបញ្ចេញមតិ ដោយការស៊ើបអង្កេតអ្នកដែលរំលោភបំពានលើអ្នកប្រើសិទ្ធិបញ្ចេញមតិនោះ។
នៅក្នុងរបាយការណ៍ស្ដីពីសេរីភាពបញ្ចេញមតិ សមាគមអាដហុក ក៏លើកឡើងអំពីការបង្ក្រាបអ្នកបញ្ចេញមតិ លើការរំលោភសិទ្ធិ ការបំផ្លាញបរិស្ថាន អំពើពុករលួយ និងការរំលោភដីធ្លីទូទាំងប្រទេស ព្រមទាំងការសម្លាប់អ្នកកាសែត ១១នាក់ទៀតផង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។