អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) អំពាវនាវដល់រដ្ឋាភិបាលនៃប្រទេសកម្ពុជា និងអូស្ត្រាលី អោយបោះបង់ចោលកិច្ចព្រមព្រៀងនៃគម្រោងបញ្ជូន និងទទួលជនភៀសខ្លួន។
អង្គការនេះបានហៅគម្រោងបញ្ជូនជនភៀសខ្លួនមកកម្ពុជា ថាជាការរុញច្រានក្រុមអ្នកទាំងនោះទៅក្នុងស្ថានភាពប្រថុយប្រថាន។
នៅក្នុងសេចក្ដីថ្លែងការណ៍ផ្សព្វផ្សាយកាលពីថ្ងៃទី១ ខែឧសភា អង្គការលើកលែងទោសអន្តរជាតិ បានស្នើអោយភាគីទាំងពីរពិចារណាឡើងវិញ និងថា កិច្ចព្រមព្រៀងបញ្ជូនជនភៀសខ្លួនមកកម្ពុជា មិនគួរអោយកើតមានឡើយ។
នាយកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកនៃអង្គការលើកលែងទោសអន្តរជាតិ អ្នកស្រី រីឆាត បេនណែត (Richard Bennette) បានលើកឡើងនៅក្នុងសេចក្ដីថ្លែងការណ៍នោះថា ប្រទេសទាំងពីរគួរពិចារណាពីចំណុចប្រឈមនានា ដែលអាចកើតឡើងពីការបញ្ជូនជនភៀសខ្លួនទាំងនោះ៖ «ប្រទេសអូស្ត្រាលី គួរបញ្ឈប់គម្រោងនោះទៅ ដ្បិតវាជាទណ្ឌកម្មទៅលើអ្នកស្វែងរកសិទ្ធិជ្រកកោន និងពុំគួរទម្លាក់ការទទួលខុសត្រូវចំពោះជំរំជនភៀសខ្លួននោះ ត្រូវឋិតនៅក្រោមប្រទេសដ៏ក្រីក្រមួយឡើយ។ កម្ពុជា គួរតែស្វែងយល់ពីភាពប្រឈមធ្ងន់ធ្ងរមួយចំនួនជុំវិញការចាត់ចែងគម្រោងនេះ និងត្រូវច្បាស់ថា ថាតើបានត្រៀមខ្លួនរួចហើយឬនៅ? កម្ពុជា មានសមត្ថភាពមានកម្រិតក្នុងការទទួលយកអ្នកស្វែងរកសិទ្ធិជ្រកកោន និងកំពុងតែតស៊ូ ដើម្បីការគោរព និងការពារសិទ្ធិពលរដ្ឋខ្លួនឯង»។
សំណើរបស់អង្គការលើកលែងទោសអន្តរជាតិ បានធ្វើឡើងបន្ទាប់ពីសារព័ត៌មានក្នុងស្រុកបានផ្សព្វផ្សាយថា រដ្ឋាភិបាលកម្ពុជា បានព្រមព្រៀងជាគោលការណ៍ចំពោះសំណើរបស់ប្រទេសអូស្ត្រាលី ដែលស្នើបញ្ជូនជនភៀសខ្លួន។
មន្ត្រីនាំពាក្យទីស្ដីការការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បានបដិសេធអធិប្បាយករណីនេះទេ ដោយបង្វែរអោយទៅសួរក្រសួងការបរទេស វិញ។
មន្ត្រីនៃក្រសួងការបរទេស ធ្លាប់បញ្ជាក់ថា ការព្រមព្រៀងដែលបានផ្សព្វផ្សាយគ្រាន់តែជាគោលការណ៍ប៉ុណ្ណោះ ពុំទាន់ជាផ្លូវការឡើយ និងត្រូវរង់ចាំការសិក្សាបន្ថែមទៀត។
ទាក់ទិននឹងករណីនេះ ឧត្ដមស្នងការរងទទួលបន្ទុកសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ អ្នកស្រី ហ្វ្លាវា ផាន់សៀរី (Flavia Pansieri) បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅរសៀលថ្ងៃទី២ ខែឧសភា នៅពេលបញ្ចប់បេសកកម្មរបស់អ្នកស្រីនៅកម្ពុជា ថា ជនទាំងឡាយមិនគួរត្រូវបញ្ជូនមកកម្ពុជា ដោយមិនគិតពីស្ថានភាពគតិយុត្តិរបស់ពួកគេទេ។ លើសពីនេះ ពួកគេមានសិទ្ធិទទួលបានការការពារពីការមិនបញ្ជូនត្រឡប់ទៅប្រទេសដើមវិញ។ ស្របគ្នានេះ កម្ពុជា ត្រូវគោរពតាមកាតព្វកិច្ចក្នុងនាមជាភាគីនៃអនុសញ្ញាអន្តរជាតិ ស្ដីពីសិទ្ធិជនភៀសខ្លួន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
