រដ្ឋមន្ត្រី​អន្តោប្រវេសន៍​អូស្ត្រាលី​នឹង​មក​ទស្សនកិច្ច​កម្ពុជា​ពាក់ព័ន្ធ​នឹង​ជន​ភៀស​ខ្លួន

0:00 / 0:00

រដ្ឋមន្ត្រី​ក្រសួង​អន្តោប្រវេសន៍ និង​កិច្ច​ការពារ​ព្រំដែន​អូស្ត្រាលី នឹង​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា រយៈពេល​២​ថ្ងៃ​ចាប់​ពី​ថ្ងៃ​ទី​២៦ ដល់​ថ្ងៃ​ទី​២៧ ខែ​កញ្ញា ឆ្នាំ​២០១៤។ គោលបំណង​នៃ​ការ​បំពេញ​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រី​ក្រសួង​អន្តោប្រវេសន៍​នេះ ត្រូវ​មន្ត្រី​កម្ពុជា​បញ្ជាក់​ថា គឺ​ពាក់ព័ន្ធ​នឹង​កិច្ចការ​ផ្ដល់​សិទ្ធិ​ដល់​ជន​ភៀស​ខ្លួន​មក​កម្ពុជា។

រដ្ឋាភិបាល​ប្រទេស​អូស្ត្រាលី និង​រដ្ឋាភិបាល​ប្រទេស​កម្ពុជា នឹង​ចុះ​ហត្ថលេខា​លើ​អនុសារណៈ​នៃ​ការ​យោគយល់​គ្នា​រវាង​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ ទាក់ទង​ទៅ​និង​ការ​តាំង​ទីលំនៅ​នៃ​​ជន​ភៀស​ខ្លួន​ស្វែង​រក​សិទ្ធិ​ជ្រក​កោន​នៅ​ប្រទេស​អូស្ត្រាលី​ក្នុង​សប្ដាហ៍​នេះ។

ក្រសួង​ការបរទេស​បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​ថា រដ្ឋមន្ត្រី​ក្រសួង​អន្តោប្រវេសន៍ និង​កិច្ច​ការពារ​ព្រំដែន​អូស្ត្រាលី លោក ស្កុត ម៉ូរីសុន (Scott Morrison) នឹង​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា នៅ​ថ្ងៃ​ទី​២៦ ដល់​ថ្ងៃ​ទី​២៧ ខែ​កញ្ញា។ អំឡុង​ពេល​ទស្សនកិច្ច​នោះ​លោក​នឹង​ជួប​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​មហា​ផ្ទៃ លោក ស ខេង ដើម្បី​ចុះ​ហត្ថលេខា​លើ​អនុសារណៈ​នៃ​ការ​យោគយល់​គ្នា​រវាង​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ ទាក់ទង​ទៅ​និង​ការ​តាំង​ទីលំនៅ​នៃ​​ជន​ភៀស​ខ្លួន​ស្វែង​រក​សិទ្ធិ​ជ្រក​កោន​នៅ​ប្រទេស​អូស្ត្រាលី។

អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ លោក កុយ គួង មិន​បាន​មាន​ប្រសាសន៍​ច្រើន​ទេ ចំពោះ​កិច្ច​ជំនួប​នេះ៖ «សំឡេង៖តាម ​ពិត​ទៅ​គឺ​មក​ដើម្បី​ចុះ​ហត្ថលេខា​ណា ចុះ​ហត្ថលេខា​អនុសារណៈ​នៃ​ការ​យោគយល់​រឿង​បញ្ហា​ការ​តាំង​ទី​លំនៅ​ជន​ភៀស​ខ្លួន​នៅ​កម្ពុជា ជាមួយ​ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី ស ខេង ហើយ​ការ​ចុះ​ហត្ថលេខា​ហ្នឹង ធ្វើ​ឡើង​នៅ​ក្រសួង​មហា​ផ្ទៃ​និង​ឯង ថ្ងៃ​ទី​២៦ ខែ​កញ្ញា ម៉ោង​៣​រសៀល​ចាំ​ដល់​ពេល​ហ្នឹង​ដឹង​ថា​យ៉ាង​ម៉េច​ ណា»

ចំណែក​អ្នក​នាំ​ពាក្យ​ក្រសួង​មហា​ផ្ទៃ លោក ខៀវ សុភ័គ ក៏​មិន​បញ្ជាក់​ប្រាប់​បន្ថែម​ទេ ក្រៅ​អំពី​គម្រោង​ជួប​ចុះ​ហត្ថលេខា​លើ​អនុសារណៈ​នេះ«ការ​ចុះ​ហត្ថលេខា​នេះ នឹង​ប្រព្រឹត្ត​ទៅ​នៅ​ក្នុង​ចុង​សប្ដាហ៍​ហ្នឹង​តាម​ខ្ញុំ​ដឹង​បើ​សិន​គ្មាន​អី​ ប្រែប្រួល»

យ៉ាង​ណា​ក៏​ដោយ ប្រធាន​ផ្នែក​ស៊ើបអង្កេត​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក លោក នី ចរិយា នៅ​តែ​មាន​ទស្សនៈ​ថា ប្រទេស​កម្ពុជា​មិន​ទាន់​មាន​សមត្ថភាព​និង​លទ្ធភាព​ក្នុង​ការ​ទទួល​យក​​ជន​ភៀស​ខ្លួន​ស្វែង​រក​សិទ្ធិ​ជ្រក​កោន​នៅ​ប្រទេស​អូស្ត្រាលី​​ទេ។ លោក​បញ្ជាក់​ថា ប្រទេស​កម្ពុជា​កំពុង​ស្ថិត​នៅ​ក្នុង​ការ​រង​ការ​ទិតៀន​ពី​ប្រទេស​ជា​ច្រើន​នៅ​ក្នុង​ពិភព​លោក ចំពោះ​ការ​រំលោភ​សិទ្ធិ​មនុស្ស និង​កង្វះ​ការ​លើក​ស្ទួយ​សិទ្ធិ​មនុស្ស៖ «តាម ​ខ្ញុំ​យល់​ថា​ប្រទេស​កម្ពុជា​មិន​ទាន់​មាន​សមត្ថភាព និង​លទ្ធភាព​ស្មើ​និង​ប្រទេស​អូស្ត្រាលី​ទេ​ក្នុង​ការ​ទទួល​ជន​ភៀស​ខ្លួន​នេះ។ ជន​ភៀស​ខ្លួន​ដែល​ចង់​ទៅ​រស់​នៅ​ប្រទេស​អូស្ត្រាលី​គឺ​គ្នា​បាន​ទទួល​រង​ការ​រំលោភ​សិទ្ធិ​មនុស្ស​ពី​ប្រទេស​របស់​ខ្លួន​រួច​ទៅ​ហើយ​ដែល​ទៅ​រក​ប្រទេស​អូស្ត្រាលី​នេះ ហើយ​នៅ​ពេល​ដែល​អូស្ត្រាលី​បញ្ជូន​មក​ឲ្យ​ប្រទេស​កម្ពុជា​ដែល​ជា​ប្រទេស​មួយ​រំលោភ​សិទ្ធិ​មនុស្ស​ដែរ​នេះ គឺ​ថា​អ្នក​ទាំង​អស់​នេះ​ក្លាយ​ទៅ​ជា​ជន​រងគ្រោះ​ដោយ​ការ​រំលោភ​សិទ្ធិ​មនុស្ស​ពីរ​ដង គឺ​ទី​មួយ​រំលោភ​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​របស់​ខ្លួន ទី​២​គឺ​អាច​នឹង​មក​ទទួល​រង​នូវ​ការ​រំលោភ​សិទ្ធិ​មនុស្ស​នៅ​ប្រទេស​កម្ពុជា​ ទៀត»

ទោះ​ជា​យ៉ាង​នេះ​ក្ដី កន្លង​មក​រដ្ឋាភិបាល​តែងតែ​អះអាង​ថា គម្រោង​ការ​ផ្ដល់​សិទ្ធិ​ជ្រក​កោន​ឲ្យ​ជន​ភៀស​ខ្លួន ជា​ច្រើន​រយ​នាក់ ពី​ប្រទេស​អូស្ត្រាលី គឺ​ស្ថិត​ក្រោម​គោលការណ៍​មនុស្សធម៌​និង​ស្ម័គ្រ​ចិត្ត។ ប៉ុន្តែ​ដំណើរ​ការ​នៃ​ការ​ទទួល​យក​ជន​ភៀស​ខ្លួន​នេះ ត្រូវ​បាន​មជ្ឈដ្ឋាន​ជា​ច្រើន រិះគន់​ថា ការ​ចរចា​មាន​ភាព​អាថ៌កំបាំង ស្រប​ពេល​ដែល​ប្រទេស​អូស្ត្រាលី​កំពុង​គេច​ចេញ​ពី​ការ​ទទួល​ខុស​ត្រូវ​របស់​ខ្លួន​ចំពោះ​ជន​ភៀស​ខ្លួន​ទាំង​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។