ស្ថានទូតអូស្ត្រាលី ប្រចាំនៅកម្ពុជា បញ្ជាក់ជំហរគាំទ្រសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិជាសាធារណៈរបស់តំណាងរាស្ត្រខ្មែរ-អូស្ត្រាលី លោក ហុង លីម និងចាត់ទុកសិទ្ធិនេះជាធាតុផ្សំដ៏សំខាន់មួយនៃដំណើរប្រជាធិបតេយ្យពិតប្រាកដក្នុងប្រទេសប្រជាធិបតេយ្យ។
ការបញ្ជាក់ជំហរនេះ ធ្វើឡើងក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃទី១០ ខែសីហា ដោយសង្កត់ធ្ងន់ថា៖ «ប្រទេសអូស្ត្រាលី មាន ប្រពៃណីដ៏ផូរផង់ និងរឹងមាំមួយក្នុងការគោរពសិទ្ធិសេរីភាពបញ្ចេញមតិជាសាធារណៈ។ សិទ្ធិសេរីភាព ក្នុងការបញ្ចេញ មតិនេះ ជាធាតុផ្សំ ដ៏សំខាន់ មួយនៃប្រព័ន្ធប្រជាធិបតេយ្យ របស់យើង»។
ឆ្លើយតបទៅនឹងការភ្ជាប់លោក ហុង លីម ទៅនឹងរដ្ឋាភិបាលអូស្ត្រាលី ឬស្ថានទូតអូស្ត្រាលី សេចក្តីថ្លែងការណ៍ដដែលនេះគូសបញ្ជាក់ថា៖ «មតិរបស់លោក ហុង លីម មិនតំណាងឲ្យ រដ្ឋាភិបាលអូស្ត្រាលី ឬស្ថានទូតអូស្ត្រា លី។ លោក ហុង លីម មិន មែនជាសមាជិក របស់រដ្ឋាភិបាលសហព័ន្ធ ឬសភា សហព័ន្ធ អូស្ត្រាលី»។
តំណាងរាស្ត្រខ្មែរ-អូស្ត្រាលី លោក ហុង លីម បានលើកឡើងក្នុងកិច្ចសម្ភាសន៍ក្នុងកម្មវិធីទូរទស្សន៍អាស៊ីសេរី កាលពីថ្ងៃទី៣ ខែសីហា ថា «របបកម្ពុជា សព្វថ្ងៃមានលក្ខណៈតិរច្ឆាន»។
ក្រោយការថ្លែងបែបនេះ ទាំងមន្ត្រីតំណាងរដ្ឋាភិបាលកម្ពុជា ទាំងរដ្ឋសភា និងព្រឹទ្ធសភាកម្ពុជា ដែលតំណាងដោយគណបក្សប្រជាជនកម្ពុជា បានរិះគន់លោក ហុង លីម យ៉ាងខ្លាំង និងទាមទារឲ្យលោក ហុង លីម សុំទោសពលរដ្ឋខ្មែរជាសាធារណៈ។
ស្របពេលប្រទេសអូស្ត្រាលី គោរពសិទ្ធិសេរីភាពបញ្ចេញមតិរបស់លោក ហុង លីម ក្រសួងការបរទេសកម្ពុជា បានដាក់លោក ហុង លីម ក្នុងបញ្ជីខ្មៅ និងមិនអនុញ្ញាតឲ្យគាត់ចូលស្រុកខ្មែរបានឡើយ។ ក្រសួងការបរទេសកម្ពុជា ចាត់ទុកលោក ហុង លីម ជាជនមិនត្រូវស្វាគមន៍៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
