អាជ្ញាធរសង្កាត់បឹងទំពុន ខណ្ឌមានជ័យ នៅរសៀលថ្ងៃទី១៦ សីហា នាំគ្នាទៅកាន់ការិយាល័យបណ្ដាញយុវជនខ្មែរមហានគរ ដើម្បីត្រួតពិនិត្យ និងសួរនាំពីគម្រោងដែលយុវជនរបស់បណ្ដាញនេះ និងចលនាមាតាធម្មជាតិ គ្រោងនាំគ្នាជិះកង់ក្នុងក្រុងភ្នំពេញ ដើម្បីសុខភាព និងផ្សព្វផ្សាយពីការការពារបរិស្ថាន ពិសេសនៅតំបន់ស្ទឹងឆាយអារ៉ែង។ អាជ្ញាធរព្រមានថា នឹងមិនឲ្យយុវជនជួបជុំជិះកង់ចេញពីទីនោះឡើយ។
នគរបាល និងអាជ្ញាធរសង្កាត់បឹងទំពុន ប្រមាណ ១០នាក់ ដែលរួមមានមេប៉ុស្តិ៍នគរបាលរដ្ឋបាល ចៅសង្កាត់ និងមេភូមិ បាននាំគ្នាចុះទៅពិនិត្យ ថតរូប និងសួរនាំយុវជនពីគម្រោងជិះកង់របស់ពួកគេនៅថ្ងៃទី១៧ សីហា។
ប្រធានបណ្ដាញយុវជនខ្មែរមហានគរ លោក ហេង សំណាង ចាត់ទុកការចុះពិនិត្យការិយាល័យរបស់ក្រុមលោកពីសំណាក់អាជ្ញាធរ ដោយគ្មានលិខិតស្នាមនេះ ជារឿងមិនត្រឹមត្រូវឡើយ ហើយថា វាជាការគំរាមកំហែងដល់ពួកលោក។ លោក ហេង សំណាង ថ្លែងហាក់ចំអកទៅវិញថា វាជារឿងធម្មតាទៅហើយនៅកម្ពុជា ដែលអាជ្ញាធរចុះពិនិត្យកន្លែងធ្វើការរបស់គេស្រេចតែចិត្តនេះ។
តែទោះជាយ៉ាងណាក៏ដោយ លោក ហេង សំណាង ថា ក្រុមលោកមិនខ្លាចចំពោះការគំរាមកំហែងនេះឡើយ ហើយនឹងនាំគ្នាជួបជុំតាមការគ្រោងទុក៖ «សំណួរចោទសួរថា តើយើងផ្សព្វផ្សាយអំពីបរិស្ថាន និងការពារព្រៃឈើតាមអនុសាសន៍របស់ព្រះមហាក្សត្រផង និងគោលនយោបាយរបស់រដ្ឋាភិបាលផង សួរថាពួកយើងខុសត្រង់ណា? អ៊ីចឹងបង្វែរឲ្យពួកគាត់ហ្នឹងគិតពិចារណាឡើងវិញ មានតែគាត់ជួយយើងគាំទ្រពួកយើង»។
ចំណែកប្រធានចលនាមាតាធម្មជាតិ លោក អាឡិកហ្សង់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសឹន (Alejandro Gonzalez Davidson) ដែលនឹងចូលរួមដឹកនាំក្នុងការជិះកង់នៅថ្ងៃទី១៧ សីហា ដែរនោះ កត់សម្គាល់ថា គម្រោងជិះកង់របស់យុវជននេះមិនមានពាក់ព័ន្ធអ្វីទៅនឹងរឿងនយោបាយ ឬពាក់ព័ន្ធរឿងខ្មែរក្រោមអ្វីនោះទេ គឺគ្រាន់តែដើម្បីលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋ ដើម្បីថែរក្សាបរិស្ថាន និងយល់ដឹងពីតំបន់ស្ទឹងឆាយអារ៉ែងប៉ុណ្ណោះ៖ «មិនមែនពាក់ព័ន្ធនឹងរឿងនយោបាយទេ យើងគ្រាន់តែផ្សព្វផ្សាយពីរឿងបរិស្ថាន និងចង់ឲ្យខ្មែរទាំងអស់នេះយល់ពីសារសំខាន់នៃបរិស្ថាន ចង់ឲ្យខ្មែរដឹងថា ប្រសិនបើយើងនៅតែបន្តបំផ្លាញធនធានធម្មជាតិ អនាគតប្រទេសខ្មែរក្លាយទៅជាប្រទេសមានបញ្ហាដ៏ធ្ងន់ធ្ងរមួយ»។
បើតាម លោក អាឡិកហ្សង់ដ្រូ គម្រោងជិះកង់របស់យុវជននេះនឹងមានមនុស្សចូលរួមប្រមាណ ៥០នាក់ ដោយធ្វើដំណើរចាកចេញពីការិយាល័យយុវជនខ្មែរមហានគរ ដែលឋិតនៅខាងក្រោយវត្តសន្សំកុសល ឆ្លងកាត់ផ្លូវមួយចំនួនក្នុងទីក្រុងភ្នំពេញ មុននឹងជួបជុំគ្នានៅទីលានប្រជាធិបតេយ្យ រួចត្រឡប់មកការិយាល័យវិញ។ លោកថា ក្រុមលោកបានជូនដំណឹងដល់សាលារាជធានីភ្នំពេញ ពីគម្រោងជិះកង់នេះរួចហើយ។
ទាក់ទងបញ្ហានេះ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់ មានប្រសាសន៍ថា សាលារាជធានីភ្នំពេញ នឹងមិនអនុញ្ញាតឲ្យយុវជនជិះកង់នោះទេ ព្រោះលោកថា ពួកគេមិនបានសុំច្បាប់អាជ្ញាធរឲ្យបានត្រឹមត្រូវឡើយ។ លោកថា ប្រសិនបើពួកគេធ្វើបាតុកម្ម ពួកគេអាចជូនដំណឹងដល់អាជ្ញាធរ ដោយមិនចាំបាច់សុំច្បាប់នោះទេ ប៉ុន្តែសកម្មភាពរបស់យុវជនទាំងនេះ ជាការជិះកង់តាមផ្លូវ។ ដូច្នេះ ពួកគេត្រូវស្នើសុំច្បាប់ឲ្យបានត្រឹមត្រូវ៖ «យើងមានទៅខ្លាចអី គ្រាន់តែជិះកង់សាមសែសិបនាក់ហ្នឹង ហើយថ្ងៃអាទិត្យទៀត មានរឿងអីយើងទៅពិបាក នឹងអនុញ្ញាតច្បាប់គាត់បាន បើយើងធ្វើបាតុកម្មជាមួយគណបក្សនយោបាយនានាដែលគាត់សុំធ្វើបាតុកម្ម អង្គការសមាគមនានាសុំធ្វើបាតុកម្មរាប់ពាន់នាក់នោះ យើងអនុញ្ញាតជូន ចុះត្រឹមជិះកង់សាមសែសិបនាក់ មានអីដែលត្រូវពិបាក តែគាត់អត់មានសុំច្បាប់យើង គាត់អត់មានសុំច្បាប់យើង ហើយគាត់មក គឺថាចេញមក គឺគាត់ច្រឡោងខាមដាក់យើងហ្មង»។
យ៉ាងណាក៏ដោយ យុវជនប្ដេជ្ញាហើយថា ពួកគេនឹងជិះកង់តាមការគ្រោងទុក បើទោះជាអាជ្ញាធរធ្វើការរារាំងក៏ដោយ ព្រោះពួកគេថា អ្វីដែលគេធ្វើ គឺដើម្បីការពារបរិស្ថាន និងថែរក្សាធនធានធម្មជាតិនៅកម្ពុជា ប៉ុណ្ណោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
