សហគមន៍​មាន​ជម្លោះ​ដីធ្លី​នឹង​បន្ត​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​សប្ដាហ៍​ទី​៤០

0:00 / 0:00

សហគមន៍​មាន​ទំនាស់​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​នៅ​បុរីកីឡា ប្រកាស​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​សប្ដាហ៍​ទី​៤០ នៅ​ថ្ងៃ​ទី​៦ ខែ​កុម្ភៈ ឆ្នាំ​២០១៧ ដើម្បី​ទាមទារ​យុត្តិធម៌​ឲ្យ​សកម្មជន​សិទ្ធិ​មនុស្ស មន្ត្រី គ.ជ.ប ឃាតកម្ម​លើ​លោក​បណ្ឌិត កែម ឡី និង​ដោះស្រាយ​បញ្ចប់​រឿង​ជម្លោះ​ដីធ្លី​នៅ​សហគមន៍​របស់​ពួក​គេ។ ចំណែក​សហគមន៍​បឹងកក់ ប្រកាស​ថា មិន​បាន​រៀបចំ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​សប្ដាហ៍​ទី​៤០ ឡើយ ដោយសារ​តែ​ជាប់​រវល់​នឹង​ភារកិច្ច​ផ្សេង។

សហគមន៍​បុរីកីឡា​ដែល​មាន​ចំនួន​ជាង ១០​គ្រួសារ​មិន​ទាន់​ទទួល​បាន​សំណង និង​អ្នក​សហគមន៍​មក​ពី​ភ្នំ​បាត មួយ​ចំនួន​ទៀត នឹង​សហការ​គ្នា​បន្ត​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​សប្ដាហ៍​ទី​៤០ នៅ​សហគមន៍​របស់​ពួក​គេ ដើម្បី​ទាមទារ​រក​យុត្តិធម៌​សម្រាប់​អ្នក​ដែល​ត្រូវ​បាន​តុលាការ​ឃុំ​ខ្លួន និង​បាញ់​សម្លាប់​ដោយ​អយុត្តិធម៌។

តំណាង​សហគមន៍​បុរីកីឡា លោកស្រី សរ ស៊ន ថ្លែង​ប្រាប់​អាស៊ីសេរី​នៅ​ថ្ងៃ​ទី​៥ កុម្ភៈ ថា ថ្វីត្បិតតែ​គ្មាន​លុយ​កាក់​ដើម្បី​ដើរ​ហែ​ក្បួន​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ ប៉ុន្តែ​ពួក​គេ​នឹង​រៃអង្គាស​គ្នា​បន្តិចបន្តួច ដើម្បី​ធ្វើ​យុទ្ធនាការ​នេះ​នៅ​កន្លែង​សហគមន៍​តែ​ម្ដង ដើម្បី​ទាមទារ​ដោះលែង​មន្ត្រី​សមាគម​អាដហុក (ADHOC) មន្ត្រី គ.ជ.ប សកម្មជន​ដីធ្លី​បឹងកក់ និង​ពន្លឺ​យុត្តិធម៌​លើ​ឃាតកម្ម​លើ​បណ្ឌិត កែម ឡី៖ « ពួក​ខ្ញុំ ​ដែល​នៅ​សេសសល់ មិន​ទាន់ ទទួល​បាន ​សំណង ប្រមូល​គ្នា និង​អ្នក​ផ្សេងៗ​មក​ពី​ភ្នំ​បាត គាត់​ស្នាក់នៅ​កន្លែង គាត់​ចូលរួម​ដែរ »

រយៈពេល​កន្លង​ទៅ មន្ត្រី​សមាគម​អាដហុក បួន​រូប​រួម​មាន លោក យី សុខសាន្ដ លោក នី សុខា លោក ណៃ វ៉ង់ដា និង​អ្នកស្រី លឹម មុន្នី រួម​ទាំង​អគ្គលេខាធិការ​រង គ.ជ.ប លោក នី ចរិយា ដែល​ត្រូវ​តុលាការ​បន្ត​ឃុំ​ខ្លួន​អស់​រយៈពេល​ជាច្រើន​ខែ ពី​បទ​ចោទ​ប្រកាន់​សូកប៉ាន់​សាក្សី​ក្នុង​សំណុំ​រឿង​សញ្ចារកម្ម ដែល​ចោទ​លោក កឹម សុខា មាន​អាស្រូវ​ស្នេហា​ជាមួយ​អ្នក​នាង ខុម ចាន់តារាទី ហៅ​ស្រី​មុំ ត្រូវ​បាន​មជ្ឈដ្ឋាន​ទូទៅ​ទាំង​ជាតិ និង​អន្តរជាតិ ជាពិសេស​អ្នក​សហគមន៍​ទំនាស់​ដីធ្លី​បុរីកីឡា និង​បឹងកក់ គិត​ថា​ជា​រឿង​នយោបាយ ដែល​ជា​ការ​រៀបចំ​របស់​បក្ស​កាន់​អំណាច​ក្នុង​គោល​បំណង​បំបាក់​ស្មារតី​អ្នក​លើក​កម្ពស់​សិទ្ធិ​មនុស្ស ការពារ​សិទ្ធិ​មនុស្ស និង​អ្នក​ទាមទារ​សិទ្ធិ​សេរីភាព។

ប៉ុន្តែ​មន្ត្រី​រដ្ឋាភិបាល​វិញ​បាន​ទាត់​ចោល​ការ​លើក​ឡើង​នេះ ហើយ​បកស្រាយ​ថា ជា​រឿង​អនុវត្ត​ច្បាប់​ដើម្បី​លើក​កម្ពស់​នីតិរដ្ឋ។ លើស​ពី​នេះ រដ្ឋាភិបាល​ក៏​បាន​ចាត់​ទុក​ការ​រៀបចំ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ ថា​ជា​ចរិត​របស់​ក្រុម​ឧទ្ទាម ឬ​បដិវត្តន៍​ពណ៌​ដើម្បី​ផ្ដួល​រំលំ​រដ្ឋាភិបាល​ទៅ​វិញ។

ទោះ​ជា​យ៉ាង​ណា យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​ក៏​ទាមទារ​ឲ្យ​អាជ្ញាធរ​រដ្ឋាភិបាល​បញ្ចេញ​កាមេរ៉ា​នៅ​ក្នុង​ហាង​លក់​ទំនិញ​ស្តារ​ម៉ាត (Star Mart) កាល់តិច (Caltext) ក្បែរ​ស្តុប​បូកគោ ជា​ទី​ដែល​លោក​បណ្ឌិត កែម ឡី អ្នក​វិភាគ​នយោបាយ​ដ៏​ល្បី​នៅ​កម្ពុជា ត្រូវ​បាន​ជន​សង្ស័យ​ឈ្មោះ អឿត អាង ហៅ ជួប សម្លាប់ បាញ់​សម្លាប់​កាល​ពី​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៦ បន្ទាប់​ពី​ជន​សង្ស័យ​នេះ​ត្រូវ​បាន​គេ​ចោទ​ថា ជា​ឃាតក​ក្លែងក្លាយ។ ជាមួយ​គ្នា​នោះ ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ ក៏​ទាមទារ​ឲ្យ​ដោះលែង​អ្នកស្រី ទេព វន្នី តំណាង​សហគមន៍​ទំនាស់​ដីធ្លី​នៅ​បឹងកក់ ដែល​តុលាការ​កំពុង​ឃុំ​ខ្លួន​អស់​ជិត ២០០​ថ្ងៃ ឲ្យ​មាន​សេរីភាព​វិញ។

មេធាវី​អង្គការ​លីកាដូ (LICADHO) ដែល​ការពារ​ក្ដី​ឲ្យ​អ្នកស្រី ទេព វន្នី អ្នកស្រី សាម សុគន្ធា អះអាង​ថា ស្រប​ពេល​កូន​ស្រី​របស់​អ្នកស្រី ទេព វន្នី ទើប​ទទួល​ការ​វះ​កាត់​ពោះវៀន​ដុះ​ខ្នែង និង​កំពុង​រង់ចាំ​ម្ដាយ​ចេញ​ពី​ពន្ធនាគារ​វិញ គឺ​អំពាវនាវ​ឲ្យ​តុលាការ​ក្រុង​ភ្នំពេញ បើក​សវនាការ​ជំនុំ​ជម្រះ​ក្ដី​សំណុំ​រឿង​របស់​អ្នកស្រី ទេព វន្នី ឡើង​វិញ​ឲ្យ​បាន​ឆាប់ បន្ទាប់​ពី​ចៅក្រម​ប្រកាស​ផ្អាក​សវនាការ​នេះ​កាល​ពី​ថ្ងៃ​ទី​៣ កុម្ភៈ ដោយ​គ្មាន​កាលបរិច្ឆេទ៖ « ស្នើសុំ​លោក​ចៅក្រម​ក្នុង​សវនាការ​ហើយ ថា​គាត់​មាន​សុខភាព​ល្អ​ហើយ ឲ្យ​គាត់​ជួយ​ជំនុំ​ជម្រះ​ក្ដី​ឲ្យ​បាន​ឆាប់ »

តំណាង​សហគមន៍​បឹងកក់ លោកស្រី បូវ សោភា អះអាង​ថា ថ្វីត្បិតតែ​សហគមន៍​លោកស្រី​មិន​បាន​រៀបចំ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​សប្ដាហ៍​ទី​៤០ ដោយសារ​រវល់​ចូលរួម​សិក្ខាសាលា​និយាយ​អំពី​យេនឌ័រ​ស្ត្រី​នៅ​ខេត្ត ប៉ុន្តែ​សហគមន៍​បឹងកក់ មិន​បោះបង់​ចោល​ការ​ធ្វើ​យុទ្ធនាការ​នេះ​ឡើយ៖ « យើង​នៅ​តែ បន្ត​ធ្វើ ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ យើង​ផ្អាក​ពីរ​សប្ដាហ៍ តែ​ មិន​មែន មាន​ន័យ​ថា យើង​ឈប់​ទេ។ អ៊ីចឹង​យើង​នៅ​តែ​បន្ត​ រហូត​ មាន​ការ ​ដោះលែង​អ្នកស្រី ទេព វន្នី ក៏ដូចជា​មន្ត្រី​សង្គម​ស៊ីវិល »

មន្ត្រី​សង្គម​ស៊ីវិល​តែងតែ​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ដោះស្រាយ​ចំពោះ​ការ​ទាមទារ​របស់​សហគមន៍​ដីធ្លី ដែល​តែងតែ​រៀបចំ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ និង​មិន​ត្រូវ​ទុក​បណ្ដោយ​ឲ្យ​ការ​ទាមទារ​នេះ​កើត​ទៀត​ឡើយ ព្រោះ​វា​នឹង​ធ្វើ​ឲ្យ​មាន​ការ​រំលោភ​សិទ្ធិ​ពលរដ្ឋ​កាន់​តែ​ធ្ងន់ធ្ងរ ហើយ​មុខ​មាត់​ប្រទេស​ជាតិ​ក៏​កាន់​តែ​រង​ការ​អាម៉ាស់​ខ្លាំង​នៅ​លើ​ឆាក​ជាតិ និង​អន្តរជាតិ​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។