សហគមន៍​ដីធ្លី​នៅ​បឹងកក់​ផ្អាក​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​មួយ​រយៈ

ដោយ ឡេង ម៉ាលី
2017-03-19
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ពលរដ្ឋ​នៅ​តំបន់​បឹងកក់ កាន់​បដា​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ ក្នុង​សហគមន៍​បឹងកក់ នៅ​ថ្ងៃ​ទី​១៦ ខែ​មករា ឆ្នាំ​២០១៧។ RFA/Rann Samnang
ពលរដ្ឋ​នៅ​តំបន់​បឹងកក់ កាន់​បដា​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ ក្នុង​សហគមន៍​បឹងកក់ នៅ​ថ្ងៃ​ទី​១៦ ខែ​មករា ឆ្នាំ​២០១៧។ RFA/Rann Samnang
RFA/Rann Samnang

សហគមន៍​មាន​ទំនាស់​ដីធ្លី​នៅ​តំបន់​បឹងកក់ នឹង​ផ្អាក​ការ​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ (Black Monday) ជា​បណ្ដោះអាសន្ន។ ដូច​គ្នា​នេះ សហគមន៍​បុរីកីឡា ក៏​ប្រកាស​ជំហរ​ថា នឹង​មិន​ធ្វើ​អ្វី​ធំ​ដុំ​ដែរ ប៉ុន្តែ​ផ្សព្វផ្សាយ​សារ​ទាមទារ​នៅ​ក្នុង​សហគមន៍។

តំណាង​អ្នក​បឹងកក់ លោកស្រី បូវ សោភា ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៩ មីនា ថា សមាជិក​សហគមន៍​ដីធ្លី​នៅ​តំបន់​បឹងកក់ នឹង​មិន​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​ទេ នៅ​ថ្ងៃ​ច័ន្ទ ទី​២០ មីនា។ លោកស្រី​ថា ការ​ផ្អាក​នេះ​ជា​ការ​ផ្អាក​បណ្ដោះអាសន្ន ប៉ុន្តែ​ក៏​មិន​ទាន់​មាន​ពេលវេលា​ចាប់​ផ្ដើម​ឡើង​វិញ​ដែរ៖ «ខ្ញុំ​អត់​ទាន់​ច្បាស់​ទេ ដោយសារ​មួយ​រយៈ​ហ្នឹង​ពួក​ខ្ញុំ​មាន​យុទ្ធនាការ​ចុះ​តាម​ខេត្ត​ច្រើន។ អ៊ីចឹង​ខ្ញុំ​ចង់​ធ្វើ​ការ​តាម​ខេត្ត»

កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០១៦ សហគមន៍​បឹងកក់ និង​សហគមន៍​បុរីកីឡា បាន​ប្រកាស​ផ្អាក​យុទ្ធនាការ​មួយ​រយៈ​ដែរ ដោយ​សង្ឃឹម​ថា រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ អាច​ដោះលែង​មន្ត្រី​សិទ្ធិ​មនុស្ស មន្ត្រី គ..ប និង​តំណាង​អ្នក​បឹងកក់​ដែល​កំពុង​ជាប់​ពន្ធនាគារ។ ពួក​គាត់​បាន​បន្ត​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​ឡើង​វិញ និង​ដើរ​ដាក់​ញត្តិ​តាម​ស្ថានទូត​មហា​អំណាច និង​ស្ថាប័ន​រដ្ឋ​មួយ​ចំនួន រក​អន្តរាគមន៍​ដោះលែង​មន្ត្រី​សិទ្ធិ​មនុស្ស ៤​រូប មន្ត្រី គ..ប ១​រូប និង​តំណាង​អ្នក​បឹងកក់ ១​រូប គឺ​អ្នកស្រី ទេព វន្នី ដែល​នៅ​បន្ត​ជាប់​ឃុំឃាំង។

រីឯ​តំណាង​អ្នក​សហគមន៍​បុរីកីឡា លោកស្រី សរ ស៊ន ថ្លែង​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ច័ន្ទ ទី​២០ មីនា ក្រុម​របស់​អ្នក​បុរីកីឡា នឹង​មិន​នាំ​គ្នា​ហែ​ក្បួន​តវ៉ា​ទៅ​ណា​ទេ ដោយ​យល់​ថា​រដ្ឋាភិបាល​កំពុង​កាន់​ទុក្ខ​មរណភាព​របស់​លោក​ឧបនាយករដ្ឋមន្ត្រី សុខ អាន៖ «សម្រាក ប៉ុន្តែ​ធ្វើ​សកម្មភាព​ស្លៀក​ពាក់​នៅ​ក្នុង​សហគមន៍ស្លៀក​ពាក់​ខោ​អាវ​ពណ៌​ខ្មៅ និង​យើង​ផ្ញើ​ជា​សារ​ទាមទារ​ដោះលែង​មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស មន្ត្រី គ..ប លោក នី ចរិយា និង​សុំ​ឲ្យ​ទម្លាក់​ការ​ចោទ​ប្រកាន់​លោក គឹម សុខ និង​រក​ឃាតក​ជូន​លោក​បណ្ឌិត កែម ឡី។ តែ​ពួក​ខ្ញុំ​អត់​បាន​ធ្វើ​សកម្មភាព​ធំ​ទេ​ស្អែក»

លោកស្រី សរ ស៊ន ឋិត​ក្នុង​ក្រុម​គ្រួសារ​ចំនួន ១៤ ដែល​មិន​បាន​ទទួល​ផ្ទះ​រស់នៅ​ក្នុង​អគារ​អភិវឌ្ឍន៍​នៅ​បុរីកីឡា ហើយ​ក៏​មិន​ព្រម​ទទួល​កញ្ចប់​ដំណោះស្រាយ​របស់​សាលា​រាជធានី​ភ្នំពេញ ដែល​ឲ្យ​ផ្ទះ​នៅ​ភូមិ​អណ្ដូង ជាយ​ក្រុង​ភ្នំពេញ ឬ​យក​កញ្ចប់​ថវិកា​ចំនួន ៥​ពាន់​ដុល្លារ ហើយ​ដើរ​ចេញ។ លោកស្រី​គ្រោង​ធ្វើ​សន្និសីទ​កាសែត​មួយ​នៅ​ថ្ងៃ​សុក្រ ទី​២៤ មីនា ដើម្បី​បញ្ជាក់​ជំហរ​បដិសេធ​ដំណោះស្រាយ​នេះ។

អភិបាល​រង​រាជធានី​ភ្នំពេញ លោក មាន ចាន់យ៉ាដា កាល​ពី​ថ្ងៃ​ទី​៧ មីនា ដាក់​ឱសានវាទ​ថា អ្នក​បុរីកីឡា​ទាំងនេះ​មាន​រយៈពេល​ត្រឹម​មួយ​ខែ​ប៉ុណ្ណោះ ដើម្បី​មក​ទទួល​យក​គោលការណ៍​ដោះស្រាយ​របស់​គណៈកម្មការ​ចម្រុះ​ចាប់​ពី​ពេល​ជូន​ដំណឹង៖ «ផុត​ពេលវេលា​នៃ​ការ​ជូន​ដំណឹង​ជា​ផ្លូវការ​នេះ គឺ​យើង​មិន​ទទួល​ខុស​ត្រូវ​នូវ​ការ​ដោះស្រាយ​បញ្ហា​របស់​បុរីកីឡា​បន្ត​ទៀត​ទេ»

ជា​រៀង​រាល់​ថ្ងៃ​ច័ន្ទ អ្នក​បឹងកក់ និង​បុរីកីឡា តែង​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ ដោយ​ស្លៀក​ពាក់​ខ្មៅ ដើម្បី​ទាមទារ​ឲ្យ​ដោះលែង​អ្នក​ជាប់​ឃុំ ៦​រូប គឺ​មន្ត្រី​សិទ្ធិ​មនុស្ស​អាដហុក ៤​រូប មាន​លោក នី សុខា លោក យី សុខសាន្ត លោក ណៃ វ៉ង់ដា និង​អ្នកស្រី លឹម មុន្នី អគ្គលេខាធិការ​រង គ..ប ១​រូប គឺ​លោក នី ចរិយា ដែល​ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ សម្រេច​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ ១១​ខែ​ហើយ​ពី​បទ​ផ្សំ​គិត និង​សូកប៉ាន់​សាក្សី​ក្នុង​រឿង​អាស្រូវ​ស្នេហា​រវាង​លោក កឹម សុខា និង​នាង ខុម ចាន់តារាទី ហៅ​ស្រី​មុំ។ ចំណែក​អ្នកស្រី ទេព វន្នី ត្រូវ​បាន​តុលាការ​ឃុំ​ខ្លួន​ជាង ៧​ខែ​ហើយ ទាក់ទង​នឹង​ការ​ចោទ​ប្រកាន់​ដឹកនាំ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ និង​រឿងរ៉ាវ​ពីរ​ករណី​ទៀត​កើត​ឡើង​កាល​ពី​ជាង ៤​ឆ្នាំ​មុន ហើយ​ត្រូវ​តុលាការ​ក្រុង​ភ្នំពេញ​សើរើ​ឡើង​វិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល
គេហទំព័រ​ទាំងមូល