សហគមន៍​បុរីកីឡា​ប្រកាស​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​សប្ដាហ៍​ទី​៣៩

0:00 / 0:00

សហគមន៍​ទំនាស់​ដីធ្លី​តំបន់​បុរីកីឡា នឹង​បន្ត​ធ្វើ​យុទ្ធនាការ "ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ" នៅ​ថ្ងៃ​ច័ន្ទ ទី​៣០ ខែ​មករា ស្អែក​នេះ​ទៀត ដើម្បី​ទាមទារ​ឱ្យ​តុលាការ​ដោះលែង​មន្ត្រី​សិទ្ធិមនុស្ស មន្ត្រី គ.ជ.ប សកម្មជន​ដីធ្លី និង​រក​យុត្តិធម៌​ជូន​បណ្ឌិត កែម ឡី។ ចំណែក​ឯ​សហគមន៍​ដីធ្លី​តំបន់​បឹងកក់​វិញ សម្រេច​ផ្អាក​យុទ្ធនាការ​នៅ​ថ្ងៃ​ស្អែក​នេះ ព្រោះ​ពួកគេ​មាន​គម្រោង​ដាក់​ញត្តិ​តាម​ស្ថានទូត​នានា នៅ​ថ្ងៃ​ទី​១ ខែ​កុម្ភៈ ដើម្បី​ស្នើ​សុំ​ឱ្យ​អង្គទូត​ទាំង​នោះ ឱ្យ​តាមដាន​សវនាការ​អ្នកស្រី ទេព វន្នី នៅ​ថ្ងៃ​សុក្រ សប្ដាហ៍​ក្រោយ។

តំណាង​សហគមន៍​បុរី​កីឡា លោកស្រី សរ ស៊ន បញ្ជាក់​ប្រាប់​អាស៊ីសេរី នៅ​ថ្ងៃ​ទី​២៩ ខែ​មករា ថា ក្រុម​ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​ប្រមាណ ២០​នាក់ នឹង​ប្រមូល​ផ្តុំ​គ្នា​ក្នុង​សហគមន៍​បុរីកីឡា នៅ​ព្រឹក​ថ្ងៃ​ទី​៣០ ខែ​មករា ដើម្បី​ទាមទារ​ឱ្យ​រដ្ឋាភិបាល​អនុវត្ត​ច្បាប់​ឱ្យ​បាន​ត្រឹមត្រូវ​ទៅ​លើ​សកម្មជន​សិទ្ធិមនុស្ស មន្ត្រី គ.ជ.ប និង​សកម្មជន​ដីធ្លី ព្រម​ទាំង​បង្ហាញ​កាមេរ៉ា​សុវត្ថិភាព​នៅ​ហាង​ស្តារម៉ាត កាល់តិច ស្តុប​បូកគោ ដើម្បី​ឱ្យ​សាធារណជន​បាន​ឃើញ​វីដេអូ​នៃ​ការ​បាញ់​សម្លាប់​បណ្ឌិត កែម ឡី « យើង​នៅ​តែ​ទាមទារ ដោយសារ​តែ​យើង​គិត​ថា បើ​មិន​មាន​តុលាការ​ស្រុក​ខ្មែរ ក៏​មាន​តុលាការ​ក្រៅ​ប្រទេស​នឹង​ជួយ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ដែរ។ បើ​យើង​និយាយ​ពី​តុលាការ​ស្រុក​ខ្មែរ​វិញ សូន្យ​ហើយ​រាល់​ថ្ងៃ​នេះ។ គាត់​មិន​ធ្វើ​អ្វី​បម្រើ​ប្រជាពលរដ្ឋ។ គាត់​មិន​ធ្វើ​អ្វី​បម្រើ​ប្រជាពលរដ្ឋ គាត់​មិន​ធ្វើ​អ្វី​តាម​ឆន្ទៈ​ពិត​ប្រាកដ​ទេ។ គាត់​ធ្វើ​តាម​តែ​មេ​បញ្ជា តាម​តែ​បក្ស តាម​តែ​បុគ្គល​ម្នាក់ បញ្ជា​មក​ថា​ឆ្វេង ឆ្វេង ថា​ស្តាំ ស្តាំ។ ចង់​ចាប់​អ្នក​ណា​ក៏​បាន ចង់​ដាក់​គុក​អ្នក​ណា​ក៏​បាន ចង់​ដោះលែង​អ្នក​ណា​ក៏​បាន »

មិន​ខុស​ពី​សប្ដាហ៍​មុនៗ​ឡើយ យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​សប្ដាហ៍​ទី​៣៩ របស់​អ្នក​បុរីកីឡា មាន​គោលបំណង​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់ និង​ដោះលែង​មន្ត្រី​សិទ្ធិមនុស្ស​សមាគម​អាដហុក (ADHOC) ៤​រូប និង​អគ្គលេខាធិការ​រង គ.ជ.ប លោក នី ចរិយា ដែល​ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ពី​បទ​សូក​ប៉ាន់​សាក្សី និង​បទ​សមគំនិត​សូកប៉ាន់​សាក្សី ពាក់ព័ន្ធ​ការ​ចោទ​ប្រកាន់​រឿង​អាស្រូវ​ស្នេហា​រវាង លោក កឹម សុខា និង​នាង ខុម ចាន់តារាទី ហៅ ស្រីមុំ។ ពួកគេ​ក៏​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ពន្លឿន​ការ​រក​យុត្តិធម៌​ជុំវិញ​ឃាតកម្ម​លើ​លោក​បណ្ឌិត កែម ឡី ដែល​ត្រូវ​ឃាតក​បាញ់​សម្លាប់​កាល​ខែ​កក្កដា កន្លង​ទៅ។ បន្ថែម​ពី​លើ​នេះ ពួកគេ​អំពាវនាវ​ឱ្យ​អាជ្ញាធរ​ដោះលែង​សកម្មជន​ដីធ្លី​តំបន់​បឹងកក់ អ្នកស្រី ទេព វន្នី ដែល​ត្រូវ​បាន​ចាប់​ខ្លួន បន្ទាប់ពី​រៀបចំ​យុទ្ធនាការ​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ កាល​ពី​ពាក់​កណ្ដាល​ខែ​សីហា កន្លង​ទៅ។ ចំណែក​ឯ​សហគមន៍​ដីធ្លី​តំបន់​បឹងកក់​វិញ បាន​សម្រេច​ផ្អាក​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ សប្តាហ៍​ទី​៣៩ នេះ។

តំណាង​សហគមន៍​បឹងកក់ លោកស្រី បូវ សោភា ប្រាប់​ពី​មូលហេតុ​នៃ​ការ​ផ្អាក​នេះ​ថា ដោយសារ​មាន​សមាជិក​សហគមន៍​ខ្លះ​មាន​ធុរៈ​ផ្ទាល់​ខ្លួន ហើយ​ម្យ៉ាង​ដោយសារ​សហគមន៍​គ្រោង​ដង្ហែ​ញត្តិ​ដាក់​តាម​ស្ថានទូត​ប្រទេស​ប្រជាធិបតេយ្យ​នានា នៅ​ទីក្រុង​ភ្នំពេញ នៅ​ថ្ងៃ​ទី​១ ខែ​កុម្ភៈ ដើម្បី​សុំ​ឱ្យ​អង្គទូត​ទាំង​នោះ​ចូលរួម​តាមដាន​សវនាការ​របស់​អ្នកស្រី ទេព វន្នី នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​៣ ខែ​កុម្ភៈ ខាង​មុខ​នេះ។ លោកស្រី បូវ សោភា សង្កត់​ធ្ងន់​ថា បើសិនជា​តុលាការ​សម្រេច​ដោះលែង អ្នកស្រី ទេព វន្នី នោះ សហគមន៍​បឹងកក់ នឹង​បញ្ឈប់​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ « ពួក​ខ្ញុំ​ពេល​នេះ គឺ​ចង់​បាន​សេរីភាព​អ្នកស្រី ទេព វន្នី ច្រើន​លើសលប់ តែ​សម្រាប់​មន្ត្រី​សង្គម​ស៊ីវិល គឺ​ពួក​គាត់​ស្ថិត​ក្នុង​ការ​ចរចា​របស់​គណបក្ស​ទាំង​ពីរ។ អ៊ីចឹង​ខ្ញុំ​គិត​ថា បើ​សិន​ជា​គណបក្ស​ទាំង​ពីរ​គាត់​ចរចា​គ្នា​ត្រូវ ពួក​គាត់​នឹង​មាន​សេរីភាព មិន​មែន​ដោយសារ​តែ​ពួក​ខ្ញុំ​ធ្វើ​យុទ្ធនាការ​ឲ្យ​មាន​ការ​ដោះលែង​ទេ ទោះ​ពួក​ខ្ញុំ​ធ្វើ​រហូត​ដល់​ស្លាប់​ខ្លួន​ទៀត បើ​សិន​ជា​គណបក្ស​ទាំង​ពីរ​មិន​ចរចា​ត្រូវ​គ្នា​ទេ ក៏​ពួក​គាត់ ( មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ) មិន​មាន​សេរីភាព​ដែរ »

គិត​ត្រឹម​ថ្ងៃ​ទី​២៩ ខែ​មករា ឆ្នាំ​២០១៧ តំណាង​សហគមន៍​ដីធ្លី​តំបន់​បឹងកក់ អ្នកស្រី ទេព វន្នី បាន​ជាប់​ពន្ធនាគារ​អស់​រយៈពេល ១៦៦​ថ្ងៃ​មក​ហើយ ពាក់ព័ន្ធ​នឹង​សំណុំរឿង​ហិង្សា​ក្បែរ​ផ្ទះ​នាយករដ្ឋមន្ត្រី​កាល​ពី​ឆ្នាំ​២០១៣ កន្លង​ទៅ។ ក្រៅ​ពី​នេះ សកម្មជន​ដីធ្លី​រូប​នេះ និង​អ្នក​បឹងកក់ ៣​រូប​ទៀត ក៏​ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ​ក្នុង​មា្នក់ៗ​ចំនួន ៦​ខែ ពី​បទ​ប្រមាថ និង​ប្រឆាំង​អ្នក​រាជការ​សាធារណៈ ប្រព្រឹត្ត​ទៅ​នៅ​មុខ​សាលា​រាជធានី​ភ្នំពេញ កាល​ពី​​ឆ្នាំ​២០១១ កន្លង​ទៅ។

យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ ត្រូវ​បាន​អាជ្ញាធរ​ក្រុង​ភ្នំពេញ និង​មន្ត្រី​រដ្ឋាភិបាល​ចាត់​ទុក​ថា ជា​ទម្រង់​នៃ​បដិវត្តន៍​ពណ៌ ហើយ​តែង​ប្រកាស​ប្រឆាំង​នឹង​យុទ្ធនាការ​មួយ​នេះ។ អាជ្ញាធរ​តែង​ចុះ​បង្ក្រាប ឃាត់​ខ្លួន និង​ឃុំ​ខ្លួន អ្នក​ធ្វើ​យុទ្ធនាការ​នេះ​ជា​បន្តបន្ទាប់ រាប់​តាំង​ពី​ពលរដ្ឋ សកម្មជន​ដីធ្លី រហូត​ដល់​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល។

ប្រធាន​គ្រប់គ្រង​ផ្នែក​អង្កេត​នៃ​អង្គការ​សិទ្ធិមនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត ថ្លែង​ថា យុទ្ធនាការ​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ មិន​មែន​ជា​បដិវត្តន៍​ពណ៌​នោះ​ទេ ប៉ុន្តែ​ជា​ទម្រង់​នៃ​ការ​បញ្ចេញ​មតិ​របស់​ពលរដ្ឋ​ដែល​ធានា​ដោយ​ច្បាប់​ជាតិ និង​អន្តរជាតិ « កន្លង​មក​គាត់​ធ្វើ​តែ​នៅ​ក្នុង​មូលដ្ឋាន​របស់​គាត់ ក្នុង​សហគមន៍​របស់​គាត់។ អ៊ីចឹង​គួរ​តែ​ទុក​ឱកាស ពីព្រោះ​នេះ​ជា​សិទ្ធិ​សេរីភាព​របស់​គាត់ ជា​ការ​សម្ដែង​មតិ​របស់​គាត់។ ដូច្នេះ​អាជ្ញាធរ​ត្រូវ​ឈ្វេង​យល់​ពី​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ ហើយ​និង​បទល្មើស។ កុំ​គ្រាន់​តែ​គេ​សម្ដែង​មតិ យើង​ទៅ​បង្ក្រាប អា​ហ្នឹង​វា​ជា​ការ​រំលោភ​សិទ្ធិ​មនុស្ស​យ៉ាង​ធ្ងន់ធ្ងរ »

លោក អំ សំអាត យល់​ឃើញ​ថា រដ្ឋាភិបាល​គួរ​ពិចារណា​ទៅ​លើ​ការ​ទាមទារ និង​ដោះស្រាយ​បញ្ហា​ទាំង​នោះ​វិញ ជា​ជាង​ការ​ប្រឹង​បំបិទ​មាត់​ពលរដ្ឋ ពីព្រោះ​វា​ប៉ះពាល់​ដល់​សិទ្ធិ​ពលរដ្ឋ​ធ្ងន់ធ្ងរ និង​បំផ្លាញ​កេរ្តិ៍ឈ្មោះ​របស់​ខ្លួន​នៅ​លើ​ឆាក​អន្តរជាតិ ថា​ជា​រដ្ឋាភិបាល​មិន​គោរព​សិទ្ធិមនុស្ស៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។