មន្ត្រីតំណាងការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា លោក ជេម ហ៊ីណាន (James Heenan) និងជាមេធាវី នៅថ្ងៃទី៥ ខែមេសា បានក្រើនរំលឹកឲ្យមេធាវីកម្ពុជា អនុវត្តវិជ្ជាជីវៈក្រមសីលធម៌មេធាវី និងស្តង់ដារអន្តរជាតិជាមេធាវីឯករាជ្យ និងមានសេរីភាពនិយាយទៅតាមប្រព័ន្ធផ្សព្វផ្សាយ និងមិនទទួលឥទ្ធិពលពីអ្នកនយោបាយ ឬអ្នកមានអំណាច។ ការធ្វើបែបនេះ គឺដើម្បីរក្សាតម្លៃក្នុងការបម្រើយុត្តិធម៌ចំពោះប្រជាពលរដ្ឋ។
មន្ត្រីសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ និងអង្គការសង្គមស៊ីវិលអន្តរជាតិមួយចំនួន បានទាមទារឲ្យមានការបើកទូលាយឲ្យមេធាវីកម្ពុជា អាចនិយាយស្តីជាមួយប្រព័ន្ធឃោសនា មានវិទ្យុ កាសែត ទូរទស្សន៍ និងប្រជាពលរដ្ឋដោយសេរី និងទូលំទូលាយ មិនមានការរារាំងពីសំណាក់គណៈមេធាវីកម្ពុជា តាមរយៈក្រមសីលធម៌មេធាវី។
ការទទូចនេះ គឺនៅក្នុងឱកាសដែលគណៈមេធាវីកម្ពុជា និងការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា បានសហការគ្នាផ្សព្វផ្សាយក្រមសីលធម៌ថ្មីរបស់មេធាវី ដើម្បីពង្រឹងវិជ្ជាជីវៈ និងបំពេញតួនាទីឲ្យបានត្រឹមត្រូវនៅក្នុងសង្គម និងបម្រើយុត្តិធម៌ចំពោះប្រជាពលរដ្ឋ។
ក្រមសីលធម៌ថ្មីនេះ មាន ១៨ជំពូក ចែកចេញជា ៥៧មាត្រា ត្រូវបានចងក្រងថ្មី ក្រោយពីគណៈមេធាវីកម្ពុជា បានមានក្រមសីលធម៌មេធាវីចាស់រួចម្តងហើយ កាលពីឆ្នាំ១៩៩៥ កន្លងទៅ។ គណៈមេធាវីកម្ពុជា មានសមាជិកជាមេធាវីចំនួនជាង ៧០០នាក់ រហូតដល់ពេលនេះ។
លោក ជេម ហ៊ីណាន បានមានប្រសាសន៍ថា តួនាទីរបស់មេធាវី គឺត្រូវតែឯករាជ្យ និងមានសេរីភាពពេញលេញក្នុងការនិយាយទៅកាន់អ្នកកាសែត ការពារសិទ្ធិមនុស្ស និងពង្រឹងគោលការណ៍នីតិរដ្ឋ៖ «អនាគតនៃប្រទេសកម្ពុជា គឺជាអនាគតនៃការពង្រឹងគោលការណ៍នីតិរដ្ឋ។ តួនាទីរបស់មេធាវី គឺត្រូវតែឯករាជ្យ មិនរងការរឹតត្បិតសេរីភាពទេនៅក្នុងសង្គមប្រជាធិបតេយ្យ។ មេធាវីមិនត្រូវទទួលរងឥទ្ធិពល ឬការចង្អុលបង្ហាញណាមួយទេ ប៉ុន្តែមេធាវីមានកាតព្វកិច្ចដែរ មិនបំពានគោលការណ៍របស់មេធាវី បើមិនដូច្នោះទេ គេនឹងទទួលផលលំបាក»។
ជាមួយគ្នានេះ ប្រធានគណៈមេធាវីកម្ពុជា លោក ប៊ុន ហ៊ុន និងជាមេធាវី បានមានប្រសាសន៍ថា ក្រមសីលធម៌មេធាវីថ្មីនេះ គឺស្របតាមស្តង់ដារអន្តរជាតិ ប៉ុន្តែនៅតែមានអង្គការមួយចំនួន ដូចជា អង្គការអាយ.ស៊ី.ជេ (ICJ = International Commission of Jurist = គណៈកម្មាធិការអន្តរជាតិនៃអ្នកជំនាញច្បាប់) នៅប្រទេសថៃ បានរិះគន់ថា ក្រមសីលធម៌មេធាវីថ្មីនេះមិនល្អចំពោះមាត្រាទី១៧៖ «ខ្ញុំមិនដឹងថាអង្គការនេះជាអង្គការវិជ្ជាជីវៈមេធាវី ឬក៏អង្គការស្អីទេ? ព្រោះអង្គការនេះ បើយើងមើលទៅ ទី១ នៅប្រទេសថៃ ឯណោះ ទី២ មិនដឹងថាគាត់យល់ស្ថានភាពវិជ្ជាជីវៈបែបម៉េច? អីចឹង ការដែលគាត់រិះគន់រហូតមកទល់ពេលនេះ អង្គការនេះមិនដែលឃើញជួយសហការជាមួយគណៈមេធាវីកម្ពុជា បន្តិចទេ ប៉ុន្តែគាត់គិតតែពីរឿងរិះគន់បំផ្លាញ»។

មេធាវីឈ្មោះ កុយ នាម បានមានប្រសាសន៍ថា មេធាវី គឺមានវិជ្ជាជីវៈសេរី និងមានការទទួលខុសត្រូវរវាងសេរីភាពវិជ្ជាជីវៈ និងសេរីភាពជាបុគ្គល មិនទទួលឥទ្ធិពលពីប្រភពណាមួយឡើយ។
នៅថ្ងៃដែលគណៈមេធាវីកម្ពុជា បានផ្សព្វផ្សាយក្រមសីលធម៌មេធាវីថ្មីនេះ គណៈកម្មាធិការអន្តរជាតិនៃអ្នកជំនាញច្បាប់នៅប្រទេសថៃ បានចេញសេចក្តីថ្លែងការណ៍មួយថា មាត្រាទី១៧ នៃក្រមសីលធម៌មេធាវីថ្មី គឺមិនអាចឲ្យមេធាវីកម្ពុជា អនុវត្តសិទ្ធិដើម្បីបញ្ចេញមតិដោយសេរីបានឡើយ។
ការរិះគន់នេះ គឺដោយសារតែមាត្រាទី១៧ នោះ បានចែងថា អន្តរាគមន៍តាមប្រព័ន្ធផ្សព្វផ្សាយជាសាធារណៈនៃមេធាវី គ្រប់អន្តរាគមន៍សាធារណៈ ឬតាមប្រព័ន្ធផ្សព្វផ្សាយព័ត៌មានជាសាធារណៈរបស់មេធាវី អាចអនុញ្ញាតឲ្យធ្វើបានតែក្នុងក្របខណ្ឌនៃការគោរពដោយម៉ឺងម៉ាត់នូវកាតព្វកិច្ចនៃវិជ្ជាជីវៈ។ អន្តរាគមន៍នេះ ទាមទារឲ្យមានការប្រុងប្រយ័ត្ន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
