មន្ត្រីសិទ្ធិមនុស្ស អះអាងថា ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ក្នុងប្រទេសកម្ពុជា ស្ថិតនៅក្រោមការគ្រប់គ្រង ត្រួតពិនិត្យយ៉ាងតឹងរ៉ឹងដោយគណបក្សប្រជាជនកម្ពុជា ដែលកំពុងកាន់អំណាច។
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា នៅថ្ងៃទី២៨ កុម្ភៈ បានចេញរបាយការណ៍សេរីភាពបញ្ចេញមតិមួយ ចំនួន ១៥ទំព័រ។ ក្នុងចំណុចការបំបិទសំឡេងតាមរយៈការត្រួតពិនិត្យលើប្រព័ន្ធផ្សព្វផ្សាយ ក្នុងរបាយការណ៍នេះ សារព័ត៌មានក្នុងទម្រង់បោះពុម្ព វិទ្យុ ទូរទស្សន៍ គឺទទួលរងការគ្រប់គ្រង និងត្រួតពិនិត្យយ៉ាងតឹងរ៉ឹងបំផុតនៅកម្ពុជា ហើយថា គ្រប់ស្ថានីយទូរទស្សន៍ វិទ្យុ និងសារព័ត៌មានខ្មែរល្បីៗ ជាកម្មសិទ្ធិ ឬក៏គ្រប់គ្រងដោយគណបក្សប្រជាជនកម្ពុជា ដែលកំពុងកាន់អំណាច ឬបុគ្គលដែលមានសម្ព័ន្ធភាពជាមួយគណបក្សកាន់អំណាច ជាការធានាអំពីការគាបសង្កត់របស់រដ្ឋាភិបាលលើការចែកចាយព័ត៌មាន។
ស្ថានីយវិទ្យុចំនួន៧៤ បានចុះបញ្ជីជាផ្លូវការក្នុងប្រទេសកម្ពុជា ហើយភាគច្រើននៃស្ថានីយទាំងនោះនៅក្រោមឥទ្ធិពលរបស់គណបក្សប្រជាជន។
ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក អ៊ូ វីរៈ មានប្រសាសន៍ថា រដ្ឋាភិបាលតាមរយៈក្រសួងព័ត៌មានបានប្រើយុទ្ធសាស្ត្រថ្មីដោយគំរាមកំហែងម្ចាស់ស្ថានីយវិទ្យុ និងទូរទស្សន៍ ដោយមិនបាច់គំរាមកំហែងទៅអ្នកសារព័ត៌មានដោយផ្ទាល់នោះទេ។
របាយការណ៍នេះ បានឲ្យដឹងថា សារព័ត៌មានចំនួន៣០ ត្រូវបានបោះពុម្ពផ្សាយជាប្រចាំក្នុងប្រទេស ហើយភាគច្រើនអ្នកសារព័ត៌មានជាមុខសញ្ញានៃសកម្មភាពរបស់រដ្ឋាភិបាល ដើម្បីដាក់ការត្រួតពិនិត្យ។ ស្ថានីយឯករាជ្យមួយក្នុងចំណោម៤ ក្នុងប្រទេស គឺស្ថានីយវិទ្យុសំបុកឃ្មុំ បានប្រឈមការរឹតត្បិតជាច្រើនលើកច្រើនសារ និងបានបិទស្ថានីយមិនឲ្យចាក់ផ្សាយជាច្រើនដង។ ជាងនេះទៅទៀត លោក ម៉ម សូណង់ដូ ជាម្ចាស់ស្ថានីយនេះ ត្រូវបានអាជ្ញាធរចាប់ខ្លួន ៣លើក ដែលក្នុងពេលថ្មីៗនេះ ទាក់ទងនឹងការចោទប្រកាន់ពីបទបង្កើតតំបន់អបគមន៍នៅខេត្តក្រចេះ ហើយតុលាការសម្រេចឲ្យជាប់គុក ២០ឆ្នាំ កាលពីខែតុលា ឆ្នាំ២០១៣។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានទេនៅថ្ងៃទី២៨ កុម្ភៈ ព្រោះលោកមិនលើកទូរស័ព្ទ។ ប៉ុន្តែទីប្រឹក្សារដ្ឋាភិបាល និងជាអ្នកនាំពាក្យអង្គភាពព័ត៌មាន និងប្រតិកម្មរហ័សនៃទីស្ដីការគណៈរដ្ឋមន្ត្រី លោក ទិត សុធា បានចាត់ទុករបាយការណ៍នេះ គឺជាការបំផ្លើសការពិតទាំងស្រុង៖ «យើងមិនបានមើលឃើញថា វិទ្យុសំបុកឃ្មុំ»។
របាយការណ៍របស់មជ្ឈមណ្ឌលសិទ្ធិមនុស្ស បញ្ជាក់ថា នៅចន្លោះឆ្នាំ២០០៧ និងឆ្នាំ២០១១ មានការយាយី និងរំខានលើប្រព័ន្ធផ្សព្វផ្សាយចំនួន ១២៣ករណី រួមទាំងការចាប់ខ្លួនអ្នកសារព័ត៌មាន និងការរារាំងអ្នកយកព័ត៌មានមិនឲ្យចូលយកព្រឹត្តិការណ៍សំខាន់ៗ ហើយបានដកហូត ឬកម្ទេចចោទនូវសម្ភារៈរបស់អ្នកសារព័ត៌មាន ចោទប្រកាន់ពីបទព្រហ្មទណ្ឌ និងថែមទាំងប្រើអំពើហិង្សាទៀតផង។
ក្រៅអំពីការរឹតបន្តឹងប្រព័ន្ធផ្សព្វផ្សាយនោះ របាយការណ៍ដដែលក៏លើកយកនូវបញ្ហាធំមួយចំនួនទៀត ដូចជា បំបិទសំឡេងតាមរយៈការប្រើប្រាស់ប្រព័ន្ធតុលាការពុករលួយ និងការបំបិទសិទ្ធិដោយប្រើប្រាស់ច្បាប់ដោយអាជ្ញាធរកម្ពុជា ដែលអនុវត្តច្បាប់មិនច្បាស់លាស់ មានលក្ខណៈរឹតត្បិត រារាំងចំពោះសេរីភាពបញ្ចេញមតិរបស់អ្នកការពារសិទ្ធិមនុស្សជាដើម។
តួយ៉ាង ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ លោក រ៉ុង ឈុន បានថ្លែងថា លោកកំពុងរងការគាបសង្កត់ពីសំណាក់អាជ្ញាធរដែលរំខានលោកក្នុងការប្ដូរស្នាក់ការ។
អង្គការហ្វ្រីដឹមហៅស៍ (Freedom house) បានស្ទង់មតិមួយ កាលពីឆ្នាំ២០១២ ថា សេរីភាពសារព័ត៌មានក្នុងប្រទេសកម្ពុជា គឺមិនសេរី ខណៈអង្គការអ្នករាយការណ៍គ្មានព្រំដែនចាត់ចំណាត់ថ្នាក់លេខ១៤៣ ឲ្យកម្ពុជា ក្នុងចំណោម ១៧៩ប្រទេស នៅលើសន្ទស្សន៍សេរីភាពសារព័ត៌មាននោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
