សង្គម​ស៊ីវិល​ស្នើ​រដ្ឋាភិបាល​បង្កើត​យន្តការ​ការពារ​សិទ្ធិ​ស្ត្រី​ជា​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស

0:00 / 0:00

មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា (CCHR) ស្នើ​ឲ្យ​រដ្ឋាភិបាល​បង្កើត​យន្តការ​ថ្នាក់​ជាតិ ដើម្បី​ធានា​សិទ្ធិ​សេរីភាព​ឲ្យ​បាន​ពេញលេញ​ដល់​ស្ត្រី​ដែល​ប្រឡូក​ក្នុង​សកម្មភាព​ការពារ​សិទ្ធិ​មនុស្ស។

អង្គការ​នេះ ក៏​ស្នើ​ឲ្យ​បណ្ដា​អង្គការ​សង្គម​ស៊ីវិល និង​ស្ថាប័ន​អន្តរជាតិ​ដទៃ​ទៀត ដែល​ធ្វើ​ការ​ជាមួយ​ស្ត្រី និង​អ្នក​ការពារ​សិទ្ធិ​មនុស្ស បញ្ចូល​កម្មវិធី​យេនឌ័រ​ទៅ​ក្នុង​ការ​អនុវត្ត​គម្រោង​របស់​ខ្លួន ដើម្បី​លើក​ស្ទួយ​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ជា​ស្ត្រី។ សំណើ​របស់​អង្គការ​សង្គម​ស៊ីវិល ធ្វើ​ឡើង​នៅ​ខណៈ​អង្គការ​នេះ​សង្កេត​ឃើញ​ថា ស្ត្រី​ជា​អ្នក​ការពារ​សិទ្ធិ​មនុស្ស នៅ​តែ​ប្រឈម​នឹង​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​នៅ​ពេល​ធ្វើ​សកម្មភាព​ការពារ​សិទ្ធិ​របស់​ពួក​គេ។

ក្នុង​កំណត់​ត្រា​សង្ខេប​ស្ដីពី​ស្ថានភាព​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ស្ត្រី​នៅ​កម្ពុជា ក្នុង​ឆ្នាំ​២០១៥ ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​២៧ ខែ​ធ្នូ មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា លើក​ឡើង​ថា រដ្ឋាភិបាល​មិន​ទាន់​មាន​គោល​នយោបាយ ឬ​ចំណាត់​ការ​ច្បាស់លាស់​ណា​មួយ ដើម្បី​ធានា​ដល់​សិទ្ធិ​សេរីភាព​របស់​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស​ទូទៅ រួម​ទាំង​ស្ត្រី​នៅ​ឡើយ។

អ្នក​សម្រប​សម្រួល​គម្រោង​ស្ដីពី​ការ​ការពារ​សេរីភាព​ជា​មូលដ្ឋាន នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា កញ្ញា ឆាយ ឈុនលី កត់​សម្គាល់​ឃើញ​ថា ស្ថានភាព​របស់​ស្ត្រី​ជា​អ្នក​ការពារ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា នៅ​តែ​មិន​ទាន់​មាន​ភាព​ប្រសើរ​នៅ​ឡើយ៖ «គាត់​នៅ​តែ​រង​ការ​គំរាម​កំហែង​តាម​រយៈ​ការ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ ឃើញ​ថា​ស្ថានភាព​ហ្នឹង​នៅ​តែ​កើត​ឡើង​ច្រើន។ ហើយ​មួយ​ទៀត ទាក់ទង​នឹង​រឿង​ផ្ទាល់​ខ្លួន​របស់​គាត់​វិញ យើង​ឃើញ​ថា ស្ត្រី​អ្នក​ការពារ​សិទ្ធិ​មនុស្ស​រង​សម្ពាធ​ច្រើន​ពី​គ្រួសារ​ដែរ។ អ្នក​ខ្លះ​គាត់​រង​ការ​លែងលះ​ពី​ក្រុម​គ្រួសារ​គាត់​ទៀត។ យើង​មើល​ទៅ​សម្ពាធ​ដែល​គាត់​រង​ហ្នឹង វា​មាន​តាំង​ពី​ខាង​គ្រួសារ​ផង និង​ពី​សំណាក់​រដ្ឋាភិបាល​ផង នៅ​ពេល​ដែល​គាត់​ដើរ​តួ​ជា​ស្ត្រី​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ហ្នឹង»

អនុសាសន៍​មួយ​ចំនួន​ដែល​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ស្នើ​ដល់​រដ្ឋាភិបាល រួម​មាន បញ្ឈប់​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​របស់​ស្ត្រី​ជា​អ្នក​ការពារ​សិទ្ធិ​មនុស្ស ជៀសវាង​ការ​ប្រើ​ពាក្យ​អសុរោះ​ទៅ​លើ​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ជា​ស្ត្រី និង​ស្នើ​ឲ្យ​បង្កើត​ស្ថាប័ន​សិទ្ធិ​មនុស្ស​ជាតិ ជាដើម។

ក្រៅ​ពី​នេះ មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ស្នើ​ឲ្យ​រដ្ឋាភិបាល​បញ្ឈប់​ការ​យាយី​តាម​ប្រព័ន្ធ​តុលាការ​លើ​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ទាំងអស់ និង​ដោះ​លែង​ជា​បន្ទាន់​ដោយ​គ្មាន​លក្ខខណ្ឌ នូវ​សកម្មជន​ដែល​កំពុង​ជាប់​ឃុំ​ដោយសារ​ហេតុផល​នយោបាយ។ អង្គការ​នេះ ក៏​ស្នើ​ឲ្យ​រដ្ឋាភិបាល​បង្កើត​យន្តការ និង​កម្មវិធី​ការពារ​ថ្នាក់​ជាតិ​ដល់​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ដែល​ប្រឈម​នឹង​ហានិភ័យ។

ឆ្លើយ​តប​នឹង​អនុសាសន៍​របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា អនុប្រធាន​គណៈកម្មការ​សិទ្ធិ​មនុស្ស ទទួល​ពាក្យ​បណ្ដឹង អង្កេត និង​ទំនាក់ទំនង​រដ្ឋសភា ព្រឹទ្ធសភា និង​ជា​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន លើក​ឡើង​ថា ក្របខ័ណ្ឌ​ច្បាប់​នៅ​កម្ពុជា នា​ពេល​បច្ចុប្បន្ន គ្រប់គ្រាន់​ហើយ​សម្រាប់​ការពារ​សិទ្ធិ​សេរីភាព​របស់​សកម្មជន​សិទ្ធិ​មនុស្ស។

បន្ថែម​លើ​នេះ លោក សុខ ឥសាន បដិសេធ​ថា មិន​មាន​ការ​គាប​សង្កត់​លើ​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ជា​ស្ត្រី​នោះ​ទេ។ លោក​បន្ទោស​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន ដោយ​មិន​សំដៅ​ចំពោះ​អង្គការ​ណា​មួយ​ទេ ថា​បាន​ធ្វើ​សកម្មភាព​តវ៉ា​ទាមទារ​សិទ្ធិ​ដោយ​មិន​បាន​គោរព​តាម​នីតិវិធី​ត្រឹមត្រូវ ទើប​នៅ​ពេល​ខ្លះ​បណ្ដាល​ឲ្យ​មាន​ការ​ប៉ះ​ទង្គិច​រវាង​សមត្ថកិច្ច និង​សកម្មជន​សិទ្ធិ​មនុស្ស​មួយ​ចំនួន៖ «ខ្ញុំ​មើល​ទៅ​វា​ដូចជា​អត់​មាន​បញ្ហា​អី​ដែល​គួរ​តែ​ចោទ​ថា គាប​សង្កត់​ទេ ប៉ុន្តែ​អង្គការ​នីមួយៗ​ហ្នឹង​សុំ​ធ្វើ​ម៉េច​ឲ្យ​បាន​ត្រឹមត្រូវ​ទៅ​តាម​គោលការណ៍ ដែល​មាន​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ ធ្វើ​អី​ទៅ​តាម​នីតិវិធី​នៃ​ច្បាប់ ដែល​មាន​ជា​ធរមាន​នៅ​កម្ពុជា អា​ហ្នឹង​បាន​យើង​អាច​ធានា​បាន​នូវ​សុខដុមរមនា​ជាមួយ​គ្នា ហើយ​បើ​សិន​ណា​ជា​យើង​ធ្វើ​អី​មិន​មាន​នីតិវិធី​ត្រឹមត្រូវ​ទេ អា​ហ្នឹង​វា​ចេះ​តែ​កើត​មាន​ហើយ​ការ​ប៉ះ​ទង្គិច​គ្នា»

សកម្មជន​ដីធ្លី​តំបន់​បឹងកក់ អ្នកស្រី ទេព វន្នី លើក​ឡើង​ពី​បញ្ហា​ប្រឈម​មួយ​ចំនួន​ដែល​ខ្លួន និង​ស្ត្រី​ជា​សកម្មជន​ដីធ្លី​តំបន់​បឹងកក់​មួយ​ចំនួន​បាន​ជួប​ប្រទះ ក្នុង​សកម្មភាព​តវ៉ា​ទាមទារ​សិទ្ធិ​ដីធ្លី​របស់​ខ្លួន​កន្លង​ទៅ៖ «មិន​ត្រឹម​តែ​ប្រើ​អំពើ​ហិង្សា​មក​លើ​ជា​ស្ត្រី​ឲ្យ​បែក​ក្បាល រលូត​កូន បាក់​ដៃ ឬ​ក៏​ឆក់​ឲ្យ​សន្លប់ ឬ​ក៏​ចាប់​យើង​ដាក់​ឃុំ​ខ្លួន​នៅ​ស្នងការ​ក្រុង​ម្ដង​ហើយ​ម្ដង​ទៀត ឬ​ក៏​យក​យើង​ទៅ​ដាក់​នៅ​ពន្ធនាគារ​ម្ដង​ហើយ​ម្ដង​ទៀត​ទេ យើង​ឃើញ​ថា រហូត​ដល់​គាត់​មាន​ការ​វាយ អាក្រាត​សម្លៀកបំពាក់​យើង​អី​ជាដើម​ទៀត​ផង។ មួយ​ទៀត ក៏​យើង​ជួប​ប្រទះ​នូវ​ផល​លំបាក​មិន​សូវ​មាន​ពេលវេលា​គ្រប់គ្រាន់​នៅ​ក្នុង​ការ​ផ្ដល់​ភាព​កក់​ក្ដៅ​ទៅ​ដល់​ក្រុម​គ្រួសារ។ ហើយ​យើង​ក៏​មាន​បញ្ហា​ច្រើន​ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​ជីវភាព​អី​ជាដើម។ សម្រាប់​បញ្ហា​ផ្លូវ​ចិត្ដ​ជាមួយ​ក្រុម​គ្រួសារ​យើង ក៏​យើង​មាន​ការ​ប៉ះ​ទង្គិច​គ្នា​ច្រើន​ដែរ រហូត​ដល់​មាន​ស្ត្រី​មួយ​ចំនួន​នៅ​សហគមន៍​បឹង​កក់​យើង​ហ្នឹង មាន​ការ​សម្រេច​ចិត្ត​លែងលះ​គ្នា​អី ជាដើម»

ពាក់ព័ន្ធ​នឹង​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​របស់​សកម្មជន​សិទ្ធិ​មនុស្ស​ជា​ស្ត្រី កាល​ពី​ខែ​សីហា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​រង​ការ​រិះគន់​ពី​សំណាក់​អង្គការ​សង្គម​ស៊ីវិល​ជាង ៥០ ធ្វើ​ការងារ​ការពារ​សិទ្ធិ​ស្ត្រី បន្ទាប់​ពី​លោក​បាន​ហៅ​ស្ត្រី​ម្នាក់​ដោយ​មិន​បញ្ចេញ​ឈ្មោះ​ថា «ញី» និង «មី​ស្រី» ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ថា ប្រើ​អំពើ​ហិង្សា​លើ​សន្តិសុខ​ក្នុង​អំឡុង​ពេល​បាតុកម្ម​នៅ​ទីលាន​ប្រជាធិបតេយ្យ កាល​ពី​ខែ​កក្កដា ឆ្នាំ​២០១៤៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។